សាវតា
អង្គការទិន្នន័យអំពីការអភិវឌ្ឍ ហៅកាត់ថាអូឌីស៊ី គឺជាគេហទំព័របែប ”ទិន្នន័យបើកទូលាយ”។ គេហទំព័រប្រភេទនេះ ជាគេហទំព័រដំបូងគេបង្អស់នៅតំបន់អាស៊ីអាគ្នេយ៍។ ចលនា “ទិន្នន័យបើកទូលាយ” គឺផ្អែកលើការសន្មត់ដ៏សាមញ្ញមួយគឺថា ទិន្នន័យទាំងឡាយណាដែលត្រូវបានប្រមូលផ្តុំសម្រាប់ផលប្រយោជន៍សាធារណៈគួរតែដាក់ឱ្យប្រើប្រាស់បានជាសាធារណៈ ពោលគឺដោយគ្មានការដាក់កំហិតឡើយ។ “ព័ត៌មាន” ឬ “ទិន្នន័យ” ទាក់ទងនឹងវិស័យសាធារណៈគួរផ្តល់ឱ្យដោយសេរីដល់គ្រប់ៗគ្នាដើម្បីប្រើ និងធ្វើការផ្សព្វផ្សាយជាសាធារណៈតាមបំណងប្រាថ្នារបស់គេ។ អូឌីស៊ីមិនធ្វើការលើកស្ទួយ ឬផ្សព្វផ្សាយទស្សនៈ របៀបវារៈ ឬការលំអៀងណាមួយក្រៅពីការផ្តល់ព័ត៌មានជាសត្យានុម័តអំពីប្រទេសកម្ពុជា និងការអភិវឌ្ឍរបស់ប្រទេសនោះឡើយ។
ជាមជ្ឈមណ្ឌលដែលធ្វើការនៅលើបណ្តាញអ៊ិនធើណិតដោយប្រមូលផ្តុំទិន្នន័យដែលមានជាសាធារណៈ និងដោយមិនគិតថ្លៃ អូឌីស៊ីផ្តល់ព័ត៌មានត្រឹមត្រូវនិងថ្មីបំផុតដល់សាធារណៈជនអំពីប្រទេសកម្ពុជា ការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចរបស់ប្រទេសនេះ។ ការផ្តល់ទិន្នន័យដោយទូលាយរបស់អូឌីស៊ីធានាថាសម្ភារៈឯកសារ និងព័ត៌មានអាចឱ្យអ្នកប្រើប្រាស់ទាំងអស់ទទួលបានសម្រាប់ប្រើ និងទាញយកតាមតម្រូវការ។ អូឌីស៊ីសង្ឃឹមថាគេហទំព័រ និងទិន្នន័យនឹងសម្រួលដល់ការស្រាវជ្រាវនិងការប្រាស្រ័យទាក់ទងរវាងសាធារណៈជន ក្រុមហ៊ុនឯកជន សង្គមស៊ីវីល និងស្ថាប័នរដ្ឋាភិបាលនានា។
ខណៈដែលប្រទេសកម្ពុជាបន្តការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម និងពេលដែលការវិនិយោគបរទេសក្នុងប្រទេសកម្ពុជាកំពុងមានការរីកដុះដាល ភាពបើកទូលាយ និងតម្លាភាពបានក្លាយជាការចាំបាច់ខានមិនបាន។ អូឌីស៊ីផ្តល់ជាវិភាគទានដល់ភាពបើកទូលាយ និងតម្លាភាពទាំងវិស័យឯកជន និងសាធារណៈដោយមានការជឿជាក់ថាទិន្នន័យបើកទូលាយនឹងជំរុញឱ្យមានការអភិវឌ្ឍ និងនិរន្តរភាពប្រទេសកម្ពុជាក្នុងការផ្តល់ផលប្រយោជន៍ដល់វិស័យទាំងអស់នៃសង្គមជាតិរបស់ខ្លួន។
គេហទំព័រអង្គការទិន្នន័យអំពីការអភិវឌ្ឍក៏ជាគេហទំព័រប្រភេទ “ប្រភពបើកទូលាយមួយ” ដែលពាក់ព័ន្ធទៅនឹងទាំងការប្រើកម្មវិធីកុំព្យូទ័រ និងទាំងវិធីសាស្ត្រ។ គោលនយោបាយបច្ចេកវិទ្យាព័ត៌មានរបស់រាជរដ្ឋាភិបាលកម្ពុជាបានលើកទឹកចិត្តដល់ការប្រើកម្មវិធីប្រភពបើកទូលាយ និងការបញ្ជូនព័ត៌មានដោយមិនចាំបាច់មានការត្រួតពិនិត្យ។ ការណ៍នេះនាំឱ្យសហគមន៍បច្ចេកវិទ្យាព័ត៌មាននៅកម្ពុជាមានសភាពរស់រវើក ហើយបានឱ្យមានការបង្កើតក្តារចុចខ្មែរយូនីកូដ និងធ្វើឱ្យមានការចូលរួមប្រើប្រាស់កម្មវិធីកុំព្យូទ័រឱ្យបានកាន់តែច្រើនឡើងៗផង។ អូឌីស៊ីបន្តការគាំទ្រប្រពៃណីបែបនេះ។
ផ្តើមចេញពីគោលគំនិតនៃសហគមន៍ប្រើប្រាស់កម្មវិធីកុំព្យូទ័រដែលមានលក្ខណៈជាប្រភពបើកទូលាយ កិច្ចផ្តួចផ្តើមទិន្នន័យបើកទូលាយគឺធម្មតានៅក្នុងពិភពលោកដែលមាន ការអភិវឌ្ឍ និងបន្តការរីកចម្រើនទូទាំងពិភពលោកតាមបទដ្ឋានអន្តរជាតិមួយ។
តាមរយៈការយកបទដ្ឋានអន្តរជាតិមកអនុវត្តក្នុងការដោះស្រាយការប្រឈមក្នុងប្រទេស ការប្រើប្រាស់អភិក្រមប្រភពបើកទូលាយទិន្នន័យរបស់អូឌីស៊ីក្នុងការប្រមូលផ្តុំ និងទាញយកព័ត៌មានអំពីសេដ្ឋកិច្ចកម្ពុជាផ្តល់ឱកាសដ៏ប្រសើរក្នុងការបន្តបណ្តុះនូវវប្បធម៌នៃភាពបើកទូលាយ និងតម្លាភាព ក៏ដូចជាលើកទឹកចិត្តដល់សាធារណៈជនឱ្យប្រើប្រាស់ទិន្នន័យទាំងនោះសម្រាប់ការវិភាគដោយផ្ទាល់ផងដែរ។
ទិន្នន័យទាំងអស់ដែលបានផ្សព្វផ្សាយនៅលើគេហទំព័រអូឌីស៊ី គឺជាទិន្នន័យដែលមានជាសាធារណៈ និងប្រមូលបានពីប្រភពផ្សេងៗ។ គោលការណ៍របស់អូឌីស៊ី គឺធានាថាទិន្នន័យទាំងអស់ដែលបានចែករំលែកនៅលើគេហទំព័រត្រូវមានប្រភពច្បាស់លាស់។ ទោះជាយ៉ាងណាក្តីអូឌីស៊ីមិនអាចធានានូវភាពត្រឹមត្រូវនៃទិន្នន័យទាំងអស់បានទេ ដោយសារតែជាធម្មតាវាត្រូវពឹងផ្អែកលើប្រភពរបស់វា។ ការដកស្រង់ ឬបង្ហាញនូវឯកសារដែលត្រូវបានរក្សាសិទ្ធិណាមួយគឺ ផ្អែកតាមបទដ្ឋាននៃការ “ប្រើប្រាស់ដោយត្រឹមត្រូវ” ដែលត្រូវទទួលស្គាល់ជាអន្តរជាតិ។ យើងស្វាគមន៍អ្នកប្រើប្រាស់ទាំងអស់ចំពោះការទាញយក និងប្រើព័ត៌មានរួមទាំងឯកសារដើមរបស់អូឌីស៊ីផងដែរ ដើម្បីឱ្យស្របតាមអាជ្ញាប័ណ្ណ Creative Common license។
អូឌីស៊ីត្រូវបានផ្តួចផ្តើមឡើងដោយអង្គការEWMI ដោយមានការពិគ្រោះយោបល់ជាមួយអង្គការដៃគូអន្តរជាតិ និងអង្គការក្នុងស្រុកនានា។ គម្រោងនេះត្រូវបានអនុវត្តដោយបុគ្គលិកកម្ពុជាក្មេងៗដែលមានភាពស្វាហាប់ និងបណ្តាញដៃគូនានាដែលកំពុងផ្តល់ព័ត៌មានប្រកបដោយកិច្ចសហការ ចែករំលែក និងធ្វើឱ្យមានការចូលរួមពាក់ព័ន្ធពីនិស្សិត និងអ្នកដទៃទៀតក្នុងការរួមចំណែកផ្តល់ជាវិភាគទានដល់គេហទំព័រ និងកំពុងបង្កើនជំនាញរបស់ពួកគេតាមរយៈការផ្តល់ឱកាសដល់អ្នកស្ម័គ្រចិត្ត។
អូឌីស៊ីត្រូវបានគ្រប់គ្រងដោយក្រុមប្រឹក្សាភិបាលចំរុះមួយ និងឧបត្ថម្ភដោយម្ចាស់ជំនួយផ្សេងៗរួមមាន អង្គការអាក់សិនអេតកម្ពុជា (AAC) គំនិតផ្តួតផ្តើម Advancing Land-based Investment Governance (ALIGN) អង្គការផ្តល់សេវាកម្មពិភពលោកជ្វីសរបស់អាមេរិក (AJWS) មណ្ឌលព័ត៌មានបណ្ដាញអាស៊ីប៉ាស៊ីហ្វិក (APNIC) ទីភ្នាក់ងារព័ត៌មានបារាំង (CFI) មជ្ឈមណ្ឌលសម្រាប់សហគ្រាសឯកជនអន្តរជាតិ (CIPE) វិទ្យាស្ថានគ្រប់គ្រងបូព៌ាបញ្ចឹម (EWMI) អង្គការអេហ្វ អេច អាយ ៣៦០ (FHI360) អង្គការស្បៀងអាហារ និងកសិកម្ម (FAO) ទីភ្នាក់ងារកិច្ចសហប្រតិបត្តិការអាល្លឺម៉ង់ (GIZ) មូលនិធិហេនរេចបូលកម្ពុជា (HBS) Institute for War & Peace Reporting (IWPR) ស្ថានទូតព្រះរាជាណាចក្រហូឡង់ប្រចាំកម្ពុជា មូលនិធិសង្គមបើកទូលាយ (OSF) អង្គការភីផលអិននិតកម្ពុជា (PiN) កម្មវិធីរបស់ប្រទេសស៊ុយអែតសម្រាប់វិស័យបច្ចេកវិទ្យា គមនាគមន៍ និងព័ត៌មាននៅក្នុងតំបន់កំពុងអភិវឌ្ឍ (SPIDER) កម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP) ទីភ្នាក់ងារសហរដ្ឋអាមេរិកសំរាប់អភិវឌ្ឍន៍អន្តរជាតិ (USAID) និងដៃគូម្ចាស់ជំនួយដទៃទៀត។
អូឌីស៊ីទទួលបានការចុះបញ្ជីជាអង្គការក្នុងស្រុកមិនស្វែងរកប្រាក់ចំណេញនៅក្នុងខែសីហា ឆ្នាំ២០១៥។
អូឌីស៊ីស្វែងរកដៃគូដើម្បីពង្រីក និងបង្កើនកិច្ចសហប្រតិបត្តិការក្នុងការទទួលបានទិន្នន័យ និងបង្កើនការចូលរួម និងទំនាក់ទំនងគ្នាដើម្បីទទួលបានព័ត៌មាន។ ប្រសិនបើអ្នកមានសំណួរ មតិយោបល់ និងសំណូមពរ ឬព័ត៌មានដើម្បីជួយពង្រឹងគេហទំព័រនេះ យើងនឹងរីករាយទទួលពីអ្នកតាមអ៊ីម៉ែលនេះ contact@opendevcam.net ។