បុគ្គលិក
ធី ទ្រី
នាយកប្រតិបត្តិ/និពន្ធនាយក
ធី ទ្រី ជានាយកប្រតិបត្តិ/និពន្ធនាយកនៃអង្គការទិន្នន័យអំពីការអភិវឌ្ឍ (អូឌីស៊ី)។ លោកបានចូលបម្រើការងារជាសមាជិកក្រុមប្រឹក្សាភិបាលតាំងពីឆ្នាំ២០១១ និងបានបន្តក្លាយខ្លួនជាប្រធានក្រុមប្រឹក្សាភិបាលនៃអង្គការទិន្នន័យអំពីការអភិវឌ្ឍ។ ក្នុងនាមជានាយកប្រតិបត្តិ/និពន្ធនាយក លោកដើរតួនាទីយ៉ាងសំខាន់ ក្នុងការបង្កើនភាពដែលអាចទទួលបានព័ត៌មានជាសាធារណៈ ដែលមានលក្ខណៈជាប្រវត្តិសាស្ត្រ និងថ្មីៗ អំពីនិន្នាការអភិវឌ្ឍរបស់ប្រទេសកម្ពុជា នៅក្នុងវេទិកាអនឡាញ ដែលគេហៅថា “ទិន្នន័យបើកទូលាយ” ជាវេទិកាចងក្រងទិន្នន័យដែលមានស្រាប់ និងមិនគិតថ្លៃ ពីប្រភពសាធារណៈ។ មុនពេលចាប់ផ្តើមការងារជាមួយអង្គការអូឌីស៊ី លោកបានធ្វើការឱ្យ បណ្តាញផលប៉ះពាល់សង្គម និងបរិស្ថាន និស្សារណកម្មឧស្សាហកម្ម (EISEI) ក្នុងតួនាទីជាអ្នកសម្របសម្រួល នៅក្នុងអង្គការ ការអភិវឌ្ឍ និងភាពជាដៃគូក្នុងសកម្មភាព (DPA) អស់រយៈពេល៤ឆ្នាំ។ លោក មានបទពិសោធន៏ចំនួន២ឆ្នាំ ក្នុងតួនាទីជាអ្នកអង្កេតសិទ្ធិមនុស្ស ជាមួយអង្គការ អាដហុក និងបទពិសោធន៍ការងារ២ឆ្នាំផ្សេងទៀត ជាមួយនឹងក្រុមហ៊ុន ឥណ្ឌូឆាយណា លីមីតធីត (IRL) ដែលធ្វើលើការស្រាវជ្រាវសង្គម និងពាណិជ្ជកម្ម។ លើសពីនេះទៀត លោក ក៏បានទទួលការអប់រំ និងការបណ្តុះបណ្តាលនានា យ៉ាងច្រើនបន្ថែមទៀតដែរ។
វេង សៀងហៃ
អ្នកគ្រប់គ្រងកម្មវិធីនិពន្ធ
វេង សៀងហៃ ចូលរួមបម្រើការងារឱ្យអង្គការទិន្នន័យអំពីការអភិវឌ្ឍ (អូឌីស៊ី) ក្នុងឆ្នាំ ២០២៣ ក្នុងតំណែងជាអ្នកគ្រប់គ្រងកម្មវិធីនិពន្ធ ដោយផ្តល់ការគាំទ្រផ្នែកប្រតិបត្តិការ និងផ្នែកបច្ចេកទេសដល់នាយកប្រតិបត្តិ/និពន្ធនាយក ព្រមទាំងក្រុមការងារអូឌីស៊ីទាំងមូល។ លោកធ្វើការយ៉ាងជិតស្និទ្ធជាមួយក្រុមការងារនិពន្ធ ដើម្បីធានាបាននូវបណ្តុំទិន្នន័យ និងមាតិកាដែលអាចជឿទុកចិត្តបាន និងជួយជំរុញដល់ការអភិវឌ្ឍប្រកបដោយបរិយាបន្ន និងចីរភាពក្នុងប្រទេសកម្ពុជា។ មុនពេលចូលបម្រើការឱ្យ អូឌីស៊ី សៀងហៃធ្លាប់ធ្វើការស្រាវជ្រាវឱ្យស្ថាប័នមួយចំនួនដូចជា វិទ្យាស្ថានស្រាវជ្រាវហ្គត់ធិនប៊ឺក វិទ្យាស្ថានរ៉ាអ៊ុលវ៉ាលេនប៊ឺក សាកលវិទ្យាល័យឈៀងម៉ៃ និងក្រុមហ៊ុនស្រាវជ្រាវ រ៉ាភីតអេស៊ា។ សៀងហៃ បានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកការសិក្សាអភិវឌ្ឍន៍មកពីសាកលវិទ្យាល័យឈៀងម៉ៃ និងថ្នាក់បរិញ្ញាបត្រផ្នែកអប់រំ ពីសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។ ដោយមានប្រវត្តិការងារជានរវិទូផ្នែកការអភិវឌ្ឍផ្តោតជាពិសេសលើតំបន់មេគង្គ សៀងហៃធ្លាប់សិក្សាលើបញ្ហាទាក់ទងការអភិវឌ្ឍមួយចំនួន ដូចជាបញ្ហាទាក់ទងទេសន្តប្រវេសន៍ឆ្លងប្រទេស និងវិសមភាព បញ្ហាទាក់ទងនឹងការអភិវឌ្ឍប្រកបដោយចីរភាពស្របតាមគោលការណ៍សិទ្ធិមនុស្ស បញ្ហាទាក់ទងពិការភាព និងសិទ្ធិកុមារ និងបញ្ហាផ្សេងៗទៀត។
ហេង ហ៊ុយអេង
អ្នកប្រឹក្សាផ្នែក ព័ត៌មានវិទ្យា/គេហទំព័រ
ហ៊ុយអេង បានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រលើជំនាញ ផ្នែកវិទ្យាសាស្ត្រកុំព្យូទ័រ ពីសាកលវិទ្យាល័យភូមិន្ទភ្នំពេញ (RUPP) និង ផ្នែកសិក្សាអន្តរជាតិ ពីវិទ្យាស្ថានភាសាបរទេស (IFL)។ នាង បានធ្វើការលើគម្រោងរបស់អង្គការទិន្នន័យអំពីការអភិវឌ្ឍ ចាប់តាំងពីគម្រោងនេះត្រូវបានបង្កើតឡើងដំបូងក្នុងឆ្នាំ២០១១។ ជាមួយនឹងបទពិសោធន៍ជាច្រើនឆ្នាំក្នុងការអភិវឌ្ឍបណ្ដាញគហទំព័រ នាងទទួល បន្ទុកដឹកនាំលើការអភិវឌ្ឍធនធានព័ត៌មានលើបណ្តាញ សម្រាប់សហគមន៍ការអភិវឌ្ឍរបស់ប្រទេសកម្ពុជា។ លើសពីនេះទៅទៀត នាងផ្តល់ការណែនាំ ត្រួតពិនិត្យ និងគ្រប់គ្រងរាល់ការងាររបស់ក្រុមព័ត៌មានវិទ្យា ដើម្បីធានាឱ្យបាននូវភាពត្រឹមត្រូវ និងសមត្ថភាពបច្ចេកទេស។ បន្ថែមពីនេះ នាងក៏បានផ្តល់ការណែនាំ និង ការគាំទ្របច្ចេកទេសដល់សមាជិកក្រុមការងារ ដើម្បីដោះស្រាយបញ្ហាបច្ចេកវិទ្យាផ្សេងៗផងដែរ។
សំអាន ម៉ារឌី
ប្រធានគ្រប់គ្រងផ្នែកព័ត៌មានវិទ្យា និងគេហទំព័រ
ទំនួលខុសត្រូវចំបងរបស់ម៉ារឌីគឺ គ្រប់គ្រង និងពិនិត្យជារួមទៅលើគេហទំព័រ និងប្រព័ន្ធបណ្តាញរបស់អូឌីស៊ី។ គាត់ទទួលខុសត្រូវក្នុងការចូលរួម និងការពិនិត្យតាមដានលើការអភិវឌ្ឍ និងតំហែទាំគេហទំព័ររបស់អូឌីស៊ី ដោយមានកិច្ចសហការពីសំណាក់ក្រុមការងារផ្នែកនានារបស់អូឌីស៊ី។ លើសពីនេះ គាត់ក៏មានទំនួលខុសត្រូវក្នុងការផ្តល់នូវការណែនាំ និងជំនួយបច្ចេកទេស ក៏ដូចជាកំណត់ បង្ការ និងកាត់បន្ថយហានិភ័យនៃបញ្ហាបច្ចេកវិទ្យានានានៅលើប្រព័ន្ធបណ្តាញ និងការអនុវត្តគម្រោងរបស់អូឌីស៊ី។
ម៉ារឌី ជានិស្សិតបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រផ្នែកវិទ្យាសាស្ត្រកុំព្យូទ័រពីវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា និងបរិញ្ញាបត្រអក្សរសាស្ត្រភាសាអង់គ្លេសផ្នែកអប់រំពីវិទ្យាស្ថានភាសាបរទេស ។
ម៉ៅ ច័ន្ទសូរ្យសកល
អ្នកគ្រប់គ្រងផ្នែកព័ត៌មានវិទ្យា និងគេហទំព័រ
សកលមានតួនាទីក្នុងការអភិវឌ្ឍ និងគ្រប់គ្រងប្រព័ន្ធបណ្តាញឌីជីថលអូឌីស៊ី និងវេទិកាដែលពាក់ព័ន្ធផ្សេងទៀត។
សកលទទួលបានសញ្ញាបត្រផ្នែកអភិវឌ្ឍន៍កម្មវិធីនៅ វិទ្យាស្ថាន ITStep។ មុនពេលចូលរួមជាមួយអង្គការទិន្នន័យអំពីការអភិវឌ្ឍ (អូឌីស៊ី) លោកគឺជាវិស្វករកម្មវិធីដែលមានបទពិសោធន៍ ជាងបីឆ្នាំលើការអភិវឌ្ឍ រចនា និងសរសេរកូដនៅក្នុងក្រុមហ៊ុន VTech Co., LTD។
ស៊ឺន វិជ្ជរ៉ា
មន្ត្រីផ្នែកអភិវឌ្ឍន៍គេហទំព័រ និងព័ត៌មានវិទ្យា
លោកវិជ្ជរ៉ាទទួលបន្ទុកជាចម្បងក្នុងការធានាឱ្យមានដំណើរការល្អនៃប្រព័ន្ធបណ្តាញព័ត៌មានវិទ្យានិងហេដ្ឋារចនាសម្ព័ន្ធរួមទាំងឧបករណ៍និងកម្មវិធី។ លើសពីនេះទៅទៀតការទទួលខុសត្រូវចម្បងរបស់លោក គឺការត្រួតពិនិត្យសន្តិសុខឌីជីថល ការតំឡើងប្រព័ន្ធ និងការគាំទ្រដែលទាក់ទងនឹងព័ត៌មានវិទ្យា។ លើសពីនេះទៀតលោកជួយគាំទ្រការអភិវឌ្ឍ និងថែរក្សាគេហទំព័រផងដែរ។
លោកវិជ្ជរ៉ាទទួលបានបរិញ្ញាបត្រផ្នែកវិទ្យាសាស្ត្រកុំព្យួទ័រពីសាកលវិទ្យាល័យកម្ពុជាក្នុងឆ្នាំ ២០១៨។ លោកវិជ្ជរ៉ាមានបទពិសោធន៍ផ្តល់ការគាំទ្រផ្នែកព័ត៌មានវិទ្យាទាំងក្នុងវិស័យឯកជន និងសាធារណៈអស់រយៈពេលជាងប្រាំឆ្នាំមកហើយ មុនពេលលោកចូលរួមជាមួយអូឌីស៊ី។
ស៊ីវ វឌ្ឍនា
ប្រធានផ្នែកស្រាវជ្រាវ និងគ្រប់គ្រងមាតិកាគេហទំព័រ
វឌ្ឍនាបានធ្វើការយ៉ាងសកម្មសម្រាប់អង្គការទិន្នន័យអំពីការអភិវឌ្ឍ (អូឌីស៊ី) ចាប់តាំងពីឆ្នាំ ២០១៦ ក្នុងតួនាទីជា បណ្ណាធិការ-អ្នកស្រាវជ្រាវ និងជាមន្ត្រីផ្នែកស្រាវជ្រាវ និងមាតិកា។ ជាមួយនឹងបទពិសោធន៍ជាច្រើនឆ្នាំ វឌ្ឍនាត្រូវបានទទួលស្គាល់ពីតួនាទីនាំមុខក្នុងការសម្របសម្រួលនិងចាត់ចែងក្រុមការងារមាតិកានិងក្រុមអភិវឌ្ឍន៍គេហទំព័រក្នុងការពង្រីកធនធានលើអ៊ីនធឺណិត។ នៅចុងឆ្នាំ ២០២០ នាងត្រូវបានតំឡើងមុខតំណែងជាប្រធានផ្នែកស្រាវជ្រាវ និងគ្រប់គ្រងមាតិកាគេហទំព័រ។ ជាមួយនឹងតួនាទីបច្ចុប្បន្ននាងមានការទទួលខុសត្រូវជាច្រើន ដើម្បីធានាថាផែនការការងារ និងគោលដៅនៃគម្រោងនឹងត្រូវបានសម្រេចដោយជោគជ័យ។ នាងដឹកនាំការងាររចនានិងអភិវឌ្ឍគេហទំព័រ ត្រួតពិនិត្យប្រតិបត្តិការប្រចាំថ្ងៃរបស់ក្រុមការងារផ្នែកមាតិកានិងគេហទំព័រ និងផ្តោតជាអាទិភាពលើផែនការសកម្មភាពគម្រោង។ វឌ្ឍនាក៏ធ្វើការយ៉ាងជិតស្និទ្ធិជាមួយក្រុមការងារអូឌីស៊ីផ្សេងទៀតក្នុងការតាមដានចរាចរណ៍គេហទំព័រ (Web Traffic) និងរក្សាអោយបាននូវគុណភាពនៃមាតិកាដោយឆ្លើយតបឱ្យបានទាន់ពេលវេលា ភាពត្រឹមត្រូវបំពេញទៅតាមស្តង់ដារដែលបានតម្រូវ ទាំងភាពត្រឹមត្រូវ និងពេញលេញ។
មុនពេលចូលបម្រើការងារនៅអូឌីស៊ី វឌ្ឍនាបានធ្វើជាជំនួយការស្រាវជ្រាវក្រោមគម្រោង (LWR-ID/2009/046) របស់មជ្ឈមណ្ឌលអូស្ត្រាលីសម្រាប់ការស្រាវជ្រាវកសិកម្មអន្តរជាតិ (ACIAR) និងគម្រោងស្រាវជ្រាវផ្សេងទៀតនៅសាកលវិទ្យាល័យ។ វឌ្ឍនាបានបញ្ចប់បរិញ្ញាបត្រវិស្វករ ជំនាញវិស្វកម្មធនធានទឹក និងហេដ្ឋារចនាសម្ព័ន្ធជនបទ ពីវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា នៅឆ្នាំ២០១៤។
បាន ចន្ទផល្លា
បណ្ណាធិការ – អ្នកស្រាវជ្រាវ ផ្នែកអភិវឌ្ឍន៍សង្គម
លោកចន្ទផល្លាជា បណ្ណាធិការ- អ្នកស្រាវជ្រាវ ផ្នែកអភិវឌ្ឍន៍សង្គមនៃអង្គការទិន្នន័យអំពីការអភិវឌ្ឍ។ ការងារ និងការទទួលខុសត្រូវចម្បងរបស់លោកមានដូចជា ការសង្ខេបព័ត៌មានប្រចាំថ្ងៃ ការស្រាវជ្រាវ ការផលិតមាតិកាដែលទាក់ទងនឹងការអភិវឌ្ឍន៍សង្គម ការបកប្រែ ការកែសម្រួល និងធ្វើរបាយការណ៏ពីការងារផ្សេងៗ។
លោកចន្ទផល្លា ជានិស្សិតបញ្ចប់ការសិក្សាផ្នែកទំនាក់ទំនងអន្តរជាតិ (IR) នៃវិទ្យាស្ថានភាសាបរទេស (IFL) នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញក្នុងឆ្នាំ ២០១៧ ។ មុនពេលចូលរួមជាមួយអូឌីស៊ី លោកចន្ទផល្លាធ្វើការ ជាអ្នកស្រាវជ្រាវនៅអង្គការវេទិកាអនាគត ដែលនៅទីនោះ លោកបានធ្វើគម្រោងស្រាវជ្រាវជាច្រើន។ គម្រោងស្រាវជ្រាវចុងក្រោយរបស់លោកផ្តោតទៅលើការអប់រំតាមបែបស្តែម(STEM)ក្នុងប្រទេសកម្ពុជា។
គឹម ឈួនវួច
អ្នកសម្របសម្រួលកម្មវិធីការគ្រប់គ្រងធនធានធម្មជាតិ
ឈួនវួច ជាអ្នកសម្របសម្រួលកម្មវិធីការគ្រប់គ្រងធនធានធម្មជាតិ នៅអង្គការទិន្នន័យអំពីការអភិវឌ្ឍ។ ការងារទទួលខុសត្រូវចម្បងរបស់ឈួនវួចមានដូចជា សហការលើការរចនាគេហទំព័រ និងអភិវឌ្ឍមាតិកា ធ្វើការស្រាវជ្រាវ ចងក្រងឯកសារច្បាប់ គោលនយោបាយ និងរៀបចំសកម្មភាពផ្សព្វផ្សាយ។ ឈួនវួចក៏គ្រប់គ្រងគម្រោងមួយចំនួនទាក់ទងនឹងការគ្រប់គ្រងធនធានធម្មជាតិ បរិស្ថាន និងជនជាតិដើមភាគតិច រួមបញ្ចូលទាំងការសម្របសម្រួលជាមួយដៃគូ និងម្ចាស់ជំនួយ ដើម្បីធានាការអនុវត្តគម្រោងប្រកបដោយជោគជ័យផងដែរ។
ឈួនវួច បានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រវិទ្យាសាស្ត្របរិស្ថាន និងបរិញ្ញាបត្រសិល្បៈផ្នែកវិធីសាស្ត្របង្រៀនភាសាអង់គ្លេស ព្រមទាំងបរិញ្ញាបត្រជាន់ខ្ពស់ផ្នែកគ្រប់គ្រងគ្រោះមហន្តរាយ (កម្មវិធីអន្តរជាតិ)។ ឈួនវួចបានបោះពុម្ពផ្សាយអត្ថបទ និងកិច្ចការស្រាវជ្រាវនៅក្នុងសន្និសីទ និងវេទិកាស្រាវជ្រាវវិទ្យាសាស្ត្រអន្តរជាតិជាច្រើន។ មុនពេលចូលរួមជាមួយអូឌីស៊ី ឈួនវួចគឺជាអនុប្រធានក្រុមការវាយតម្លៃហេតុប៉ះពាល់បរិស្ថាននៅក្រុមហ៊ុនមួយ។
អាន សុងមួយ
បណ្ណាធិការ - អ្នកស្រាវជ្រាវ ផ្នែកសេដ្ឋកិច្ច
សុងមួយ ជាបណ្ណាធិការ - អ្នកស្រាវជ្រាវ ផ្នែកសេដ្ឋកិច្ច នៅអង្គការទិន្នន័យអំពីការអភិវឌ្ឍ (អូឌីស៊ី)។ សុងមួយ បានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រផ្នែកទំនាក់ទំនងអន្តរជាតិ និងសេដ្ឋកិច្ច ពីមហាវិទ្យាល័យ Lafayette នៅឆ្នាំ២០២២។ មុនពេលចូលរួមជាមួយអូឌីស៊ី នាងបានធ្វើការជាអ្នកស្រាវជ្រាវទីផ្សារនៅក្រុមហ៊ុនឯកជនមួយ។
ការងារចម្បងរបស់នាងរួមមាន ការសង្ខេបព័ត៌មានប្រចាំថ្ងៃ ការងារស្រាវជ្រាវ ការផលិតមាតិកាផ្សេងៗពីសេដ្ឋកិច្ច និង ការងារបណ្ណាធិការផ្សេងទៀត។ សុងមួយ ក៏មានតួនាទីសម្របសម្រួល និងផ្តល់ជំនួយទៅលើគម្រោងផ្សេងៗរបស់អូឌីស៊ីផងដែរ។
អ៊ួន វិមល
ប្រធានគ្រប់គ្រងកម្មវិធី និងភាពជាដៃគូ
វិមល ជាប្រធានគ្រប់គ្រងកម្មវិធី និងភាពជាដៃគូ នៅអង្គការទិន្នន័យអំពីការអភិវឌ្ឍ (អូឌីស៊ី)។ នាងជាអ្នកផ្តល់នូវយុទ្ធសាស្ត្រក្នុងការត្រួតពិនិត្យ និងការគ្រប់គ្រងសម្រាប់គម្រោងការច្នៃប្រឌិតថ្មីសម្រាប់គណនេយ្យភាពសង្គមនៅក្នុងប្រទេសកម្ពុជា (ISAC) និងចូលរួមក្នុងការស្រាវជ្រាវសម្រាប់បង្កើតជាមាតិកានៅលើគេហទំព័រអូឌីស៊ី ព្រមទាំងសម្របសម្រួលលើគ្រប់ផ្នែកនៃគម្រោងការច្នៃប្រឌិតថ្មីសម្រាប់គណនេយ្យភាពសង្គមនៅក្នុងប្រទេសកម្ពុជា (ISAC)។ នាងក៏ទទួលខុសត្រូវផងដែរក្នុងការបង្កើតកម្មវិធីបណ្តុះបណ្តាល និងផ្តល់ការបណ្តុះបណ្តាលក្រុមគោលដៅអំពីរបៀបប្រើប្រាស់គេហទំព័រអូឌីស៊ី។
នាងបញ្ចប់ការសិក្សាជាមួយបរិញ្ញាបត្រពីរ ផ្នែកការអភិវឌ្ឍសេដ្ឋកិច្ច និងភាសាអង់គ្លេសសម្រាប់ការបកប្រែ និងបរិញ្ញាបត្រជាន់ខ្ពស់ផ្នែកបរិស្ថាន ការអភិវឌ្ឍ និងនិរន្តរភាព ពីសាកលវិទ្យាល័យជូឡាឡុងកន។ មុនមកបម្រើការងារនៅអូឌីស៊ី នាងគឺជាជំនួយការកម្មវិធីនៅ វិទ្យាស្ថានបណ្តុះបណ្តាល និងស្រាវជ្រាវដើម្បីអភិវឌ្ឍន៍កម្ពុជា (CDRI) និងជាជំនួយការនាយកគ្រប់គ្រងក្រុមហ៊ុនឯកជន។
ឆេង ភត្រា
មន្ត្រីគម្រោងអាយស៊ីធីនៅក្នុងវិស័យអប់រំ
ភត្រា មានតួនាទីជាមន្ត្រីគម្រោងអាយស៊ីធីនៅក្នុងវិស័យអប់រំ។ លោកទទួលខុសត្រូវលើការសម្របសម្រួលការអនុវត្តគ្រប់សកម្មភាពរបស់គម្រោង ត្រួតពិនិត្យនិងវាយតម្លៃលទ្ធផលគម្រោង ផ្តល់ការបណ្តុះបណ្តាលដល់ក្រុមគោលដៅ សរសេររបាយការណ៍ស្តីពីវឌ្ឍនភាពគម្រោង ផ្សព្វផ្សាយពីសកម្មភាពគម្រោង ក៏ដូចជាបទពិសោធជោគជ័យរបស់គម្រោងនៅលើបណ្តាញសង្គម ប្រមែប្រមូលព័ត៌មាន អត្ថបទ និងឯកសារច្បាប់ដែលពាក់ព័ន្ធ រួមទាំងសហការជាមួយនឹងបណ្តាភាគីពាក់ព័ន្ធដូចជារដ្ឋាភិបាល អង្គការ និងស្ថាប័នឯកជន និងការងារបន្ទាប់បន្សំផ្សេងទៀត។
លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រចំនួនពីរ រួមមានឯកទេសភាសាអង់គ្លេសសម្រាប់ទំនាក់ទំនង និងឯកទេសគ្រប់គ្រងទេសចរណ៍។ ចំពោះបរិបទការងារ លោកមានបទពិសោធធ្វើការស្រាវជ្រាវផ្នែកទីផ្សារ និងសង្គមលើវិស័យអប់រំក្នុងប្រព័ន្ធ និងក្រៅប្រព័ន្ធ ការអភិវឌ្ឍយុវជន សហគមន៍ទេសចរណ៍ និងសហគ្រាសធុនតូច និងមធ្យម និងមានបទពិសោធសម្របសម្រួលកម្មវិធីយុវជនស្ម័គ្រចិត្តថ្នាក់ជាតិផងដែរ។ លោកមានចំណាប់អារម្មណ៍ខ្លាំងចំពោះកិច្ចការស្រាវជ្រាវ និងគម្រោងទាក់ទងនឹងបរិយាបន្នសង្គម ការអភិវឌ្ឍប្រកបដោយចីរភាព អាយស៊ីធី សុខភាពផ្លូវចិត្ត ការវិភាគទិន្នន័យ និងកិច្ចការប្រែសម្រួល។
ណៃ ម៉ាណេត
ប្រធានផ្នែកទំនាក់ទំនង
ម៉ាណេតគ្រប់គ្រងបណ្ដាញសង្គម ការរចនា និងគម្រោងពាក់ព័ន្ធរបស់អង្គការទិន្នន័យអំពីការអភិវឌ្ឍ (អូឌីស៊ី)។ លោកក៏ទទួលបន្ទុកទៅលើផ្នែកទំនាក់ទំនងខាងក្នុង និងខាងក្រៅអង្គការផងដែរ។
ម៉ាណេតបានបញ្ចប់ការសិក្សាផ្នែកទំនាក់ទំនងអន្តរជាតិពីវិទ្យាស្ថានសិក្សាអន្តរជាតិ និងគោលនយោបាយសាធារណៈនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ហើយក៏បានបញ្ចប់ការផ្លាស់ប្ដូរការសិក្សានៅ Carroll College សហរដ្ឋអាមេរិកផងដែរ។ បន្ទាប់ពីបានបញ្ចប់ការសិក្សា លោកបានធ្វើជាគ្រូឧទ្ទេសផ្នែកទំនាក់ទំនងអន្តរជាតិនៅវិទ្យាស្ថានសិក្សាអន្តរជាតិ និងគោលនយោបាយសាធារណៈរយៈពេលជាង ៣ ឆ្នាំ។ បន្ទាប់មក លោកបានធ្វើការនៅលើផ្នែកទីផ្សារឌីជីថលនៅក្នុងក្រុមហ៊ុនឯកជន និងឥឡូវនេះជាប្រធានផ្នែកទំនាក់ទំនងនៅអូឌីស៊ី។
សុខ ហាំងឃាង
មន្ត្រីផ្នែកទំនាក់ទំនង
ឃាង ទទួលបន្ទុកផលិតសម្ភារៈទំនាក់ទំនង និងគាំទ្រសកម្មភាពផ្សេងៗរួមទាំងវគ្គបណ្តុះបណ្តាល សិក្ខាសាលា និងកិច្ចប្រជុំជាមួយភាគីពាក់ព័ន្ធ និងដៃគូសំខាន់ៗរបស់អង្គការទិន្នន័យអំពីការអភិវឌ្ឍ (អូឌីស៊ី)។ លោកក៏សរសេរអត្ថបទប្លុកអំពីសកម្មភាពផ្សេងៗដែលរៀបចំដោយអូឌីស៊ីផងដែរ។
ឃាង បានបញ្ចប់ថ្នាក់បរិញ្ញាបត្រជំនាញគ្រប់គ្រងប្រព័ន្ធផ្សព្វផ្សាយ ពីដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយនិងសារគមនាគមន៍នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញក្នុងឆ្នាំ២០២២ ហើយលោកក៏ជានិស្សិតបញ្ចប់ការសិក្សាផ្នែកទំនាក់ទំនងអន្តរជាតិ នៃវិទ្យាស្ថានភាសាបរទេស នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញក្នុងឆ្នាំ២០២១ ផងដែរ។ មុនចូលបម្រើការងារនៅអង្គការទិន្នន័យអំពីការអភិវឌ្ឍ លោកធ្លាប់ធ្វើជាបុគ្គលិកហាត់ការផ្នែកសារព័ត៌មាននៅវីអូឌីខ្មែរ និង Coconut Bangkok ប្រទេសថៃ ដែលអត្ថបទរបស់លោកផ្ដោតលើបញ្ហាសង្គម និងជីវិតកំសាន្ត ។
ឡុច កល្យាណ
អ្នកស្រាវជ្រាវទិន្នន័យ និងឯកទេសប្រព័ន្ធព័ត៌មានភូមិសាស្ត្រ (GIS)
កល្យាណ គឺជាអ្នកស្រាវជ្រាវទិន្នន័យ និងឯកទេសប្រព័ន្ធព័ត៌មានភូមិសាស្ត្រ (GIS) នៅអង្គការទិន្នន័យអំពីការអភិវឌ្ឍ។ លោកធ្លាប់បានធ្វើការជាមួយគម្រោងអង្គការទិន្នន័យអំពីការអភិវឌ្ឍ ចាប់តាំងពីគម្រោងត្រូវបានបង្កើតឡើងជាលើកដំបូងនៅក្នុងឆ្នាំ ២០១១ រហូតដល់ឆ្នាំ ២០១៥។ ក្រោយមកគាត់បានដើរតួជាអ្នកដឹកនាំបច្ចេកទេសក្នុងគម្រោងព័ត៌មានភូមិសាស្ត្រនៃប្រព័ន្ធ GPS Navigation នៅក្នុងវិស័យឯកជន។ លោកបានចូលបម្រើការងារជាថ្មីជាមួយអង្គការទិន្នន័យអំពីការអភិវឌ្ឍនៅក្នុងឆ្នាំ ២០១៩។
លោកទទួលបន្ទុកដឹកនាំក្រុមក្នុងគ្រប់សកម្មភាពស្រាវជ្រាវទាក់ទងទៅនឹងទិន្នន័យដោយផ្តោតលើការ ប្រមូលផ្តុំ រៀបចំ និងបង្ហាញទិន្នន័យអំពីទីតាំងជាក់លាក់មួយនៅក្នុងទម្រង់ជាឌីជីថល។ លោកក៏ប្រើបច្ចេកវិទ្យា ប្រព័ន្ធព័ត៌មានភូមិសាស្ត្រ ដើម្បីចងក្រង រក្សាទុក និងធ្វើបច្ចុប្បន្នភាពព័ត៌មានពីប្រភពផ្សេងៗគ្នាសម្រាប់ការប្រើប្រាស់ជាសាធារណៈ និងធានាថាទិន្នន័យនៅលើគ្រប់ប្រធានបទទាំងអស់មានលក្ខណៈពេញលេញត្រឹមត្រូវ និងមានបច្ចុប្បន្នភាព។ លោកបានបញ្ចប់ការសិក្សា ជំនាញរៀបចំដែនដី និងរដ្ឋបាលដីធ្លីនៅក្នុងឆ្នាំ២០១១ និងបញ្ចប់បរិញ្ញាបត្រជាន់ខ្ពស់ ជំនាញគ្រប់គ្រងធនធានធម្មជាតិនៃសាកលវិទ្យាល័យភូមិន្ទកសិកម្ម (RUA) ក្នុងឆ្នាំ២០២០។
វង្ស ពិសិទ្ធ
មន្ត្រីជាន់ខ្ពស់ផ្នែកស្រាវជ្រាវទិន្នន័យ និងប្រព័ន្ធព័ត៌មានភូមិសាស្ត្រ (GIS)/ អ្នកសម្របសម្រួលផ្នែកកសាងសមត្ថភាព
ពិសិទ្ធធ្វើការជាមន្ត្រីជាន់ខ្ពស់ផ្នែកស្រាវជ្រាវទិន្នន័យ និងGIS/អ្នកសម្របសម្រួលផ្នែកកសាងសមត្ថភាព នៅអង្គការទិន្នន័យអំពីការអភិវឌ្ឍ (ODC)។ លោកបានបញ្ចប់ការសិក្សាថ្នាក់វិស្វករឯកទេសធនធានរ៉ែ និងភូគភ្ពសាស្ត្រ ពីវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា នៅឆ្នាំ ២០១៩។ ក្នុងឆ្នាំបញ្ចប់ការសិក្សា លោកបានទទួលអាហារូបករណ៍ទៅសិក្សាមួយឆមាសនៅសកលវិទ្យាល័យជូឡាឡុងកន ប្រទេសថៃជាទីដែលលោកបានបញ្ចប់និក្ខេបទសម្រាប់ការបញ្ចប់ការសិក្សានៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា។
នៅអង្គការទិន្នន័យអំពីការអភិវឌ្ឍការងាររបស់លោក គឺផ្ដោតទៅលើការស្រាវជ្រាវទិន្នន័យភូមិសាស្ត្រ ស្ដីពីវិស័យជាច្រើនទាក់ទងនឹងការអភិវឌ្ឍក្នុងប្រទេសកម្ពុជា ដែលបានមកពីគ្រប់ប្រភពដែលផ្ដល់ទិន្នន័យបើកទូលាយ សម្រាប់ការគ្រប់គ្រង ប្រមូលផ្ដុំ កែសម្រួល និងធ្វើទស្សនីយ៍កម្ម ដោយប្រើប្រាស់GIS សម្រាប់ដាក់អោយប្រើជាសាធារណៈនៅលើគេហទំព័ររបស់អង្គការ។ ក្រៅពីការងារតួនាទីផលិតទិន្នន័យ ជាពិសេសទិន្នន័យភូមិសាស្ត្រ លោកចូលរួមនៅក្នុងការធ្វើការបណ្ដុះបណ្ដាល និងតាក់តែងកម្មវិធីបណ្ដុះបណ្ដាលដែលទាក់ទងនឹងទិន្នន័យ និងGISផងដែរ សម្រាប់គម្រោងដែលពាក់ព័ន្ធ។
អាន ឧត្តម
មន្ត្រីផ្នែកស្រាវជ្រាវទិន្នន័យ និងប្រព័ន្ធព័ត៌មានភូមិសាស្ត្រ (GIS)
ឧត្តមជាមន្ត្រីផ្នែកស្រាវជ្រាវទិន្នន័យ និងប្រព័ន្ធព័ត៌មានភូមិសាស្ត្រ (GIS)។ ទំនួលខុសត្រូវចម្បងរបស់គាត់រួមមានការត្រួតពិនិត្យឯកសារសាធារណៈសម្រាប់ការប្រមូលទិន្នន័យ និងការរក្សាទុក។ គាត់ក៏ទទួលខុសត្រូវក្នុងការធ្វើបច្ចុប្បន្នភាព និងបង្កើតផែនទី និងក្រាហ្វិកព័ត៌មានដោយផ្អែកលើទិន្នន័យដែលមានជាសាធារណៈ។
ឧត្តមបានទទួលសញ្ញាបត្រវិស្វករផ្នែកវិស្វកម្មធនធានទឹក និងហេដ្ឋារចនាសម្ព័ន្ធជនបទ ព្រមទាំងបរិញ្ញាបត្រជាន់ខ្ពស់ផ្នែកវិស្វកម្មដឹកជញ្ជូន និងហេដ្ឋារចនាសម្ព័ន្ធពីវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (ITC)។ មុនចូលបម្រើការនៅអូឌីស៊ី លោកបានធ្វើការជាអ្នកហាត់ការដឹកជញ្ជូនឲ្យក្រុមហ៊ុនប្រេងឥន្ធនៈដ៏ល្បីមួយ។
ហាង វិសិដ្ឋ
អ្នកស្រាវជ្រាវទិន្នន័យការវិនិយោគ
វិសិដ្ឋជាអ្នកស្រាវជ្រាវទិន្នន័យនៅក្នុងអង្គការទិន្នន័យអំពីការអភិវឌ្ឍ។ នៅអូឌីស៊ី លោកទទួលខុសត្រូវក្នុងការស្រាវជ្រាវ និងប្រមូលទិន្នន័យអំពីការវិនិយោគបរទេសពីប្រភពពហុភាសា និងធ្វើការបកប្រែ។ ក្រោមការត្រួតពិនិត្យផ្ទាល់របស់អ្នកស្រាវជ្រាវទិន្នន័យ និងឯកទេសប្រព័ន្ធព័ត៌មានភូមិសាស្ត្រ (GIS) និង ប្រធានគ្រប់គ្រង និងស្រាវជ្រាវមាតិកាគេហទំព័រ វិសិដ្ឋនឹងធ្វើការយ៉ាងជិតស្និទ្ធជាមួយក្រុមការងារផ្សេងទៀតរបស់អូឌីស៊ីក្នុងការអភិវឌ្ឍធនធាននៅលើគេហទំព័រអំពីការវិនិយោគបរទេស និងផលប៉ះពាល់នានាទៅលើការអភិវឌ្ឍប្រទេសកម្ពុជា។ បន្ថែមពីនេះ លោកក៏មានការងារដែលទទួលខុសត្រូវក្នុងការផ្តល់របាយការណ៍ជាអក្សរ និងរាយការណ៍ផ្ទាល់មាត់ទៅកាន់នាយកប្រតិបត្តិ និងជួយសម្រួលលើការបកប្រែផ្សេងៗទៅកាន់សមាជិកក្រុម។
វិសិដ្ឋជានិស្សិតដែលបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រផ្នែកភាសាអង់គ្លេសពីវិទ្យាស្ថានភាសាបរទេស (IFL) និងអនុបណ្ឌិតផ្នែកបកប្រែភាសាអង់គ្លេសចិនពីសាកលវិទ្យាល័យភាសានិងវប្បធម៌នៃទីក្រុងប៉េកាំង (BLCU) ។ មុនពេលក្លាយជាសមាជិករបស់អូឌីស៊ី លោកធ្លាប់បានប្រលូកនិងឆ្លងកាត់លើវិស័យបកប្រែជាច្រើន។
ភី សាខឿន
ប្រធានហិរញ្ញវត្ថុ និង រដ្ឋបាល
លោក ភី សាខឿន បានបញ្ចប់ការសិក្សាបរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង ពីសាកលវិទ្យាល័យធនធានមនុស្សក្នុងឆ្នាំ២០១២ បញ្ចប់បរិញ្ញាបត្រផ្នែកភាសាអង់គ្លេស ពីសាកលវិទ្យាល័យបៀលប្រាយក្នុងឆ្នាំ២០០៩ និង បញ្ចប់បរិញ្ញាបត្រផ្នែកគណនេយ្យ ពីសាកលវិទ្យាល័យជាតិគ្រប់គ្រងក្នុងឆ្នាំ២០០៣។ ទាក់ទងនឹងបទពិសោធន៍ការងារ លោក សាខឿន មានបទពិសោធន៍ជាង១៣ឆ្នាំផ្នែកហិរញ្ញវត្ថុ រដ្ឋបាល និងធនធានមនុស្ស ពីអង្គការជាតិ និងអន្តរជាតិនៅក្នុងប្រទេសកម្ពុជា។
លោក សាខឿន ជាប្រធានហិរញ្ញវត្ថុ និងរដ្ឋបាល នៃអង្គការទិន្នន័យអំពីការអភិវឌ្ឍ (អូឌីស៊ី)។ លោកបានចូលរួមបម្រើការងារជាមួយអង្គការ អូឌីស៊ី នៅដើមឆ្នាំ២០១៨ ដោយធ្វើការយ៉ាងជិតស្និទជាមួយនាយកប្រតិបត្តិនៃអង្គការទិន្នន័យអំពីការអភិវឌ្ឍ និងទទួលខុសត្រូវលើការងារសំខាន់ៗមួយចំនួនដូចជា៖ ពិនិត្យមើលរាល់ឯកសារចំណាយ និងប្រតិបត្តិការគណនេយ្យអោយបានត្រឹមត្រូវមុននឹងបញ្ជូលក្នុងប្រព័ន្ធគណនេយ្យ ធ្វើរបាយការណ៍ហិរញ្ញវត្ថុជូននាយកប្រតិបត្តិ និងម្ចាស់ជំនួយអោយទាន់ពេលវេលា រៀបចំគម្រោងថវិកាដើម្បីស្នើសុំទៅម្ចាស់ជំនួយ រៀបចំរបាយការណ៍តាមដានការចំណាយគ្រប់គម្រោងទាំងអស់ និងដាក់ជូននាយកប្រតិបត្តិជារៀងរាល់ខែ សម្របសម្រួលការងារសាវនកម្មអោយបានរលូន ត្រួតពិនិត្យមើលការប្រើប្រាស់ថវិកាក្នុងដៃអោយមានប្រសិទ្ធិភាព ផ្តល់ការគាំទ្រផែ្នកបច្ចេកទេសដល់មន្ត្រីហិរញ្ញវត្ថុ និងរដ្ឋបាល សម្របសម្រួលដំណើរការនៃការជ្រើសរើសបុគ្គលិក និងតម្រង់ទិសបុគ្គលិក ពិនិត្យមើលការបើកប្រាក់បៀវត្សន៍ និងអត្ថប្រយោជន៍ផ្សេងៗរបស់បុគ្គលិក ពិនិត្យមើលឯកសារនៃការបង់ពន្ធផ្សេងៗ និង របបសន្តិសុខសង្គម ពិនិត្យមើលគោលនយោបាយ និងនីតិវិធីរបស់អង្គការ និងធ្វើការកែសម្រួលប្រសិនបើនៅមានភាពខ្វះចន្លោះ និងបំពេញការងារផ្សេងៗទៀតដែលចែងនៅក្នុងឯកសារពិពណ៌រនាការងារ។
យ៉ា សុម៉ារី
មន្ត្រីជាន់ខ្ពស់ផ្នែកហិរញ្ញវត្ថុ និង រដ្ឋបាល
នៅអូឌីស៊ីសុម៉ារីធ្វើការយ៉ាងជិតស្និទ្ធជាមួយប្រធានហិរញ្ញវត្ថុនិងរដ្ឋបាល ដើម្បីធានាឱ្យនូវការបញ្ចូលទិន្នន័យត្រឹមត្រូវទៅក្នុងប្រព័ន្ធ QuickBooks ការរៀបចំរបាយការណ៍ម្ចាស់ជំនួយ ការរៀបចំសាច់ប្រាក់ ការទូទាត់ទាន់ពេលវេលាដល់អ្នកផ្គត់ផ្គង់ ប្រាក់ខែ និងបេឡាជាតិរបបសន្តិសុខសង្គម និងការបង់ពន្ធ ការតាមដានថវិកាប្រចាំខែ។ លើសពីនេះសុម៉ារីក៏ទទួលខុសត្រូវចំពោះរាល់ប្រតិបត្តិការធនាគារពាក់ព័ន្ធ ការងាររដ្ឋបាល និងធនធានមនុស្ស។
សុម៉ារីបានបញ្ចប់បរិញ្ញាបត្រផ្នែកគណនេយ្យពីសាកលវិទ្យាល័យជាតិគ្រប់គ្រង (NUM)ក្នុងឆ្នាំ ២០១១។ មុនពេលចូលបម្រើការងារនៅអូឌីស៊ី សុម៉ារីមានបទពិសោធន៍ ១០ ឆ្នាំមកហើយលើការងារផ្នែកហិរញ្ញវត្ថុ និងរដ្ឋបាលជាមួយអង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុកនិងអន្តរជាតិ។
ប៉ា សិតទេវិន្ទ
ជំនួយការរដ្ធបាល
ទេវិន្ទ ទំនួលខុសត្រូវចម្បង គឺជួយផ្នែកហិរញ្ញវត្ថុ និងរដ្ធបាលក្នុងការផ្តល់ការគាំទ្រផ្នែករដ្ធបាល/ភស្តុភារសម្រាប់ព្រឹត្តិការណ៍ ដូចជា ការប្រជុំនិងសិក្ខាសិលាផ្សេងៗ ការរៀបចំទម្រង់បែបបទនិងលិខិតអនុញ្ញាតការធ្វើដំណើរ ការថែរក្សាទ្រព្យសម្បត្តិអសកម្មរបស់អង្គការ ការងារលទ្ធកម្ម គ្រប់គ្រងសាច់ប្រាក់បុរេប្រទាន ព្រមទាំងការថតចម្លងឯកសារហិរញ្ញវត្ថុផ្សេងៗ។
ទេវិន្ទ បានបញ្ចប់ថ្នាក់បរិញ្ញាបត្រផ្នែកអភិវឌ្ឍន៍សេដ្ឋកិច្ចពីសាកលវិទ្យាល័យនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ចក្នុងឆ្នាំ ២០២០។ មុនពេលចូលបម្រើការងារនៅអូឌីស៊ី ទេវិន្ទមានបទពិសោធន៍ជាង ៣ ឆ្នាំជាមួយវិស័យក្រុមហ៊ុនឯកជនក្នុងផ្នែករដ្ឋបាល និងផ្នែកលទ្ធកម្ម។
លៀង គីមហួយ
បុគ្គលិកផ្នែកអនាម័យការិយាល័យ
បងស្រីគីមហួយមានទំនួលខុសត្រូវជាចម្បងក្នុងការថែរក្សាឱ្យបាននូវបរិស្ថានស្អាត អនាម័យ និងមានរបៀបរៀបរយនៅក្នុងការិយាល័យអូឌីស៊ី។ គាត់ក៏ទទួលខុសត្រូវរៀបចំភេសជ្ជៈ និងអាហារសម្រន់សម្រាប់ភ្ញៀវ និងបុគ្គលិកតាមតម្រូវការក្នុងពេលប្រជុំ វគ្គបណ្តុះបណ្តាល និងសិក្ខាសាលា ព្រមទាំងមើលថែទាំរាល់សម្ភារៈផ្ទះបាយ។ មុនចូលបម្រើការងារនៅអូឌីស៊ី បងគីមហួយធ្លាប់បម្រើការជាអ្នករៀបចំអាហារនៅក្រុមហ៊ុនអាកាសចរណ៍បាយ័នអ៊ែរឡាញរយៈពេលប្រាំពីរឆ្នាំ។