ក្រសួងផែនការ
អំពីកិច្ចសហប្រតិបត្តិការ
ក្នុងឆ្នាំ២០១៩ ប្រទេសកម្ពុជានឹងផ្សព្វផ្សាយរបាយការណ៍ និងធ្វើបទបង្ហាញអំពីការត្រួតពិនិត្យថ្នាក់ជាតិដោយស្ម័គ្រចិត្តជាលើកដំបូងនៅ វេទិកានយោបាយជាន់ខ្ពស់របស់អង្គការសហប្រជាជាតិ នៅបុរីញូវយ៉ក ក្រោមការឧបត្ថម្ភគាំទ្ររបស់ក្រុមប្រឹក្សាសេដ្ឋកិច្ច និងសង្គម របស់អង្គការសហប្រជាជាតិ។ ក្រសួងផែនការជាអ្នកដឹកនាំកិច្ចដំណើរការត្រួតពិនិត្យនិងរាយការណ៍ស្តីពី គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពកម្ពុជានេះ។ ដើម្បីរៀបចំខ្លួនសម្រាប់ការត្រួតពិនិត្យថ្នាក់ជាតិដោយស្ម័គ្រចិត្ត ក្រសួងផែនការត្រូវការប្រមូល និងច្របាច់បញ្ចូលធាតុផ្សំ និងចូលរួមក្នុងកិច្ចខិតខំប្រឹងប្រែងជាមួយក្រសួងពាក់ព័ន្ធ និងអង្គការសង្គមស៊ីវិលដែលធ្វើការក្នុងវិស័យដែលឆ្លើយតបទៅនឹងគោលដៅនីមួយៗនៃរបៀបវារៈឆ្នាំ២០៣០ សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាពរបស់អង្គការសហប្រជាជាតិ។
ដោយសារការចូលរួមរបស់អង្គការសង្គមស៊ីវិលពិតជាមានសារៈសំខាន់សម្រាប់ ការត្រួតពិនិត្យថ្នាក់ជាតិដោយស្ម័គ្រចិត្ត និងការអនុវត្តនិងការពិនិត្យឡើងវិញនៃ គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពកម្ពុជា អង្គការទិន្នន័យអំពីការអភិវឌ្ឍ (អូឌីស៊ី) បានបានបង្កើតកិច្ចសហប្រតិបត្តិការជាមួយក្រសួងផែនការដើម្បីសម្រួលដល់ការព្យាយាមរបស់ក្រសួងនៃក្នុងការលើកកម្ពស់ការយល់ដឹងជាសាធារណៈ និងសម្រួលដល់ការត្រួតពិនិត្យរបស់គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពកម្ពុជា តាមរយៈវេទិកាទិន្នន័យបើកទូលាយតាមអនឡាញរបស់អូឌីស៊ី។
កិច្ចព្រមព្រៀងនេះស្នើរឲ្យភាគីទាំងពីរធ្វើសកម្មភាពដែលជួយជំរុញការអនុវត្តនិងការពិនិត្យឡើងវិញនៃគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពកម្ពុជា។ សកម្មភាពទាំងនោះរួមមាន ការលើកកម្ពស់ការចូលរួមរបស់អង្គការសង្គមស៊ីវិល ការរៀបចំសិក្ខាសាលាផ្សេងៗ (ចូលរួមដោយរដ្ឋាភិបាល អង្គការសហគមន៍មូលដ្ឋាន និងអង្គការសង្គមស៊ីវិល) ការចែករំលែកទិន្នន័យពាក់ព័ន្ធនឹងគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពក៏ដូចជាគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពកម្ពុជា និងស្វែងរកមូលនិធិសម្រាប់សកម្មភាពចាំបាច់នានាក្រោមកិច្ចព្រមព្រៀង។
ក្រុមការងារអូឌីស៊ីកំពុងស្រាវជ្រាវ និងសរសេរ ទំព័រគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព នៅលើគេហទំព័ររបស់យើង ហើយយើងព្យាយាមផ្តល់ព័ត៌មានលម្អិតអំពីដំណើរការនៃការអនុវត្តគោលដៅនិមួយៗ ដើម្បីឲ្យអង្គការសង្គមស៊ីវិល និងក្រសួងដែលពាក់ព័ន្ធអាចទទួលបានធនធាន ទិន្នន័យ និងព័ត៌មានបន្ថែមសម្រាប់ធ្វើការវាយតម្លៃ និងពង្រឹងសកម្មភាពរបស់អង្គការនិងក្រសួងរបស់ពួកគេ។ ជាមួយគ្នានេះដែរ ទំព័រគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពនេះនឹងអនុញ្ញាតិឲ្យសាធារណជនយល់ដឹង និងសិក្សាពីទិដ្ឋភាពនិងដំណើរការអនុវត្តរបស់គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពកម្ពុជា។ អង្គការអូឌីស៊ីក៏បានចូលរួមវិភាគទានផ្នែកហិរញ្ញវត្ថុដល់ការបោះពុម្ភផ្សាយរបស់ CSDG ដែលត្រូវបានចែកចាយនៅទូទាំង ក្រសួង ស្ថាប័នរដ្ឋាភិបាល អង្គការសង្គមស៊ីវិល ស្ថានទូត និងស្ថាប័នពាក់ព័ន្ធជាច្រើនទៀត។
ដោយផ្អែកលើរបៀបវារៈឆ្នាំ២០៣០ សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាពរបស់អង្គការសហប្រជាជាតិ និងកិច្ចសហការជាមួយក្រសួងផែនការ អូឌីស៊ី ចាត់ទុកគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពជាអាទិភាពចម្បងមួយដែលយើងកំពុងធ្វើការយ៉ាងម៉ត់ចត់ដើម្បីជួយជំរុញការអភិវឌ្ឍប្រកបដោយចីរភាពរបស់ប្រទេសកម្ពុជាសម្រាប់ទាំងអស់គ្នា។
អំពី SDG និង CSDG
នៅខែកញ្ញា ឆ្នាំ២០១៥ មហាសន្និបាតអង្គការសហប្រជាជាតិ បានអនុម័តរបៀបវារៈឆ្នាំ២០៣០ សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព។ របៀបវារៈនេះមានធាតុចំនួន១៧ ដែលត្រូវបានគេស្គាល់ថាជាគោលដៅអភិវឌ្ឍប្រកបដោយចីរភាព (SDG) របស់អង្គការសហប្រជាជាតិ ដោយមានគោលដៅបន្ថែមមួយទៀតសម្រាប់ប្រទេសមួយចំនួនដូចជាប្រទេសកម្ពុជាក្នុងបំណងជំរុញសកម្មភាពសំខាន់ៗនៅតាមតំបន់រហូតដល់ឆ្នាំ២០៣០។ គោលដៅទាំងនេះត្រូវបានបំបែកទៅជាចំណុចដៅចំនួន ១៦៩ និងសូចនាករចំនួន ២៣០។
គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព ត្រូវបានបង្កើតឡើងក្នុងគោលបំណងជំនួសកម្មវិធីអភិវឌ្ឍន៍សហស្សវត្សរ៍ ដែលមានគោលដៅប្រាំបីដែលត្រូវសម្រេចបាននៅឆ្នាំ២០១៥។ គោលដៅថ្មីៗត្រូវបានបង្កើតឡើងដើម្បីឆ្លើយតបជាផ្នែកទៅនឹងការរិះគន់លើគោលដៅអភិវឌ្ឍន៍សហសវត្សរ៍។ គោលដៅពីមុនទាំងនោះត្រូវបានគេមើលឃើញថា ខ្វះភាពជាម្ចាស់របស់អ្នកពាក់ព័ន្ធទាំងអស់ ហើយវាពាក់ព័ន្ធទៅនឹងបរិបទអភិវឌ្ឍន៍ជាសកលជាជាងការអភិវឌ្ឍជាមូលដ្ឋាន។ គោលដៅមុនៗក៏បានផ្តល់អាទិភាពដល់អ្វីដែលម្ចាស់ជំនួយចង់បានជាជាងដំណើរការអភិវឌ្ឍន៍ក្នុងស្រុកផងដែរ។
មូលដ្ឋាននីយកម្មរបស់គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពនៅក្នុងប្រទេសកម្ពុជាត្រូវបានធ្វើឡើងតាមរយៈសិក្ខាសាលាពិគ្រោះយោបល់ដែលរៀបចំដោយក្រសួងផែនការ។ អ្នកចូលរួមរួមមានអ្នកតំណាងមកពីរដ្ឋាភិបាល ដៃគូអភិវឌ្ឍន៍ និងភ្នាក់ងារអង្គការសហប្រជាជាតិដែលបានពិនិត្យឡើងវិញនូវចំណុចដៅ និងសូចនាករនៃគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពនីមួយៗដើម្បីឲ្យស្របទៅនឹងបរិការណ៍ប្រទេសកម្ពុជា។ គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពកម្ពុជា មានគោលដៅចំនូន ១៨ លើសពីគោលដៅសាកលមួយ ដែលគោលដៅបន្ថែមមួយនោះគឺទាក់ទងនឹងសំណល់ផ្ទុះពីសង្គ្រាម ហើយគោលដៅទាំងអស់មានចំណុចដៅចំនួន ៨៨ និងសូចនាករចំនួន ១៤៨។