​កំណើន​ថវិកាជាតិ​

​នៅ​ក្នុង​រយៈពេល​បី​ឆ្នាំ​ចុង​ក្រោយ​នេះ​ ថវិកាជាតិ​របស់​ប្រទេស​កម្ពុជា​ បាន​មានការ​កើនឡើង​គួរ​ឱ្យ​កត់សម្គាល់​ ជិត​ប្រមាណ​ ១.៦​ ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក​ ដែល​ចំនួន​នេះ​កើន​ពី​ ៣.៤​ ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក​នៅ​ក្នុង​ឆ្នាំ​ ២០១៤1​ មក​ ៥​ ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក​នៅ​ក្នុង​ឆ្នាំ​ ២០១៧​។2 កំណើន​មធ្យម​ប្រចាំឆ្នាំ​ គឺ​ស្ទើរតែ​ ១៤​ ភាគរយ​។​ ការ​កើនឡើង​នេះ​ គឺ​អាច​ជា​ផ្នែក​មួយ​បណ្តាល​មក​ពី​កំណើនសេដ្ឋកិច្ច​ដ៏​ឆាប់រហ័ស​របស់​ប្រទេស​កម្ពុជា​ ​ជា​ធម្មតា​កំណើន​ផលិតផល​ក្នុងស្រុក​សរុប​ (GDP)មាន​ប្រហែល​ ៧​ ភាគរយ​​ ក្នុង​រយៈពេល​ប៉ុន្មាន​ទស្ស​វត្ស​នេះ​ និង​មួយ​ផ្នែក​ទៀត​បាន​មក​ពី​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​រដ្ឋាភិបាល​ក្នុង​ការ​ប្រមូល​ពន្ធ​។​ នៅ​ក្នុងឆ្នាំនេះ​ ដើម្បី​សម្រេច​គោលដៅ​ចំណូល​ថវិការដ្ឋ​ ក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​ តាម​រយៈ​នាយកដ្ឋាន​គយ​ និង​នាយកដ្ឋាន​ពន្ធដារ​ បាន​ប្តេជ្ញា​ចិត្ត​ថា​នឹង​ប្រមូល​ចំណូល​ឱ្យ​បាន​ចំនួន​ ៨.២៩​ ភាគរយ​ និង​ ៧.៧៤​ ភាគរយ​នៃ​ផលិតផល​ក្នុងស្រុក​សរុប​ (GDP)​។3

​ជីវភាព​រស់នៅ​របស់​ប្រជាជន​៖​ ផល​ប៉ះពាល់​នៃ​ថវិកាជាតិ​ និង​ឧបសគ្គ​នានា​

​ជា​រៀង​រាល់​ឆ្នាំ​ រាជរដ្ឋាភិបាល​កម្ពុជា​ បាន​ប្រមូល​ និង​ចំនាយ​ថវិកា​រាប់​ពាន់​លាន​ដុល្លារ​។​ ប្រាក់​ទាំងនោះ​បាន​មក​ពី​ប្រភព​ផ្សេងៗ​គ្នា​ជា​ច្រើន​ រួម​មាន​ ពន្ធ​ និង​ចំណូល​មិនមែន​ពន្ធ​,​ ជំនួយ​ឧបត្ថម្ភ​,​ និង​កម្ចី​ឥណទាន​នានា​។​ នៅ​ក្នុង​ការ​រស់នៅ​ប្រចាំ​ថ្ងៃ​ ប្រជាជន​កម្ពុជា​ ចំនាយ​​​ពន្ធ​លើតម្លៃបន្ថែម (VAT)​ ជាមួយនឹង​ការ​ទូទាត់​ចំនាយ​របស់​ពួក​គេ​ ចាប់ពី​ប្រេងសាំង​ រហូត​ដល់​ការ​បរិភោគ​អាហារ​នៅ​តាម​ភោជនីយដ្ឋាន​ និង​ការ​ចំនាយ​លើ​ពន្ធ​ប្រាក់​ចំណូល​សម្រាប់​ប្រាក់ខែ​ និង​ភាគលាភ​នានា​។​ យ៉ាងណាមិញ​ ប្រជាជន​ទូទៅ​កម្រ​នឹង​លើក​ឡើង​នូវ​សំណួរ​នានា​អំពី​ ថា​តើ​ប្រាក់​ទាំងនោះ​ត្រូវ​បាន​ចំនាយ​យ៉ាងដូច​ម្ត៉េ​ច​ដោយ​រដ្ឋាភិបាល​ ហើយ​ការ​ចំនាយ​ថវិកា​ទាំងនេះ​កំពុង​ផ្តល់​ផល​ប៉ះពាល់​របៀប​ណា​ដល់​ជីវភាព​រស់នៅ​របស់​ពួក​គេ​នោះ​ទេ​។

​ការ​វិនិយោគសាធារណៈ​ស្តី​ពី​វិស័យ​អាទិភាព​នានា​ដើម្បី​សម្រេច​គោលនយោបាយ​ជាតិ​របស់​រដ្ឋាភិបាល​ ត្រូវ​បាន​គេ​រំពឹង​ថា​ នឹង​ចូលរួម​ចំណែក​ដល់​កំណើនសេដ្ឋកិច្ច​,​ ការ​កាត់​បន្ថយ​ភាព​ក្រីក្រ​ និង​ការកែលម្អ​នៃ​លក្ខ​ខណ្ឌ​រស់នៅ​របស់​ប្រជាជន​។​ យ៉ាងណាមិញ​ ក្រៅពី​ការ​កាត់​បន្ថយ​ភាព​ក្រីក្រ​ដ៏​គួរ​ឱ្យ​កត់សម្គាល់​ ពី​ ៥០​ ភាគរយ​នៅ​ក្នុង​ឆ្នាំ​២០០៤​ មក​ត្រឹម​ ១៣​ ភាគរយ​នៅ​ក្នុង​ឆ្នាំ​ ២០១៤​4​ ធនាគារពិភពលោក​បាន​ប្រាប់​ឱ្យ​មានការ​ប្រុង​ប្រយ័ត្ន​ថា​ “​ប្រជាជនកម្ពុជា​ជា​ច្រើន​បាន​ផ្លាស់​ប្តូរ​ពី​ក្រីក្រ​ ទៅ​ងាយ​រង​គ្រោះ​”​ នេះ​មាន​ន័យ​ថា​ គ្រាន់តែ​មានការ​រំខាន​តែ​ ០.៣០​ ដុល្លារ​អា​មេ​រិ​ក​ក្នុង​មួយ​ថ្ងៃ​ អាច​បណ្តាល​ឱ្យ​អត្រា​នៃ​ភាព​ក្រីក្រ​របស់​ប្រទេស​កម្ពុជា​កើនឡើង​ទ្វេ​ដង​។5​ តើ​វា​មាន​ន័យ​យ៉ាងណា​ ប្រសិនបើ​កម្មករ​រោងចក្រ​កាត់ដេរ​ជា​ច្រើន​ក្នុង​ចំនោម​ ៧០០,០០០​នាក់​ មិន​មាន​អារម្មណ៍​ថា​ ពួក​គេ​មាន​ភាពល្អ​ប្រសើរ​បន្ទាប់​ពី​ចំនាយពេល​ធ្វើការ​ងារ​រាប់​ម៉ោង​ក្នុង​មួយ​ថ្ងៃ​ ប៉ុន្តែ​ពួក​គេ​នៅ​តែ​ជួប​បញ្ហា​ក្នុង​ការ​ផ្គត់ផ្គង់​ការ​ចំនាយ​ចាំបាច់​ប្រចាំ​ថ្ងៃ​?6

​រាល់​ព័ត៌មាន​ និង​ឯកសារ​ដែល​ពាក់ព័ន្ធ​នានា​ស្តី​ពី​ថវិកាជាតិ​ ពុំ​អាច​ស្វែង​រកបាន​ ឬ​មាន​តម្លា​ភព​នោះ​ទេ​។​ ខណៈ​ដែល​ម្ចាស់​ជំនួយ​អន្តរជាតិ​នានា​ បាន​គូសបញ្ជាក់​ពី​ការ​ព្រួយបារម្ភ​លើ​ការ​ចាត់ចែង​ធនធាន​ និង​តម្លាភាព​7​ គណបក្សប្រឆាំង​ដ៏​សំខាន់​បាន​អះអាង​ថា​ ថវិកាជាតិ​ចូលរួម​ចំណែក​តិចតួច​នៅ​ក្នុង​កម្មវិធី​សង្គម​ ហើយ​ការ​ពឹងផ្អែក​លើ​កម្ចី​ឥណទាន​បរទេស​របស់​ប្រទេស​កម្ពុជា​ អាច​នឹង​ត្រូវ​បាន​កាត់​បន្ថយ​ដោយសារ​ការ​លើកកម្ពស់​តម្លាភាព​នៃ​ថវិកា​។​8​ ក្រៅពី​ការ​ដាក់​ចេញ​នូវ​ ច្បាប់​ស្តី​ពី​លទ្ធកម្ម​សាធារណៈ​ ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​សំណើរ​របស់​ធនាគារពិភពលោក​ និង​ធនាគារអភិវឌ្ឍន៍អាស៊ី​នៅ​ក្នុង​ឆ្នាំ​ ២០១២9​ ករណី​សូកប៉ាន់​នៅ​ក្នុង​កម្មវិធី​មូលនិធិ​សកល​ត្រូវ​បាន​រក​ឃើញ​។​ មន្ត្រី​សុខាភិបាល​ជាន់ខ្ពស់​របស់​រដ្ឋាភិបាល​ពីរ​នាក់​ត្រូវ​បាន​រាយការណ៍​ថា​ មាន​ជាប់​ពាក់ព័ន្ធ​នៅ​ក្នុង​ការ​ផ្ដល់​កិច្ចសន្យា​លទ្ធកម្ម​ដោយ​ខុសច្បាប់​ និង​មិន​ស្មើភាព​ ប៉ុន្តែ​មិន​មាន​សកម្មភាព​តាម​ផ្លូវច្បាប់​ណាមួយ​ត្រូវ​បាន​អនុវត្តន៍​ដោយ​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ ឬ​មន្ត្រី​តុលាការ​នោះ​ទេ​។10​ ក្រោម​ការ​ដាក់​ពិន្ទុ​សម្រាប់​ “​ការ​ចំនាយ​មិន​ទៀត​ទាត់​ និង​ការ​សូកប៉ាន់​”​ ប្រទេស​កម្ពុជា​ត្រូវ​បាន​គេ​ដាក់​ចំណាត់ថ្នាក់​ឱ្យ​ស្ថិត​នៅ​លេខ​រៀង​ទី​ ១១៤​ ក្រោម​គេ​ (​ក្នុង​ចំនោម​បណ្តា​ប្រទេស​ចំនួន​ ១៣៨)​ នៅ​ក្នុង​របាយការណ៍​ប្រកួតប្រជែង​ជា​សកល​ឆ្នាំ​ ២០១៦-២០១៧​។11​ នៅ​ក្នុង​ស​ន្ទ​ស្សន៍​ប្រកួតប្រជែង​ជា​សកល​ ប្រទេស​កម្ពុជា​ត្រូវ​បាន​ស្ថិត​នៅ​លេខ​រៀង​ទី​ ៨៩​។​12

​ស្ថានភាព​បំណុល​សាធារណៈ​នៅ​ក្នុង​ប្រទេស​កម្ពុជា​

​ចាប់តាំងពី​ឆ្នាំ​ ១៩៩៣​ ដល់​ឆ្នាំ​ ២០១៦​ យោង​តាម​ទិន្នន័យ​បាន​មក​ពី​ក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​ រាជរដ្ឋាភិបាល​កម្ពុជា​បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ខ្ចី​ឥណទាន​សម្បទាន​ជាមួយ​ដៃគូ​អភិវឌ្ឍន៍​នានា​ ប្រមាណ​ ៨,៣០៩.៨១​ លាន​ដុល្លារ​អា​មេ​រិ​ក​។13​ រាជរដ្ឋាភិបាល​កម្ពុជា​បាន​ដក​សាច់ប្រាក់​យក​មក​ប្រើប្រាស់​ជាក់ស្តែង​សរុប​ចំនួន​ ៥,៧៩៧.០៩​ លាន​ដុល្លារ​អា​មេ​រិ​ក​ ស្មើនឹង​ប្រមាណ​ ៦៩.៧៦​ ភាគរយ​នៃ​ទំហំ​ឥណទាន​សម្បទាន​សរុប​ ដែល​ក្នុង​នោះ​ ៨៦.៤៧​ភាគរយ​ ត្រូវ​បាន​ប្រើប្រាស់​ដើម្បី​ហិរញ្ញប្បទាន​លើ​គម្រោង​វិនិយោគសាធារណៈ​ក្នុង​វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ​។​14

​យោង​តាម​ស្ថិតិ​ដែល​ចេញផ្សាយ​ដោយ​ក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​ ជា​រៀង​រាល់​ឆ្នាំ​ កម្ចី​ឥណទាន​សម្បទាន​របស់​កម្ពុជា​ បាន​ក្លាយជា​ផ្នែក​មួយ​ដ៏​សំខាន់​នៃ​ថវិកាជាតិ​ ជាមួយនឹង​ការ​ពឹងផ្អែក​យ៉ាង​ខ្លាំង​ទៅ​លើ​កម្ចី​ឥណទាន​ទ្វេភាគី​ជាង​កម្ចី​ឥណទាន​ពហុភាគី​។​ ចាប់តាំងពី​ឆ្នាំ​ ២០១៣​ មក​ដល់​ឆ្នាំ​ ២០១៦​ កម្ចី​ឥណទាន​សម្បទាន​ទ្វេភាគី​ បាន​កើនឡើង​ដល់​ ៦៨​ ភាគរយ​នៃ​ចំនួន​កម្ចី​ទាំងអស់​។​ ជាង​ពាក់កណ្តាល​នៃ​កម្ចី​ឥណទាន​ទ្វេភាគី​សរុប​ -​ ២.១២​ ពាន់​លាន​ដុល្លារ​-​ ត្រូវ​បាន​ខ្ចី​ពី​ប្រទេស​ចិន​។​ រាជរដ្ឋាភិបាល​កម្ពុជា​ ជា​ពិសេស​ក្រសួង​សាធារណការ​ និង​ដឹក​ជញ្ជូន​ បាន​បង្កើន​ការ​ផ្តល់​ព័ត៌មាន​ស្តី​ពី​គម្រោង​ហេដ្ឋារចនាសម្ព័ន្ធ​ ដែល​អាច​សាធារណជន​ស្វែង​រកបាន​ រួម​ទាំង​ព័ត៌មាន​អំពី​ប្រទេស​ម្ចាស់បំណុល​ និង​កាលកំណត់​ពេលវេលា​របស់​គម្រោង​ផង​ដែរ​ ប៉ុន្តែ​មិន​មាន​តួលេខ​អំពី​ចំនួន​នៃ​កម្ចី​ និង​អត្រា​ការ​ប្រាក់​នោះ​ទេ​។​ យ៉ាងណាមិញ​ អង្គការ​ទិន្នន័យ​ (China) AidData​​ ដែល​ជា​អង្គការ​មួយ​ក្នុង​ចំនោម​អង្គការ​ទិន្នន័យ​បើក​ទូលាយ​ដែល​កំពុងធ្វើការ​ស្តី​ពី​ហិរញ្ញវត្ថុ​អភិវឌ្ឍន៍​របស់​ប្រទេស​ចិន​ បាន​និង​កំពុង​តាមដាន​ពី​គម្រោង​កម្ចី​ឥណទាន​សម្បទាន​នានា​របស់​ប្រទេស​ចិន​ដែល​ផ្តល់​ឱ្យមក​ប្រ​ទស​កម្ពុជា​។​ អង្គការ​នេះ​បាន​កត់ត្រា​ពី​អត្រា​ការ​ប្រាក់​ដែល​​មាន​ចាប់ពី​ ១.២៥​ ភាគរយ​ ដល់​ ៣​ ភាគរយ​ អាស្រ័យ​លើ​វិស័យ​នៃ​គម្រោង​ និង​ប្រភេទ​នៃ​អង្គភាព​ឥណទាន​-​តាម​រយៈ​រដ្ឋាភិបាល​ចិន​ ឬ​តាម​រយៈ​ធនាគារ​របស់​រដ្ឋ​។15

​លទ្ធកម្ម​សាធារណៈ​នៅ​កម្រិត​ថា្ន​ក់​ជាតិ​ និង​កម្រិត​ថ្នាក់​ក្រោម​ជាតិ​

​នៅ​ក្នុង​ប្រទេស​កម្ពុជា​ រាល់​សកម្មភាព​នានា​នៃ​ការ​ទិញ​ទំនិញ​ ការងារ​សាងសង់​ ការ​ជួស​ជុស​ សេវាកម្ម​នានា​ និង​ការងារ​ប្រឹក្សា​យោបល់​ដែល​ផ្តល់​ដោយ​រដ្ឋាភិបាល​ ក្រសួង​ និង​ទីភ្នាក់ងារ​នានា​របស់​រដ្ឋាភិបាល​គួរតែ​ទទួលខុសត្រូវ​ដោយ​យោង​តាម​ច្បាប់​ស្តី​ពី​លទ្ធកម្ម​សាធារណៈ​ឆ្នាំ​ ២០១២​។​ នីតិវិធី​នានា​សម្រាប់​វិធីសាស្ត្រ​នៃ​ការ​អនុវត្ត​ជាក់លាក់​មួយ​នៃ​លទ្ធកម្ម​សាធារណៈ​ ត្រូវ​បាន​ដាក់​ជា​ប្បញ្ញត្តិ​នៅ​ក្នុង​អនុក្រឹត្យ​ស្តី​ពី​លទ្ធកម្ម​សាធារណៈ​ឆ្នាំ​ ២០០៦​។​ វិធាននៃ​លទ្ធកម្ម​សាធារណៈ​នានា​ មាន​គោលបំណង​ដើម្បី​ធានា​ថា​ ការ​ចំនាយ​នានា​របស់​រដ្ឋ​ ត្រូវ​បាន​គ្រប់គ្រង​ដោយ​មាន​ប្រសិទ្ធិ​ភាព​ និងប្រសិទ្ធិផល ​ហើយ​ត្រូវ​បាន​ត្រួតពិនិត្យ​ដោយ​មាន​ដំណើរការ​តម្លា​ភាព​ ត្រឹមត្រូវ​ និង​​សន្សំ​សំចៃ​ពេលវេលា​។​

ដ្យាក្រាម ១:​ រចនាសម្ព័ន្ធតាមទិសដេកនៃស្ថាប័នក្រសួង16

Khm1

​លទ្ធកម្ម​សាធារណៈ​អាច​នឹង​ត្រូវ​អនុវត្ត​តាម​រយៈ​វិធីសាស្ត្រ​ផ្សេងៗ​។​ វិធីសាស្ត្រ​ទាំងនេះ អាច​នឹង​ត្រូវធ្វើ​ចំណាត់ថ្នាក់​ជា​៖

  • ការ​ដេញថ្លៃ​តាម​រយៈ​ការ​ប្រកួតប្រជែង​លក្ខណៈ​អន្តរជាតិ​
  • ការ​ដេញថ្លៃ​តាម​រយៈ​ការ​ប្រកួតប្រជែង​ក្នុងស្រុក​
  • ការ​ប្រឹក្សា​តម្លៃ​
  • ការ​ស្ទាបស្ទង់​តម្លៃ​17

​រាល់​លទ្ធកម្ម​ទាំងអស់​ គួរតែ​ដំណើ​ការ​តាម​រយៈ​វិធីសាស្ត្រ​មួយ​ក្នុង​ចំនោម​វិធីសាស្ត្រ​ទាំង​បួន​នេះ​។​ ដោយ​បន្ថែម​លក្ខ​ខ​ណ្ឌ​វិនិច្ឆ័យ​ទៅ​ក្នុង​វិធីសាស្ត្រ​នីមួយៗ​នោះ​ ដូច​ជា​ តម្លៃ​អប្ប​បរមា​នៃ​ការ​ដេញថ្លៃ​,​ ធនធាន​ក្នុងស្រុក​ (​សេវាកម្ម​ និង​ទំនិញ​នានា​)​ ដែល​ពាក់ព័ន្ធ​ និង​សមត្ថភាព​បច្ចេកទេស​។​

​តម្លៃ​សម្រាប់​វិធីសាស្ត្រ​នីមួយៗ​នៃ​លទ្ធកម្ម​សាធារណៈ​ ប្រហែលជា​អាច​ប្រែប្រួល​ រវាង​រដ្ឋបាល​ថ្នាក់​ជាតិ​ និង​ថ្នាក់​ក្រោម​ជាតិ​។​ តម្លៃ​នៃ​ការ​ដេញថ្លៃ​សម្រាប់​ការ​ប្រកួតប្រជែង​លក្ខណៈ​អន្តរជាតិ​នៅ​កម្រិត​ក្រសួង​ រាជធានី​ ខេត្ត​ និង​គ្រឹះស្ថានសាធារណៈ​នានា​ គួរតែ​ចាប់ពី​តម្លៃ​ ៥​ ពាន់​លាន​រៀល​ឡើង​ ខណៈ​ដែល​តម្លៃ​នៃ​ការ​ដេញថ្លៃ​សម្រាប់​វិធីសាស្ត្រ​ដូច​គ្នា​នៅ​កម្រិត​ថ្នាក់​ក្រុង​ ស្រុក​ ខណ្ឌ​ គឺ​តិច​ជាង​ ២​ ពាន់​លាន​រៀល​។​18​ ច្បាប់​ហាមប្រាម​ការ​ប្រព្រឹត្ត​ខុស​ណាមួយ​នៃ​លក្ខ​ខ​ណ្ឌ​ដេញថ្លៃ​ ដែលមាន​គោលបំណង​ដើម្បី​បញ្ចៀស​ដំណើ​ការ​លទ្ធកម្ម​សាធារណៈ​ ជាមួយនឹង​លក្ខ​ខណ្ឌ​ទ័ណ្ឌកម្ម​នានា​។19

ដ្យាក្រាម ២:​ រចនាសម្ព័ន្ធនៃរដ្ឋបាលថ្នាក់ក្រោមជាតិនៃប្រទេសកម្ពុជា

Khmer 2

​ស្ថាប័ន​អនុវត្តន៍​លទ្ធកម្ម​នៅ​ក្នុង​គ្រឹះស្ថាន​ផ្សេងៗ​គ្នា​ គួរតែ​ធ្វើ​យ៉ាងណា​ឱ្យ​ព័ត៌មាន​ស្តី​ពី​ការ​ដេញថ្លៃ​អាច​ឱ្យ​សាធារណជន​ស្វែងរក​។​20 ចាប់តាំងពី​ខែកុម្ភៈ​ ឆ្នាំ​ ២០១១​ មក​ ព័ត៌មាន​ស្តី​ពី​ការ​ដេញថ្លៃ​តាម​រយៈ​ការ​ប្រកួតប្រជែង​លក្ខណៈ​អន្តរជាតិ​ និង​ការ​ដេញថ្លៃ​តាម​រយៈ​ការ​ប្រ​កូត​ប្រជែង​ក្នុងស្រុក​ត្រូវ​បាន​ដាក់​ឱ្យ​ស្វែង​រកបាន​នៅ​លើ​គេហទំព័រ​របស់​ក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​ (​ទំនិញ​,​ សំណង់​,​ សេវាកម្ម​,​ និង​សេវាកម្ម​ប្រឹក្សា​យោបល់​)​។​ សេចក្តី​ប្រកាស​ព័ត៌មាន​នានា​នៃ​ការ​ដេញថ្លៃ​នៅ​ថ្នាក់​ស្រុក​ និង​គម្រោង​នានា​ថ្នាក់​ឃុំ​/​សង្កាត់​ អាច​ស្វែង​រកបាន​ នៅ​លើ​គេហទំព័រ​របស់​ គណៈកម្មាធិការ​ជាតិ​សម្រាប់​ការ​អភិវឌ្ឍ​តាម​បែប​ប្រជាធិបតេយ្យ​នៅ​ថ្នាក់​ក្រោម​ជាតិ​ (​គជ​អប​)​ និង​ ការិយាល័យ​ច្រក​ចេញចូល​តែ​មួយ​។​ សេចក្តី​ប្រកាស​ព័ត៌មាន​ទាំងនេះ​ ក៏​អាច​ស្វែង​រកបាន​នៅ​លើ​គេហទំព័រ​ក្រសួង​នានា​ ដូច​ជា​ ក្រសួង​អប់រំ​ យុវជន​ និង​កីឡា​ និង​ក្រសួង​សាធារណការ​ និង​ដឹក​ជញ្ជូន​ផង​ដែរ​។​

បច្ចុប្បន្នភាពចុងក្រោយ៖ ២៤ មេសា ២០១៧

ឯកសារយោង

  • 1. វង្ស សុខេង. “សេចក្តីព្រាងច្បាប់ថវិកាជាតិនឹងត្រូវអនុម័តក្នុងពេលឆាប់ៗ.” កាសែតភ្នំពេញប៉ុស្តិ៍, ចុះថ្ងៃទី ១២ ខែ វិច្ឆិកា ឆ្នាំ ២០១៣. ចូលអាចនៅថ្ងៃទី ២៣ ខែ មេសា ឆ្នាំ ២០១៧។ https://www.phnompenhpost.com/national/budget-passes-sans-opposition
  • 2. ម៉ៃ គុណមករា. “ថវិកាសម្រាប់ឆ្នាំ ២០១៧ នឹងកើនដល់ ៥ ពាន់លានដុល្លារ.” កាសែតខ្មែរថាមស៍, ចុះថ្ងៃទី ២០ ខែតុលា ឆ្នាំ ២០១៦. ចូលអានថ្ងៃទី ២៣ ខែ មេសា ឆ្នាំ ២០១៧. http://www.khmertimeskh.com/news/31046/budget-for-2017-to-increase–by–5-bil/
  • 3. ហ៊ គឹមសាយ. “ថវិកាជាតិនឹងកើនឡើងជាមួយនឹងកំណើនសេដ្ឋកិច្ចឆ្នាំ២០១៧.” កាសែតភ្នំពេញប៉ុស្តិ៍, ចុះថ្ងៃទី ១៥ ខែ មិថុនា ឆ្នាំ ២០១៦. ចូលអានថ្ងៃទី ២៣ ​ខែ មេសា ឆ្នាំ ២០១៧. https://www.phnompenhpost.com/business/budget-swell-economy-2017-govt-official
  • 4. Logan Connor. “កិច្ចពិភាក្សាអ្នកជំនាញធនាគារពិភពលោក ថាតើកម្ពុជានឹងរក្សាបាននូវកំណើនសេដ្ឋកិច្ចគួរឱ្យចាប់អារម្មណ៍របស់ខ្លួន.” សារព័ត៌មាន Southeast Asia Globe, ចុះថ្ងៃទី ១០ ខែ មីនា ឆ្នាំ ២០១៧. ចូលអានថ្ងៃទី ២៣ ខែ មេសា ឆ្នាំ ២០១៧។ https://southeastasiaglobe.com/world-bank-expert-on-whether-cambodia-will-maintain-its-impressive-growth/
  • 5. Carlos Sobrado, Samsen Neak at al. តើប្រជាជនក្រីក្រទៅឯណា? ការសិក្សាវាយតម្លៃភាពក្រីក្រនៅកម្ពុជា ឆ្នាំ ២០១៣. ការសិក្សាមួយរបស់ប្រទេសសមាជិកធនាគារពិភពលោក (ACS4545). បោះពុម្ភលើកទីពីរ. ទីក្រុងវ៉ាស៊ីនតោន ឌីស៊ី: ធនាគារពិភពលោក, ខែ មេសា ឆ្នាំ ២០១៤. http://documents.worldbank.org/curated/en/824341468017405577/pdf/ACS45450REVISE00English0260May02014.pdf
  • 6. Ate Hoekstra. “កម្មកររោងចក្រកាត់ដេរកម្ពុជានៅតែក្រីក្រខណៈដែលសម្លៀកបំពាក់នាំចេញទៅកាន់លោកខាងលិច.” សារព័ត៌មាន DW, ចុះថ្ងៃទី ០៣ ខែ មីនា ឆ្នាំ ២០១៧. ចូលអានថ្ងៃទី ២៣ ខែ មេសា ឆ្នាំ ២០១៧. http://www.dw.com/en/cambodian-garment-workers-stay-poor-while-dressing-the-west/a-37796952
  • 7. Tej Parkh និងកាំង សុធា. “កង្វះនៃតម្លាភាពរារាំងវឌ្ឍនភាពថវិកា.” កាសែតខេមបូឌាដេលី, ចុះថ្ងៃទី ២៦ ខែ មីនា ឆ្នាំ ២០១៦. ចូលអានថ្ងៃទី ២៣ ខែ មេសា ឆ្នាំ ២០១៧. https://www.cambodiadaily.com/archives/lack-of-transparency-hinders-budget-progress-110437/
  • 8. ហ៊ គឹមសាយ. “ថវិកាជាតិនឹងកើនឡើងជាមួយនឹងកំណើនសេដ្ឋកិច្ចឆ្នាំ២០១៧.” កាសែតភ្នំពេញប៉ុស្តិ៍, ចុះថ្ងៃទី ១៥ ខែ មិថុនា ឆ្នាំ ២០១៦. ចូលអានថ្ងៃទី ២៣ ​ខែ មេសា ឆ្នាំ ២០១៧. https://www.phnompenhpost.com/business/budget-swell-economy-2017-govt-official
  • 9. ចាន់ មុយហុង. “ ACU ​នឹង​ពិនិត្យ​ឡើង​វិញ​ពី​គម្រោង​ដេញថ្លៃសាធារណៈ.” កាសែតភ្នំពេញប៉ុស្តិ៍, ចុះថ្ងៃទី ២៣ ខែ ធ្នូ ឆ្នាំ ២០១៤. ចូលអានថ្ងៃទី ២៣ ខែ មេសា ឆ្នាំ ២០១៧. https://www.phnompenhpost.com/business/acu-police-public-tender-process
  • 10. មាស សុជា. “CNRP ហៅរដ្ឋមន្ត្រីក្រសួងសុខាភិបាលមកសាកសួរ.” កាសែតភ្នំពេញប៉ុស្តិ៍, ចុះថ្ងៃទី ០៧ ខែ ធ្នូ ឆ្នាំ ២០១៦. ចូលអានថ្ងៃទី ២៣ ខែ មេសា ឆ្នាំ ២០១៧. http://www.phnompenhpost.com/national/cnrp-eyes-health-checkup
  • 11. វេទិកាសេដ្ឋកិច្ចពិភពលោក. “សន្ទស្សន៍ប្រកួតប្រជែងសកលលោក: ចំណាត់ថ្នាក់ភាពប្រកួតប្រជែង.” ចូលអានថ្ងៃទី ២៣ ខែ មេសា ឆ្នាំ ២០១៧. http://reports.weforum.org/global-competitiveness-index/competitiveness-rankings/#series=BRIBEIDX
  • 12. វេទិកាសេដ្ឋកិច្ចពិភពលោក. “ សន្ទស្សន៍ប្រកួតប្រជែងសកលលោក: ព័ត៌មានអំពីសេដ្ឋកិច្ច, ប្រទេសកម្ពុជា.” ចូលអានថ្ងៃទី ២៣ ខែ មេសា ឆ្នាំ ២០១៧. http://reports.weforum.org/global-competitiveness-index/country-profiles/#economy=KHM
  • 13. ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ. ព្រឹត្តិបត្រស្ថិតិបំណុលសាធារណៈកម្ពុជា. លេខ ៣, ខែ មីនា ឆ្នាំ ២០១៧. http://www.mef.gov.kh/documents/shares/publication/public-debt-bulletin/Cambodia-Public-Debt%20Statistical-Bulletin-Vol-3.pdf
  • 14. ដូចឯកសារយោងខាងដើម។
  • 15. អង្គការ AidData. “ទិន្នន័យ: ស្វែងរកគម្រោងនានា.” ចូលអានថ្ងៃទី ២២ ខែ មេសា ឆ្នាំ ២០១៧. http://china.aiddata.org/
  • 16. បញ្ជីនៃគ្រឹះស្ថានរដ្ឋបាលសាធារណៈ និងសហគ្រាសសាធារណៈ ត្រូវបានប្រមូល និងរៀបរៀងដោយកម្មវិធីកំណែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ. ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ. កម្មវិធីកំណែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (PFM): ការវាយតម្លៃ PFM នៅកម្ពុជា. សេចក្តីព្រាងទីពីរ, ថ្ងៃទី ០៨ ខែ កញ្ញា ឆ្នាំ ២០១៥. ចូលអានថ្ងៃទី ២២ ខែ មេសា ឆ្នាំ ២០១៧. http://pfm.gov.kh/Document/workshop/20151021/pefa_assessment_draft.pdf
  • 17. អនុក្រឹត្យលេខ ១០៥ ស្តីពីលទ្ធកម្មសាធារណៈ (ចុះថ្ងៃទី ១៨ ខែ តុលា ឆ្នាំ ២០០៦), មាត្រា ៨.
  • 18. ប្រកាស ស្តីពីទំហំសាច់ប្រាក់សម្រាប់អនុវត្តវិធីសាស្រ្តលទ្ធកម្ម លេខ ១៨៦៦ ចុះថ្ងៃទី ២៦ ខែធ្នូ ឆ្នាំ២០១៤។
  • 19. ច្បាប់ស្តីពីលទ្ធកម្មសាធារណៈ (២០១២), មាត្រា ៣៣.
  • 20. ច្បាប់ស្តីពីលទ្ធកម្មសាធារណៈ (២០១២), មាត្រា ៣៨.