កំណត់៖ បន្ទាប់ពីទទួលបានមតិស្ថាបនាពីរដ្ឋបាលព្រៃឈើ និងស្ថាប័នផ្សេងទៀត អូឌីស៊ីបានធ្វើ បច្ចុប្បន្នភាពទៅលើទិន្នន័យដែលមាននៅលើទំព័រនេះ និងបន្ថែមទិន្នន័យអំពីគម្របព្រៃឈើឆ្នាំ២០១៤ ដោយប្រើវិធីសាស្រ្តដូចមាន បរិយាយនៅក្នុងកំណត់សម្គាល់ ដែលលោកអ្នកអាចរកអានបាននៅទីនេះ។ សូមមេត្តាទាក់ទងមកយើងខ្ញុំ ប្រសិនបើ លោកអ្នកមានសំនួរពាក់ព័ន្ធនឹងការធ្វើបច្ចុប្បន្នភាពទាំងនេះ ឬទិន្នន័យដែលបង្ហាញនៅទីនេះ។ សូមចុចត្រង់នេះ ដើម្បីមើលទំព័រនេះ នៅពេលដែលវាត្រូវបានធ្វើបច្ចុប្បន្នភាពជាលើកទី១ នៅថ្ងៃទី ២១ ខែមិនា ឆ្នាំ២០១៤។
នៅឆ្នាំ២០០៦ រដ្ឋបាលព្រៃឈើនៃប្រទេសកម្ពុជា បានបោះពុម្ពផ្សាយផែនទីមួយ ដែលបង្ហាញពីគម្របព្រៃឈើនៃប្រទេសកម្ពុជាឆ្នាំ២០០២ ។ បន្ទាប់មកនៅឆ្នាំ ២០១១ រដ្ឋបាលព្រៃឈើ ដែលទទួលបានការគាំទ្រពីអង្គការឈើត្រូពិចអន្តរជាតិ និងរដ្ឋាភិបាលនៃប្រទេសដាណឺម៉ាក បានបោះពុម្ពផ្សាយគម្របព្រៃឈើនៅប្រទេសកម្ពុជា ឆ្នាំ២០១០ ដែលរួមមានផែនទីនៃការផ្លាស់ប្តូរគម្របព្រៃឈើរវាងឆ្នាំ២០០៦ និង២០១០ និងរវាងឆ្នាំ២០០២ និង២០១០1។
រហូតមកទល់ពេលបច្ចុប្បន្ន ដោយសារតែមិនមានការបោះពុម្ពផ្សាយផែនទីផ្លូវការ ឬការវិភាគជាក់លាក់ពាក់ព័ន្ធជាមួយនឹង ប្រទេសកម្ពុជា អង្គការទិន្នន័យអំពីការអភិវឌ្ឍ (ហៅកាត់ថា អូឌីស៊ី) បានសម្រេចបង្កើតសំណុំបច្ចុប្បន្នភាពផែនទីគម្របព្រៃឈើ។
ការ ធ្វើបច្ចុប្បន្នភាពគម្របព្រៃឈើឆ្នាំ២០១៤នេះ បង្ហាញឱ្យឃើញពីដំណើរនៃការបាត់បង់ព្រៃឈើជាបន្តបន្ទាប់ ជាពិសេសព្រៃស្រោងនៅទូទាំងប្រទេសកម្ពុជា ចាប់ពីឆ្នាំ ១៩៧៣ មក។ ជាលើកទីមួយក្នុងរយៈពេល៤១ឆ្នាំមកនេះ ភាគរយនៃគម្របដីមិនមែនព្រៃ (៤៨.៤ ភាគរយ) មានទំហំធំជាងភាគរយនៃគម្របព្រៃឈើ (៤៧.៧ ភាគរយ) ទៅទៀត។
ផែនទី និងវីដេអូនៅលើទំព័រនេះ ផ្តល់ជាមធ្យោបាយមួយផ្សេងទៀត ដើម្បីតាមដាន និងជម្រុញឱ្យមានការសិក្សាស្រាវជ្រាវ និងការពិភាក្សាអំពីការប្រែប្រួលបរិស្ថាននៅក្នុងប្រទេសកម្ពុជា។ ឯកសារទាំងនេះបង្ហាញពីដំណើរនៃការធ្លាក់ចុះគម្របព្រៃឈើនៅទូទាំង ប្រទេសកម្ពុជា ចាប់ពីឆ្នាំ១៩៧៣ ដល់ឆ្នាំ២០១៤។
អង្គការ ទិន្នន័យអំពីការអភិវឌ្ឍ បានបោះពុម្ពរបាយការណ៍នេះជាលើកដំបូង នៅក្នុងឆ្នាំ២០១៣ បន្ទាប់ពីចំណាយពេល៦ខែ សម្រាប់ធ្វើការវិភាគដោយក្រុមការងារឯកទេសផ្នែកផែនទីរបស់អង្គការ ហើយការធ្វើបច្ចុប្បន្នភាពនេះ គឺជាផ្នែកមួយនៃការបន្តវិភាគទិន្នន័យថ្មីៗ ការផ្តល់មតិកែលម្អ និងការពិភាក្សាជាមួយអ្នកជំនាញ និងទីភ្នាក់ងារផ្សេងៗទៀត។ ដើម្បីឆ្លើយតបទៅនឹងការវិភាគផ្នែកបច្ចេកទេស និងមតិកែលម្អក្នុងឆ្នាំ២០១៣ ផែនទីនិងការវិភាគឆ្នាំ២០១៤នេះ ចូលមកជំនួសការបោះពុម្ពផ្សាយកាលពីឆ្នាំ២០១៣។ ផ្នែកកំណត់សម្គាល់ បរិយាយយ៉ាងលម្អិតអំពីការផ្លាស់ប្តូរ ក្នុងឯកសារដែលបានធ្វើបច្ចុប្បន្នភាពនេះ។
លទ្ធផល
សេចក្តីសង្ខេប
ផែនទី នេះបង្ហាញពីដំណើរនៃការបាត់បង់ព្រៃស្រោង ក្នុងរយៈពេល៤១ ឆ្នាំចុងក្រោយនៅក្នុងប្រទេសកម្ពុជា ដែលគាំទ្រលទ្ធផលការស្រាវជ្រាវរបស់ក្រុមអ្នកសិក្សាផ្សេងទៀត ដូចជា សាកលវិទ្យាល័យម៉ារីលែន (ហេនសាន់ និងសហសេវិក) និង មូលនិធិសកលលោកសម្រាប់អភិរក្សធម្មជាតិ (WWF)។ ផែនទីដែលយោងទៅលើលទ្ធផលការងាររបស់សាកលវិទ្យាល័យម៉ារីលែន អាចរកបាននៅលើគេហទំព័រ អង្គការឃ្លាំមើលព្រៃឈើសកលលោក។
រីដេអូបម្រែបម្រួលគម្របព្រៃឈើ
និន្នាការបម្រែបម្រួលគម្របព្រៃឈើ
ក្រា ហ្វិកខាងក្រោមនេះ បង្ហាញអំពីគម្របព្រៃឈើរបស់កម្ពុជា ពីឆ្នាំ១៩៧៣ ដល់២០១៤ ដំបូងក្នុងលក្ខណៈជាភាគរយនៃផ្ទៃដីទាំងមូល និងបន្ទាប់មកជាហិចតា។ សម្រាប់ការវិភាគលម្អិតនៃការផ្លាស់ប្តូរគម្របព្រៃឈើ និងបរិមាណនៃគម្របព្រៃឈើនៅថ្នាក់ជាតិ និងថ្នាក់ខេត្ត សូមចុចនៅទីនេះ។
សេចក្តីបរិយាយលម្អិត
គម្របព្រៃឈើសរុបក្នុងប្រទេសកម្ពុជាបានថយចុះពីប្រមាណ ៧២ភាគរយ ក្នុងឆ្នាំ១៩៧៣ មកនៅត្រឹម ៤៨ភាគរយ ក្នុងឆ្នាំ២០១៤ ខណៈពេលដែលព្រៃស្រោងបានថយចុះពី ៤២ភាគរយ មកនៅត្រឹម ១៦ភាគរយ នៅក្នុងរយៈពេលដូចគ្នា។ កម្រិតនៃគម្របព្រៃល្បោះ (រាប់បញ្ចូលទាំងដំណាំមួយចំនួនផងនោះ2) មានស្ថេរភាពបន្តិចនៅក្នុងរយៈពេលដូចគ្នា ដោយប្រែប្រួលពី ៣០ភាគរយ នៅក្នុងឆ្នាំ១៩៧៣ មក ៣១ភាគរយ នៅក្នុងឆ្នាំ២០១៤។
ការធ្វើចំណាត់ថ្នាក់ព្រៃល្បោះជាប្រភេទ ផ្សេងៗមានលក្ខណៈស៊ាំញ៉ាំ ហើយអាចរាប់បញ្ចូលប្រភេទផ្សេងៗនៃរុក្ខជាតិ ដំណាំ និងចម្ការមួយចំនួនទៀត។ ផ្នែកកំណត់សម្គាល់ មានបរិយាយលម្អិតអំពីវិធីសាស្ត្រដែលអូឌីស៊ីប្រើសម្រាប់ការធ្វើ ចំណាត់ថ្នាក់ព្រៃល្បោះនេះ។
តារាងខាងក្រោមបង្ហាញពីភាគរយនៃ គម្របដីជា៥ប្រភេទ នៅបណ្តាឆ្នាំផ្សេងៗគ្នា ដែលជាកម្មវត្ថុនៃការវិភាគដោយក្រុមការងារបច្ចេកទេសផ្នែកផែនទីរបស់ អូឌីស៊ី។ សូមមើលវិធីសាស្រ្ត និង ការបរិយាយផ្នែកបច្ចេកទេស សម្រាប់ការពិភាក្សាពីរបៀបកំណត់តួលេខខាងក្រោម។
តារាងទី១៖ ភាគរយគម្របដីនៃប្រទេសកម្ពុជាបានមកពីការវិភាគតាមរូបភាពផ្កាយរណប
ឆ្នាំ | គម្របព្រៃឈើ | ព្រៃស្រោង | ព្រៃល្បោះ | ទឹក | ដីមិនមែនព្រៃ | ពពក |
១៩៧៣ | ៧២.១១ | ៤១.៨៨ | ៣០.២៣ | ២.៨៧ | ២៤.២៩ | ០.៧៣ |
១៩៨៩ | ៦៧.៩២ | ៣៨.៩៩ | ២៨.៩២ | ២.៦៤ | ២៩.៣៥ | ០.១០ |
២០០០ | ៦៦.៦៥ | ៣៤.៥២ | ៣២.១៣ | ៣.២០ | ៣០.០១ | ០.១៣ |
២០០៤ | ៦៣.០៥ | ៣០.៦៦ | ៣២.៣៩ | ២.៥១ | ៣៣.៩៥ | ០.៤៩ |
២០០៩ | ៦០.១៨ | ២២.៥៥ | ៣៧.៦៣ | ២.៤៥ | ៣៦.៨១ | ០.៥៦ |
២០១៤ | ៤៧.៦៨ | ១៦.៤៥ | ៣១.២៣ | ៣.៦៧ | ៤៨.៤១ | ០.២៤ |
ការ វិភាគចុងក្រោយទៅលើរូបភាពផ្កាយរណបឆ្នាំ២០១៤ បង្ហាញថាជាលើកដំបូងក្នុងរយៈពេល៤១ឆ្នាំ ភាគរយនៃដីមិនមែនព្រៃ (៤៨.៤១ ភាគរយ) គឺមានទំហំច្រើនជាងគម្របព្រៃឈើ (៤៧.៦៨ ភាគរយ)។ សូមមើលផ្នែកវិធីសាស្រ្តសម្រាប់សេចក្តីបរិយាយលម្អិត។
វិធីសាស្រ្ត
ទិដ្ឋភាពទូទៅ
ផែនទី គម្របព្រៃឈើសម្រាប់ឆ្នាំនីមួយៗ ត្រូវបានធ្វើឡើងពីរូបភាពផ្កាយរណបក្នុងចន្លោះពី ១៦ទៅ ១៩ផ្ទាំង ដែលបានមកពី ទីភ្នាក់ងារស្រាវជ្រាវភូគព្ភសាស្ត្ររបស់សហរដ្ឋអាមេរិច (USGS)។ រូបភាពទាំងនេះជារូបភាពដាក់ឱ្យប្រើប្រាស់ជាសាធារណៈដោយមិនគិត កម្រៃ ហើយអាចទាញយកបានពីគេហទំព័របស់ ភ្នាក់ងារស្រាវជ្រាវភូគព្ភសាស្ត្ររបស់សហរដ្ឋអាមេរិច (USGS)។
រូបភាពដំបូងដែលអាចរកបានសម្រាប់ប្រទេសកម្ពុជា មានចាប់ពីដើមទសវត្សរ៍ឆ្នាំ១៩៧០។ អូឌីស៊ីបានជ្រើសរើសរូបភាពផ្កាយរណបសម្រាប់ការវិភាគក្នុងឆ្នាំ ១៩៧៣, ១៩៨៩, ២០០០, ២០០៩, និង ២០១៤ ដោយអាស្រ័យទៅលើគុណភាពរបស់រូបភាពទាំងនោះ ជាពិសេសអវត្តមាននៃគម្របពពក។ រូបភាពផ្កាយរណប ចាប់ពីឆ្នាំ១៩៨៩ បង្ហាញពីទំហំតំបន់ដែលមាន ទំហំ៣០ម៉ែត្រ x ៣០ម៉ែត្រ សម្រាប់ភិចសែលនីមួយៗ (កម្រិតភាពច្បាស់៣០ម៉ែត្រក្នុងមួយភិចសែល)។ រូបភាពឆ្នាំ១៩៧៣ មានកម្រិតភាពច្បាស់៦០ម៉ែត្រក្នុងមួយភិចសែល។
រូបភាព ផ្កាយរណបច្បាប់ដើម មានកម្រិតពណ៌ខុសផ្លែកគ្នាក្នុងរូបភាពតែមួយ។ ការញែកពណ៌ទាំងនេះ អាចសម្រួលឱ្យអូឌីស៊ីអាចធ្វើចំណាត់ថ្នាក់គម្របដីជាប្រភេទផ្សេង គ្នាដូចជា ព្រៃស្រោង ព្រៃល្បោះ ដីមិនមែនព្រៃ ទឹក ឬ ពពក (សូមមើលនិយមន័យសម្រាប់ព័ត៌មានបន្ថែមពាក់ព័ន្ធនឹងការធ្វើ ចំណាត់ថ្នាក់នេះ)។
រូបភាពគំរូខាងក្រោមនេះ បង្ហាញពីការប្រៀបធៀបគម្របដី ដែលបានមកពីរូបភាពផ្កាយរណប ឡែនសែត៨ (Landsat 8) និងរូបភាពដែលមានកម្រិតភាពច្បាស់ខ្ពស់របស់ផែនដី Google Earth នៅលើទីតាំងតែមួយ។
វី ដេអូ ត្រូវបានធ្វើឡើងដើម្បីគូសបញ្ជាក់ផ្នែកដែលមានការប្រែប្រួលនៃគម្រប ព្រៃស្រោង នៅបណ្តាឆ្នាំទាំងនោះ។ ពណ៌បៃតងចាស់ តំណាងឱ្យព្រៃស្រោង។ ពណ៌ក្រហមនៅលើផែនទីតំណាងឱ្យតំបន់ដែលបាត់បង់ព្រៃស្រោង ដែលកំណត់បានជាលើកដំបូងនៅលើផែនទីនាឆ្នាំនីមួយៗ។ ខណៈពេលដែលវីដេអូរំកិលទៅរូបភាពបន្ទាប់ តំបន់ពណ៌ក្រហមនឹងលិចបាត់ ដើម្បីបង្ហាញពីស្ថានភាពថ្មីនៃដី ថាតើជាព្រៃល្បោះ ឬ ដីមិនមែនព្រៃ។
ព្រៃល្បោះអាចមានការ ប្រែប្រួល ដែលពេលខ្លះកើនឡើងនៅរយៈពេលមួយ។ ទាំងនេះកើតឡើង ដោយសារការបាត់បង់ព្រៃស្រោង ហើយជានិច្ចជាកាលវាត្រូវផ្លាស់ជំនួសដោយព្រៃល្បោះ។ ពេលខ្លះ ព្រៃល្បោះ គឺមានលក្ខណៈពិបាកនឹងញែកពីចុល្លព្រឹក្ស ដូច្នេះហើយវាត្រូវបានបញ្ចូលទៅក្នុងចំណាត់ថ្នាក់នៃប្រភេទព្រៃ ល្បោះ។ នៅក្នុងសន្លឹកផែនទីចុងក្រោយនៃវីដេអូ ពណ៌ក្រហមត្រូវបានប្រើដើម្បីបង្ហាញពីបរិមាណសរុបនៃព្រៃស្រោង ដែលបានបាត់បង់រវាងឆ្នាំ១៩៧៣ និងឆ្នាំ២០១៤។
ផែនទីមុន ឆ្នាំ២០១៤ រាប់បញ្ចូលដំណាំទៅក្នុងចំណាត់ថ្នាក់នៃព្រៃល្បោះ និងព្រៃស្រោង ដោយសារមានការលំបាកក្នុងការញែកចំការដំណាំពីព្រៃ បើយោងទៅតាមភាពច្បាស់រូបភាពដែលមាន។ ជាផ្នែកមួយនៃការត្រៀមរៀបចំរបស់ក្រុមការងារសម្រាប់ការវិភាគឆ្នាំ ២០១៤ អ្នកជំនាញផែនទីបានប្រើប្រាស់រូបភាពដែលមានកម្រិតភាពច្បាស់ខ្ពស់ ដើម្បីបញ្ជាក់ពីវត្តមាននៃស្តង់ដាររួមមួយសម្រាប់ដំណាំ និងចំការកៅស៊ូ។ វិធីសាស្ត្រនេះ ត្រូវបានយកមក ប្រើជាមួយនឹងតំបន់ដែលមានចំការ (ដូចជាចំការដែលត្រូវបានរដ្ឋាភិបាលកំណត់សម្រាប់ សម្បទានដីសេដ្ឋកិច្ច)។ ការអនុវត្តវិធីសាស្ត្រនេះ នាំឱ្យការបង្ហាញព័ត៌មានស្តីពីព្រៃស្រោង ឆ្នាំ២០១៤ កាន់តែច្បាស់ជាងមុន។
កំណត់សម្គាល់បច្ចេកទេសបន្ថែម
១- កម្រិតច្បាស់របស់រូបភាពដែលមាន តម្រូវឱ្យមានវិធីសាស្ត្រចាត់ថ្នាក់រូបភាព (Image Classification) ជាជាងវិធីសាស្ត្រផ្សេងទៀតដែលប្រើសម្រាប់ចាប់បម្រែបម្រួលគម្រប ព្រៃឈើ។ ទាំងអស់នេះ ពាក់ព័ន្ធនឹងការបំលែងរូបភាពដែលមានរ៉ាស់ស្ទ័រច្រើនក្រុម (multi-band raster images) ឱ្យទៅជារូបភាពដែលមានសមាសភាពរ៉ាស្ទើរតែមួយ (single composite-band raster image)។ រូបភាពសមាសភាពរ៉ាស្ទើរ អនុញ្ញាតឱ្យក្រុមការងារជំនាញផែនទីធ្វើចំណាត់ថ្នាក់គម្របព្រៃឈើជា៥ ប្រភេទដែលត្រូវគូស៖ ព្រៃស្រោង ព្រៃល្បោះ ដីមិនមែន ព្រៃ ទឹក និង ពពក។ ក្រុមកំពស់រលក (band wavelengths) ត្រូវបានប្រើ ដើម្បីចាត់ថ្នាក់រូបភាពដូចមាននៅក្នុង តារាងទី២ និងយោងទៅតាមគេហទំព័ររបស់ ទីភ្នាក់ងារស្រាវជ្រាវភូគព្ភសាស្ត្ររបស់សហរដ្ឋអាមេរិច។
២- ក្រុមការងារជំនាញផែនទីបានប្រើប្រាស់វិធីសាស្ត្រយកតម្លៃ ប្រហាក់ប្រហែលអតិបរមា (Maximum Likelihood) ក្នុងមួយភិចសែល ជាមួយនឹងរូបភាពម៉ូសាអិក (mosaic images) រួចរាល់ ដើម្បីធ្វើចំណាត់ថ្នាក់ព្រៃស្រោង និងព្រៃល្បោះ ដោយប្រើប្រាស់ឧបករណ៍បង្កើនគុណភាពរូបភាព និងក្រុមពណ៌ (color bands)។ ការត្រួតពិនិត្យកែបរិយាកាស (atmospheric correction) មិនត្រូវបានអនុវត្តនៅលើរូបភាពមុនឆ្នាំ២០១៤ទេ ។ អូឌីស៊ីបានសម្រេចអនុវត្តការត្រួតពិនិត្យកែបរិយាកាស (atmospheric correction) ស្របទៅតាម ការអនុវត្តដ៏ល្អបំផុត ដើម្បីចាប់យកការប្រែប្រួលគម្របដី។ ទោះជាយ៉ាងណា ការសិក្សាមួយចំនួនសន្និដ្ឋានថា នៅពេលដែលវិធីសាស្ត្រយកតម្លៃប្រហាក់ប្រហែលជាអតិបរមា (maximum likelihood) ត្រូវបានប្រើប្រាស់ នោះការត្រួតពិនិត្យកែបរិយាកាសនេះក្លាយទៅជាការមិន ចាំបាច់3។
៣- ក្រុមការងារជំនាញផែនទី បង្កើតផែនទីគម្របព្រៃឆ្នាំ២០១៤ ដោយប្រើប្រាស់រូបភាពផ្កាយរណបពីខែមករា និងខែកុម្ភៈ ឆ្នាំ២០១៤។
៤- ស្រមោលពពក ស្រមោលភ្នំ ឬចំណាំងផ្លាតរបស់ទឹក ដែលលេចឡើងនៅលើផែនទី បានបង្ហាញពីការប្រឈមនៃការធ្វើចំណាត់ថ្នាក់ ចំណែកឯតំបន់ជាយៗ អាចមានការប្រែប្រួលទៅតាមរដូវនីមួយៗ។ នៅកន្លែងដែលមានភាពស្រពេចស្រពិលនៅលើផែនទី ក្រុមការងារជំនាញផែនទីបានធ្វើការវិភាគទៅលើផែនទីក្រោយៗទៀត ដើម្បីកាត់បន្ថយបញ្ហាប្រឈមនឹងការធ្វើចំណាត់ថ្នាក់ខុស។
៥- មុនការវិភាគឆ្នាំ២០១៤ ក្រុមការងារជំនាញផែនទីរបស់អូឌីស៊ី បានទទួលការបង្ហាញណែនាំពីអ្នកជំនាញឯកទេសផ្នែកផែនទី ក្នុងការប្រើប្រាស់វិធីសាស្ត្រអនុវត្តរូបភាពផ្កាយរណបដែលមានកម្រិត ភាពច្បាស់ខ្ពស់ ដើម្បីផ្ទៀងផ្ទាត់ពីវត្តមាននៃចំការនិងដំណាំ ទៅលើរូបភាពផ្កាយរណបចំនួន៨ផ្ទាំង។ វិធីសាស្ត្រនេះ អាចឱ្យក្រុមការងាររបស់អូឌីស៊ី កំណត់បានកាន់តែច្បាស់ឡើងនូវព្រៃស្រោងនៅក្នុងការវិភាគ ដោយដកចំការដំណាំមួយចំនួនចេញ។
៦-ផែនទីគម្របព្រៃឈើនៅឆ្នាំ ១៩៧៣ កើតឡើងពីការផ្គុំរូបភាព ឡែនសែតអ៊ែមអែសអែស (Landsat MSS) ចំនួន១៦ផ្ទាំង ជាមួយនឹងកម្រិតភាពច្បាស់៦០ម៉ែត្រក្នុងមួយភិចសែល។ រូបភាពផ្គុំទាំងមូល បានកើតឡើងដោយរូបភាពទាំងអស់នេះ ដែលក្នុងនោះក្រុមពណ៌ (color bands) ៣, ២ និង១ ត្រូវបានប្រើប្រាស់កំណត់តំបន់ពាក់ព័ន្ធ (Region of Interest)។ ផ្ទាំងរូបភាពឡែនសែតធីអ៊ែម (Landsat TM) ត្រូវបានប្រើប្រាស់ក្នុងកម្រិតភាពច្បាស់៣០ម៉ែត្រក្នុងមួយភិចសែ ល ដើម្បីបង្កើតផែនទីគម្របព្រៃឈើក្នុងឆ្នាំ១៩៨៩, ២០០០, ២០០៤ និង២០០៩ ជាមួយនឹងការអនុវត្តក្រុមពណ៌ (color bands) ៤, ៣, និង២។ ឧបករណ៍ប្រតិបត្តិការចាប់រូបភាពពីដី (Operatioal Land Imager) នៃរូបភាពផ្កាយរណបឡែនសែត ៨ ) ត្រូវបានប្រើប្រាស់នៅកម្រិតភាពច្បាស់៣០ម៉ែត្រក្នុងមួយភិចសែល ដើម្បីបង្កើតផែនទីគម្របព្រៃឈើឆ្នាំ២០១៤។ ផែនទីនេះត្រូវបានបង្កើតឡើង ដោយការអនុវត្តក្រុមពណ៌ (color bands) ២ ដល់ ៧ ដើម្បីកំណត់តំបន់ពាក់ព័ន្ធ (Region of Interest)។
តារាងទី២៖ ប្រវែងរលកពណ៌ប្រើប្រាស់សម្រាប់វិភាគរូបភាពផ្កាយរណប
ឆ្នាំ | ផ្កាយរណប | កម្រិតភាពច្បាស់ | ប្រវែងរលកពណ៌អនុវត្ត |
១៩៧៣ | ឡែនសែត អ៊ែមអេសអេស (Landsat MSS) | ១ ភិចសែល = ៦០ x ៦០ ម៉ែត្រ | ប៊ែន ១ (ពណ៌បៃតង) ០.៥-០.៦ ប៊ែន ២ (ពណ៌ក្រហម) ០.៦-០.៧ ប៊ែន ៣ (ជិតអ៊ីនហ្វ្រារ៉េដ) ០.៧-០.៨ |
១៩៨៩ ២០០០ ២០០៤ ២០០៩ |
ឡែនសែត ធីអ៊ែម (Landsat TM) | ១ ភិចសែល = ៣០ x ៣០ ម៉ែត្រ | ប៊ែន ២ (ពណ៌បៃតង) ០.៥២-០.៦០ ប៊ែន ៣ (ពណ៌ក្រហម) ០.៦៣-០.៦៩ ប៊ែន ៤ (ជិតអ៊ីនហ្វ្រារ៉េដ) ០.៧៧-០.៩០ |
២០១៤ | ឡែនសែត ៨ (Landsat 8) | ១ ភិចសែល = ៣០ x ៣០ ម៉ែត្រ | ប៊ែន ២ (ពណ៌ខៀវ) ០.៤៥-០.៥១ ប៊ែន ៣ (ពណ៌បៃតង) ០.៥៣-០.៥៩ ប៊ែន ៤ (ពណ៌ក្រហម) ០.៦៤-០.៦៧ ប៊ែន ៥ (ជិតអ៊ីនហ្វ្រារ៉េដ) ០.៨៥-០.៨៨ ប៊ែន ៦ (អ៊ីនហ្វ្រារ៉េដរលកខ្លី)១.៥៧-១.៦៥ ប៊ែន ៧ (អ៊ីនហ្វ្រារ៉េដរលកខ្លី) ២.១១-២.២៩ |
យោងតាម៖ https://landsat.usgs.gov/best_spectral_bands_to_use.php
គេហទំព័ររបស់ទីភ្នាក់ងារស្រាវជ្រាវភូគព្ភសាស្ត្ររបស់សហរដ្ឋអាមេរិច (USGS) មានព័ត៌មានលម្អិតអំពីរបៀប ប្រើប្រាស់ក្រុមពណ៌ ដើម្បីកំណត់គម្របដីផ្សេងៗគ្នា។
៧- ម៉ូដែលតាមដានពីបម្រែបម្រួលព្រៃឈើ ត្រូវបានប្រើប្រាស់ជាមួយនឹងផែនទីគម្របព្រៃឈើ ដើម្បីចាប់យកការបាត់បង់ព្រៃឈើពីផែនទីមួយទៅផែនទីមួយទៀត ដូចមានបង្ហាញនៅលើផែនទីបន្ថែមចំនួន៥ទៀត ដែលត្រូវបានគេស្គាល់ថា “ផែនទីបម្រែបម្រួលគម្របព្រៃឈើ”។
៨- វីដេអូនីមួយៗ (នៅថ្នាក់ជាតិ និងតំបន់) គឺកើតពីរូបភាពផែនទីមិនមានចលនាចំនួន១១៖ ផែនទីគម្របព្រៃចំនួន៦ និងផែនទីបម្រែបម្រួលព្រៃចំនួន៥។
៩-ដើម្បីញែកចំណាត់ថ្នាក់ ព្រៃស្រោង ព្រៃល្បោះ និងដីមិនមែនព្រៃ ចេញដោយក្រុមពណ៌ (color bands) វិធីសាស្ត្រយកតម្លៃប្រហាក់ប្រហែលជាអតិបរមាក្នុងមួយភិចសែល (Maximum Likelihood Method) ត្រូវបានប្រើប្រាស់ដើម្បីកំណត់ពីទីតាំង មានចំការ ដំណាំ ចុល្លព្រឹក្ស និង លក្ខណៈសណ្ឋានផ្សេងទៀតដែលមិនត្រូវបានចាត់ថ្នាក់ចូលជាព្រៃស្រោង។ ឧទាហរណ៍ នៅកន្លែងដែលមានការផ្តល់សម្បទានដីសេដ្ឋកិច្ចដែលអាចកំណត់ អត្តសញ្ញាណបាន តាមរយៈការបោះផ្សាយរបស់រដ្ឋាភិបាលជាដើម។ អូឌីស៊ីមិនអាចអនុវត្តវិធីសាស្ត្រនៃការធ្វើចំណាត់ថ្នាក់ ជាក់ច្បាស់បានទេ ដូចជាវិធីសាស្ត្រកំណត់ដើមឈើដែលត្រូវបានអនុវត្តដោយលោក ហេនសាន់ និងសហសេវិក4 នៅក្នុងការសិក្សាស្រាវជ្រាវរបស់ សាកលវិទ្យាល័យម៉ារីឡែន ដោយសារតែវិធីសាស្ត្របែបនេះត្រូវការធនធានច្រើន។
តើនរណាជាអ្នកផលិតផែនទីនេះ?
ក្រុមការងារបច្ចេកទេសផែនទីរបស់អូឌីស៊ី បានចាប់ផ្តើមការងារលើគម្រោងនេះចាប់ពីខែកុម្ភៈ ឆ្នាំ២០១៤។ ក្រុមការងារដែលអនុវត្តការងារនេះ គឺជាអ្នកជំនាញដែលបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកការគ្រប់គ្រងធនធានធម្មជាតិនៃសាកលវិទ្យាល័យភូមិន្ទកសិកម្ម និងផ្នែកការតាមដានរយៈចម្ងាយ និងប្រព័ន្ធព័ត៌មានភូមិសាស្ត្រ(Remote Sensing and Geographic Information System) នៃវិទ្យាស្ថានបច្ចេកវិទ្យាអាស៊ី (Asian Institute of Technology) នៅប្រទេសថៃ។ ពួកគេ ស្ថិតនៅក្នុងចំណោមប្រជាជនកម្ពុជាតិចតួចណាស់ ដែលបានធ្វើការងារប្រភេទនេះទាំងក្នុង និងក្រៅរដ្ឋាភិបាល។
ពួកគេបានបង្កើន និងអភិវឌ្ឍន៍ជំនាញក្នុងការវិភាគលើរូបភាពផ្កាយរណប ក្នុងអំឡុងពេលពេញមួយគម្រោងនេះ តាមរយៈការទទួលបានការបណ្តុះបណ្តាល និងការគាំទ្រជាបន្តបន្ទាប់ពីអ្នកជំនាញផែនទីពីមជ្ឈដ្ឋានខាងក្រៅ នានា ដែលសព្វថ្ងៃនេះពួកគេមានជំនាញគ្រប់គ្រាន់ក្នុងការវិភាគ បម្រែបម្រួលគម្របព្រៃឈើ។ អ្នកប្រឹក្សាពីមជ្ឈដ្ឋានខាងក្រៅរបស់អូឌីស៊ី មានដូចជាសាស្ត្រាចារ្យមកពីសាកលវិទ្យាល័យកាន់ថឹ នៃប្រទេសវៀតណាមជាដើម ដែលលោកបានទទួលបានសញ្ញាបត្របណ្ឌិតពីចក្រភពអង់គ្លេស។ លោកគឺជាអ្នកឯកទេសនៅក្នុងការធ្វើម៉ូដែលដើម្បីវិភាគការប្រែប្រួល អាកាសធាតុ ហើយលោកបានត្រួតពិនិត្យមើលឡើងវិញលើកិច្ចការដែលបានធ្វើឡើងដោយ ក្រុមការងារបច្ចេកទេសផែនទីរបស់អូឌីស៊ី នៅគ្រប់ដំណាក់កាលនីមួយៗនៃគម្រោងនេះ រាប់ចាប់ពីការជ្រើសរើសរូបភាព រហូតដល់ការវិភាគ និងការធ្វើចំណាត់ថ្នាក់រូបភាព។ ចាប់ពីឆ្នាំ២០១៤មក អ្នកប្រឹក្សារបស់អូឌីស៊ី មានទាំង អ្នកជំនាញផែនទីមកពីអង្គការសង្គមស៊ីវិល និងស្ថាប័នពាណិជ្ជកម្ម ព្រមទាំងអ្នកជំនាញមកពីអង្គការឃ្លាំមើលព្រៃឈើសាកលលោក (Global Forest Watch) ជាដើម។
ការចេញផ្សាយផែនទីគម្របព្រៃឈើជាលើក ដំបូងរបស់អូឌីស៊ីក្នុងឆ្នាំ២០១៣ បានទទួលនូវ មតិកែលម្អ ពីអង្គការមួយចំនួន ដូចជារដ្ឋបាលព្រៃឈើនៃប្រទេស កម្ពុជាជាដើម ដែលមតិទាំងនេះ ត្រូវបានយកមកកែលម្អការផលិតផែនទីបម្រែបម្រួលគម្របព្រៃឈើឆ្នាំ ២០១៤នេះ ឱ្យកាន់តែប្រសើរឡើងថែមទៀត។ ចំណុចសំខាន់មួយដែលបានលើកឡើង គឺបរិមាណគម្របពពកដែលមាននៅក្នុងសំណើរូបភាពដើមក្នុងឆ្នាំ២០១៣ ដូច្នេះ អូឌីស៊ីបានសម្រេចធ្វើការជំនួសរូបភាពឆ្នាំ២០១៣ ដោយរូបភាពឆ្នាំ២០១៤ វិញ។ ការផ្លាស់ប្តូរនេះ ធ្វើឱ្យមានភាពប្រសើរឡើងជាច្រើនកន្លែង ដែលត្រូវបានគូសបញ្ជាក់ខាងក្រោមនេះ ដើម្បីឆ្លើយតបទៅនឹងលិខិតរបស់រដ្ឋបាលព្រៃឈើ។
វិសាលភាព
ផែនទីគម្របព្រៃឈើរបស់អូឌីស៊ី បង្ហាញពីនិន្នាការបម្រែបម្រួលគម្របព្រៃឈើ ដោយផ្តោតទៅលើព្រៃស្រោង ចាប់ពីឆ្នាំ១៩៧៣ រហូតមកដល់ ឆ្នាំ២០១៤។ ការធ្វើចំណាត់ថ្នាក់គម្របដី ត្រូវបានកំណត់ត្រឹមព្រៃស្រោង ព្រៃល្បោះ ដីមិនមែនព្រៃ ទឹក និងពពក។
ដែនកំណត់
ខណៈ ពេលដែលផែនទីបម្រែបម្រួលគម្របព្រៃឈើ គឺជាសមិទ្ធិផលដែលកើតចេញពីការវិភាគយ៉ាងម៉ត់ចត់ ព្រមទាំងឆ្លងការពិនិត្យឡើងវិញ និងការកែសម្រួលឱ្យកាន់តែប្រសើរឡើងដោយ ក្រុមអ្នកតំណាងពីភាគីទីបី ក្នុងចំណោមនោះមានដូចជា អង្គការមូលនិធិសកលសម្រាប់អភិរក្ស ធម្មជាតិ (WWF) និង អង្គការសង្គមអភិរក្សសត្វព្រៃ (WCS) បញ្ហាមួយចំនួនក៏នៅ តែអាចកើត ដែលទាក់ទងនឹងការធ្វើផែនទីផ្កាយរណបពីដី ដែលបង្ហាញពីដែនកំណត់។
១-និន្នាការ ដែលមិនមានការអះអាងពីចំនួនភាគរយ៖ រូបភាពផ្កាយ រណប និងវិធីសាស្ត្រដែលយកមកប្រើផ្តល់ទិន្នន័យគ្រប់គ្រាន់ ដើម្បីបង្ហាញពីនិន្នាការបម្រែបម្រួលគម្របព្រៃឈើ ដោយបង្ហាញពីកន្លែងដែលចំណាត់ថ្នាក់មួយ បានផ្លាស់ប្តូរទៅជា ចំណាត់ថ្នាក់មួយផ្សេងទៀត នៅក្នុងពេលវេលានោះ។ ខណៈដែលចំនួនតួលេខ អាចមានការខុសគ្នាពីតួលេខនៃការសិក្សាដទៃទៀត ដែលបានប្រើវិធីសាស្ត្រ ឬរូបភាពខុសគ្នា តែដំណើរនៃការបាត់បង់ព្រៃស្រោង គឺដូចគ្នាទៅនឹងការសិក្សាមួយចំនួន ដូចជាការសិក្សាដោយអង្គការមូលនិធិទូទាំងពិភពលោកសម្រាប់អភិរក្ស ធម្មជាតិ (២០១១ និង ២០១៣) និង សាកលវិទ្យាល័យម៉ារីលែន (២០១៣)។
២-កម្រិតភាពច្បាស់របស់រូបភាព៖ ដោយសារតែផែនទីផ្អែកទៅលើរូបភាពផ្កាយរណប ដែលមានកម្រិតភាពច្បាស់ ៦០ម៉ែត្រផង និង ៣០ម៉ែត្រផង ជាហេតុធ្វើឱ្យមានការលំបាកក្នុងការញែកអម្បូរដើមឈើជាក់លាក់ណាមួយ ដែលមាននៅក្នុងព្រៃ។ ចំពោះហេតុផលនេះ និង មិនខុសអ្វីពីឯកសារបោះពុម្ពផ្សាយរបស់រដ្ឋបាលព្រៃឈើស្តីពី ការធ្វើចំណាត់ថ្នាក់ “ព្រៃផ្សេងទៀត”5 ចំណាត់ព្រៃល្បោះនៃអូឌីសីុក៏អាចមានការបញ្ចូលទាំងចំការ ដំណាំផងដែរ។ នៅក្នុងកម្រិតភាពច្បាស់នេះ វាគឺជាការលំបាក ក្នុងការកំណត់អត្តសញ្ញាណចំណុចតូចៗ នៃការកាប់បំផ្លាញព្រៃឈើ។
៣-គម្របពពក៖ គ្រប់រូបភាពផ្កាយរណបដែលត្រូវបានប្រើប្រាស់ដើម្បីបង្កើតផែនទី ទាំងនេះ សុទ្ធតែមានជាប់ពពកក្នុងបរិមាណមួយចំនួនតូច។ នៅក្នុងផែនទីគម្របព្រៃឈើរបស់អូឌីស៊ី ពពកត្រូវបានបង្ហាញជាតំបន់ដែលមានពណ៌ស។ លក្ខណៈនេះ បង្ហាញឱ្យឃើញពីបញ្ហាប្រឈមមួយ ក្នុងការធ្វើចំណាត់ថ្នាក់រូបភាព ពីព្រោះព័ត៌មានដែលគ្របដណ្តប់ដោយពពកមិនអាចធ្វើការកំណត់បាន។ ដើម្បីកាត់បន្ថយផលប៉ះពាល់ដែលអាចកើតចេញពីបញ្ហានេះ អូឌីស៊ីបានព្យាយាមស្វែងរករូបភាពណា ដែលមានគម្របពពកតិចបំផុត។ រូបភាពឆ្នាំ១៩៧៣ មានគម្របពពកតិចជាង ១ភាគរយ ក្នុងកម្រិតភាពច្បាស់ ៦០ម៉ែត្រក្នុងមួយភិចសែល (60 meter resolution)។ រូបភាពឆ្នាំ១៩៨៩, ២០០០, ២០០៤, ២០០៩ និង២០១៤ ក៏មានគម្របពពកតិចជាង១ភាគរយដែរ ប៉ុន្តែក្នុងកម្រិតភាពច្បាស់៣០ម៉ែត្រក្នុងមួយភិចសែល (30 meter resolution)។ នៅកន្លែងដែលមានពពកបង្ហាញលើផែនទី ក្រុមការងារជំនាញផែនទីរបស់អូឌីស៊ី បានធ្វើចំណាត់ថ្នាក់តំបន់នោះជា គម្របពពក។
៤-រដូវ៖ ប្រទេសកម្ពុជាមានរដូវពីរ គឺរដូវប្រាំង និងវស្សា។ ទេសភាពនៃប្រទេសកម្ពុជា ប្រែប្រួលតាមរដូវនីមួយៗ។ ឧទាហរណ៍ សារពើរុក្ខជាតិ មានពណ៌បៃតងនៅរដូវវស្សា ជាងនៅរដូវប្រាំង។ ផ្ទៃទឹកក៏មានការប្រែប្រួលដែរ ទៅតាមរដូវនីមួយៗ។ ដោយហេតុថាការធ្វើចំណាត់ថ្នាក់រូបភាពតម្រូវឱ្យមានការផ្សំផ្គុំ រូបភាពផ្កាយរណបជាច្រើនផ្ទាំង ដែលបានថតនៅក្នុងរដូវផ្សេងៗគ្នា លទ្ធផលគឺថារដូវខុសគ្នានេះប្រហែលជាបង្កើតឱ្យមានភាពខុសគ្នា បន្តិចបន្តួចទៅ លើគម្របព្រៃភាគច្រើននៅតំបន់ជាយៗ ដែលចុល្លព្រឹក្ស អាចធ្វើឱ្យមើលថាជាព្រៃល្បោះ និងព្រៃរបោះជារបោះនៅក្នុងទំហំកម្រិតនេះ។ ក្នុងករណីដែលមានភាពស្រពេចស្រពិលបែបនេះនៅលើផែនទី អ្នកជំនាញផែនទីបានវិភាគផែនទីថ្មីក្រោយៗទៀត ដើម្បីបន្ថយហានិភ័យ នៃការធ្វើចំណាត់ថ្នាក់ខុសឆ្គង។
៥-សញ្ញាសម្គាល់ និងបន្ទាត់៖ មានករណីបន្ទាត់តូចៗលេចនៅលើផែនទី ក្នុងឆ្នាំ១៩៨៩ នៅភាគ ខាងលិចនៃប្រទេសកម្ពុជា និងពីរផ្សេងទៀតក្នុងឆ្នាំ២០០៩ នៅខេត្តមណ្ឌលគិរី។ បន្ទាត់ទាំងនោះ បង្កើតឱ្យមានចន្លោះប្រហោងព័ត៌មាននេះ ហើយត្រូវបានដកចេញពី ផែនទីចុងក្រោយបង្អស់ឆ្នាំ២០១៤។ វត្តមាននៃចន្លោះប្រហោងទិន្នន័យទាំងនោះ នៅក្នុងឆ្នាំទាំងពីរខាងលើ មិនបានធ្វើឱ្យប៉ះពាល់ដល់និន្នាការបម្រែបម្រួលគម្របព្រៃឈើជាទូទៅ ដែលបង្ហាញពីឆ្នាំ១៩៧៣ ដល់ឆ្នាំ២០១៤។
៦-ការសិក្សាផ្ទាល់នៅកន្លែង៖ ដោយសារផែនទីទាំងនេះ គ្របដណ្តប់ទូទាំងប្រទេស ការសិក្សាផ្ទាល់នៅកន្លែង មិនអាចធ្វើទៅបានទេ។ ស្តង់ដារនៃការចុះផ្ទៀងផ្ទាត់នៅទីវាល (Ground truthing) នៅក្នុងវិស័យនេះ តម្រូវឱ្យមានមនុស្សមួយក្រុម ដែលមានគ្នាចាប់ពី២ទៅ៤នាក់ និងត្រូវចំណាយពេល១ថ្ងៃ ដើម្បីធ្វើការវិភាគតំបន់មួយ ដែលមានផ្ទៃក្រឡា ១០០ម៉ែត្រការ៉េ ។6 វិធីសាស្ត្រនៃការធ្វើចំណាត់ថ្នាក់រូបភាព ដែលត្រូវបានយកមកប្រើដើម្បីបង្កើតផែនទីទាំងនោះ ជាធម្មតាមិនមានបញ្ចូលការធ្វើការសិក្សាផ្ទាល់នៅកន្លែងនោះទេ។
និយមន័យ
ប៊ែន (Bands)
ក្រុម ពណ៌ ឬ ខាល័រប៊ែន (color bands) ត្រូវបានប្រើប្រាស់ ដើម្បីបង្ហាញរូបភាពនៅលើផ្ទៃដីឱ្យកាន់តែច្បាស់ នៅពេលធ្វើចំណាត់ថ្នាក់រូបភាពផ្កាយរណប។ គេហទំព័ររបស់ ទីភ្នាក់ងារស្រាវជ្រាវភូគព្ភសាស្ត្ររបស់សហរដ្ឋអាមេរិច មានព័ត៌មានលម្អិតអំពីក្រុមពណ៌ ឬខាល័រប៊ែននេះ។
រូបភាពសមាសភាពរ៉ាស្ទើរប៊ែន (Composite band raster image)
រូបភាពទាំងឡាយណាដែលក្រុមពណ៌ផ្សេងគ្នា ត្រូវបានបម្លែងឱ្យទៅជាសមាសភាពមួយ ដែលបង្ហាញ ពណ៌ក្រហម បៃតង និងខៀវខ្ចី (RGB)។
ពពក
គម្របពពកដែលអាចមើលឃើញ នៅក្នុងកម្រិតភាពច្បាស់នៃរូបភាពផ្កាយរណប ដែលបានប្រើ។ ព័ត៌មានលម្អិតស្តីពីគម្របពពក មាននៅក្នុងផ្នែកដែនកំណត់។
ព្រៃស្រោង
នៅក្នុងផែនទីនេះ តំបន់ដែលត្រូវបានចាត់ថ្នាក់ចូលជាព្រៃស្រោង រួមមាន “ព្រៃបៃតងជានិច្ច” និង “ព្រៃពាក់កណ្តាលបៃតង” ដូចដែលបានផ្តល់និយមន័យក្នុងឯកសារស្តីពី គម្របព្រៃឈើនៃប្រទេសកម្ពុជា បោះពុម្ពផ្សាយដោយរដ្ឋបាលព្រៃឈើ កាលពីខែមិថុនា ឆ្នាំ២០០៨។ ភាគច្រើនព្រៃស្រោង មានទីតាំងក្នុងរយៈខ្ពស់ជាង ៥០០ម៉ែត្រ ទោះបីជាប្រទេសកម្ពុជាធ្លាប់មានព្រៃបៃតងជានិច្ច នៅក្នុងតំបន់វាលទំនាបកាលពីអតីតកាលក៏ដោយ។ ជាផ្នែកមួយនៃការវិភាគឯករាជ្យរបស់អង្គការឃ្លាំមើលព្រៃឈើសកល (Glogal Forest Watch) ទៅលើទិន្នន័យឆ្នាំ២០១៤របស់អូឌីស៊ី អង្គការឃ្លាំមើលព្រៃឈើសកល បានសន្មត់ថា ការធ្វើចំណាត់ថ្នាក់ព្រៃស្រោង គឺស្មើនឹងគម្របដើមឈើ (tree canopy) ដែលមានចាប់ពី៦០ភាគរយឡើងទៅ។
ព្រៃបៃតងជានិច្ច
វា គឺជាប្រភេទព្រៃដែលបណ្តុំទៅដោយដើមឈើដែលមិនជ្រុះស្លឹក នៅតាមរដូវកាល (សំដៅលើការជ្រុះស្លឹកក្នុងរដូវកាលជាក់លាក់ណាមួយជារៀងរាល់ឆ្នាំ )។
ព្រៃឈើ
យោងតាមនិយមន័យរបស់អង្គការស្បៀង និងកសិកម្ម នៃអង្គការសហប្រជាជាតិ (FAO ឆ្នាំ១៩៩៨) ព្រៃឈើសំដៅលើ “ដីដែលគ្របដណ្តប់ដោយដើមឈើច្រើនជា១០ភាគរយ និងជាតំបន់ដែលមាន ទំហំច្រើនជាង ០.៥ ហិកតា។ ដើមឈើទាំងនេះ អាចលូតលាស់បានរហូតដល់កម្ពស់យ៉ាង តិចបំផុត ៥ម៉ែត្រ នៅពេលពេញវ័យនៅទីតាំងដើមរបស់វា។”
គម្របព្រៃឈើ
តំបន់ដីដែលគ្របដណ្តប់ដោយស្លឹកដើមឈើ នៅក្នុងតំបន់មួដែលអាចចាត់ថ្នាក់ថាជា ព្រៃស្រោង ឬ ព្រៃល្បោះ។
ការចុះផ្ទៀងផ្ទាត់នៅទីវាល
គឺជាការបញ្ជូនមនុស្សជាមួយនឹងសម្ភារៈ ជំនាញ និង បែបបទវាស់វែង នៅនឹងកន្លែងជាក់ស្តែង ដើម្បីផ្ទៀងផ្ទាត់ទិន្នន័យដែលបង្ហាញដោយរូបភាពផ្កាយរណប។ ដោយសារតែផែនទីទាំងនេះ គ្របដណ្តប់ទូទាំងប្រទេស ដូច្នេះការចុះផ្ទៀងផ្ទាត់នៅទីវាល មិនអាចធ្វើទៅបានទេ។
ព្រៃល្បោះ
ចាត់ទុកជា ព្រៃល្បោះចម្រុះស្ងួត (dry mixed deciduous forest) (ព្រៃល្បោះជ្រុះស្លឹក ហើយដុះស្លឹកមកវិញទៅតាមរដូវ)។ ព្រៃល្បោះ អាចរាប់បញ្ចូលទាំងព្រៃដែលដុះឡើងវិញ ព្រៃតឿ ព្រៃកោងកាង ព្រៃលិចទឹក និងព្រៃឬស្សី ក៏ដូចជាចំការដែលដាំដុះ កៅស៊ូ អាកាស្យា និងប្រេងខ្យល់ ឬក៏ដំណាំឈើដទៃទៀត។ តំបន់ដែលចាត់ជា ព្រៃចម្រុះនៅក្នុងផែនទីនេះរួមមាន ”ព្រៃល្បោះ” និង”ព្រៃប្រភេទផ្សេងៗ” ដូចដែលបានឱ្យនិយមន័យនៅក្នុងឯកសារ គម្របព្រៃឈើកម្ពុជា ២០១០ របស់រដ្ឋបាលព្រៃឈើ។ ព្រៃល្បោះ រាប់បញ្ចូលផងដែរ “ដីវាលស្មៅ” និង “គុម្ពោធព្រៃបៃតងជានិច្ច និងគុម្ពោធព្រៃស្ងួត” ត្រូវបានបញ្ចូលទៅក្នុងចំណាត់ថ្នាក់ “ដីមិនមែនព្រៃ” នៅក្នុងឯកសារតែមួយ។ ទាំងនេះ គឺដោយសារតែដែនកំណត់នៃការបែងចែកពណ៌ ដែលមាននៅលើរូបភាពផ្កាយរណប។
រូបភាពរ៉ាស្ទើរម៉ាលធីប៊ែន (multiband raster image)
ហ្វាលរូបភាពដែលមានក្រុមពណ៌ ឬ ខូល័រប៊ែនច្រើនជាងមួយ ត្រូវបានកត់ត្រាទុកសម្រាប់ ការកំណត់ទីតាំងកោសិកានីមួយៗ។ ប៊ែនទាំងនេះ ពាក់ព័ន្ធនឹងប្រភាគពណ៌នៅលើវិសាល គមអេឡិចត្រូម៉ាញ៉េតិច (electromagnetic spectrum)។
ដីមិនមែនព្រៃ
ដីមិនមែនព្រៃ មិនមែនជាព្រៃស្រោង ព្រៃល្បោះ ផ្ទៃទឹក ឬក៏ពពកទេ។ ដីមិនមែនព្រៃ រួមមានតំបន់ទីប្រជុំជន ចម្ការដំណាំ ចុល្លព្រឹក្ស ដីឧទ្ទាម ឬដីឥតជីវជាតិ និងតំបន់ប៉ះពាល់ដោយមនុស្ស។ តំបន់ដែលចាត់ថ្នាក់ជាដីមិនមែនព្រៃនៅក្នុងផែនទីទាំងនោះ គឺដូចគ្នាទៅនឹង “ដីមិនមែនព្រៃ” ដូចដែលត្រូវបានផ្តល់និយមន័យនៅក្នុងឯកសារគម្របព្រៃឈើកម្ពុជា របស់រដ្ឋបាលព្រៃឈើកាលពីខែតុលាឆ្នាំ២០១១7 លើកលែងតែ “ដីស្មៅ” និង “គុម្ពោធព្រៃបៃតងជានិច្ច និងគុម្ពោធព្រៃស្ងួត” ដែលត្រូវបានបញ្ចូលទៅក្នុងព្រៃល្បោះសម្រាប់ការវិភាគនេះ។
តំបន់ការពារ
តំបន់ដែលមានតម្លៃពិសេសស្រមាប់ប្រទេសកម្ពុជា ដោយសារធនធាន ភាពសម្បូរបែប ឬបេតិកភណ្ឌវប្បធម៌ និងត្រូវបានកំណត់ដោយព្រះរាជក្រឹត្យស្តីពីតំបន់ការពារ ឆ្នាំ១៩៩៣ និង ត្រូវបានបំពេញលម្អិតបន្ថែមដោយច្បាប់ស្តីពីតំបន់ការពារឆ្នាំ២០០៨ ។
រូបភាពរ៉ាស្ទើរ
រូបភាពរ៉ាស្ទើរ គឺជារូបភាពផ្តុំពីចំណុចភិចសែលជាច្រើន (bitmapped image) អាចរក្សាទុកជាប្រភេទឯកសារផ្សេងៗ និងអាស្រ័យលើកម្រិតភាពច្បាស់។ ចំពោះគោលបំណងនៃការវិភាគការគូសផែនទី មានសេចក្តីថា រូបភាពទាំងនេះមិនអាចកែប្រែឱ្យហួសពីកម្រិតភាពច្បាស់ជាក់លាក់ ណាមួយ ដោយមិនធ្វើឱ្យបាត់បង់គុណភាពបានឡើយ។
ផ្កាយរណប
វត្ថុដែលត្រូវបានបង្ហោះទៅក្នុងគន្លងអវកាសផែនដី។ វត្ថុនេះអាចថតផ្ទៃខាងក្រៅរបស់ផែនដីពីរយៈចម្ងាយមួយដ៏ខ្ពស់។ ផ្កាយរណបឡែនសែតរបស់អង្គការណាសា បានថតរូបភាព ដែលត្រូវបានយកមកប្រើប្រាស់ ដើម្បីបង្កើតផែនទីនៅលើគេហទំព័រនេះ។
កម្រិតភាពច្បាស់របស់រូបភាពផ្កាយរណប
កម្រិតនៃភិចសែលនីមួយៗ មានផ្ទុកនៅក្នុងហ្វាលរូបភាពផ្កាយរណប។ ឧទាហរណ៍ កម្រិតនៃភាពច្បាស់៣០ម៉ែត្រ បង្ហាញថាភិចសែលនីមួយៗ តំណាងឱ្យតំបន់ ៣០ម៉ែត្រ គុណនឹង ៣០ម៉ែត្រ ។
ទឹក
ផ្ទៃទឹកទាំងឡាយណាដែលអាចមើលឃើញក្នុងកម្រិតភាពច្បាស់នៃរូបភាពផ្កាយរណបនីមួយៗ។
ការឆ្លើយតបទៅនឹងការរិះគន់របស់រដ្ឋបាលព្រៃឈើ
កាលពីថ្ងៃទី២០ ខែមករា ឆ្នាំ២០១៤ រដ្ឋបាលព្រៃឈើ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឆ្លើយតបទៅនឹងសេចក្តីសង្ខេបស្តីពីបម្រែបម្រួលគម្របព្រៃឈើលើក ដំបូងរបស់អូឌីស៊ី កាលពីខែធ្នូ ឆ្នាំ២០១៣ ជាមួយនឹងការរិះគន់ដែលចេញផ្សាយនៅលើគេហទំព័ររបស់រដ្ឋាបាលព្រៃឈើ (ឯកសារច្បាប់ដើមជាភាសាខ្មែរ)។
ការរិះគន់របស់រដ្ឋាបាលព្រៃឈើ (ឯកសារច្បាប់ដើមជាភាសាខ្មែរ) បានលើកឡើងបញ្ហាមួយចំនួន៖
- កង្វះខាតការផ្តល់និយមន័យព្រៃឈើ
- ឯកតានៃការគូសផែនទីជាអប្បបរមាមិនមានបញ្ជាក់
- កម្រិតគម្របពពកមិនអាចទទួលយកបាន
- រូបភាពថតតាមរដូវផ្សេងៗគ្នា
- ការភ្ជាប់ព្រំដែនក្នុងរូបភាពផ្គុំចូលគ្នា (mosaic images)
- មិនមានការចុះផ្ទៀងផ្ទាត់នៅទីវាល ឬការពិនិត្យផ្ទៀងផ្ទាត់ពីមជ្ឈដ្ឋានឯករាជ្យ
អូឌីស៊ីបានផ្តល់ការពិចារណាយ៉ាងប្រុងប្រយ័ត្ន ទៅនឹងការរិះគន់របស់រដ្ឋបាលព្រៃឈើ ជាមួយនឹងការផ្តល់មតិកែលម្អពីអ្នកជំនាញផែនទីដទៃផ្សេងទៀត ហើយបានប្រើប្រាស់ការផ្តល់មតិស្ថាបនានេះ ដើម្បីធ្វើឱ្យផែនទីឆ្នាំ២០១៤ កាន់តែល្អប្រសើរឡើងថែមទៀត។ ខាងក្រោមនេះគឺជាសេចក្តីសង្ខេបនៃការឆ្លើយតបរបស់អូឌីស៊ី និងការកែរលម្អដែលបានធ្វើ។
និយមន័យព្រៃឈើ
លិខិត របស់រដ្ឋបាលព្រៃឈើ បានសួរពីនិយមន័យព្រៃឈើរបស់អូឌីស៊ី ក៏ប៉ុន្តែវិធីសាស្ត្រប្រហាក់ប្រហែលជាអតិប្បរមា (Maximum Likelihood methodology) ដែលត្រូវបានប្រើ ដោយអូឌីស៊ី មិនអនុញ្ញាតឱ្យភាគរយនៃគម្របស្លឹកឈើ អនុវត្តបានទេ។ កត្តានេះ អាចសម្រេចបានតាមរយៈការចុះផ្ទៀងផ្ទាត់នៅទីវាល ឬ ការប្រើប្រាស់រូបភាពផ្កាយរណបដែលមានកម្រិតភិចសែលខ្ពស់។
និយមន័យព្រៃស្រោង ដែលបានប្រើប្រាស់នៅក្នុងការសិក្សានេះ ត្រូវបានអនុវត្តទៅនឹងតំបន់ ៣០ម៉ែត្រ x៣០ម៉ែត្រ ដោយផ្អែកទៅលើកម្រិតភាពច្បាស់នៃរូបភាពដែលមាន។ និយមន័យកម្រិតប្រហាក់ប្រហែលជាអតិប្បរមា (Maximum Likelihood) មិនមានផលប៉ះពាល់ដល់ដំណើរនៃការចុះថយគម្របព្រៃស្រោងពីឆ្នាំ១៩៧៣ ដល់ ២០១៤ទេ។ អូឌីស៊ីបានរកមើលនិយមន័យសម្រាប់គម្របព្រៃឈើ ដែលបានប្រើប្រាស់ដោយរដ្ឋាភិបាលកម្ពុជាដែរ ប៉ុន្តែមិនអាចរកបានទាល់ តែសោះ។ ទោះជាយ៉ាងណា នៅក្នុងលិខិតនោះ រដ្ឋបាលព្រៃឈើបានបញ្ជាក់ថា ពួកគេបានប្រើប្រាស់គម្របស្លឹកឈើ ២០ភាគរយ នៅក្នុងរបាយការណ៍របស់ពួកគេ ដូច្នេះអូឌីស៊ី នឹងយោងទៅលើនិយមន័យនេះនៅពេលអនាគត។ អូឌីស៊ីមិនមានសមត្ថកិច្ចក្នុងការកំណត់និយមន័យ ហេតុដូច្នេះបានជាអូឌីស៊ីអនុវត្តវិធីសាស្ត្រស្តង់ដាមួយសម្រាប់ការ វិភាគរបស់ខ្លួន។
ឯកតាគូសផែនទីជាអប្បបរមា
ដូចដែល បានបរិយាយនៅក្នុងវិធីសាស្ត្រ និងកំណត់សម្គាល់រួចមកហើយ ឯកតាគូសផែនទីអប្បបរមាសម្រាប់ឆ្នាំ១៩៧៣គឺ ៦០ម៉ែត្រ x ៦០ ម៉ែត្រ ហើយសម្រាប់ឆ្នាំដទៃទៀតគឺ ៣០ម៉ែត្រ x ៣០ម៉ែត្រ អាស្រ័យទៅលើកម្រិតភាពច្បាស់នៃរូបភាពផ្កាយរណប។
គម្របពពក
ដូចដែលលិខិតរបស់រដ្ឋបាលព្រៃឈើបានចង្អុលបង្ហាញយ៉ាងត្រឹមត្រូវ ផែនទីច្បាប់ដើមឆ្នាំ២០១៣របស់អូឌីស៊ីដែលបានប្រើសម្រាប់ការវិភាគ មានគម្របពពកច្រើនជាង៦ភាគរយ ដែលនាំឱ្យ មានការលំបាកក្នុងការធ្វើចំណាត់ថ្នាក់ដី។ ផែនទីឆ្នាំ២០១៤ដែលបានប្រើប្រាស់ជាផ្នែកមួយនៃការវិភាគចុងក្រោយ មានគម្របពពកតែ០.២៤ភាគរយប៉ុណ្ណោះ ដែលនាំឱ្យរូបភាពទាំងនោះ អាចទទួលយកបាន។ អូឌីស៊ីសម្រេចជំនួសផែនទីឆ្នាំ២០១៣ ជាមួយនឹងផែនទីថ្មីឆ្នាំ២០១៤ ដោយសារតែបញ្ហាគម្របពពក។
ខេត្តមួយចំនួន បង្ហាញពីការកើនឡើងនៃព្រៃស្រោង និងព្រៃល្បោះក្នុងឆ្នាំ២០១៤ ប៉ុន្តែទាំងនេះគឺដោយសារតែតំបន់ដែលមានគម្របពពកដែលមិនអាចធ្វើ ចំណាត់ថ្នាក់ក្នុងឆ្នាំ២០០៩ ហេតុដូច្នេះហើយត្រូវបានចាត់ថ្នាក់ក្នុងពេលនេះ ជាព្រៃស្រោង ឬ ព្រៃល្បោះក្នុងឆ្នាំ២០១៤។ គម្របពពកក្នុងឆ្នាំ២០០៩ នៅតែស្ថិតក្នុងលំដាប់មួយដែលអាចទទួលយកបាន ដែលមានតិចជាង ១ភាគរយ។
ការប្រែប្រួលទៅតាមរដូវ (Seasonality)
វា គឺជាការពិតដែលព្រៃឈើតែមួយ អាចលេចចេញធំជាងមុន ឬតូចជាងមុន នៅក្នុងរូបភាពផ្កាយរណប អាស្រ័យទៅតាមរដូវ។ សម្រាប់គោលបំណងរបស់អូឌីស៊ី បញ្ហានេះអាចនាំឱ្យ កើតមានការប្រែប្រួលនៅក្នុងតំបន់ដែលកត់ត្រាថាជាព្រៃល្បោះពីមួយ ឆ្នាំទៅមួយឆ្នាំ វាអាស្រ័យថាតើរូបភាពទាំងនោះ ត្រូវបានផលិតឡើងក្នុងរដូវវស្សា ឬ រដូវប្រាំងនៃប្រទេសកម្ពុជា។ ទោះបីជាយ៉ាងណា ភាពខុសគ្នានេះគឺមានកម្រិតតិចតួច ហើយកំហុសតិចតួចនេះមិនធ្វើឱ្យប៉ះពាល់ដល់គន្លងបង្ហាញពីការ បាត់បង់គម្របព្រៃជាបន្តបន្ទាប់ទេ ជាពិសេសគម្របព្រៃស្រោង។ សូមមើលផ្នែកស្តីពីដែនកំណត់ សម្រាប់ការពិភាក្សាបន្ថែមអំពីបញ្ហានេះ។
ការគូសភ្ជាប់ព្រំដែន
លិខិតរដ្ឋបាលព្រៃឈើ បានបង្ហាញអំពីកំហុសនៃការផ្គុំបញ្ចូលគ្នា ឬដាក់បញ្ចូលគ្នានូវរូបភាពផ្កាយរណបនៅតាមព្រំដែនដែលត្រួតស៊ីគ្នា ឬការបាត់បង់ទិន្នន័យគម្របដី។ អ្នកបច្ចេកទេសផែនទីរបស់អូឌីស៊ី បានប្រើប្រាស់ការអនុវត្តស្តង់ដាក្នុងវិស័យនេះ និងកម្មវិធីដើម្បីបង្កើតការយោងតាមភូមិសាស្ត្រ (geo-references) ទៅលើគ្រប់រូបភាពទាំងអស់។ មានន័យថា ការផ្គុំបញ្ចូលរូបភាព សម្រាប់ឆ្នាំ២០១៤ មិនមានភាពជាន់គ្នាទេ ហើយក៏មិនមានការបាត់បង់ទិន្នន័យផងដែរ។ ទិន្នន័យសម្រាប់ផែនទីឆ្នាំ២០១៤នេះ ត្រូវបានពិនិត្យសារឡើងវិញដោយស្ថាប័នភាគីទីបី និងមានលទ្ធផលស៊ីគ្នាទៅនឹងការសិក្សាស្រដៀងគ្នានេះផងដែរ។
ការចុះផ្ទៀងផ្ទាត់នៅទីវាល និងការពិនិត្យផ្ទៀងផ្ទាត់ពីមជ្ឈដ្ឋានឯករាជ្យ
រដ្ឋបាលព្រៃឈើ បានលើកហេតុផលថា តម្រូវការចំនួនពីរជាចាំបាច់សម្រាប់ការរាយការណ៍អំពី គម្របព្រៃឈើ ដែលមិនមាននៅក្នុងរបាយការណ៍ដំបូងឆ្នាំ២០១៣របស់អូឌីស៊ីគឺ៖ ការចុះផ្ទៀងផ្ទាត់នៅទីវាល និងការពិនិត្យផ្ទៀងផ្ទាត់ពីភាគីទីបី (មជ្ឈដ្ឋានឯករាជ្យ)។ ខណៈពេលដែលយើងយល់ស្របថា ការចុះផ្ទៀងផ្ទាត់នៅទីវាលមានសារៈប្រយោជន៍ ដើម្បីទទួលបានលទ្ធផលគម្របព្រៃឈើពេញលេញ និងអាចផ្ទៀងផ្ទាត់បាន វានៅតែមានកន្លែងសម្រាប់និន្នាការផែនទី និងការសិក្សាបញ្ហាបែបនេះ ដែលអាចជម្រុញឱ្យមានការសិក្សាបន្ត និងការវិភាគស៊ីជម្រៅ។ ធនធានទាំងនេះ តម្រូវឱ្យមានការចុះផ្ទៀងផ្ទាត់នៅទីវាលទៅលើព្រៃឈើនៅទូទាំង ប្រទេសកម្ពុជា ធ្វើឱ្យការសិក្សានេះមិនអាចអនុវត្តទៅបាន សម្រាប់អង្គការដែលមានទំហំដូចអូឌីស៊ី។
លើសពីនេះ ការលើកឡើងពីការមិនមានការពិនិត្យផ្ទៀងផ្ទាត់ឡើងវិញពីមជ្ឈដ្ឋាន ឯករាជ្យ គឺមិនពិតទេ។ បន្ទាប់ពីការបោះពុម្ពផ្សាយរបាយការណ៍គម្របព្រៃលើកដំបូងក្នុងឆ្នាំ ២០១៣ និងតាមរយៈការវិភាគទិន្នន័យឆ្នាំ២០១៤ អូឌីស៊ីបានប្រឹក្សាជាមួយនឹងបុគ្គល និងអង្គការដទៃទៀត ដែលធ្វើការងារក្នុងវិស័យផលិតរូបភាពផ្កាយរណប និងរីម៉ូតសែនស៊ីង (Remote Sensing)។
អង្គការដទៃផ្សេងទៀត ដូចជាមូលនិធិសកលសម្រាប់អភិរក្សធម្មជាតិ (WWF) និងអង្គកាឃ្លាំមើលព្រៃឈើសកលលោក (GFW) បាធ្វើការប្រៀបធៀបលទ្ធផល និងវិធីសាស្ត្ររបស់អូឌីស៊ីជាមួយនឹងការសិក្សារបស់ពួកគេ និងបានផ្តល់ជាអនុសាសន៍សម្រាប់ការអនុវត្តកាន់តែប្រសើរឡើង។
អូឌីស៊ីនឹងបន្តធ្វើបច្ចុប្បន្នភាពផែនទីនិងកំណត់សម្គាល់ទាំងនេះ ឱ្យបានទៀងទាត់ ហើយនឹងបន្តការពិគ្រោះយោបល់ជាមួយអង្គការផ្សេងៗទៀត ដែលជាផ្នែកមួយនៃដំណើរការនេះ និងដើម្បីអំពាវនាវឱ្យមានការផ្តល់មតិ និងការរួមចំណែកពីភាគីដែលចាប់អារម្មណ៍។
តំណភ្ជាប់ និងធនធាន
អូ ឌីស៊ីសូមលើកទឹកចិត្ត ឱ្យមានការពិភាក្សា និងការប្រាស្រ័យទាក់ទងគ្នា ទៅលើលទ្ធផលនៃការសិក្សាបម្រែបម្រួលគម្របព្រៃឈើនេះ។ អង្គការដទៃផ្សេងទៀត បានធ្វើការសិក្សាដូចគ្នា ដើម្បីវាយតម្លៃបម្រែបម្រួលគម្របព្រៃឈើក្នុងប្រទេសកម្ពុជា ដោយប្រើវិធីសាស្ត្រផ្សេងៗពីគ្នា។
មូលនិធិសកលសម្រាប់ អភិរក្សធម្មជាតិ (២០១៣). ប្រព័ន្ធអេកូឡូស៊ីនៅក្នុងមហាតំបន់ទន្លេមេគង្គ៖ និន្នាការអតីតកាល ស្ថានភាពបច្ចុប្បន្ន និងអនាគត.http://cambodia.panda.org/news_cambodia/publications/?208456/Ecosystems-in-the-Greater-Mekong-past-trends-current-status-possible-futures
របាយការណ៍ព្រៃរស់រានមានជីវិតរបស់ WWF (២០១១).
http://wwf.panda.org/what_we_do/how_we_work/conservation/forests/publications/living_forests_report/
សាកលវិទ្យាល័យម៉ារីលែន៖ បម្រែបម្រួលព្រៃឈើសកលលោក (២០១៣).
http://earthenginepartners.appspot.com/science-2013-global-forest
អង្គការឃ្លាំមើលព្រៃឈើសកលលោក៖ ប្រទេសកម្ពុជា
http://www.globalforestwatch.org/country/KHM
អង្គការស្បៀងអាហារ និងកសិកម្ម របស់អង្គការសហប្រជាជាតិ៖ ព័ត៌មានស្តីពីនិយមន័យ និងបទដ្ឋានព្រៃឈើ
http://www.fao.org/home/en/
រដ្ឋបាលព្រៃឈើ៖ ផែនទីគម្របព្រៃឈើ (២០០២)
http://www.forestry.gov.kh/AboutFA/ForestCoverMap.html
រដ្ឋបាល ព្រៃឈើ (២០១៣)៖ លិខិតជូនរដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រិះគន់របាយការណ៍គម្របព្រៃឈើអូឌីស៊ីឆ្នាំ២០១៣ (លិខិតជាផ្លូវការជាភាសាខ្មែរ).
http://www.opendevelopmentcambodia.net/pdf-viewer/?pdf=download/ministry-report.pdf
រដ្ឋបាលព្រៃឈើ. ច្បាប់ ព្រះរាជក្រឹត្យ អនុក្រឹត្យ និងបទបញ្ជាដែលទាក់ទងនឹងព្រៃឈើ.
http://fa.maff.gov.kh/documents/yfyfMXOBSi?lang=kh
ក្រុមប្រឹក្សា អភិវឌ្ឍន៍កម្ពុជា (២០០៧). ឯកសាររៀបចំដោយក្រុមការងារបច្ចេកទេសរុក្ខាប្រម៉ាញ់និងបរិស្ថាន សម្រាប់វេទិកាសហប្រតិបត្តិការអភិវឌ្ឍកម្ពុជា ថ្ងៃទី១៩-២០ ខែមិថុនា ឆ្នាំ២០០៧. បម្រែបម្រួលគម្របព្រៃឈើនៅក្នុងប្រទេសកម្ពុជា ឆ្នាំ២០០២-២០០៦.
http://www.cdc-crdb.gov.kh/cdc/first_cdcf/session1/forest_cover_eng.htm
ទីភ្នាក់ងារស្រាវជ្រាវភូគព្ភសាស្ត្ររបស់សហរដ្ឋអាមេរិច (USGS)៖ រូបភាពផ្កាយរណបនៃកម្មវិធីរុករកភពផែនដី
http://earthexplorer.usgs.gov/
ឯកសារយោង
- 1. រដ្ឋបាលព្រៃឈើ. ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ. (២០១១). ម្របព្រៃឈើនៃប្រទេសកម្ពុជា ២០១០http://www.twgfr.org/itto/wp-content/uploads/2012/06/Cambodia-Forest-Cover-2010_KH.pdf. អាននៅថ្ងៃទី ៣១ ខែមិនា ឆ្នាំ ២០១៥.
- 2. រាប់បញ្ចូលទាំងចំការ ដំណាំក្នុងបរិមាណនៃព្រៃល្បោះ គឺមានលក្ខណៈស៊ីគ្នានឹងវិធីសាស្ត្ររបស់រដ្ឋាភិបាលកម្ពុជាប្រើក្នុង ការវាយតម្លៃគម្របព្រៃឈើ ដូចបានបង្ហាញក្នុងឯកសារបោះពុម្ពផ្សាយដោយរដ្ឋបាលព្រៃឈើដែលមាន ចំណងជើងថា “គម្របព្រៃឈើនៃប្រទេសកម្ពុជា” កាលពីខែតុលា ឆ្នាំ២០១០។
- 3. Hansen, M.C., P.V. Potapov, R. Moore, M. Hancher, S.A. Turubanova, A. Tyukavina, D. Thau, S.V. Stehman, S.J. Goetz, T.R. Loveland, A. Kommareddy, A. Egorov, L. Chini, C.O. Justice, and J.R.G. Townshend. “ផែនទីសកលស្តីពីការប្រែប្រួលគម្របព្រៃឈើសតវត្សរ៍ទី២១ ក្នុងកម្រិតភាពច្បាស់ខ្ពស់” វិទ្យាសាស្ត្រ លេខ៣៤២ (ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៣):៨៥០-៨៥៣. [DOI:10.1126/science.1244693].
- 4. Hansen, M.C., P.V. Potapov, R. Moore, M. Hancher, S.A. Turubanova, A. Tyukavina, D. Thau, S.V. Stehman, S.J. Goetz, T.R. Loveland, A. Kommareddy, A. Egorov, L. Chini, C.O. Justice, and J.R.G. Townshend. “ផែនទីសកលស្តីពីការប្រែប្រួលគម្របព្រៃឈើសតវត្សរ៍ទី២១ ក្នុងកម្រិតភាពច្បាស់ខ្ពស់” វិទ្យាសាស្ត្រ លេខ៣៤២ (ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៣):៨៥០-៨៥៣. [DOI:10.1126/science.1244693].
- 5. រដ្ឋបាលព្រៃឈើ. ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ. (២០១១). គម្របព្រៃឈើនៃប្រទេសកម្ពុជា ២០១០http://www.twgfr.org/itto/wp-content/uploads/2012/06/Cambodia-Forest-Cover-2010_KH.pdf. អាននៅថ្ងៃទី ៣១ ខែមិនា ឆ្នាំ ២០១៥.
- 6. អង្គការឈើតំបន់ត្រូពិចអន្តរជាតិ. ការណែនាំទីវាលអំពីការចុះផ្ទៀងផ្ទាត់នៅទីវាល និងសារពើភណ្ឌដើម ឈើ (ឆ្នាំ២០០៧)។http://www.itto.int/files/user/pdf/publications/PD%20239%2003/pd239-03-3%20rev1%28F%29%20e.pdf. អាននៅថ្ងៃទី ១៩ ខែកុម្ភៈ ឆ្នាំ២០១៥.
- 7. រដ្ឋបាលព្រៃឈើ. ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ. (២០១១). គម្របព្រៃឈើនៃប្រទេសកម្ពុជា ២០១០http://www.twgfr.org/itto/wp-content/uploads/2012/06/Cambodia-Forest-Cover-2010_KH.pdf. អាននៅថ្ងៃទី ៣១ ខែមិនា ឆ្នាំ ២០១៥.