ជំនួយគាំទ្រធ្វើដំណើរស្រាវជ្រាវ
ឱកាសទទួលបានជំនួយគាំទ្រសម្រាប់ការសរសេរនិក្ខេបបទ និងកិច្ចការស្រាវជ្រាវថ្នាក់បរិញ្ញាបត្រ
សាវតា
អង្គការទិន្នន័យអំពីការអភិវឌ្ឍ ហៅកាត់ថា «អូឌីស៊ី» គឺជាគេហទំព័របែប “ទិន្នន័យបើកទូលាយ”។ គេហទំព័រប្រភេទនេះ ជាគេហទំព័រដំបូងគេបង្អស់នៅតំបន់អាស៊ី អាគ្នេយ៍។ ចលនា “ទិន្នន័យបើកទូលាយ” គឺផ្អែកលើការសន្មត់ដ៏សាមញ្ញមួយគឺថា ទិន្នន័យទាំងឡាយណាដែលត្រូវបានប្រមូលផ្តុំសម្រាប់ផលប្រយោជន៍សាធារណៈ គួរតែដាក់ឱ្យប្រើប្រាស់បានជាសាធារណៈ ពោលគឺដោយគ្មានការដាក់ កំហិតឡើយ។ ព័ត៌មានឬ “ទិន្នន័យ” ទាក់ទងនឹងវិស័យសាធារណៈគួរផ្តល់ឱ្យដោយ សេរីដល់ គ្រប់ៗគ្នា ដើម្បីប្រើ និងធ្វើការផ្សព្វផ្សាយជាសាធារណៈតាមបំណងប្រាថ្នារបស់គេ ។ អូឌីស៊ីមិនធ្វើការ លើកស្ទួយឬផ្សព្វផ្សាយទស្សនៈ របៀបវារៈ ឬការលំអៀងណាមួយ ក្រៅពីការ ផ្តល់ព័ត៌មានជាសត្យានុម័តអំពីប្រទេសកម្ពុជានិងការអភិវឌ្ឍរបស់ ប្រទេសនោះឡើយ។ អូឌីស៊ីកំពុងធ្វើការផ្សព្វផ្សាយទិន្នន័យបើកទូលាយ និងសកម្មភាពមួយចំនួនដែលលើកទឹកចិត្តដល់ការប្រើប្រាស់ និងការផ្តល់ទិន្នន័យបើកទូលាយ។
នៅឆ្នាំ ២០២១ អង្គការទិន្នន័យអំពីការអភិវឌ្ឍ (អូឌីស៊ី https://opendevelopmentcambodia.net/) បានចុះអនុស្សារណៈជាមួយសាកលវិទ្យាល័យស្វាយរៀងក្នុងការផ្ដល់ការគាំទ្រផ្នែកហិរញ្ញវត្ថុដល់និស្សិត ដើម្បីធ្វើការស្រាវជ្រាវនិងសរសេរនិក្ខេបបទបញ្ចប់ការសិក្សា។
សម្រាប់ឆ្នាំសិក្សា ២០២២-២០២៣ អង្គការអូឌីស៊ីជាមួយនឹងសាកលវិទ្យាល័យស្វាយរៀង មានកិត្តិយសសូមជម្រាបជូនដំណឹងដល់ប្អូនៗនិស្សិតនៃសាកលវិទ្យាល័យស្វាយរៀងទាំងអស់មេត្តាជ្រាបថា អង្គការអូឌីស៊ី នឹងផ្ដល់មូលនិធិសម្រាប់ធ្វើការស្រាវជ្រាវនិងសរសេរនិក្ខេបបទបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រសម្រាប់គ្រោងសំណើ និងប្រធានបទមួយចំនួនខាងក្រោម។
ប្រធានបទស្រាវជ្រាវ
អូឌីស៊ីនឹងពិចារណាលើពាក្យសុំរបស់និស្សិតដែលធ្វើការស្រាវជ្រាវទាក់ទងនឹងប្រធានបទដូចខាងក្រោម៖
- សេដ្ឋកិច្ចឌីជីថល
- រដ្ឋាភិបាលឌីជីថល
- ធុរកិច្ចឌីជីថល ការវិនិយោគ និងការការពារបរិស្ថាន
- បច្ចេកវិទ្យាព័ត៌មាន និងទំនាក់ទំនង
*** និស្សិតត្រូវបានលើកទឹកចិត្តឱ្យប្រើប្រាស់ទិន្នន័យនិងធនធានមួយចំនួនរបស់អូឌីស៊ីសម្រាប់ការស្រាវជ្រាវ (https://opendevelopmentcambodia.net/)។
លក្ខខណ្ឌក្នុងការចូលរួម
ដើម្បីមានសិទ្ធិទទួលបានជំនួយស្រាវជ្រាវនេះ រាល់និស្សិតទាំងអស់គួរតែ៖
- កំពុងតែសិក្សានៅឆ្នាំបញ្ចប់ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យស្វាយរៀង។
- មានឆន្ទៈខ្ពស់ និង អនុវត្តកិច្ចការស្រាវជ្រាវនិក្ខេបបទរហូតដល់បញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រ។
- គម្រោងសំណើផ្តោតលើការស្រាវជ្រាវ ជុំវិញប្រធានបទដែលបានលើកឡើងខាងលើ។
គម្រោងសំណើមានភាពច្បាស់លាស់ទាំងប្រធានបទ វិធីសាស្រ្ត ពេលវេលា និងពន្យល់អំពីសារៈសំខាន់មូលនិធិក្នុងការស្រាវជ្រាវ។
ការផ្តល់មូលនិធិ
មូលនិធិស្រាវជ្រាវនេះនឹងត្រូវផ្តល់ជូនដល់និស្សិតចំនួន ០៣នាក់/ក្រុម ជាមួយនឹងថវិកាចំនួន ១.៤០០.០០០ រៀល ឬ៣៥០ ដុល្លារអាមេរិក ក្នុងម្នាក់/ក្រុម។ សម្រាប់សាស្ត្រាចារ្យទទួលខុសត្រូវដឹកនាំកិច្ចការស្រាវជ្រាវរបស់និស្សិតដែលជាប់ក្នុងការជ្រើសរើសក្រោមមូលនិធិ ស្រាវជ្រាវនេះ នឹងទទួលបានថវិកាលើកទឹកចិត្តចំនួន ២០០.០០០រៀល (ឬ៥០ ដុល្លារអាមេរិក) ។
របៀបស្នើសុំ
សូមដាក់គ្រោងសំណើស្រាវជ្រាវនៅ បណ្ណាល័យរបស់សាកលវិទ្យាល័យស្វាយរៀង ឬ សារអេឡិចត្រូនិច៖ contact@opendevcam.net ឱ្យបានមុន ថ្ងៃទី២៧ ខែមេសា ឆ្នាំ ២០២២។ ប្រសិនបើប្អូនៗនិស្សិតមានសំណួរ សូមទាក់ទងមក លោកគ្រូ ប៉ែន ឌីណា បណ្ណារក្សនៃសាកលវិទ្យាល័យស្វាយរៀង ឬ ក្រុមការងារអង្គការអូឌីស៊ី 023 902 196 / contact@opendevcam.net ។
ប្រធានបទអ៊ីមែល៖ ODC Grant for Bachelor Research Support at SRU
ចំណាំ: ឯកសារត្រូវមានទំហំមិនលើសពី ៥ មេ៉កាបៃ (MB) ។