បុគ្គលិក

ធី ទ្រី
នាយកប្រតិបត្តិ/និពន្ធនាយក
ធី ទ្រី ជានាយកប្រតិបត្តិ/និពន្ធនាយកនៃអង្គការទិន្នន័យអំពីការអភិវឌ្ឍ (អូឌីស៊ី)។ លោកបានចូលបម្រើការងារជាសមាជិកក្រុមប្រឹក្សាភិបាលតាំងពីឆ្នាំ២០១១ និងបានបន្តក្លាយខ្លួនជាប្រធានក្រុមប្រឹក្សាភិបាលនៃអង្គការទិន្នន័យអំពីការអភិវឌ្ឍ។ ក្នុងនាមជានាយកប្រតិបត្តិ/និពន្ធនាយក លោកដើរតួនាទីយ៉ាងសំខាន់ ក្នុងការបង្កើនភាពដែលអាចទទួលបានព័ត៌មានជាសាធារណៈ ដែលមានលក្ខណៈជាប្រវត្តិសាស្ត្រ និងថ្មីៗ អំពីនិន្នាការអភិវឌ្ឍរបស់ប្រទេសកម្ពុជា នៅក្នុងវេទិកាអនឡាញ ដែលគេហៅថា “ទិន្នន័យបើកទូលាយ” ជាវេទិកាចងក្រងទិន្នន័យដែលមានស្រាប់ និងមិនគិតថ្លៃ ពីប្រភពសាធារណៈ។ មុនពេលចាប់ផ្តើមការងារជាមួយអង្គការអូឌីស៊ី លោកបានធ្វើការឱ្យ បណ្តាញផលប៉ះពាល់សង្គម និងបរិស្ថាន និស្សារណកម្មឧស្សាហកម្ម (EISEI) ក្នុងតួនាទីជាអ្នកសម្របសម្រួល នៅក្នុងអង្គការ ការអភិវឌ្ឍ និងភាពជាដៃគូក្នុងសកម្មភាព (DPA) អស់រយៈពេល៤ឆ្នាំ។ លោក មានបទពិសោធន៏ចំនួន២ឆ្នាំ ក្នុងតួនាទីជាអ្នកអង្កេតសិទ្ធិមនុស្ស ជាមួយអង្គការ អាដហុក និងបទពិសោធន៍ការងារ២ឆ្នាំផ្សេងទៀត ជាមួយនឹងក្រុមហ៊ុន ឥណ្ឌូឆាយណា លីមីតធីត (IRL) ដែលធ្វើលើការស្រាវជ្រាវសង្គម និងពាណិជ្ជកម្ម។ លើសពីនេះទៀត លោក ក៏បានទទួលការអប់រំ និងការបណ្តុះបណ្តាលនានា យ៉ាងច្រើនបន្ថែមទៀតដែរ។

ហេង ហ៊ុយអេង
អ្នកប្រឹក្សាផ្នែក ព័ត៌មានវិទ្យា/គេហទំព័រ
ហ៊ុយអេង បានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រលើជំនាញ ផ្នែកវិទ្យាសាស្ត្រកុំព្យូទ័រ ពីសាកលវិទ្យាល័យភូមិន្ទភ្នំពេញ (RUPP) និង ផ្នែកសិក្សាអន្តរជាតិ ពីវិទ្យាស្ថានភាសាបរទេស (IFL)។ នាង បានធ្វើការលើគម្រោងរបស់អង្គការទិន្នន័យអំពីការអភិវឌ្ឍ ចាប់តាំងពីគម្រោងនេះត្រូវបានបង្កើតឡើងដំបូងក្នុងឆ្នាំ២០១១។ ជាមួយនឹងបទពិសោធន៍ជាច្រើនឆ្នាំក្នុងការអភិវឌ្ឍបណ្ដាញគហទំព័រ នាងទទួល បន្ទុកដឹកនាំលើការអភិវឌ្ឍធនធានព័ត៌មានលើបណ្តាញ សម្រាប់សហគមន៍ការអភិវឌ្ឍរបស់ប្រទេសកម្ពុជា។ លើសពីនេះទៅទៀត នាងផ្តល់ការណែនាំ ត្រួតពិនិត្យ និងគ្រប់គ្រងរាល់ការងាររបស់ក្រុមព័ត៌មានវិទ្យា ដើម្បីធានាឱ្យបាននូវភាពត្រឹមត្រូវ និងសមត្ថភាពបច្ចេកទេស។ បន្ថែមពីនេះ នាងក៏បានផ្តល់ការណែនាំ និង ការគាំទ្របច្ចេកទេសដល់សមាជិកក្រុមការងារ ដើម្បីដោះស្រាយបញ្ហាបច្ចេកវិទ្យាផ្សេងៗផងដែរ។

សំអាន ម៉ារឌី
ប្រធានគ្រប់គ្រងផ្នែកព័ត៌មានវិទ្យា និងគេហទំព័រ
ទំនួលខុសត្រូវចំបងរបស់ម៉ារឌីគឺ គ្រប់គ្រង និងពិនិត្យជារួមទៅលើគេហទំព័រ និងប្រព័ន្ធបណ្តាញរបស់អូឌីស៊ី។ គាត់ទទួលខុសត្រូវក្នុងការចូលរួម និងការពិនិត្យតាមដានលើការអភិវឌ្ឍ និងតំហែទាំគេហទំព័ររបស់អូឌីស៊ី ដោយមានកិច្ចសហការពីសំណាក់ក្រុមការងារផ្នែកនានារបស់អូឌីស៊ី។ លើសពីនេះ គាត់ក៏មានទំនួលខុសត្រូវក្នុងការផ្តល់នូវការណែនាំ និងជំនួយបច្ចេកទេស ក៏ដូចជាកំណត់ បង្ការ និងកាត់បន្ថយហានិភ័យនៃបញ្ហាបច្ចេកវិទ្យានានានៅលើប្រព័ន្ធបណ្តាញ និងការអនុវត្តគម្រោងរបស់អូឌីស៊ី។
ម៉ារឌី ជានិស្សិតបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រផ្នែកវិទ្យាសាស្ត្រកុំព្យូទ័រពីវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា និងបរិញ្ញាបត្រអក្សរសាស្ត្រភាសាអង់គ្លេសផ្នែកអប់រំពីវិទ្យាស្ថានភាសាបរទេស ។

ស៊ីវ វឌ្ឍនា
ប្រធានផ្នែកស្រាវជ្រាវ និងគ្រប់គ្រងមាតិកាគេហទំព័រ
វឌ្ឍនាបានធ្វើការយ៉ាងសកម្មសម្រាប់អង្គការទិន្នន័យអំពីការអភិវឌ្ឍ (អូឌីស៊ី) ចាប់តាំងពីឆ្នាំ ២០១៦ ក្នុងតួនាទីជា បណ្ណាធិការ-អ្នកស្រាវជ្រាវ និងជាមន្ត្រីផ្នែកស្រាវជ្រាវ និងមាតិកា។ ជាមួយនឹងបទពិសោធន៍ជាច្រើនឆ្នាំ វឌ្ឍនាត្រូវបានទទួលស្គាល់ពីតួនាទីនាំមុខក្នុងការសម្របសម្រួលនិងចាត់ចែងក្រុមការងារមាតិកានិងក្រុមអភិវឌ្ឍន៍គេហទំព័រក្នុងការពង្រីកធនធានលើអ៊ីនធឺណិត។ នៅចុងឆ្នាំ ២០២០ នាងត្រូវបានតំឡើងមុខតំណែងជាប្រធានផ្នែកស្រាវជ្រាវ និងគ្រប់គ្រងមាតិកាគេហទំព័រ។ ជាមួយនឹងតួនាទីបច្ចុប្បន្ននាងមានការទទួលខុសត្រូវជាច្រើន ដើម្បីធានាថាផែនការការងារ និងគោលដៅនៃគម្រោងនឹងត្រូវបានសម្រេចដោយជោគជ័យ។ នាងដឹកនាំការងាររចនានិងអភិវឌ្ឍគេហទំព័រ ត្រួតពិនិត្យប្រតិបត្តិការប្រចាំថ្ងៃរបស់ក្រុមការងារផ្នែកមាតិកានិងគេហទំព័រ និងផ្តោតជាអាទិភាពលើផែនការសកម្មភាពគម្រោង។ វឌ្ឍនាក៏ធ្វើការយ៉ាងជិតស្និទ្ធិជាមួយក្រុមការងារអូឌីស៊ីផ្សេងទៀតក្នុងការតាមដានចរាចរណ៍គេហទំព័រ (Web Traffic) និងរក្សាអោយបាននូវគុណភាពនៃមាតិកាដោយឆ្លើយតបឱ្យបានទាន់ពេលវេលា ភាពត្រឹមត្រូវបំពេញទៅតាមស្តង់ដារដែលបានតម្រូវ ទាំងភាពត្រឹមត្រូវ និងពេញលេញ។
មុនពេលចូលបម្រើការងារនៅអូឌីស៊ី វឌ្ឍនាបានធ្វើជាជំនួយការស្រាវជ្រាវក្រោមគម្រោង (LWR-ID/2009/046) របស់មជ្ឈមណ្ឌលអូស្ត្រាលីសម្រាប់ការស្រាវជ្រាវកសិកម្មអន្តរជាតិ (ACIAR) និងគម្រោងស្រាវជ្រាវផ្សេងទៀតនៅសាកលវិទ្យាល័យ។ វឌ្ឍនាបានបញ្ចប់បរិញ្ញាបត្រវិស្វករ ជំនាញវិស្វកម្មធនធានទឹក និងហេដ្ឋារចនាសម្ព័ន្ធជនបទ ពីវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា នៅឆ្នាំ២០១៤។

គឹម ឈួនវួច
អ្នកសម្របសម្រួលកម្មវិធីការគ្រប់គ្រងធនធានធម្មជាតិ
ឈួនវួច ជាអ្នកសម្របសម្រួលកម្មវិធីការគ្រប់គ្រងធនធានធម្មជាតិ នៅអង្គការទិន្នន័យអំពីការអភិវឌ្ឍ។ ការងារទទួលខុសត្រូវចម្បងរបស់ឈួនវួចរួមមានការគ្រប់គ្រងគម្រោងទាក់ទងនឹងការគ្រប់គ្រងធនធានធម្មជាតិ បរិស្ថាន និងជនជាតិដើមភាគតិច រួមបញ្ចូលទាំងការសម្របសម្រួលជាមួយដៃគូ និងម្ចាស់ជំនួយ ដើម្បីធានាការអនុវត្តគម្រោងប្រកបដោយជោគជ័យផងដែរ។ ឈួនវួច ក៏សហការលើការរចនាគេហទំព័រ និងអភិវឌ្ឍមាតិកា ធ្វើការស្រាវជ្រាវ ចងក្រងឯកសារច្បាប់ គោលនយោបាយ និងរៀបចំសកម្មភាពផ្សព្វផ្សាយ។
ឈួនវួច បានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រវិទ្យាសាស្ត្របរិស្ថានពីសាកលវិទ្យាល័យភូមិន្ទភ្នំពេញ និងបរិញ្ញាបត្រសិល្បៈផ្នែកវិធីសាស្ត្របង្រៀនភាសាអង់គ្លេស ពីសាកលវិទ្យាល័យបញ្ញាសាស្ត្រកម្ពុជា ព្រមទាំងបរិញ្ញាបត្រជាន់ខ្ពស់ផ្នែកគ្រប់គ្រងគ្រោះមហន្តរាយ (កម្មវិធីអន្តរជាតិ) ពីសាកលវិទ្យាល័យណារ៉េសួន នៃព្រះរាជាណាចក្រថៃ។ ឈួនវួចបានបោះពុម្ពផ្សាយអត្ថបទ និងកិច្ចការស្រាវជ្រាវនៅក្នុងសន្និសីទ និងវេទិកាស្រាវជ្រាវវិទ្យាសាស្ត្រអន្តរជាតិជាច្រើន។ មុនពេលចូលរួមជាមួយអូឌីស៊ី ឈួនវួចគឺជាអនុប្រធានក្រុមការវាយតម្លៃហេតុប៉ះពាល់បរិស្ថាននៅក្រុមហ៊ុនមួយ និងបានហាត់ការនៅនាយកដ្ឋានឧតុនិយមថៃផងដែរ។

អ៊ួន វិមល
ប្រធានគ្រប់គ្រងកម្មវិធី និងភាពជាដៃគូ
វិមល ជាប្រធានគ្រប់គ្រងកម្មវិធី និងភាពជាដៃគូ នៅអង្គការទិន្នន័យអំពីការអភិវឌ្ឍ (អូឌីស៊ី)។ នាងជាអ្នកផ្តល់នូវយុទ្ធសាស្ត្រក្នុងការត្រួតពិនិត្យ និងការគ្រប់គ្រងសម្រាប់គម្រោងការច្នៃប្រឌិតថ្មីសម្រាប់គណនេយ្យភាពសង្គមនៅក្នុងប្រទេសកម្ពុជា (ISAC) និងចូលរួមក្នុងការស្រាវជ្រាវសម្រាប់បង្កើតជាមាតិកានៅលើគេហទំព័រអូឌីស៊ី ព្រមទាំងសម្របសម្រួលលើគ្រប់ផ្នែកនៃគម្រោងការច្នៃប្រឌិតថ្មីសម្រាប់គណនេយ្យភាពសង្គមនៅក្នុងប្រទេសកម្ពុជា (ISAC)។ នាងក៏ទទួលខុសត្រូវផងដែរក្នុងការបង្កើតកម្មវិធីបណ្តុះបណ្តាល និងផ្តល់ការបណ្តុះបណ្តាលក្រុមគោលដៅអំពីរបៀបប្រើប្រាស់គេហទំព័រអូឌីស៊ី។
នាងបញ្ចប់ការសិក្សាជាមួយបរិញ្ញាបត្រពីរ ផ្នែកការអភិវឌ្ឍសេដ្ឋកិច្ច និងភាសាអង់គ្លេសសម្រាប់ការបកប្រែ និងបរិញ្ញាបត្រជាន់ខ្ពស់ផ្នែកបរិស្ថាន ការអភិវឌ្ឍ និងនិរន្តរភាព ពីសាកលវិទ្យាល័យជូឡាឡុងកន។ មុនមកបម្រើការងារនៅអូឌីស៊ី នាងគឺជាជំនួយការកម្មវិធីនៅ វិទ្យាស្ថានបណ្តុះបណ្តាល និងស្រាវជ្រាវដើម្បីអភិវឌ្ឍន៍កម្ពុជា (CDRI) និងជាជំនួយការនាយកគ្រប់គ្រងក្រុមហ៊ុនឯកជន។

វង្ស ព្រហ្មនា
មន្ត្រីគម្រោងផ្នែកគម្រោងដឹកនាំដោយយុវជន
ព្រហ្មនា ជាមន្ត្រីគម្រោងរបស់អង្គការទិន្នន័យអំពីការអភិវឌ្ឍ (អូឌីស៊ី) ដែលកំពុងធ្វើការនៅក្រោមគម្រោងដឹកនាំដោយយុវជន។ នៅក្នុងគម្រោងនេះ លោកផ្ដល់ការគាំទ្រទៅកាន់អូឌីស៊ីក្នុងការធានាថាយុវជនកម្ពុជាអាចអនុវត្តសកម្មភាពគម្រោងដែលអាចជះឥទ្ធិពលជាវិជ្ជមានដល់សហគមន៍របស់ពួកគេ។ លោកមានបេសសកម្មជាចម្បងមួយ ពោលគឺធ្វើការសហការជាមួយក្រុមការងារពាក់ព័ន្ធរបស់អូឌីស៊ី ដើម្បីពង្រឹងសមត្ថភាពរបស់យុវជនដែលត្រូវបានជ្រើសរើសពីក្រុមងាយរងគ្រោះ បន្ទាប់មកសម្របសម្រួលពួកគេឱ្យអនុវត្តសកម្មភាពគម្រោងរបស់ពួកគេក្រោយពេលដែលយុវជនទាំងអស់នោះទទួលបានជំនាញគ្រប់គ្រាន់ពីកម្មវិធីរបស់អូឌីស៊ី។
ព្រហ្មនា ធ្លាប់ធ្វើការជាជំនួញការគម្រោងនៅមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាមុនពេលចូលបំពេញការងារជាមួយអូឌីស៊ី។ លោកទទួលបានបរិញ្ញាបត្រផ្នែកទំនាក់ទំនងអន្តរជាតិ និងរដ្ឋបាលសាធារណៈ ដែលជាបរិញ្ញាបត្រពីរផ្សេងគ្នា។ លោកត្រូវបានជ្រើសរើសឱ្យចូលរួមកម្មវិធីអ្នកស្រាវជ្រាវវ័យក្មេងរបស់វេទិកាអនាគត ដែលនៅក្នុងនោះលោកកំពុងធ្វើការស្រាវជ្រាវផ្នែកគោលនយោបាយទៅលើពលរដ្ឋរស់នៅភ្នំពេញដែលបានធ្វើការចំណាកស្រុកមកពីទីជនបទ ឬបណ្ដាខេត្តនានារបស់ប្រទេសកម្ពុជា។ ក្រៅពីប្រធានបទទាក់ទងនឹងចំណាកស្រុក លោកក៏ចាប់អារម្មណ៍ទៅលើសមភាពយេនឌ័រ ការប្រែប្រួលអាកាសធាតុ ការងារសមរម្យ និងកំណើនប្រកបដោយនិរន្តរភាព។

ណៃ ម៉ាណេត
ប្រធានផ្នែកទំនាក់ទំនង
ម៉ាណេតគ្រប់គ្រងបណ្ដាញសង្គម ការរចនា និងគម្រោងពាក់ព័ន្ធរបស់អង្គការទិន្នន័យអំពីការអភិវឌ្ឍ (អូឌីស៊ី)។ លោកក៏ទទួលបន្ទុកទៅលើផ្នែកទំនាក់ទំនងខាងក្នុង និងខាងក្រៅអង្គការផងដែរ។
ម៉ាណេតបានបញ្ចប់ការសិក្សាផ្នែកទំនាក់ទំនងអន្តរជាតិពីវិទ្យាស្ថានសិក្សាអន្តរជាតិ និងគោលនយោបាយសាធារណៈនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ហើយក៏បានបញ្ចប់ការផ្លាស់ប្ដូរការសិក្សានៅ Carroll College សហរដ្ឋអាមេរិកផងដែរ។ បន្ទាប់ពីបានបញ្ចប់ការសិក្សា លោកបានធ្វើជាគ្រូឧទ្ទេសផ្នែកទំនាក់ទំនងអន្តរជាតិនៅវិទ្យាស្ថានសិក្សាអន្តរជាតិ និងគោលនយោបាយសាធារណៈរយៈពេលជាង ៣ ឆ្នាំ។ បន្ទាប់មក លោកបានធ្វើការនៅលើផ្នែកទីផ្សារឌីជីថលនៅក្នុងក្រុមហ៊ុនឯកជន និងឥឡូវនេះជាប្រធានផ្នែកទំនាក់ទំនងនៅអូឌីស៊ី។

វត ចាន់ណារ៉ា
មន្ត្រីផ្នែកទំនាក់ទំនង
ណារ៉ាបានចូលបម្រើការងារនៅអង្គការទិន្នន័យអំពីការអភិវឌ្ឍ (អូឌីស៊ី) ក្នុងឆ្នាំ២០២៤ ក្នុងតួនាទីជាមន្ត្រីផ្នែកទំនាក់ទំនង។ ការទទួលខុសត្រូវរបស់គាត់រួមមាន ការរចនាសម្ភារៈទំនាក់ទំនង គ្រប់គ្រងប្រព័ន្ធសង្គម បង្កើតមាតិកា ព្រមទាំងចូលរួមរៀបចំវគ្គបណ្តុះបណ្តាល សិក្ខាសាលា និងជួបប្រជុំជាមួយភាគីដែលពាក់ព័ន្ធសំខាន់ៗ និងដៃគូនានារបស់អូឌីស៊ីផងដែរ។
មុនចូលបម្រើការងារនៅអូឌីស៊ី ណារ៉ាគឺជាមន្ត្រីផ្នែកទំនាក់ទំនងនៅក្រុមហ៊ុនបច្ចេកវិទ្យាសុខភាពមួយរយៈពេលជាងបីឆ្នាំ។ ក្រៅពីនេះ គាត់បានបម្រើការជាគ្រូបង្រៀនភាសាអង់គ្លេសរយៈពេលជាងបួនឆ្នាំនៅសាលាឯកជននានា និងសាកលវិទ្យាល័យមួយដែលល្បីនៅក្នុងប្រទេស។
ណារ៉ាបានបញ្ចប់ថ្នាក់បរិញាបត្រចំនួនពីរ រួមមានផ្នែកអប់រំជាភាសាអង់គ្លេស និងផ្នែកទំនាក់ទំនងអន្តរជាតិ មកពីវិទ្យាស្ថានភាសាបរទេស និងបច្ចុប្បន្នកំពុងបន្តសិក្សាថ្នាក់អនុបណ្ឌិតវិទ្យាសាស្ត្រសង្គមក្នុងកិច្ចការអន្តរជាតិ (MSc-IA)។

សួស ធីតា
មន្ដ្រីផ្នែកទំនាក់ទំនង
ធីតា បានចូលបម្រើការងារនៅអង្គការទិន្នន័យអំពីការអភិវឌ្ឍ (អូឌីស៊ី) ជាមន្ត្រីផ្នែកទំនាក់ទំនង ដែលគាំទ្រសកម្មភាពបណ្តុះបណ្តាលលើចំណេះដឹងផ្នែកប្រព័ន្ធផ្សព្វផ្សាយ។ គាត់ក៏ទទួលខុសត្រូវក្នុងការអភិវឌ្ឍ ការបង្កើតខ្លឹមសារ/មាតិកាបណ្ដាញសង្គម និងការផ្សព្វផ្សាយប្រព័ន្ធផ្សព្វផ្សាយ និងចូលរួមចំណែកក្នុងការរចនាសម្ភារៈទំនាក់ទំនងតាមទម្រង់អនឡាញ និងបោះពុម្ពផងដែរ។
ធីតាបានបញ្ចប់ថ្នាក់បរិញ្ញាបត្រផ្នែកគ្រប់គ្រងប្រព័ន្ធផ្សព្វផ្សាយពីដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍ និងសេដ្ឋកិច្ចអន្តរជាតិពីវិទ្យាស្ថានសិក្សាអន្តរជាតិ និងគោលនយោបាយសាធារណៈ នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។ មុនពេលចូលបម្រើការងារនៅអូឌីស៊ី គាត់ទទួលបានបទពិសោធន៍ការងារជាមន្ត្រីទំនាក់ទំនងជាមួយអង្គការមិនមែនរដ្ឋាភិបាល និងជាអ្នកសារព័ត៌មានឯករាជ្យសម្រាប់ស្ថាប័នសារព័ត៌មានផងដែរ។

ឡុច កល្យាណ
អ្នកស្រាវជ្រាវទិន្នន័យ និងឯកទេសប្រព័ន្ធព័ត៌មានភូមិសាស្ត្រ (GIS)
កល្យាណ គឺជាអ្នកស្រាវជ្រាវទិន្នន័យ និងឯកទេសប្រព័ន្ធព័ត៌មានភូមិសាស្ត្រ (GIS) នៅអង្គការទិន្នន័យអំពីការអភិវឌ្ឍ។ លោកធ្លាប់បានធ្វើការជាមួយគម្រោងអង្គការទិន្នន័យអំពីការអភិវឌ្ឍ ចាប់តាំងពីគម្រោងត្រូវបានបង្កើតឡើងជាលើកដំបូងនៅក្នុងឆ្នាំ ២០១១ រហូតដល់ឆ្នាំ ២០១៥។ ក្រោយមកលោកបានដើរតួជាអ្នកដឹកនាំបច្ចេកទេសក្នុងគម្រោងព័ត៌មានភូមិសាស្ត្រនៃប្រព័ន្ធ GPS Navigation នៅក្នុងវិស័យឯកជន។ លោកបានចូលបម្រើការងារជាថ្មីជាមួយអង្គការទិន្នន័យអំពីការអភិវឌ្ឍនៅក្នុងឆ្នាំ ២០១៩។
លោកទទួលបន្ទុកដឹកនាំក្រុមក្នុងគ្រប់សកម្មភាពស្រាវជ្រាវទាក់ទងទៅនឹងទិន្នន័យដោយផ្តោតលើការ ប្រមូលផ្តុំ រៀបចំ និងបង្ហាញទិន្នន័យអំពីទីតាំងជាក់លាក់មួយនៅក្នុងទម្រង់ជាឌីជីថល។ លោកក៏ប្រើបច្ចេកវិទ្យា ប្រព័ន្ធព័ត៌មានភូមិសាស្ត្រ ដើម្បីចងក្រង រក្សាទុក និងធ្វើបច្ចុប្បន្នភាពព័ត៌មានពីប្រភពផ្សេងៗគ្នាសម្រាប់ការប្រើប្រាស់ជាសាធារណៈ និងធានាថាទិន្នន័យនៅលើគ្រប់ប្រធានបទទាំងអស់មានលក្ខណៈពេញលេញត្រឹមត្រូវ និងមានបច្ចុប្បន្នភាព។ លោកបានបញ្ចប់ថ្នាក់វិទ្យាល័យដោយមានការអនុញ្ញាតក្នុងការបញ្ចប់ការសិក្សាមុនអាយុ និងទទួលបានអាហារូបករណ៍ពីរាជរដ្ឋាភិបាលកម្ពុជាបន្តបរិញ្ញាបត្រជំនាញផ្នែករៀបចំដែនដី និងរដ្ឋបាលដីធ្លី ដោយជោគជ័យក្នុងឆ្នាំ២០១១ និងបានបញ្ចប់បរិញ្ញាបត្រជាន់ខ្ពស់ ជំនាញគ្រប់គ្រងធនធានធម្មជាតិនៃសាកលវិទ្យាល័យភូមិន្ទកសិកម្ម (RUA) ក្នុងឆ្នាំ២០២០។

វង្ស ពិសិទ្ធ
អ្នកជំនាញទិន្នន័យ និងគ្រូបង្គោល
ពិសិទ្ធធ្វើការជាអ្នកជំនាញទិន្នន័យ និងគ្រូបង្គោល នៅអង្គការទិន្នន័យអំពីការអភិវឌ្ឍ (ODC)។ លោកបានបញ្ចប់ការសិក្សាថ្នាក់វិស្វករឯកទេសធនធានរ៉ែ និងភូគភ្ពសាស្ត្រ ពីវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា នៅឆ្នាំ ២០១៩។ ក្នុងឆ្នាំបញ្ចប់ការសិក្សា លោកបានទទួលអាហារូបករណ៍ទៅសិក្សាមួយឆមាសនៅសកលវិទ្យាល័យជូឡាឡុងកន ប្រទេសថៃជាទីដែលលោកបានបញ្ចប់និក្ខេបទសម្រាប់ការបញ្ចប់ការសិក្សានៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា។
នៅអង្គការទិន្នន័យអំពីការអភិវឌ្ឍការងាររបស់លោក គឺផ្ដោតទៅលើការស្រាវជ្រាវទិន្នន័យភូមិសាស្ត្រ ស្ដីពីវិស័យជាច្រើនទាក់ទងនឹងការអភិវឌ្ឍក្នុងប្រទេសកម្ពុជា ដែលបានមកពីគ្រប់ប្រភពដែលផ្ដល់ទិន្នន័យបើកទូលាយ សម្រាប់ការគ្រប់គ្រង ប្រមូលផ្ដុំ កែសម្រួល និងធ្វើទស្សនីយ៍កម្ម ដោយប្រើប្រាស់GIS សម្រាប់ដាក់អោយប្រើជាសាធារណៈនៅលើគេហទំព័ររបស់អង្គការ។ ក្រៅពីការងារតួនាទីផលិតទិន្នន័យ ជាពិសេសទិន្នន័យភូមិសាស្ត្រ លោកចូលរួមនៅក្នុងការធ្វើការបណ្ដុះបណ្ដាល និងតាក់តែងកម្មវិធីបណ្ដុះបណ្ដាលដែលទាក់ទងនឹងទិន្នន័យ និងGISផងដែរ សម្រាប់គម្រោងដែលពាក់ព័ន្ធ។

រ័ត្ន សារ៉ាត់
មន្ត្រីជាន់ខ្ពស់ផ្នែកហិរញ្ញវត្ថុ និង រដ្ឋបាល
តម្លាភាព គណនេយ្យភាព នឹង ភាពស្មោះត្រង់ គឺជាគុណតម្លៃរបស់ សារ៉ាត់។ មានតួនាទីមន្ត្រីជាន់ខ្ពស់ផ្នែកហិរញ្ញវត្ថុ និង រដ្ឋបាលនៅ អូឌីស៊ី សារ៉ាត់ធ្វើការសហការណ៍យ៉ាងជិតស្និតជាមួយក្រុមការងារទាំងអស់ ដើម្បីផលិតអោយបាន នូវសមិទ្ធផលដូចជា៖ ទី១ធានាថារាល់ឯកសារចំណូល ចំណាយទាំងអស់ពិតជាត្រឹមត្រូវតាមច្បាប់គណនេយ្យ និង គោលការណ៍របស់ស្ថាប័ន នឹង ធ្វើការទូទាត់រាល់ការចំណាយទាំងនោះអោយបានទាន់ពេលវេលា។ ទី២ ធ្វើការកត់ត្រារាល់ការចំណាយទាំងអស់ក្នុងប្រព័ន្ធគណនេយ្យអោយត្រឹមតាមខ្ទង់នីមួយៗ នឹងផលិតរបាយការណ័ហិរញ្ញវត្ថុអោយបានត្រឹមត្រូ ទាន់ពេលវេលា។ ធ្វើការសហការណ៍ជាមួយអ្នកពាក់ព័ន្ធផ្សេងៗ ដូចជា មន្ត្រីពន្ធដា, មន្ត្រីរបបសន្ដិសុខសង្គម, មន្ត្រីមន្ទីរការងារ, បុគ្គលិកអង្គការ ក៏ដូចជាក្រុមហ៊ុនឯកជនផ្សេងៗ ដើម្បីអនុវត្តកាតាព្វកិច្ចច្បាប់ពន្ធ និងរក្សាបានអត្ថប្រយោជន៍របស់បុគ្គលិក ស្របតាមច្បាប់ការងាររបស់ព្រះរាជាណាចក្រកម្ពុជា។
សារ៉ាត់បានបញ្ចប់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកហិរញ្ញវត្ថុ ពីសាកលវិទ្យាល័យជាតិគ្រប់គ្រង (NUM) ក្នុងឆ្នាំ២០១៩។ មុនពេលចូលបម្រើការងារនៅអូឌីស៊ី សារ៉ាត់មានបទពិសោធន៍ ១០ ឆ្នាំមកហើយលើការងារផ្នែកហិរញ្ញវត្ថុ និងរដ្ឋបាលជាមួយអង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុកនិងអន្តរជាតិ។

លៀង គីមហួយ
បុគ្គលិកផ្នែកអនាម័យការិយាល័យ
បងស្រីគីមហួយមានទំនួលខុសត្រូវជាចម្បងក្នុងការថែរក្សាឱ្យបាននូវបរិស្ថានស្អាត អនាម័យ និងមានរបៀបរៀបរយនៅក្នុងការិយាល័យអូឌីស៊ី។ គាត់ក៏ទទួលខុសត្រូវរៀបចំភេសជ្ជៈ និងអាហារសម្រន់សម្រាប់ភ្ញៀវ និងបុគ្គលិកតាមតម្រូវការក្នុងពេលប្រជុំ វគ្គបណ្តុះបណ្តាល និងសិក្ខាសាលា ព្រមទាំងមើលថែទាំរាល់សម្ភារៈផ្ទះបាយ។ មុនចូលបម្រើការងារនៅអូឌីស៊ី បងគីមហួយធ្លាប់បម្រើការជាអ្នករៀបចំអាហារនៅក្រុមហ៊ុនអាកាសចរណ៍បាយ័នអ៊ែរឡាញរយៈពេលប្រាំពីរឆ្នាំ។