ការផ្តល់​អំណាច​ដល់​សហគមន៍​តាម​ឆ្នេរ​​តាម​រយៈ​ជំនាញ​ឌី​ជី​ថល​

នៅ​ថ្ងៃ​ទី​ ២​ ខែឧសភា​ ឆ្នាំ​ ២០២៥​ អង្គការ​ទិន្នន័យ​អំពី​ការ​អភិវឌ្ឍ​ (​អូ​ឌី​ស៊ី​)​ បាន​រៀបចំ​សិក្ខាសាលា​បណ្តុះបណ្តាល​មួយ​ក្នុង​គោលបំណង​បំពាក់​ឱ្យ​តំណាង​សហគមន៍​ឆ្នេរ​ និង​អ្នកដឹកនាំ​យុវជន​នូវ​ជំនាញ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​សំខាន់ៗ​។​ វគ្គ​បណ្ដុះបណ្ដាល​នេះ​បាន​ផ្ដល់​សិទ្ធិ​អំណាច​ដល់​អ្នកចូលរួម​ក្នុង​ការ​ប្រើប្រាស់​វេទិកា​ឌី​ជី​ថ​ល​ ដើម្បី​ពង្រីក​សំឡេង​របស់​ពួក​គេ​ និង​លើកកម្ពស់​កិច្ច​ខិតខំ​ប្រឹងប្រែង​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​នៅ​ក្នុង​សហគមន៍​របស់​ពួក​គេ​។​

​សិក្ខាសាលា​នេះ​ធ្វើ​ឡើង​ក្រោម​គម្រោង​ “​​ពង្រឹង​សកម្មភាព​សង្គម​ស៊ី​វិល​ដើម្បី​ចូលរួម​ក្នុង​អភិបាលកិច្ច​សេដ្ឋកិច្ច​ (SCAEG)​ ២០២៣-២០២៦”​ ក្រោម​កិច្ច​សហការ​ឧបត្ថម្ភ​​មូលនិធិដោយ​សហភាព​អឺរ៉ុប​ និង​ដោយ​មានការ​គាំទ្រ​ពី​អង្គការ​ដៃគូ​ថ្នាក់​ខេត្ត​របស់​យើង​ រួម​មាន​៖​ មជ្ឈមណ្ឌល​អភិវឌ្ឍន៍កុមារ និងស្ត្រីនៅ​កម្ពុជា​ (CWDCC)​ ​មជ្ឈមណ្ឌល​ម្លប់​ព្រហ្ម​វិហារធម៌​ (MPC)​ និង​អង្គការ​ស្រលាញ់​ធនធានធម្មជាតិ​កម្ពុជា​ (CNRO)​។​ ព្រឹត្តិការណ៍​នេះ​ផ្តោត​លើ​ការ​បង្កើត​ខ្លឹមសារ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​ និង​ការ​គ្រប់គ្រង​ទំព័រ​ ដោយ​មានការ​ចូលរួម​យ៉ាង​សកម្ម​ពី​អ្នកចូលរួម​ចំនួន​ ២៧​នាក់​ ក្នុង​នោះ​ ៦​នាក់​ជា​ស្ត្រី​ ដែល​ជា​តំណាង​សហគមន៍​នេសាទ​ (CFIs)​ សហគមន៍​ស្រះ​ជម្រក​ត្រី​ (CFRs)​ និង​សហគមន៍​តំបន់​ការពារ​ (CPAs)​ នៅ​ក្នុង​ខេត្ត​ជាប់​ឆ្នេរសមុទ្រ​ទាំង​បួន​ កំពត​ កែប​ កោះកុង​ និង​ព្រះ​សីហ​នុ​។​

​សិក្ខាសាលា​នេះ​ត្រូវ​បាន​រៀបចំ​ឡើង​ក្នុង​គោលបំណង​៖

  • បំពាក់​ឱ្យ​អ្នក​ចូលរួម​នូវ​ជំនាញ​ជាក់ស្តែង​ក្នុង​ការ​ផលិត​ខ្លឹមសារ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​ រួម​ទាំង​ការ​ប្រើប្រាស់​ឧបករណ៍​រចនា​ និង​មូលដ្ឋាន​គ្រឹះ​នៃ​ការ​ថតរូប​។​
  • ​ពង្រឹងសមត្ថភាព​របស់​អ្នកចូលរួម​ក្នុង​ការ​បង្កើត​ គ្រប់គ្រង​ និង​ទាក់ទាញ​ទស្សនិកជន​នៅ​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​។​
  • ​ផ្តល់​ការ​អនុវត្ត​ជាក់ស្តែង​ និង​បន្ត​ការ​គាំទ្រ​ ដើម្បី​អនុវត្ត​យុទ្ធនាការ​ផ្សព្វផ្សាយ​តាម​អ៊ីនធឺណិត​ប្រកបដោយ​ប្រសិទ្ធភាព​។​

​វគ្គ​បណ្តុះបណ្តាល​ពេញ​មួយ​ថ្ងៃនេះ​មាន​ម៉ូឌុល​ចំនួន​បួន​ដែល​បាន​រៀបចំ​យ៉ាង​យកចិត្តទុកដាក់​ និង​បង្រៀន​ដោយ​មន្ត្រី​ផ្នែក​ទំនាក់ទំនង​របស់​អូ​ឌី​ស៊ី​ រួម​មាន​ លោក​ វត​ ចាន់​ណា​រ៉ា​ និង​កញ្ញា​ សួ​ស​ ធីតា​។​ វគ្គ​បណ្តុះបណ្តាល​បាន​សង្កត់ធ្ងន់​ទាំង​ផ្នែក​បច្ចេកទេស​ និង​យុទ្ធសាស្ត្រ​នៃ​ការ​គ្រប់គ្រង​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​ ដែល​មាន​បំណង​បង្កើន​ចំណេះដឹង​ផ្នែក​ឌី​ជី​ថ​ល​ក្នុង​ចំណោម​អ្នកចូលរួម​។​

​យើង​ជឿជាក់​ថា​ជំនាញ​ទាំងនេះ​នឹង​អាច​ឱ្យ​សហគមន៍​បង្កើន​វត្តមាន​លើ​អ៊ីនធឺណិត​របស់​ពួក​គេ​ បង្កើន​ការ​យល់​ដឹង​ជា​សាធារណៈ​អំពី​កិច្ច​ខិតខំ​ប្រឹងប្រែង​អភិរក្ស​របស់​ពួក​គេ​ និង​ទាក់ទាញ​ការ​យកចិត្តទុកដាក់​កាន់តែ​ខ្លាំង​ពី​ភាគី​ពាក់ព័ន្ធ​សំខាន់ៗ​ចំពោះ​បញ្ហា​នៃ​ការ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​ និង​អភិបាលកិច្ច​សេដ្ឋកិច្ច​នៅ​តាម​ឆ្នេរសមុទ្រ​កម្ពុជា​។​

​សិក្ខាសាលា​នេះ​បាន​ចាប់ផ្តើម​ដោយ​សុន្ទរកថា​ស្វាគមន៍​ពី​លោកស្រី​ ស៊ីវ​ វ​ឌ្ឍ​នា​ ប្រធាន​ផ្នែក​ស្រាវជ្រាវ​ និង​គ្រប់គ្រង​មាតិកា​អូ​ឌី​ស៊ី​ ដោយ​ចែករំលែក​ដោយ​សង្ខេប​ពី​គោលដៅ​រួម​នៃ​គម្រោង​ SCAEG​ គោលបំណង​ជាក់លាក់​នៃ​ការ​បណ្តុះបណ្តាល​ និង​សកម្មភាព​គាំទ្រ​នានា​របស់​អូ​ឌី​ស៊ី​នា​ពេល​ខាង​មុខ​។

​ដើម្បី​វាយតម្លៃ​ប្រសិទ្ធភាព​នៃ​សិក្ខាសាលា​ អ្នកចូលរួម​របស់​យើង​ទាំងអស់​បាន​ចូលរួម​បំពេញ​ការ​វាយតម្លៃ​មុន​ និង​ក្រោយ​ការ​បណ្តុះបណ្តាល​។​ លទ្ធផល​បាន​បង្ហាញ​ថា​ ប្រហែល​៨០​ភាគរយ​ នៃ​អ្នកចូលរួម​បាន​រាយការណ៍​ពី​ការ​ពេញចិត្ត​ខ្ពស់​ចំពោះ​វគ្គ​បណ្តុះបណ្តាល​ និង​បង្ហាញ​ពី​ឆន្ទៈ​ក្នុង​ការ​ណែនាំ​វា​ដល់​សមាជិក​សហគមន៍​ផ្សេង​ទៀត​។​ មតិ​ត្រលប់​ក៏​បាន​គូសបញ្ជាក់​ពី​ភាព​ប្រសើរ​ជាក់ស្តែង​នៅ​ក្នុង​ជំនាញ​របស់​ពួក​គេ​ រួម​មានការ​គ្រប់គ្រង​ទំព័រ​ហ្វេ​ស​បុក​ប្រកបដោយ​ប្រសិទ្ធភាព​ ការ​បង្កើត​ និង​កំណត់ពេល​សម្រាប់​បង្ហោះ​មាតិកា​ ការ​ប្រើប្រាស់​ឧបករណ៍​រចនា​ និង​ឧបករណ៍​កាត់ត​វី​ដេ​អូ​ដូច​ជា​ Canva​ និង​ CapCut​ និង​ការ​ថតរូប​ដែល​មានគុណ​ភាព​ជាមួយ​ស្មា​ត​ហ្វូ​ន​។​

​វគ្គ​បណ្តុះបណ្តាល​នេះ​គឺជា​ជំហាន​រីក​ចម្រើន​ឆ្ពោះទៅ​រក​ការ​ពង្រឹងសមត្ថភាព​ឌី​ជី​ថ​ល​របស់​អ្នកដឹកនាំ​សហគមន៍​មូលដ្ឋាន​ ដោយ​ធានា​ថា​ពួក​គេ​មាន​ភាព​ប្រសើរ​ឡើង​ក្នុង​ការ​តស៊ូ​មតិ​សម្រាប់​អាទិភាព​បរិស្ថាន​ និង​សេដ្ឋកិច្ច​របស់​ពួក​គេ​នៅ​ក្នុង​ពិភពលោក​ដែល​មាន​ទំនាក់ទំនង​កាន់តែ​ខ្លាំង​ឡើង​។​