​គេហទំព័រ​ការ​វាយតម្លៃ​ហេតុ​ប៉ះពាល់​បរិស្ថាន​ ដំបូង​គេ​នៅ​ប្រទេស​កម្ពុជា​

ប្រទេស​កម្ពុជា​មាន​គោលបំណង​ជម្រុញ​កំណើនសេដ្ឋកិច្ច​របស់​ខ្លួន​ ហើយ​ប្តេជ្ញា​ចិត្ត​យ៉ាង​ពេញលេញ​ក្នុង​ការ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព​ ដូច្នេះ​ដើម្បី​ជៀសវាង​ផល​ប៉ះពាល់​អវិជ្ជមាន​ពី​ការ​អភិវឌ្ឍ​ និង​ដើម្បី​លើកកម្ពស់​អត្ថប្រយោជន៍​យូរអង្វែង​ ដល់​ការ​ផ្លាស់​ប្តូរ​វិស័យសេដ្ឋកិច្ច​ សង្គម​ និង​បរិស្ថាន​ ការ​វាយតម្លៃ​ហេតុ​ប៉ះពាល់​បរិស្ថាន​ (EIA)​គួរ​ត្រូវ​បាន​អនុវត្ត​។​ ដោយហេតុ​ថា​ EIA​ បាន​ក្លាយជា​ឧបករណ៍​ដ៏​សំខាន់​នៃ​ការ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព​ សម្រាប់​ការ​កែ​លម្អ​សុខុមាលភាព​ និង​សមភាព​ពី​ការ​អភិវឌ្ឍ​ សាធារណជន​ត្រូវ​ចូលរួម​យ៉ាង​ពេញលេញ​ នៅ​ក្នុង​កិច្ច​ពិភាក្សា​គោលនយោបាយ​ និង​ស្វែងរក​ដំណោះស្រាយ​ផ្លូវច្បាប់​ និង​ទាមទារ​អ្វី​ ដែល​ពួក​គាត់​សម​នឹង​ទទួល​បាន​ពី​ផល​ប៉ះពាល់​នៃ​គម្រោង​អភិវឌ្ឍ​នោះ​។​ ប៉ុន្តែ​របាយការណ៍​ទាំងនេះ​មិន​ទាន់​ត្រូវ​បាន​ផ្សព្វផ្សាយ​យ៉ាង​ទូលំទូលាយ​ ដល់​សាធារណជន​នៅឡើយ​។​ ជា​ការ​ពិត​ មាន​របាយការណ៍​ EIA​ ដែល​អាច​រកបាន​ ប៉ុន្តែ​មិន​មាន​លទ្ធភាព​ទទួល​បាន​របាយការណ៍​ទាំងនេះ​ ដូច្នេះ​មាន​ន័យ​ថា​ នៅ​តែ​មើល​មិនឃើញ​នូវ​របាយការណ៍​ទាំងនោះ​ នៅ​ថ្នាក់​ជាតិ​ និង​ថ្នាក់​មូលដ្ឋាន​។​

​ក្នុង​គោលបំណង​គាំទ្រ​ការ​បង្ហាញ​ទិន្នន័យ​ជា​សាធារណៈ​ដោយ​រាជរដ្ឋាភិបាល​ អូ​ឌី​ស៊ី​បាន​សម្ពោធ​គេហទំព័រ​ EIA​ នៅ​ក្នុង​សិក្ខាសាលា​ស្តី​ពី​ការ​ផ្សព្វផ្សាយ​ការ​វាយតម្លៃ​ហេតុ​ប៉ះពាល់​បរិស្ថាន​ (EIA)​ និង​ការ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព​ នៅ​ក្នុង​ប្រទេស​កម្ពុជា​ នា​ថ្ងៃ​ទី​២៦​ ខែកុម្ភៈ​ ឆ្នាំ​២០១៩​។​ មាតិកា​ និង​មុខងារ​របស់​គេហទំព័រ​ EIA​ នៅ​លើ​គេហទំព័រ​អូ​ឌី​ស៊ី​ មាន​ព័ត៌មាន​ជាតា​រាង​ និង​របាយការណ៍​ EIA​ បែប​ឌី​ជី​ថ​ល​ រួម​ទាំង​ផែនទី​អន្តរ​កម្ម​។​ របាយការណ៍​ EIA​ នីមួយៗ​ត្រូវ​បាន​អម​ដោយ​ព័ត៌មាន​សង្ខេប​ ដែល​ធ្វើ​ឱ្យ​មាតិកា​កាន់តែ​ងាយស្រួល​ និង​មាន​ប្រយោជន៍​ដល់​សាធារណជន​ រាជរដ្ឋាភិបាល​ អង្គការ​មិនមែន​រដ្ឋាភិបាល​ ពាណិជ្ជកម្ម​ ស្ថាប័ន​សិក្សា​ និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​។​

រូបថតក្រុមជាមួយអ្នកចូលរួម និងក្រុមការងាររបស់អូឌីស៊ី។

នៅ​ក្នុង​សិក្ខាសាលា​នេះ​ លោក​ ធី​ ទ្រី​ នាយក​ប្រតិបត្តិ​នៃ​អង្គការ​ទិន្នន័យ​អំពី​ការ​អភិវឌ្ឍ​ បាន​សង្កត់ធ្ងន់​លើ​សារៈសំខាន់​នៃ​របាយការណ៍​ EIA​ នៅ​ក្នុង​ការ​សិក្សា​ស្រាវជ្រាវ​ និង​ការ​ចូលរួម​របស់​សាធារណជន​ នៅ​ក្នុង​ដំណើរការ​ត្រួតពិនិត្យ​ EIA​។​ “​វេទិកា​នេះ​នឹង​អាច​ឱ្យ​សាធារណជន​ អ្នក​សិក្សា​ស្រាវជ្រាវ​ អ្នក​បរិស្ថាន​ និង​សហគមន៍​ទទួល​បាន​ព័ត៌មាន​ និង​របាយការណ៍​សង្ខេបនៃ​របាយការណ៍​ EIA​ ក្នុង​ទម្រង់​ឌី​ជី​ថ​ល​ ហើយ​ពួក​គាត់​អាច​យក​របាយការណ៍​នេះ​ សម្រាប់​ការ​តាមដាន​គម្រោង​អភិវឌ្ឍន៍​ ដែល​អនុម័ត​ដោយ​ក្រសួង​ ដើម្បី​ពិនិត្យ​មើល​ថា​ តើ​គម្រោង​ទាំងនោះ​មាន​ផល​ប៉ះពាល់​អវិជ្ជមាន​ ដល់​ជីវភាព​រស់នៅ​របស់​ពួក​គាត់​ ឬ​បរិស្ថាន​យ៉ាងណា​។​”​ ដោយ​ផ្អែក​លើ​តម្រូវការ​ លោក​បាន​លើក​ឡើង​ពី​សារៈសំខាន់​នៃ​ទំព័រ​ព័ត៌មាន​ទិន្នន័យ​អំពី​ EIA​ របស់​អូ​ឌី​ស៊ី​ ដែល​បង្ហាញ​អំពី​របាយការណ៍​ EIA​ ពង្រាង​ ដែល​បាន​ចែករំលែក​ដោយ​រាជរដ្ឋាភិបាល​ ទៅ​អង្គការ​មិនមែន​រដ្ឋាភិបាល​ដែល​ពាក់ព័ន្ធ​។​

​វេទិកា​ Open​ Land​ Contracts​ គឺជា​គេហទំព័រ​បើក​ទូលាយ​ និង​ឥត​គិតថ្លៃ​សម្រាប់​សាធារណជន​ក្នុង​ការ​ចូល​មើល​ព័ត៌មាន​ ដែល​ទាក់ទង​នឹង​ការ​អភិវឌ្ឍ​ ពី​បណ្ដាញ​នៃ​គំនិត​ផ្ដួចផ្ដើម​ ដែល​ធ្វើការ​លើកកម្ពស់​ការ​បើក​ទូលាយ​ និង​តម្លាភាព​ ទាក់ទិន​នឹង​ការ​វិនិយោគ​ខ្នាត​ធំ​ និង​គម្រោង​អភិវឌ្ឍ​នានា​។​ ស្រ​ដៀង​គ្នា​ទៅ​នឹង​ទំព័រ​ EIA​ របស់​អូ​ឌី​ស៊ី​ដែរ​ វេទិកា​ OpenLandContracts.org​ ផ្តួចផ្តើម​ដោយ​មជ្ឈមណ្ឌល​វិនិយោគទុន​ដោយ​ចីរភាព​នៅ​ទីក្រុង​កូ​ឡុំ​ប៊ី​ (CCSI)​ បាន​ដើរតួ​នាទី​ជា​ប្រភព​នៃ​កិច្ចសន្យា​វិនិយោគ​ ដែល​អាច​រក​បានជា​សាធារណៈ​ ទាក់ទង​នឹង​ការ​វិនិយោគ​ដីធ្លី​។​ វេទិកា​នេះ​បាន​ចាប់ផ្ដើម​នៅ​ឆ្នាំ​ ២០១៥​ ហើយ​មាន​ផ្ទុក​ឯកសារ​តែ​ ៦៩​ ច្បាប់​ប៉ុណ្ណោះ​ ប៉ុន្តែ​បច្ចុប្បន្ន​នេះ​ មាន​រហូត​ទៅ​ដល់​ជាង​ ៥០០​ ច្បាប់​។​ នៅ​លើ​វេទិកា​នេះ​ មាន​បង្ហោះ​កិច្ចសន្យា​ទាំងមូល​ រួម​ជាមួយនឹង​សេចក្តីអធិប្បាយ​ខ្លី​ ឬ​សេចក្ដី​សង្ខេប​ នៃ​ខ្លឹមសារ​សំខាន់ៗ​នៃ​កិច្ចសន្យា​។​ តាម​រយៈ​វី​ដេ​អូ​ថ្លែង​សុន្ទ​កថា​គន្លឹះ​របស់​កញ្ញា​ Jesse​ Coleman​ ដែល​ជា​អ្នក​ស្រាវជ្រាវ​ផ្នែក​ច្បាប់​នៅ​ CCSI​ បាន​សាទរ​ចំពោះ​ការ​ដាក់​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នូវ​គេហទំព័រ​ EIA​ ដំបូង​គេ​នេះ​ នៅ​ក្នុង​ប្រទេស​កម្ពុជា​។​ កញ្ញា​បាន​ឆ្លុះ​បញ្ចាំង​អំពី​គោលបំណង​សំខាន់ៗ​នៃ​វេទិកា​ OpenLandContracts.org​ និង​របៀប​ដែល​វេទិកា​នេះ​ត្រូវ​បាន​ប្រើប្រាស់​ដោយ​អ្នក​ស្រាវជ្រាវ​ អ្នកតស៊ូ​មតិ​ផ្នែក​គោលនយោបាយ​ ទីប្រឹក្សា​ច្បាប់​ និង​សង្គម​ស៊ី​វិល​។​

វី​ដេ​អូ​ថ្លែង​សុន្ទ​កថា​គន្លឹះ​របស់​កញ្ញា​ Jesse​ Coleman​ ដែល​ជា​អ្នក​ស្រាវជ្រាវ​ផ្នែក​ច្បាប់​នៅមជ្ឈមណ្ឌល​វិនិយោគទុន​ដោយ​ចីរភាព​នៅ​ទីក្រុង​កូ​ឡុំ​ប៊ី​ (CCSI)​

​​ក្រៅពី​ការ​ដាក់​សម្ពោធ​គេហទំព័រ​ស្តី​ពី​ការ​វាយតម្លៃ​ហេតុ​ប៉ះពាល់​បរិស្ថាន​ (EIA)​ សិក្ខាសាលា​នេះ​ក៏​ជា​វេទិកា​មួយ​សម្រាប់​ចែករំលែក​ និង​ពិភាក្សា​លើ​ប្រធានបទ​ EIA​ និង​ការ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព​នៅ​ក្នុង​ប្រទេស​កម្ពុជា​។​ ប្រធានបទ​មួយ​ក្នុង​ចំណោម​ប្រធានបទ​ទាំងនោះ​គឺ​ “​បញ្ហា​ប្រឈម​ និង​ឱកាស​នៃ​ការ​អនុវត្ត​ EIA​ ក្នុង​វិស័យ​ឧស្សាហកម្ម​និស្សា​រណកម្ម​ និង​វិស័យ​ដីធ្លី​នៅ​កម្ពុជា​”​។​ កញ្ញា​ មុត​ ចាន់​ធានីអ្នកសម្របសម្រួល​បណ្តាញ​ EISEI​ នៃ​អង្គការ​អង្គការ​អភិវឌ្ឍន៍​ និង​ភាព​ជា​ដៃគូ​ក្នុង​សកម្មភាព​ (DPA)​ គឺជា​អ្នក​ធ្វើ​បទ​បង្ហាញ​ និង​ជា​វាគ្មិន​មួយ​រូប​។​ នៅ​ក្នុង​បទ​បង្ហាញ​របស់​កញ្ញា​ មុត​ បាន​រៀបរាប់​ពី​បទ​ពិសោធន៍​របស់​អង្គការ​ DPA​ លើ​វិស័យ​ការ​វាយតម្លៃ​ហេតុ​ប៉ះពាល់​បរិស្ថាន​ (EIA)​ នៅ​ក្នុង​ឧស្សាហកម្ម​និស្សា​រណកម្ម​នៅ​កម្ពុជា​។​ កញ្ញា​បាន​បញ្ចប់​ការ​ធ្វើ​បទ​បង្ហាញ​ដោយ​ផ្តល់​អនុសាសន៍​ជា​ច្រើន​ ដើម្បី​កែ​លម្អ​ការ​អនុវត្ត​ EIA​ នៅ​ក្នុង​វិស័យ​ឧស្សាហកម្ម​និស្សា​រណកម្ម​នៅ​កម្ពុជា​ ហើយ​មួយ​ក្នុង​នោះ​បាន​ជម្រុញ​ឱ្យ​រាជរដ្ឋាភិបាល​ដាក់​បង្ហាញ​រាល់​របាយការណ៍​ EIA​ ផ្សព្វផ្សាយ​ព័ត៌មាន​យ៉ាង​ទូលំទូលាយ​ និង​ចូលរួម​ជាមួយ​សាធារណជន​។​ “​រយៈពេល​ខ្លី​ និង​តម្លាភាព​នៃ​ព័ត៌មាន​អាច​ត្រូវ​បាន​ដោះស្រាយ​ តាម​រយៈ​ការ​បង្កើត​គេហទំព័រ​ EIA​ ជា​ផ្លូវការ​ ការ​បង្កើន​ព័ត៌មាន​ដែល​ទាក់ទង​នឹង​បរិស្ថាន​ និង​រៀបចំ​វេទិកាសាធារណៈ​ជាមួយ​ពហុ​អ្នក​ពាក់ព័ន្ធ​។​”

​បន្ថែម​លើ​បទ​បង្ហាញ​របស់​កញ្ញា​ មុត​ ស្តី​ពី​ការ​ដាក់​បង្ហាញ​ និង​ការ​ចែកចាយ​របាយការណ៍​ EIA​ លោក​ សី​ ពៅ​ ដែល​ជា​អ្នកសម្របសម្រួល​បណ្តាញ​ NECA​ នៃ​វេទិកា​នៃ​អង្គការ​មិនមែន​រដ្ឋាភិបាល​ស្ដី​ពី​កម្ពុជា​ បាន​លើក​ឡើង​ពី​ការ​ព្រួយបារម្ភ​របស់​គាត់​ចំពោះ​ការ​អនុវត្ត​ជាក់ស្តែង​ និង​របៀប​ធ្វើ​ឱ្យ​ប្រាកដ​ថា​ការ​អនុវត្ត​នោះ​ បាន​អនុវត្ត​តាម​បទដ្ឋាន​ស្ដង់ដារ​ EIA​ ។​ វេទិកា​អង្គការ​មិនមែន​រដ្ឋាភិបាល​ស្ដី​ពី​កម្ពុជា​ទទួល​បាន​របាយការណ៍​ពង្រាង​ EIA​ ត្រឹមតែ​ ៤០០​ ក្បាល​ប៉ុណ្ណោះ​ ដើម្បី​ពិនិត្យ​ និង​ផ្តល់​យោបល់​។​ លោក​បាន​សង្កត់ធ្ងន់​ថា​ ចំនួន​នេះ​ហាក់ដូចជា​ច្រើន​ណាស់​ ប៉ុន្តែ​វា​មិន​ច្រើន​ទេ​ បើ​ប្រៀបធៀប​ទៅ​នឹង​ចំនួន​ពិតប្រាកដ​នៃ​គម្រោង​ដែល​កំពុង​អនុវត្ត​។​ លើស​ពី​នេះ​ទៀត​ គាត់​ក៏​បាន​លើក​ឡើង​ផង​ដែរ​នូវ​បញ្ហា​មួយ​ ក្នុង​ចំណោម​បញ្ហា​ចម្បងៗ​ គឺ​ការ​ត្រួតពិនិត្យ​ប្រសិទ្ធភាព​នៃ​អនុសាសន៍​ទាក់ទង​នឹង​ EIA​ របស់​អង្គការ​មិនមែន​រដ្ឋាភិបាល​ លើ​ផែនការ​គ្រប់គ្រង​បរិស្ថាន​ (EMP)​ ពីព្រោះ​របាយការណ៍​EIA​ ចុង​ក្រោយ​មិន​ត្រូវ​បាន​ចែករំលែក​ដោយ​ក្រសួងបរិស្ថាន​ឡើយ​។​ លោក​បាន​ជម្រុញ​ឱ្យ​គ្រប់​ភាគី​ពាក់ព័ន្ធ​ទាំងអស់​ចូលរួម​ក្នុង​ការ​ត្រួតពិនិត្យ​របាយការណ៍​ EIA​។​ លោក​ ពៅ​ បាន​មាន​លើក​ឡើង​ថា​ “​វា​មាន​សារៈសំខាន់​ណាស់​ដែល​គ្រប់​ភាគី​ពាក់ព័ន្ធ​ ជា​ពិសេស​សហគមន៍​ដែល​រង​ផល​ប៉ះពាល់​ ចូលរួម​នៅ​ក្នុង​ការ​ត្រួតពិនិត្យ​ថា​តើ​ក្រុមហ៊ុន​ទាំងនោះ​គោរព​តាម​អ្វី​ដែល​ត្រូវ​បាន​រាយការណ៍​ នៅ​ក្នុង​របាយការណ៍​ EIA​ ឬ​អត់​”​។​

​នៅ​ក្នុង​សិក្ខាសាលា​នេះ​ មាន​អ្នកចូលរួម​សរុប​ចំនួន​ ៣០​ នាក់​ ដែល​មក​ពី​អង្គការ​មិនមែន​រដ្ឋាភិបាល​អន្តរជាតិ​ និង​ក្នុងស្រុក​ វិស័យ​ឯកជន​ ក៏​ដូច​ជា​និស្សិត​សាកលវិទ្យាល័យ​ និង​អ្នក​សារព័ត៌មាន​ ដែល​ធ្វើការ​ការ​ពាក់ព័ន្ធ​នឹង​ EIA​ ។​ មានការ​ផ្ដល់​មតិយោបល់​ជា​ច្រើន​ពី​ភាគី​ពាក់ព័ន្ធ​ ទៅ​លើ​ទំព័រ​ EIA​ របស់​អូ​ឌី​ស៊ី​ផង​ដែរ​។​ ដោយ​មាន​មតិយោបល់​ និង​បញ្ហា​លំបាក​បាន​លើក​ឡើង​ និង​យក​មក​ពិភាក្សា​នៅ​ក្នុង​កិច្ច​ពិភាក្សា​ ទំព័រ​ EIA​ របស់​អូ​ឌី​ស៊ី​ អាច​ជា​ចំណុច​ចាប់ផ្តើម​សម្រាប់​ការ​បើក​ទូលាយ​នូវ​របាយការណ៍​ EIA​ នៅ​ក្នុង​ប្រទេស​កម្ពុជា​។​ បច្ចុប្បន្ន​នេះ​មាន​របាយការណ៍​ការ​វាយតម្លៃ​ហេតុ​ប៉ះពាល់​បរិស្ថាន​ (EIA)​ ពង្រាង​ ចំនួន​ ១០​ ក្បាល​ ត្រូវ​បាន​បោះពុម្ពផ្សាយ​នៅ​លើ​គេហទំព័រ​របស់​អូ​ឌី​ស៊ី​។​ អង្គការ​អូ​ឌី​ស៊ី​ក៏​បាន​អំពាវនាវ​ផង​ដែរ​ ចំពោះ​ការ​ចូលរួម​ចែករំលែក​នូវ​របាយការណ៍​ EIA​ ពី​សាធារណៈជន​ទាំង​សេចក្តី​ព្រាង​ និង​របាយការណ៍​ចុង​ក្រោយ​ សម្រាប់​ដាក់​ផ្សាយ​នៅ​លើ​គេហទំព័រ​របស់​អូ​ឌី​ស៊ី​។​

ការពិភាក្សាអំពីបញ្ហាប្រឈម និងឱកាសនានានៃការអនុវត្តការវាយតម្លៃហេតុប៉ះពាល់បរិស្ថាន (EIA) នៅក្នុងឧស្សាហកម្មនិស្សារណកម្ម និងវិស័យដីធ្លីនៅកម្ពុជា។

​តើ​ការ​វាយតម្លៃ​ហេតុ​ប៉ះពាល់​បរិស្ថាន​ (EIA)​ គឺជា​អ្វី​?

​ការ​វាយតម្លៃ​ហេតុ​ប៉ះពាល់​បរិស្ថាន​ (EIA)​ គឺជា​ឧបករណ៍​វិភាគ​ដ៏​ជាក់លាក់​មួយ​ ដែល​វាយតម្លៃ​លើ​ផល​ប៉ះពាល់​សំខាន់ៗ​នៃ​គម្រោង​អភិវឌ្ឍន៍​ធំៗ​ ដែល​បាន​ស្នើ​សុំ​ ដែល​ជា​រឿយៗ​ពាក់ព័ន្ធ​នឹង​ការ​ទាញ​យក​ធនធានធម្មជាតិ​ ឫ​ការ​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​ជាដើម​។​ របាយការណ៍​ EIA​ តំណាង​ឱ្យ​ឧបករណ៍​សំខាន់​មួយ​នេះ​ ដែល​បង្ហាញ​ពី​អត្ថប្រយោជន៍​វិជ្ជមាន​នៃ​ការ​អភិវឌ្ឍ​ ក៏​ដូច​ជា​ផល​ប៉ះពាល់​អវិជ្ជមាន​ទំហំ​ធំ​ដែល​ទាក់ទង​នឹង​បរិស្ថាន​រួម​មាន​ ធម្មជាតិ​ សេដ្ឋកិច្ច​ និង​សង្គម​នៃ​ជីវិត​។​ EIA​ ត្រូវ​បាន​តម្រូវ​ដោយ​ច្បាប់​ សម្រាប់​គម្រោង​អភិវឌ្ឍន៍​ធំៗ​ ជា​ច្រើន​នៅ​ក្នុង​ប្រទេស​កម្ពុជា​ ហើយ​វា​ត្រូវ​បាន​ពង្រឹង​ដោយ​ច្បាប់​ស្តី​ពី​ EIA​ និង​គោលការណ៍​ណែនាំ​អនុវត្តន៍​ល្អ​បំផុត​ ដើម្បី​ធានា​នូវ​តម្រូវការ​សម្រាប់​ការពិគ្រោះ​យោបល់​ជា​សាធារណៈ​ និង​ការ​ចូលរួម​។​