ការ​ផ្ទៀងផ្ទាត់​​នៅ​​​មណ្ឌល​​បាត់​ដំបង៖​ខុស​​តួលេខ​​តែ​​១​​សន្លឹកឆ្នោត​​ប៉ុណ្ណោះ​​សម្រាប់​​គណបក្ស​​ធំៗ​​ទាំង២ ​

ការពិនិត្យ​ផ្ទៀងផ្ទាត់​កញ្ចប់​ សុវត្ថិភាព”ក” នៅ ៨ ការិយាល័យ នៅ​ខេត្តបាត់ដំបង បាន​ចំណាយពេល​ប្រហែល ២ ម៉ោង​ប៉ុណ្ណោះ។ ការពិនិត្យ​ផ្ទៀងផ្ទាត់​កញ្ចប់​សុវត្ថិភាព”ក” នៅ​ព្រឹក​ថ្ងៃ​ពុធ​នេះ ដូច​នីតិវិធី​ពិនិត្យ​ផ្ទៀងផ្ទាត់​កញ្ចប់​សុវត្ថិភាព​បោះឆ្នោត​លើក​មុន គឺ​ការពិនិត្យ​ផ្ទៀងផ្ទាត់​សំឡេងឆ្នោត​នោះ ត្រូវបាន​បើក​ធ្វើ​ជា​សាធារណៈ។ តំណាង​ក្រុមប្រឹក្សាធម្មនុញ្ញ ៣ រូប បាន​អញ្ជើញ​ចូលរួម ព្រមទាំង​តំណាង​គ.ជ.ប តំណាង​គណបក្ស​នយោបាយ និង​អ្នកកាសែត បាន​ពិនិត្យ​ផ្ទៀងផ្ទាត់​ការកត់ត្រា​សំឡេងឆ្នោត តាម​ទម្រង់ ១១០២ ១១០៨ និង​ផ្ទាំង​ក្រដាស​ធំ។ ជា​លទ្ធផល ទូទាំង ៨ ការិយាល័យ​នោះ មានការ​ស្រង់ លើស​សំឡេងឆ្នោត​របស់​គណបក្ស​ប្រជាជន​កម្ពុជា ចំនួន ១ សំឡេង។ រីឯ​គណបក្ស​សង្គ្រោះ​ជាតិ ក៏​ត្រូវគេ​ស្រង់​សំឡេង​លើស ១ សំឡេង​ដែរ។

បន្ទាប់ពី​រុករក​កញ្ចប់​សុវត្ថិភាព​”ក” អស់​ពេល​ជាង ១ ម៉ោង ចាប់ពី​ម៉ោង ៨ ព្រឹក​មិញ ក្រុមការងារ​របស់គ.ជ.ប បាន​បើក​កញ្ចប់​សុវត្ថិភាព​”ក” នៅ ៨ ការិយាល័យ​បោះឆ្នោត ក្នុង​ក្រុង​បាត់ដំបង ខេត្តបាត់ដំបង ដើម្បី​ពិនិត្យ​ផ្ទៀងផ្ទាត់ ការកត់ត្រា​តួលេខ​សំឡេងឆ្នោត​របស់​គណបក្ស​នយោបាយ​ទាំង​៨ ឡើងវិញ។ លទ្ធផល​ពិនិត្យ​ផ្ទៀងផ្ទាត់​នោះ​បានត្រូវ​ប្រកាស នៅ​ចំពោះមុខ​​តំណាង​គណបក្សនយោបាយ សមាជិក​ក្រុមប្រឹក្សាធម្មនុញ្ញ ៣ រូប តំណាង​អ្នកសង្កេតការណ៍ និង​ក្រុមអ្នកកាសែត។ ក្នុង​ការិយាល័យ​បោះឆ្នោត​ទាំង ៨ នោះ មាន ២ ការិយាល័យ ដែល​ទម្រង់ ១១០៨ ជាតា​រាង​កត់ត្រា​សំឡេងឆ្នោត តាម​ការិយាល័យ​បោះឆ្នោត និង​រាប់​សន្លឹកឆ្នោត មិនមាន​សរសេរ​ទិន្នន័យ។ ក្នុងនោះ ក៏មាន​តែ ២ ការិយាល័យ​បោះឆ្នោត​ដែរ ដែល​ការចំលង​តួលេខ​សំឡេងឆ្នោត​ខុសគ្នា។ ទី១ នៅ​ការិយាល័យ​បោះឆ្នោត​លេខ ០១៨៨ គឺ​សំឡេង​គណបក្ស​ប្រជាជន​កម្ពុជា ទទួល​បានតែ ១៥៤ តែ​ក្នុង​ទម្រង់ ១១០៨ ត្រូវបាន​គេ​ដាក់ថា ១៥៥។ ចំណែក​នៅ​ការិយាល័យ​បោះឆ្នោត លេខ ០២០៤ គឺ​គណបក្ស​សង្គ្រោះ​ជាតិ ទទួលបាន​សំឡេង​ត្រឹមតែ ២៧៤ តែ​ត្រូវបាន​គេ​ចំលង​ដាក់​ក្នុង​ទម្រង់ ១១០២ ដល់​ទៅ ២៧៥ សំឡេង។…

http://www.khmer.rfi.fr/Battambang-election-result-verified