កូនប្រុសលោកហ៊ុន សែន និងលោក ស ខេង ជាប់ជាសមាជិកសភាក្មេងជាងគេ
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានធ្វើបញ្ជីឈ្មោះលំដាប់អាយុនៃតំណាងរាស្ត្រជាប់ឆ្នោតទាំង ១២៣រូប ហើយដែលគេឃើញថា លោកហ៊ុន ម៉ានី កូនប្រុសលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងលោកស សុខា កូនប្រុសលោកឧបនាយករដ្ឋមន្ត្រី ស ខេង គឺជាសមាជិកសភាដែលមានវ័យក្មេងជាងគេ។ យោងតាមបញ្ជីលំដាប់អាយុតំណាងរាស្ត្រនីតិកាលទី៥ ដែលមានវ័យចំណាស់ ជាងគេ ក៏មកពីគណបក្សប្រជាជនកម្ពុជាដែរ គឺលោកហេង សំរិន អាយុ៧៩ឆ្នាំ និងលោកគាត ឈន់ ដែលមានអាយុ៧៨ឆ្នាំ។
នៅក្នុងនីតិកាល ទី៥នេះ បេក្ខជនជាប់ឆ្នោតជាតំណាងរាស្ត្រដែលមានវ័យក្មេងជាងគេ និងចាស់ជាងគេ សុទ្ធតែមកពីគណបក្សប្រជាជនកម្ពុជា។ នេះបើយោងតាមបញ្ជីឈ្មោះសមាជិករដ្ឋសភា គិតតាមលំដាប់អាយុពី ខ្ពស់ទៅទាប ដែលត្រូវបានផ្សព្វផ្សាយដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ។ បញ្ជីឈ្មោះនេះបង្ហាញថា លោក ហ៊ុន ម៉ានី ដែលជាកូនប្រុសរបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែន ហើយដែលបានជាប់ឆ្នោតជាតំណាងរាស្ត្រមណ្ឌលកំពង់ស្ពឺ និងលោកស សុខា កូនប្រុសរបស់លោកឧបនាយករដ្ឋមន្ត្រី ស ខេង ដែលជាប់ឆ្នោតក្នុងមណ្ឌលព្រៃវែង មានអាយុ៣២ឆ្នាំ។ ចំណែកឯ សមាជិកសភាដែលមានអាយុច្រើនបន្ទាប់ពីលោក ហ៊ុន ម៉ានី និងលោក ស សុខា គឺជាតំណាងរាស្ត្ររបស់គណបក្សសង្គ្រោះជាតិ នោះគឺលោក កង គឹមហាក់ អាយុ៣៣ឆ្នាំ តំណាងរាស្ត្រមណ្ឌលខេត្តកំពង់ចាម និងលោក អ៊ុំ សំអាន អាយុ៣៧ឆ្នាំ តំណាងរាស្ត្រមណ្ឌលខេត្តសៀមរាប។… លាង ដឺលុច
http://www.khmer.rfi.fr/Fils-de-HunSen-SarKheng-lesplus-jeunes-des-deputes