គណបក្ស​សង្គ្រោះ​ជាតិ​ទាមទារ​តំណែង​ប្រធាន​រដ្ឋសភា

លោក​សម ​រង្ស៊ី ​ប្រធាន​គណ​បក្ស​​សង្គ្រោះ​ជាតិបាន​ប្រាប់​វិទ្យុ​បារាំង​អន្តរជាតិ​ នៅ​ថ្ងៃនេះ​ថា ​ដើម្បី​ឲ្យ​មាន​តុល្យភាព​អំណាច​​ ទាល់​តែគណ​បក្ស​សង្គ្រោះ​ជាតិ​ទទួល​បាន​ តំណែង​ប្រធាន​រដ្ឋសភា​​ដើម្បី​ដឹក​នាំ​ស្ថាប័ន​​នេះ។​ លោក​សម ​រង្ស៊ី ​បញ្ជាក់​ថា ​បើការ​ទាម​ទារ​​នេះ​​មិន​បាន​ផល​ទេ ​គណបក្ស​សង្គ្រោះ​ជាតិ​នឹង​ធ្វើ​កូដកម្ម​ទូទាំង​ប្រទេស​ នៅ​ថ្ងៃ​ទី៦​តុលា​ នេះ។​ ប៉ុន្តែ​ លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន ​សែន ​បាន​ប្រកាស​រួច​ហើយ​ថា ​គេមិន​អាច​​ប្រគល់​​តំណែង​ប្រធាន​សភា​ទៅឲ្យ​គណបក្ស​ដែលមាន​សំឡេង​ភាគ​តិច​ ឡើយ។ ​

ការទាមទារ​តំណែង​ប្រធាន​រដ្ឋសភា​ពី​សំណាក់​គណបក្ស​សង្គ្រោះ​ជាតិ​  គ្មានអ្វី​ជា​អាថ៌កំបាំង​ទៀត​ឡើយ។ លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ បាន​ប្រាប់​វិទ្យុ​បារាំង​អន្តរជាតិ​នៅ​ថ្ងៃ​ សៅរ៍​នេះ​ថា ការប្រគល់​តំណែង​អនុប្រធាន​សភា​មួយ ប្រធាន​គណៈកម្មការ៤ និង​អនុប្រធាន​គណៈកម្មការ​៥ ដូច​ដែល​គណបក្ស​ប្រជាជន​កម្ពុជា​អះអាង​នោះ ​មិន​គ្រប់គ្រាន់​ទេ តែ​ទាល់តែ​គណបក្ស​សង្គ្រោះ​ជាតិ​ទទួល​បាន​តំណែង​ប្រធាន​រដ្ឋសភា និង​តួនាទី​ភាគច្រើន​ក្នុង​គណៈអចិន្ត្រៃយ៍​​ទើប​មាន​តុល្យភាព។ លោក​សម រង្ស៊ី ​បាន​សង្កត់ធ្ងន់​ទៀត​ថា ប្រសិន​បើ​គណបក្ស​ប្រជាជន​ជា​អ្នកគ្រប់គ្រង​រដ្ឋាភិបាល​ផង គ្រប់​គ្រង​សភា​ផង និង​ប្រព័ន្ធ​តុលាការ​ផង​ដូច​មុន​ដដែល​នោះ គណបក្ស​សង្គ្រោះ​ជាតិ​នឹងមិន​ចូល​ប្រថាប់ត្រា​ឲ្យ​គណបក្ស​នេះ​ទៀត​ឡើយ។ ប៉ុន្តែ គណបក្ស​ប្រជាជន​កម្ពុជា​បាន​បញ្ជាក់​ជំហរ​រួចហើយ​ថា ខ្លួន​មិនអាច​ប្រគល់​តំណែង​ប្រធាន​សភា​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ទេ។…

ប៉ែន បូណា
http://www.khmer.rfi.fr/Opposition-reclame-poste-de-president-de-l-Assemblee