គ.ជ.ប​ បើក​កញ្ចប់​សុវត្ថិភាព​ផ្ទៀងផ្ទាត់​លទ្ធផល​ឆ្នោត​នៅ​ក្រចេះ

គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត (គ.ជ.ប) បើក​កញ្ចប់​សុវត្ថិភាព “ក” ចំនួន ១៣ នៃ​ការិយាល័យ​បោះ​ឆ្នោត​ក្នុង​ឃុំ​មួយ​នៅ​ខេត្ត​ក្រចេះ បង្ហាញ​ឲ្យ​ឃើញ​ថា កញ្ចប់​ទាំង ១៣ នោះ ពោរពេញ​ដោយ​ភាព​មិន​ប្រក្រតី។ ការ​បើក​កញ្ចប់​សុវត្ថិភាព “ក”នេះ ជា​ការ​អង្កេត​បឋម​របស់​ក្រុមប្រឹក្សា​ធម្មនុញ្ញ​ដែល​ធ្វើ​ឡើង​តាម​ពាក្យ​ បណ្ដឹង​របស់​គណបក្ស​សង្គ្រោះ​ជាតិ។ កញ្ចប់​សុវត្ថិភាព “ក” ចំនួន ១៣​កញ្ចប់ យក​មក​ពី​ការិយាល័យ​បោះ​ឆ្នោត​ចំនួន ១៣ នៅ​ក្នុង​ឃុំ​ស្វាយជ្រះ នៅ​ខេត្ត​ក្រចេះ ដែល​ក្រុមប្រឹក្សា​ធម្មនុញ្ញ​បញ្ជា​ឲ្យ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ ឆ្នោត​បើក​ចំហ​ជា​សាធារណៈ​នៅ​ថ្ងៃ​ទី​២៥ ខែ​សីហា បាន​បង្ហាញ​ថា កញ្ចប់​សុវត្ថិភាព​ចំនួន ៨ ក្នុង​ចំណោម ១៣ ជា​កញ្ចប់​ដែល​ចំហ​មាត់​ស្រាប់ មិន​មាន​សុវត្ថិភាព​ឡើយ។ បន្ទាប់​ពី​ការ​ត្រួត​ពិនិត្យ​កញ្ចប់​សុវត្ថិភាព “ក” ទាំង ១៣ នោះ គេ​រក​ឃើញ​ថា ចំនួន​សន្លឹក​ឆ្នោត​មិន​បាន​ការ​ត្រូវ​បាន​បាត់។ សន្លឹក​ឆ្នោត​មិន​បាន​ការ​ដែល​បាត់​នោះ ត្រូវ​បាន​ចំណេញ​ទៅ​គណបក្ស​តូចៗ​ផ្សេងៗ​ទៀត ដែល​ខុស​ពី​លទ្ធផល​បឋម ដែល​ការិយាល័យ​បោះ​ឆ្នោត​ទាំង ១៣ ប្រកាស​កាល​ពី​ថ្ងៃ​បោះ​ឆ្នោត។ ក្រៅ​ពី​នេះ ក៏​មាន​ករណី​បំពេញ​សំណុំ​ឯកសារ​មិន​គ្រប់​ទម្រង់ ការ​ខុស​គ្នា​រវាង​ទិន្នន័យ​លើ​តារាង​រាប់​សន្លឹក​ឆ្នោត ភាព​ខុស​គ្នា​រវាង​ទិន្នន័យ​សន្លឹក​ឆ្នោត​បាន​ការ និង​មិន​បាន​ការ​ប្រើប្រាស់​ប៊ិច​ពីរ​ពណ៌​សរសេរ​លើ​តារាង​កត់​លទ្ធផល​បោះ​ ឆ្នោត និង​បញ្ហា​មួយ​ចំនួន​ទៀត។ តំណាង​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ចូល​រួម​ពិនិត្យ​មើល​កញ្ចប់​សុវត្ថិភាព លោក គូយ ប៊ុនរឿន មាន​ប្រសាសន៍​ក្រោយ​ពេល​បើក​កញ្ចប់​សុវត្ថិភាព “ក” ថា ខេត្ត​ក្រចេះ ជា​ខេត្ត​ពិសេស​ជាង​គេ ដែល​ជា​ខេត្ត​ប្រកួត​ប្រជែង ហើយ​សំឡេង​ឆ្នោត​របស់​គណបក្ស​កាន់​អំណាច និង​បក្ស​ប្រឆាំង​ប្រដំប្រសងគ្នា​ទៀត​ផង។ លោក​បន្ត​ថា ភាព​មិន​ប្រក្រតី​ទាំង​នេះ អាច​ប៉ះពាល់​ដល់​ការ​បែង​ចែក​អាសនៈ​សភា​នៅ​ខេត្ត​នេះ និង​បញ្ជាក់​ថា សមាជិក​គណៈកម្មការ​រៀបចំ​ការ​បោះ​ឆ្នោត​ខេត្ត​ក្រចេះ អាច​ជាប់​សង្ស័យ​ថា បាន​បន្លំ​ទិន្នន័យ​ទាក់ទង​នឹង​ដំណើរ​ការ​បោះ​ឆ្នោត។ លោក​បញ្ជាក់​ថា គណបក្ស​សង្គ្រោះ​ជាតិ សង្ឃឹម​ថា ក្រុមប្រឹក្សា​ធម្មនុញ្ញ​នឹង​សម្រេច​រឿង​នេះ​ដោយ​យុត្តិធម៌។…

http://www.rfa.org/khmer/news/politics/nec-08242013223250.html