បក្ស​កាន់​អំណាច​ចេញ​យុទ្ធសាស្ត្រ​៥​ចំណុច​កែ​ទម្រង់​ការ​បោះ​ឆ្នោត

បច្ចុប្បន្ន​នេះ គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ កំពុង​ខ្វែង​គំនិត​គ្នា​ក្នុង​ការ​បែង​ចែក​តួនាទី​គ្រប់គ្រង​សភា។ គណបក្ស​ប្រឆាំង​មិន​ព្រម​ចូល​រួម​កិច្ច​ប្រជុំ​សភា​ជា​លើក​ដំបូង និង​ប្រកាស​ធ្វើ​មហា​បាតុកម្ម នៅ​ថ្ងៃ​ទី​២៣ ខែ​តុលា ខាង​មុខ។ ប៉ុន្តែ បក្ស​កាន់​អំណាច​បែរ​ជា​មិន​អើពើ​ទេ ដោយ​សម្រេច​ប្រជុំ​សភា និង​ជ្រើស​រើស​គណៈ​រដ្ឋមន្ត្រី​តែ​ឯក​បក្ស។ នៅ​ពេល​ដែល​ស្ថានការណ៍​នយោបាយ​មិន​ទាន់​នឹងន​នៅ​ឡើយ បក្ស​ប្រជាជន​កម្ពុជា កាល​ពី​ថ្ងៃ​ទី​១៤ ខែ​តុលា បាន​ចេញ​សេចក្តី​ថ្លែងការណ៍​ប្រកាស​ឲ្យ​មតិ​ជាតិ អន្តរជាតិ គាំទ្រ​យន្តការ​កំណែ​ទម្រង់​ការ​បោះ​ឆ្នោត ដើម្បី​ធានា​ឲ្យ​មាន​ការ​បោះ​ឆ្នោត​ដោយ​សេរី និង​យុត្តិធម៌។ គណបក្ស​ប្រជាជន​កម្ពុជា នៅ​ថ្ងៃ​ទី​១៤ ខែ​តុលា បាន​ដាក់​ចេញ​យុទ្ធសាស្ត្រ ៥​ចំណុច ដើម្បី​ធ្វើ​ការ​កែ​ទម្រង់​ការ​បោះ​ឆ្នោត ក្នុង​បំណង​ធានា​ឲ្យ​មាន​ការ​បោះ​ឆ្នោត​តាម​បែប​លទ្ធិប្រជាធិបតេយ្យ និង​សំដៅ​ពង្រឹង​ការ​គោរព​ច្បាប់។ ចំណុច​ទាំង​នោះ រួម​មាន ទី​១ ស្នើ​ធ្វើ​វិសោធនកម្ម​ច្បាប់ និង​នីតិវិធី​ទាំង​ឡាយ​ដែល​ពាក់ព័ន្ធ និង​ការ​បោះ​ឆ្នោត ជាអាទិ៍​ច្បាប់​ស្ដីពី​ការ​បោះ​ឆ្នោត ច្បាប់​ស្ដីពី​គណបក្ស​នយោបាយ​បទ​បញ្ជា និង​នីតិវិធី​នៃ​ការ​បោះ​ឆ្នោត។ ទី​២ ស្នើ​បង្កើត​ច្បាប់​បន្ថែម​ទៀត ដើម្បី​ធានា​ឲ្យ​មាន​ការ​លើក​កម្ពស់ សុចរិត​ភាព និង​តម្លាភាព​នៃ​ការ​បោះ​ឆ្នោត ដូច​ជា​ស្នើ​សេចក្តី​ព្រាង​ច្បាប់​ស្ដីពី​ហិរញ្ញវត្ថុ​គណបក្ស​នយោបាយ និង​លិខិត​បទដ្ឋាន​មួយ​ចំនួន​ទៀត។ ទី​៣ គណបក្ស​កាន់​អំណាច​ប្រកាស​បើក​ចំហ និង​ទទួល​យក​នូវ​អនុសាសន៍​គ្រប់​មជ្ឈដ្ឋាន ទាក់ទង​នឹង​ការ​បោះ​ឆ្នោត។ ទី​៤ បង្កើត​យន្តការ​សិក្សា​ស្រាវជ្រាវ ស្រប​តាម​គោលការណ៍​ប្រជាធិបតេយ្យ សេរី ត្រឹមត្រូវ និង​យុត្តិធម៌។ ទី​៥ ក្របខ័ណ្ឌ​កំណែ​ទម្រង់​នេះ ត្រូវ​អនុវត្ត​ដោយ​រាជ​រដ្ឋាភិបាល និង​រដ្ឋសភា។ គណបក្ស​កាន់​អំណាច​ថែម​ទាំង​បាន​អំពាវនាវ​ចំពោះ​សហគមន៍​ជាតិ និង​អន្តរជាតិ ឲ្យ​គាំទ្រ​ដំណើរ​ការ​ប្រជាធិបតេយ្យ សេរី ពហុបក្ស និង​នីតិរដ្ឋ ដែល​រួម​ចំណែក​ដល់​ការ​បង្រួប​បង្រួម​ជាតិ។…

វណ្ណ វិចារ
http://www.rfa.org/khmer/news/politics/cpp-issue-statement-to-reform-election-system-10152013091615.html