មជ្ឈមណ្ឌលសិទ្ធិមនុស្សបារម្ភពីអាជ្ញាធរបង្ខំឲ្យពលរដ្ឋផ្តិតមេដៃគាំទ្រលទ្ធផលបោះឆ្នោត
មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា កំពុងព្រួយបារម្ភពីបញ្ហាដែលអាជ្ញាធរមូលដ្ឋាន បានបង្ខិតបង្ខំប្រជាជន អោយចុះហត្ថលេខាគាំទ្រលទ្ធផលបោះឆ្នោតបណ្តោះអាសន្នដែលបានប្រកាសដោយគ.ជ.ប កាលពីថ្ងៃទី១២ សីហា។ យ៉ាងណាក៏ដោយ មន្ត្រីរដ្ឋាភិបាល លោក ផៃ ស៊ីផាន ហាក់មិនជឿថា ប្រជាជនកម្ពុជាសមយ័នេះមានការខ្លាចរអារនឹងអាជ្ញាធរតំបន់នោះទេ។ មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា បានអោយដឹងតាមរយៈសេចក្តីថ្លែងការណ៍កាលពីថ្ងៃទី១៩ សីហាថា ខ្លួនបានទទួលរបាយការណ៍ដ៏គួរអោយព្រួយបារម្ភពីប្រជាពលរដ្ឋ នៅសង្កាត់ ទឹកល្អក់១ ក្នុងរាជធានីភ្នំពេញ ដែលទទួលគំនាបពីអាជ្ញាធរក្នុងការចុះហត្ថលេខាលើញត្តិគាំទ្រលទ្ធផល បោះឆ្នោត ។ សេចក្តីថ្លែងការនោះ បានអោយដឹងថា នៅសង្កាត់ទឹកល្អក់ទី១ អាជ្ញាធរបានធ្វើញត្តិដែល មានន័យគាំទ្រលទ្ធផលបោះឆ្នោតដែលប្រកាសដោយ គ.ជ.ប កាលពីថ្ងៃទី១២ សីហា។ ញត្តិនោះក៏មានន័យប្រឆាំងនឹងអ្នកនយោបាយ ដែលអំពាវនាវអោយមានមហាបាតុកម្មប្រឆាំងលទ្ធផលបោះឆ្នោតផងដែរ។ ដោយការបង្ខំរបស់អាជ្ញាធរ ប្រជាជនមួយចំនួនក្នុងសង្កាត់ទឹកល្អក់ បានបង្ខំចិត្តចុះហត្ថលេខាលើ ញត្តិនោះ ដោយខ្លាចថា ប្រសិនបើពួកគាត់មិនព្រមចុះហត្ថលេខាគាំទ្រញត្តិនោះទេ គ្រួសាររបស់ពួកគាត់អាចនឹងប្រឈមនឹងគ្រោះថ្នាក់។ ទង្វើបែបនេះ ធ្វើអោយមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាបានថ្កោលទោសថា វាពុំស្របតាមគោលការណ៍បោះឆ្នោតដោយសេរី និង យុត្តិធម៌ និងសេរីភាពនៃការបញ្ចេញមតិនោះទេ។…
http://www.khmer.rfi.fr/cchr-issue-over-athority-focre-people