វិទ្យុអេ.ប៊ី.ស៊ីបញ្ឈប់ការផ្សាយព័ត៌មានបណ្ដោះអាសន្ន
ស្ថានីយវិទ្យុ អេ.ប៊ី.ស៊ី អេហ្វ.អឹម ១០៧.៥ (ABC FM 107.5MHz) ដែលបានផ្សព្វផ្សាយថានឹងមានរដ្ឋប្រហារយោធាកើតឡើង ប្រសិនបើគណបក្សសង្គ្រោះជាតិ ឈ្នះឆ្នោតដឹកនាំប្រទេស បានសម្រេចផ្អាកកម្មវិធីទទួលទូរស័ព្ទស្ដីពីព័ត៌មានទាន់ហេតុការណ៍ ដូចសព្វដង ក្រោយពីមានការព្រមានពីគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ឲ្យបញ្ឈប់រាល់ការផ្សាយព័ត៌មានដែលមានចរិតញុះញង់បំភិតបំភ័យអ្នក បោះឆ្នោត។ មន្ត្រីអង្គការសង្គមស៊ីវិល ឃ្លាំមើលការបោះឆ្នោត ទទូចសុំឲ្យមន្ត្រីយោធាកម្ពុជា បង្ហាញជំហរសន្តិភាព និងសុវត្ថិភាពគ្មានហិង្សា និងរដ្ឋប្រហារនៅក្រោយការបោះឆ្នោត។ មួយថ្ងៃបន្ទាប់ពីមានការព្រមានពីគណៈកម្មាធិការជាតិរៀបចំការ បោះឆ្នោត (គ.ជ.ប) លោក សេង ប៊ុនវ៉េង ដែលមានរហ័សនាម អាចារ្យ អេ ក្នុងស្ថានីយវិទ្យុ អេ.ប៊ី.ស៊ី អេហ្វ.អឹម ១០៧.៥ សម្រេចបិទការទទួលហៅទូរស័ព្ទចូលរួមក្នុងកម្មវិធីព័ត៌មានទាន់ ហេតុការណ៍ដូចសព្វមួយដង និងជំនួសមកវិញនូវការចាក់ផ្សាយបទចម្រៀង និងឃោសនាពាណិជ្ជកម្ម។ លេខារបស់នាយិកាស្ថានីយវិទ្យុ អេ.ប៊ី.ស៊ី បដិសេធមិនប្រាប់ឈ្មោះ បញ្ជាក់ថា កាលពីថ្ងៃទី២៥ ខែកក្កដា ក្នុងកម្មវិធីរបស់ អាចារ្យ អេ ដែលមានរយៈពេល ៣ម៉ោង ពីម៉ោង ៦ ដល់ម៉ោង ៩ព្រឹក លោកនៅដំណើរការទទួលប្រិយមិត្តដែលទូរស័ព្ទចូលរួមកម្មវិធីដដែល ប៉ុន្តែក្រោយពីកម្មវិធីនោះបញ្ចប់ លោកសម្រេចបិទរាល់កម្មវិធីទាំងអស់៖ «ព្រឹកមិញ អាចារ្យ អេ បានចូលនិយាយ ហើយបន្ទាប់ពីនិយាយហើយ គាត់បិទរួចចាក់ចម្រៀង»។ ប្រភពដដែលមិនបានប្រាប់ថា កម្មវិធីរបស់វិទ្យុ អេ.ប៊ី.ស៊ី ទាំងអស់ នឹងបើកធម្មតាវិញនៅពេលណាឲ្យប្រាកដទេ តែបញ្ជាក់ថា ស្ថានីយវិទ្យុ ៤ផ្សេងទៀត ដែលស្ថិតក្រោមការគ្រប់គ្រងរបស់វិទ្យុ អេ.ប៊ី.ស៊ី តែមានហ្វេ្រកង់ (frequency) ផ្សេងគ្នា ដូចជាប៉ុស្តិ៍ ៩៨.៧ នៅតែដំណើរការជាធម្មតា ហើយរាល់ព័ត៌មានទាន់ហេតុការណ៍ទាំងអស់ដែលប្រជាពលរដ្ឋចង់ផ្តល់ឲ្យ គឺបង្វែរទៅប៉ុស្តិ៍នេះវិញ។ គ.ជ.ប បានចេញលិខិតព្រមានដល់ស្ថានីយវិទ្យុ អេ.ប៊ី.ស៊ី កាលពីថ្ងៃទី២៤ ខែកក្កដា ឲ្យបញ្ឈប់ការផ្សាយព័ត៌មានទាំងឡាយណាដែលមានចរិតញុះញង់បំភិតបំភ័យ អ្នកបោះឆ្នោត ដែលជាការបំពុលបរិយាកាសអំពីការបោះឆ្នោត។ ដោយសារតែ អាចារ្យ អេ ដែលមានប្រជាប្រិយភាពមួយរូបក្នុងកម្មវិធីផ្តល់ព័ត៌មានទាន់ ហេតុការណ៍ បាននិយាយនៅក្នុងវិទ្យុរបស់ខ្លួនថា រដ្ឋប្រហារយោធានឹងអាចកើតមានឡើង ប្រសិនបើគណបក្សសង្គ្រោះជាតិ ឈ្នះឆ្នោត និងដឹកនាំប្រទេសក្រោយការបោះឆ្នោត។ ដោយលើកទឡ្ហីករណ៍ថា មន្ត្រីយោធាដែលស្មោះស្ម័គ្រនឹង លោក ហ៊ុន សែន នឹងធ្វើរដ្ឋប្រហារនោះ។ វិទ្យុ អេ.ប៊ី.ស៊ី ជាវិទ្យុពេញនិយមស្តាប់របស់ប្រជាពលរដ្ឋខ្មែរ ត្រង់តែវិទ្យុនេះផ្តល់ព័ត៌មានទាន់ហេតុការណ៍ ទាក់ទងគ្រោះថ្នាក់ចរាចរណ៍ ឬគ្រោះថ្នាក់ផ្សេងៗ និងផ្តល់សិទ្ធិឲ្យពលរដ្ឋរាយការណ៍ព័ត៌មានដែលខ្លួនបានដឹង ដើម្បីផ្សព្វផ្សាយបន្ត។ ការឃោសនារបស់ អាចារ្យ អេ កំពុងធ្វើឲ្យពលរដ្ឋភ័យខ្លាចមានសង្គ្រាមក្រោយការបោះឆ្នោត។…
http://www.rfa.org/khmer/news/politics/local-fm-radio-abc-stop-broadcast-07252013084750.html