អាជ្ញាធរ​នៅ​បន្ទាយមានជ័យ​ហាម​មិន​ឲ្យ​បក្ស​សង្គ្រោះ​ជាតិ​ប្រមូល​ស្នាម​មេដៃ

អាជ្ញាធរ​មូលដ្ឋាន​នៅ​​ឃុំ​​សង្កាត់​មួយ​ចំនួន​ក្នុង​ខេត្ត​ បន្ទាយមានជ័យ បាន​ដកហូត​យក​ឯកសារ​ស្នាម​មេដៃ​ប្រជាពលរដ្ឋ​ពី​សកម្មជន​គណបក្ស​សង្គ្រោះ​ ជាតិ ​និង​ហាមឃាត់​មិន​ឲ្យ​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ ធ្វើ​សកម្មភាព​ប្រមូល​ស្នាម​មេដៃ​ពី​ប្រជាពលរដ្ឋ។ ការ​ប្រមូល​ស្នាម​មេដៃ​ដោយ​គណបក្ស​សង្គ្រោះ​ជាតិ ដើម្បី​ធ្វើ​ញត្តិ​ដាក់​​ទៅ​​អង្គការ​សហប្រជាជាតិ ឲ្យ​ជួយ​រក​យុត្តិធម៌​ទាក់ទិន​ទៅ​នឹង​ភាព​មិន​ប្រក្រតី​នៃ​លទ្ធផល​បោះឆ្នោត កាល​ពី​ថ្ងៃ​ទី​២៨ ខែ​កក្កដា ឆ្នាំ​២០១៣ នោះ ត្រូវ​បាន​អាជ្ញាធរ​រារាំង។ សមាជិក​គណបក្ស​សង្គ្រោះ​ជាតិ ប្រចាំ​ខេត្ត​បន្ទាយមានជ័យ លោក កែ សម្ផស្ស ថ្លែង​កាល​ពី​ថ្ងៃ​ទី​១៤ ខែ​តុលា ថា កាល​ពី​ថ្ងៃ​ទី​១០ ខែ​តុលា គណបក្ស​សង្គ្រោះ​ជាតិ ថ្នាក់​ខេត្ត​ បាន​ដាក់​ផែនការ​ឲ្យ​សកម្មជន​របស់​ខ្លួន​ចុះ​ប្រមូល​ស្នាម​មេដៃ​ពី​ ប្រជាពលរដ្ឋ។ លុះ​ដល់​ថ្ងៃ​ទី​១៣ ខែ​តុលា សកម្មជន​ដែល​ចុះ​ប្រមូល​ស្នាម​មេដៃ​ពី​ប្រជាពលរដ្ឋ ដើម្បី​ធ្វើ​ញត្តិ​ដាក់​ទៅ​ឧត្ដម​ស្នងការ​អង្គការ​សហប្រជាជាតិ​នោះ ត្រូវ​បាន​អាជ្ញាធរ​មូលដ្ឋាន​ភូមិ​ឃុំ​និង​ប៉ូលិស​ហាមឃាត់។ លោក កែ សម្ផស្ស៖ «៤​ករណី​ស្មើ​នឹង​បី​ឃុំ​សង្កាត់​ ទី​១ ថ្ងៃ​ទី​១៣ នៅ​ឃុំ​ភ្នំលៀប ប៉ូលិស​បាន​ចុះ​ទៅ​ហាមឃាត់​ថ្នាក់​ដឹក​នាំ​គណបក្ស​ភូមិ​ឃុំ​ដែល​គាត់​បាន​ ចុះ​ផ្ដិត​មេដៃ​ ហើយ​ក្រោយ​មក​ទៀត​ព្រឹក​ថ្ងៃ​ដដែល នៅ​ឃុំ​ពន្លៃ​ លោកស្រី ធូ ម៉ុច ផ្ដិត​មេដៃ​បាន​ជាង ១០០​នាក់ ស្រាប់​តែ​ថ្នាក់​ដឹក​នាំ​ភូមិ​និង​ប៉ូលិស​ប៉ុស្តិ៍​ទៅ​ដល់​ផ្ទះ​គាត់​ដក​ ហូត​យក​ស្នាម​មេដៃ​របស់​គាត់​ហ្នឹង ដោយ​ប្រើ​ពាក្យ​ថា​ ផ្ដិត​មេដៃ​ខុស​ច្បាប់​ប្រយ័ត្ន​គេ​ចាប់​ដាក់​គុក»។ លោក​បន្ត​ថា មាន​ករណី​មួយ​ទៀត​នៅ​ស្កាត់​ផ្សារ​កណ្ដាល ក្រុង​ប៉ោយប៉ែត។ មេ​ភូមិ​គីឡូម៉ែត្រ​លេខ​៤ បាន​ចុះ​ទៅ​ហាមឃាត់​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​ និង​ដក​ហូត​យក​ឯកសារ​មាន​ផ្ដិត​ស្នាម​មេដៃ​ពី​ប្រជាពលរដ្ឋ​យក​ទៅ​រក្សា​ទុក​ បន្ទាប់​មក​បញ្ជូន​ទៅ​សាលា​ក្រុង​ប៉ោយប៉ែត។…

សួន សុផលមុន្នី
http://www.rfa.org/khmer/news/politics/opposition-activists-banned-to-collect-thumbprints-10142013055848.html