ឱកាសសម្រាប់បេក្ខជនតំណាងរាស្ត្ររបស់គណបក្សប្រជាជនរលាយបាត់ក្រោយការបោះឆ្នោត
ដោយសារលទ្ធផលបឋមនៃការបោះ ឆ្នោតជាតិបង្ហាញថា គណបក្សប្រជាជនកម្ពុជានឹងបាត់ បង់អាសនៈសភាយ៉ាងតិច២២នោះ ផែនការរបស់គណបក្សកំពុង កាន់អំណាចនេះក្នុងការដាក់បញ្ចូលសមាជិកសភាជំនាន់ថ្មី ដែលសុទ្ធតែជាកូនៗរបស់ថ្នាក់ដឹកនាំបក្ស កំពុងស្ថិតនៅក្នុងក្តីមន្ទិល។ កូនប្រុសរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន លោកឧបនាយករដ្ឋមន្ត្រី សុខ អាន និងលោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សុទ្ធតែស្ថិតនៅក្នុងលេខរៀងក្រោមគេពេកមិនអាច ទទួលបានអាសនៈដោយស្វ័យប្រវត្តិទេ ប្រសិនបើលទ្ធផលបឋមនៃការបោះឆ្នោតកាលពីថ្ងៃអាទិត្យគឺ ជាលទ្ធផលត្រឹមត្រូវនោះ។ គណបក្សប្រជាជនកម្ពុជាមានឱកាសកែប្រែបញ្ជីឈ្មោះបេក្ខជន តំណាងរាស្ត្ររបស់ខ្លួនក៏ពិតមែន ប៉ុន្តែអាសនៈទាំង៦៨ ដែលគណបក្សនេះព្យាករថា នឹងទទួលបានពីការបោះឆ្នោត កាលពីថ្ងៃអាទិត្យនេះគឺមិនគ្រប់គ្រាន់សម្រាប់សមាជិក សភាបច្ចុប្បន្នរបស់គណបក្សនេះទាំង៩០រូបទេ។ លោក ហ៊ុន ម៉ានី ដែលត្រូវជាកូនប្រុសពៅរបស់លោក ហ៊ុន សែន និងជាមេដឹកនាំចលនាយុវជនរបស់គណបក្សប្រជាជនកម្ពុជាគឺជា បេក្ខជនតំណាងរាស្ត្រមណ្ឌលកំពង់ស្ពឺ ប៉ុន្តែ លោកស្ថិតនៅលេខរៀងទី៤ឯណោះលើបញ្ជី ឈ្មោះបេក្ខជនរបស់គណបក្សនេះសម្រាប់មណ្ឌលនេះ។ ចំនួនអាសនៈរបស់គណបក្សប្រជាជនកម្ពុជាប្រចាំមណ្ឌលកំពង់ស្ពឺ បាន ធ្លាក់ចុះពីប្រាំអាសនៈក្នុងឆ្នាំ២០០៨មកត្រឹមបីអាសនៈក្រោយ ការបោះឆ្នោតកាលពីថ្ងៃអាទិត្យ នេះបើយោងតាមលទ្ធផលបឋមរបស់គណបក្សនេះផ្ទាល់ មានន័យថា លោក ហ៊ុន ម៉ានី មិនអាចទទួលបានអាសនៈសភាដោយស្វ័យប្រវត្តិឡើយ។ …