CPP ចុះ​អរគុណ​អ្នក​បោះឆ្នោត​តែ​មាន​ការ​ចោទ​ថា​ឲ្យ​ស្បថ

កណ្តាលៈ សកម្មជន​គណបក្ស​ប្រជាជន​កម្ពុជា​កាល​ពី​ម្សិលមិញ បាន​មក​ជួប​ជុំ​ជាមួយ​ពលរដ្ឋ​ជាង​មួយ​ពាក់​នាក់ រស់​នៅ​ក្នុង​ភូមិ ក្បាលកោះ​ខាង​កើត ឃុំ កោះ​ខ្សាច់​ទន្លា ស្រុក ស្អាង ខេត្ត កណ្តាល ដើម្បី​ថ្លែង​អំណរគុណ​ចំពោះ​ការ​បោះឆ្នោត​គាំទ្រ​គណបក្ស​កាន់​អំណាច​នេះ តែ​ត្រូវ​ពលរដ្ឋ​មួយ​ចំនួន​ចោទ​ប្រកាន់​ថា បាន​ដឹក​នាំ​ពលរដ្ឋ​យក​ទៅ​ស្បថ​ទៅ​វិញ។ ស្ត្រី ជា​ពលរដ្ឋ​ម្នាក់​ដែល​ខ្លាច​មិន​ហ៊ាន​បញ្ចេញ​ឈ្មោះ​បាន​ឲ្យ​ដឹង​ថា មន្ត្រី​គណបក្ស​ប្រជាជន​កម្ពុជា​បាន​កោះ​ហៅ​ពលរដ្ឋ​ដែល​រស់​នៅ ក្នុង​ឃុំ កោះ​ខ្សាច់​ទន្លា ឲ្យ​មក​ជួប​ប្រជុំ​គ្នា នៅ​ភូមិ ក្បាល​កោះ​ខាង​កើត កន្លែង​លោក​យាយ​ទេព ដើម្បី​ធ្វើ​ការ​ស្បថ​ស្បែ​ថា ពិត​ជា​បាន​បោះឆ្នោត​ជូន​គណបក្ស​នេះ​ឬ​អត់​?។ អ្នក​ស្រី​ប្រាប់​ថា ៖ «ខ្ញុំ​មិន​ហ៊ាន​ទៅ​ចូល​រួម​នឹង​គេ​ទេ ពីព្រោះ​កន្លែង​យាយ​ទេព​នោះ​ស័ក្តិសិទ្ធិ​ខ្លាំង​ណាស់​ពលរដ្ឋ​ធ្លាប់​បន់​ ស្រន់​អី​គឺ​បាន​ដូច​ចិត្ត ហើយ​ខ្ញុំ​មិន​បាន​បោះឆ្នោត​ឲ្យ​គណបក្ស​ប្រជាជន​ផង ខ្ញុំ​បោះឆ្នោត​ឲ្យ​សង្គ្រោះ​ជាតិ ដូច្នេះ​ខ្ញុំ​មិន​ទៅ​ទេ»។ អ្នក​ស្រី​បន្ត ឲ្យ​ដឹង​ថា នៅ​ថ្ងៃ​ទី៤ ខែ​សីហា​នេះ ពលរដ្ឋ​ដែល​បាន​បោះឆ្នោត​ឲ្យ​គណបក្ស​ប្រជាជន​បាន​មក​ជួប​ជុំ​គ្នា​នៅ​ម៉ោង ៣ រសៀល តែ​គាត់​ពុំ​ដឹង​ថា ពេល​ស្បថ​នោះ​គេ​ឲ្យ​និយាយ​អ្វី​ខ្លះ​ទេ ព្រោះ​បាន​មើល​តែ​ពី​ចម្ងាយ ពី​ផ្ទះ​ទៅ​តែ​ប៉ុណ្ណោះ។ ស្ត្រី​ម្នាក់​នេះ​និយាយ​ថា ៖ «ការ​បោះឆ្នោត​គឺ​ធ្វើ​ឡើង​ដោយ​សម្ងាត់ ចុះ​ហេតុ​អ្វី​បាន​ជា​ត្រូវ​ហៅ​ប្រជាជន​ទៅ​សួរ​ថា បោះឆ្នោត​ឲ្យ​ខ្លួន​ឬ​អត់?។ ដូច្នេះ​អ្នក​មិន​ទៅ​ប្រជុំ គេ​ពិត​ជា​កត់​សម្គាល់​ហើយ​និង​ធ្វើ​មួយ​លើ​ពួក​យើង​នៅ​ពេល​ក្រោយ ឬ​នៅ​ពេល​ដែល​ពួក​យើង​ទៅ​ធ្វើ​ឯកសារ​អ្វី​មួយ​មិន​ខាន»។ ប៉ុន្តែ ផ្ទុយ​ទៅ​វិញ​អ្នក​ស្រី អឹម ធុច ដែល​ចូល​រួម​ក្នុង​ការ​ជួប​ជុំ​នោះ​បាន​អះអាង​ថា ការ​ទៅ​ជួប​ប្រជុំ​នោះ គឺ​ពុំ​មាន​ឲ្យ​ជា​ប្រាក់​ឬ​ក៏​វត្ថុ​អ្វី​នោះ​ទេ ក្រៅ​អំពី​ការ​សួរ​សុខ​ទុក្ខ​គ្នា​តែ​ប៉ុណ្ណោះ។ អ្នក​ស្រី​និយាយ​ថា​៖«ពួក​យើង​គ្រាន់​តែ​និយាយ​អំពី​ការ​សួរ​សុខ​ទុក្ខ​គ្នា ពុំ​មាន​ស្បថ​ស្បែ​អ្វី​ទេ គឺ​គេ​ចេះ​តែ​ចោទ​ប្រកាន់​យើង​ប៉ុណ្ណោះ»។ លោក ញូង តឹកលី ស្មៀន​ឃុំ កោះ​ខ្សាច់​ទន្លា បាន​ឲ្យ​ដឹង​ថា នៅ​ថ្ងៃ​នេះ​មន្ត្រី​របស់​គណបក្ស​ប្រជាជន​កម្ពុជា​បាន​ជួប​សំណេះ​សំណាល​ ជាមួយ​ប្រជា​ពលរដ្ឋ ១.៦០០ នាក់ ដើម្បី​អរគុណ​ចំពោះ​ប្រជា​ពលរដ្ឋ​ដែល​បាន​បោះឆ្នោត​ឲ្យ​គណបក្ស​ប្រជាជន តែ​ពុំ​មាន​ការ​ឲ្យ​ស្បថ​អ្វី​ដូច​ការ​ចោទ​នោះ​ទេ​។ លោក​ឲ្យ​ដឹង​ទៀត​ថា៖ «យើង​គ្រាន់​តែ​អរគុណ​ពលរដ្ឋ​ប៉ុណ្ណោះ​ពុំ​បាន​បង្ខំ​ឲ្យ​ស្បថ​នោះ​ទេ ហើយ​ក៏​ពុំ​បាន​ឲ្យ​លុយ​ឬ​ក៏​អ្វី​នោះ​ដែរ»។

http://www.postkhmer.com/index.php/national/1-national-news/101830-cpp-