សេចក្តី​ប្រកាស​ព័ត៌មាន​ស្តី​ពី​ លទ្ធផល​នៃ​ការ​បន្ត​សម័យប្រជុំ​លើក​ទី​៤​ ព្រឹទ្ធសភា​ នីតិកាល​ទី​៥

​ការ​បន្ត​សម័យប្រជុំ​លើក​ទី​៤​ ព្រឹទ្ធសភា​នីតិកាល​ទី​៥​ ត្រូវ​បាន​ប្រារព្ធ​ឡើង​នៅ​ថ្ងៃ​ទី​២៤​ ខែតុលា​ ឆ្នាំ​២០២៥​ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​របស់​ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ ប្រធាន​ព្រឹទ្ធសភា​ ដោយ​មាន​វត្តមាន​សមាជិក​ព្រឹទ្ធសភា​ចូលរួម​ចំនួន​ ៥៥​រូប​។​ ​មុន​ពេល​ដំណើរការ​សម័យប្រជុំ​ ប្រធាន​ព្រឹទ្ធសភា​បាន​រំលឹក​ខួប​លើក​ទី​៣៤​ នៃ​កិច្ចព្រមព្រៀង​សន្តិភាព​ទី​ក្រុងប៉ារីស​ ហើយ​បាន​អះអាង​ថា​ បញ្ហា​ព្រំដែន​កម្ពុជា​-​ថៃ​ បាន​ដើរ​ហួស​ពី​កិច្ចព្រមព្រៀង​នោះ​ហើយ​ ជាមួយនឹង​កិច្ចព្រមព្រៀង​ដោះស្រាយ​ជម្លោះ​ដែល​នឹង​ត្រូវ​ចុះហត្ថលេខា​នៅ​ថ្ងៃ​ទី​២៦​ ខែតុលា​ ឆ្នាំ​២០២៥​ ខាង​មុខ​នេះ​។​ បន្ទាប់​មក​ អង្គប្រជុំ​បាន​បន្ត​ពិនិត្យ​ហើយ​ឱ្យ​យោបល់​យល់ព្រម​លើ​សេចក្តីព្រាងច្បាប់​ចំនួន​ ៥​ ដែល​ត្រូវ​បាន​អនុម័ត​ដោយ​រដ្ឋសភា​ពី​មុន​រួច​មក​ហើយ​។​

​របៀបវារៈ​នីតិកម្ម​ទាំង​ប្រាំ​ត្រូវ​បាន​អនុម័ត​ជា​ឯកច្ឆន្ទ​ដោយ​សំឡេង​ ៥៥​ រួម​មាន​៖

  1. ​កិច្ចព្រមព្រៀង​ស្តី​ពី​ក្របខ័ណ្ឌ​បទ​ប្បញ្ញត្តិ​សុវត្ថិភាព​ម្ហូបអាហារ​អាស៊ាន​ ដែល​មាន​គោលបំណង​ធានា​សុខភាព​អ្នក​ប្រើប្រាស់​ និង​សម្រួល​ដល់​ការ​ធ្វើ​ពាណិជ្ជកម្ម​ផលិតផល​ម្ហូបអាហារ​មាន​សុវត្ថិភាព​ក្នុង​តំបន់​។​
  2. ​ពិធីសារ​ធ្វើ​វិសោធនកម្ម​កិច្ចព្រមព្រៀង​អាស៊ាន​ស្តី​ពី​ប​ម្លា​ស់​ទី​រូបវន្តបុគ្គល​ ដែល​ធ្វើ​បច្ចុប្បន្នភាព​លើ​តារាង​សន្យា​ ដើម្បី​សម្រួល​ដល់​លំហូរ​ជា​បណ្តោះអាសន្ន​នៃ​បុគ្គល​ជំនាញ​ និង​អ្នក​ចូល​មក​ទស្សនកិច្ច​ក្នុង​គោលបំណង​ធ្វើ​ពាណិជ្ជកម្ម​។​
  3. ​ពិធីសារ​ទី​មួយ​ ធ្វើ​វិសោធនកម្ម​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​អាស៊ាន​-​ហុងកុង​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​ ដែល​ធ្វើ​វិសោធនកម្ម​ជំពូក​ស្តី​ពី​វិធាន​ដើម​កំណើត​ទំនិញ​ ដើម្បី​លើកកម្ពស់​តម្លាភាព​សម្រាប់​ពាណិជ្ជករ​។​
  4. ​ពិធីសារ​ទី​ពីរ​ ធ្វើ​វិសោធនកម្ម​កិច្ចព្រមព្រៀង​បង្កើត​តំបន់​ពាណិជ្ជកម្ម​សេរី​អាស៊ាន​-​អូស្ត្រាលី​-​នូ​វែ​ល​សេ​ឡង់​ ដែល​មាន​បំណង​ដំឡើង​កម្រិត​កិច្ចព្រមព្រៀង​ ពង្រីក​ឱកាស​សេដ្ឋកិច្ច​ និង​ទាក់ទាញ​ការ​វិនិយោគ​ផ្ទាល់​ពី​បរទេស​កាន់តែ​ច្រើន​។​
  5. ​អនុសញ្ញា​ស្តី​ពី​ការ​បង្កើត​អង្គការ​អន្តរជាតិ​សម្រាប់​សន្ធានកម្ម​ ដែល​គាំទ្រ​ការ​ដោះស្រាយ​វិវាទ​អន្តរជាតិ​ដោយ​សន្តិវិធី​ និង​ផ្តល់​យន្តការ​មិនមែន​តុលាការ​ដ៏​បត់បែន​សម្រាប់​ការ​ដោះស្រាយ​វិវាទ​ពាណិជ្ជកម្ម​ និង​វិនិយោគ​។

អគ្គលេខាធិការដ្ឋាន​ព្រឹទ្ធសភា

ទាញយក៖ pdf