សិក្ខាសាលាស្តីអំពី គេហទំព័រអូឌីស៊ី និងព័ត៌មានសេវាសាធារណៈ
កាលពីសប្តាហ៍មុន ក្រុមការងារអូឌីស៊ីបានរៀបចំសិក្ខាសាលាដ៏គួរឱ្យរំភើបមួយដែលស្ថិតក្រោមប្រធានបទនៃគម្រោង “ការយល់ដឹងជាសាធារណៈ និងការចូលរួមក្នុងការផ្តល់សេវារបស់រដ្ឋាភិបាល” ដែលផ្តល់មូលនិធិដោយ កម្មវិធីរបស់ប្រទេសស៊ុយអែតសម្រាប់វិស័យ ICT នៅក្នុងតំបន់កំពុងអភិវឌ្ឍន៍ ហៅកាត់ថា “SPIDER” នៅឯសណ្ឋាគារអង្គរសៀមរាប ដែលស្ថិតនៅមិនឆ្ងាយប៉ុន្មានពីប្រាង្គប្រាសាទដ៏អស្ចារ្យ។ យើងបានអញ្ជើញអ្នកតំណាងសហគមន៍ចំនួន ២២ នាក់ ដែលពួកគាត់មកពីឃុំកំពង់ភ្លុក ស្រុកប្រាសាទបាគង, ឃុំកំពង់ឃ្លាំង ស្រុកសូទ្រនិគម, ឃុំកែវពណ៌ និងឃុំពោធិ៍ទ្រាយ ស្រុកពួក, ឃុំចុងឃ្នៀស និងឃុំជ្រាវ ក្រុងសៀមរាប ខេត្តសៀមរាប ជាមួយនឹងការជួយជ្រុមជ្រែងដោយអង្គការសម្ព័ន្ធភាពដើម្បីអភិរក្សធនធានជលផល ហៅកាត់ថា “FACT” ដែលបានប្រមែលប្រមូលអ្នកតំណាងសហគមន៍ ដើម្បីចូលរួមកម្មវិធីសិក្ខាសាលាដែលបានប្រព្រឹត្តទៅក្នុងរយៈពេលមួយថ្ងៃពេញ កាលពីថ្ងៃសុក្រ ទី ១៦ ខែ មិថុនា ឆ្នាំ ២០១៧។ តាមរយៈសិក្ខាសាលាមួយនេះ យើងមានគោលបំណង ដើម្បីលើកកម្ពស់ការយល់ដឹងជាសាធារណៈអំពីគេហទំព័រទិន្នន័យបើកទូលាយរបស់អង្គការទិន្នន័យអំពីការអភិវឌ្ឍ (អូឌីស៊ី) ក៏ដូចជាទំព័រព័ត៌មានទិន្នន័យស្តីពីការទទួលបានសេវាសាធារណៈ ដែលទើបនឹងចេញផ្សាយនាពេលថ្មីៗនេះ ព្រមជាមួយនឹងការណែនាំដល់សមាជិកសហគមន៍ និងអ្នកតំណាំងរបស់ពួកគេអំពីរបៀបប្រើប្រាស់គេហទំព័រដោយខ្លួនឯងទៅតាមតម្រូវការរបស់ពួកគេ។
តាមរយៈការធ្វើបទបង្ហាញ និងសកម្មភាពជាច្រើនមក ក្រុមការងារការងារបានចំនាយពេលវេលាមួយថ្ងៃនេះដើម្បីភ្ជាប់ទំនាក់ទំនងជាមួយនឹងសមាជិកសហគមន៍។ សិក្ខាសាលានេះត្រូវបានចាប់ផ្តើមដោយលោក ធី ទ្រី នាយកប្រតិបត្តិរបស់យើង ដែលលោកបានធ្វើការណែនាំនៅជុំវិញបន្ទប់ប្រជុំ។ សហគមន៍ជាច្រើននៅក្នុងតុប្រជុំរបស់ខ្លួន បានលើកឡើងពីការព្រួយបារម្ភផ្សេងៗគ្នា និងបញ្ហានានា ដែលបង្កឱ្យបរិយាកាសនៃសិក្ខាសាលានេះកាន់តែរំភើបជាមួយនឹងការផ្លាស់ប្តូរយោបល់ និងចំនេះដឹងគ្នាទៅវិញទៅមក។
ជាមួយនឹងការធ្វើបទបង្ហាញមួយថ្ងៃពេញ ជាដំបូងសិក្ខាកាមបានរៀនសូត្រពីមូលដ្ឋាននៃសុវត្ថិភាពលើអ៊ីធឺណេត ជាមួយនឹងគន្លឹះនានាដែលបានផ្តល់ជូនអោយដោយកញ្ញា ហេង ហ៊ុយអេង ដែលជាអ្នកជំនាញបច្ចេកវិទ្យារបស់អូឌីស៊ី តាមរយៈការបង្ហាញនៅលើ PowerPoint។ បន្ទាប់ពីការក្រេបយកចំនេះដឹងថ្មីអំពីសុវត្ថិភាពនៃការប្រើប្រាស់អ៊ិនធឺណេតហើយ សិក្ខាកាមទាំងអស់ត្រូវបានស្វាគមន៍ជាមួយនឹងការសម្រាកដើម្បីទទួលទានអាហារសម្រន់។
បន្ទាប់ពីសម្រាកទទួលទានអាហារសម្រន់ហើយ វាដល់ពេលវេលាល្មមសម្រាប់សិក្ខាកាមដើម្បីបន្ស៊ាំខ្លួនទៅនឹងការប្រើប្រាស់គេហទំព័រអូឌីស៊ី។ ក្រុមការងារបានបែងចែកក្នុងការធ្វើបទបង្ហាញ៖ ដោយលោក ធី ទ្រី បានបង្ហាញជាទូទៅអំពីគេហទំព័រ តាមរយៈការរំលេចពីទំព័រព័ត៌មានទិន្នន័យពាក់ព័ន្ធនានាទៅកាន់សិក្ខាកាម ដូចជា ស្ថិតិជំរឿន និងតំបន់អភិរក្សជលផលជាដើម។ នៅពេលរសៀល បន្ទាប់ពីការទទួលទានអាហារថ្ងៃត្រង់ដ៏ឆ្ងាញ់នៅឯភោជនីយដ្ឋាននៅក្នុងសណ្ឋាគាររួចហើយ សិក្ខាកាមទាំងអស់ត្រូវបានណែនាំពីការអនុវត្តសកម្មភាពបន្ទាប់ គឺការស្វែងរកព័ត៌មាននានាពីទំព័រព័ត៌មានទិន្នន័យអំពីការទទួលបានសេវាសាធារណៈ និងពីផែនទីដែលបានធ្វើឡើងរួមបញ្ជូលគ្នាដោយក្រុមការងាររបស់យើង មានលោកស្រី វឌ្ឍនា និង លោក ពន់វឌ្ឍន៍។
បន្ទាប់ពីសកម្មភាពនានា និងការរៀនសូត្រក្នុងរយៈពេលមួយថ្ងៃពេញ ក្រុមការងារបានប្រមូលផ្តុំគ្នានៅក្នុងវគ្គឆ្លុះបញ្ចាំង និងផ្តល់មតិយោបល់ពីសំណាក់សិក្ខាកាម ដែលពួកគេបានបង្ហាញពីតម្រូវការ និងការចង់បានរបស់ពួកគេ ដូចជា ឱ្យមានសិក្ខាសាលាបែបនេះកាន់តែច្រើន ក៏ដូចជាចង់បង្កើតបណ្តាញជាមួយនឹងសហគមន៍ពាក់ព័ន្ធ។
ក្រុមការងារអូឌីស៊ី សូមថ្លែងអំណរគុណដល់សិក្ខាកាមរបស់ពួកយើងសម្រាប់ការសាទររបស់ពួកគេ ក៏ដូចជាភាគីគាំទ្រនានាដែលបានចូលរួមចំណែក ដើម្បីឱ្យសិក្ខាសាលានៅខេត្តសៀមរាបនេះដំណើរការដោយជោគជ័យ។ ក្នុងនាមតំណាងឱ្យផ្នែកមួយនៃកម្មវិធីរបស់ SPIDER ពួកយើងនឹងបន្តរៀបចំសិក្ខាសាលាបែបនេះជារៀងរាល់ ២ ខែម្តងនៅកន្លែងផ្សេងៗទៀតក្នុងប្រទេសកម្ពុជា ដូច្នេះសូមរង់ចាំតាមដានព្រឹត្តិការណ៍នានាជាច្រើនទៀតរបស់ពួកយើង តាមរយៈគេហទំព័រផ្លូវការ (opendevcam.net) និងបណ្តាញសង្គមរបស់អូឌីស៊ី (Facebook និង Twitter) ដើម្បីទទួលបានបច្ចុប្បន្នភាពអំពីការងាររបស់ពួកយើង!
បច្ចុប្បន្នភាពចុងក្រោយ៖ ថ្ងៃទី ២៣ ខែ មិថុនា ឆ្នាំ ២០១៧