សិក្ខាសាលា​ស្ដី​ពី​ការ​ចែករំលែក​ចំណេះដឹង​ដល់​អ្នក​ពាក់ព័ន្ធ​

នៅ​ព្រឹក​ថ្ងៃ​ទី​ ១៣​ ខែកក្កដា​ ឆ្នាំ​២០១៨​ អង្គការ​ទិន្នន័យ​អំពី​ការ​អភិវឌ្ឍ​ (​អូ​ឌី​ស៊ី​)​ បាន​រៀបចំ​សិក្ខាសាលា​មួយ​ ដើម្បី​ចែករំលែក​លទ្ធផល​នៃ​គម្រោង​ «​ការ​ប្រើ​ Google​ Earth​ Engine​ ដើម្បី​ដើរតួ​នាទី​ក្នុង​សមភាព​យេ​ន​ឌ័​រ​ និង​ការ​អប់រំ​នៅ​ក្នុង​តំបន់​រង​គ្រោះ​ដោយ​ទឹកជំនន់​»​។​សិក្ខាសាលា​នេះ​ទទួល​ បានការ​គាំទ្រ​ផ្នែក​ហិរញ្ញវត្ថុ​ពី​កម្មវិធី​ ​ ស៊ឿ​វៀ​ មេគង្គ​ (SERVIR-Mekong)​ ដែល​ជា​កម្មវិធី​ទទួល​បានការ​គាំទ្រ​ពី​ USAID​ និង​អង្គការ​ណា​សា​។​

​អ្នកចូលរួម​សរុប​ចំនួន​ ១៦​នាក់​ ត្រូវ​បាន​អញ្ជើញ​មក​ពី​សហគមន៍​មូលដ្ឋាន​ ក៏​ដូច​ជា​អ្នក​សារព័ត៌មាន​ប្រជាពលរដ្ឋ​ ដែល​រស់នៅ​ក្នុង​តំបន់​ជុំវិញ​បឹង​ទន្លេសាប​ អង្គការ​មិនមែន​រដ្ឋាភិបាល​ អ្នក​សិក្សា​ស្រាវជ្រាវ​ និង​អ្នកតំណាង​រដ្ឋាភិបាល​ ដែល​ធ្វើការ​ពាក់ព័ន្ធ​ទៅ​នឹង​តំបន់​បឹង​ទន្លេសាប​។​ អ្នកចូលរួម​ រួម​មាន​អ្នក​សារព័ត៌មាន​ប្រជាពលរដ្ឋ​ចំនួន​ ៥​នាក់​ និស្សិត​ ៥​នាក់​ មក​ពី​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​ (RUPP)​ បុគ្គលិក​មក​ពី​អង្គការ​ Wonder​ of​ Mekong​ មន្ត្រី​ក្រសួង​ធនធានទឹក​ និង​ឧត្តុនិយម​ រួម​ទាំង​សមាជិក​សហគមន៍​មូលដ្ឋាន​ចំនួន​ ៤​នាក់​ មក​ពី​ខេត្តបាត់ដំបង​ និង​ខេត្តសៀមរាប​។​

គោលបំណង​នៃ​សិក្ខាសាលា​នេះ​គឺ​ ១)​ ដើម្បី​ចែករំលែក​លទ្ធផល​នៃ​គម្រោង​របស់​អង្គការ​ អូ​ឌី​ស៊ី​ (ODC-SERVIR)​ ស្ដី​ពី​«​ការ​ប្រើ​ Google​ Earth​ Engine​ ដើម្បី​ដើរតួ​នាទី​ក្នុង​សមភាព​យេ​ន​ឌ័​រ​ និង​ការ​អប់រំ​នៅ​ក្នុង​តំបន់​ងាយ​រង​គ្រោះ​ដោយ​ទឹកជំនន់​»​ និង​ ២)​ ដើម្បី​ទទួលយក​នូវ​មតិយោបល់​កែ​លម្អ​ ដើម្បី​ធ្វើការ​កែ​លម្អ​លទ្ធផល​របស់​គម្រោង​ និង​ធ្វើ​ទំនើប​កម្ម​នៃ​គេហទំព័រ​អូ​ឌី​ស៊ី​ ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​តម្រូវការ​អ្នក​ប្រើប្រាស់​។​

​លោក​ ព្រំ​ ពន់​វឌ្ឍន៍​ អ្នក​ស្រាវជ្រាវ​ទិន្នន័យ​ និង​មន្ត្រី​ផ្នែក​ GIS​ នៅ​អូ​ឌី​ស៊ី​ បាន​ធ្វើ​បទ​បង្ហាញ​អំពី​គម្រោង​នេះ​។​ លោក​បាន​ចាប់ផ្តើម​បទ​បង្ហាញ​របស់​លោក​ ដោយ​ណែនាំ​អ្នកចូលរួម​ឱ្យ​ទទួល​បាន​ព័ត៌មាន​អំពី​គេហទំព័រ​ អូ​ឌី​ស៊ី​ គម្រោង​នានា​ និង​ទិន្នន័យ​របស់​អូ​ឌី​ស៊ី​ មុន​នឹង​ផ្តល់​ព័ត៌មាន​លំអិត​លើ​ប្រធានបទ​សំខាន់​។​ លោក​ ពន់​វឌ្ឍន៍​ បាន​ពន្យល់​អ្នកចូលរួម​ថា​ លទ្ធផល​ និង​គោលបំណង​នៃ​គម្រោង​នេះ​ គឺ​ដើម្បី​ប្រើប្រាស់​ GEE​ ក្នុង​ការ​កំណត់​តំបន់​រង​គ្រោះ​ដោយ​ទឹកជំនន់​ នៅ​ជុំវិញ​បឹង​ទន្លេសាប​ ជា​ពិសេស​ខេត្តបាត់ដំបង​ កំពង់ធំ​ ពោធិ៍សាត់​ និង​សៀមរាប​ ហើយនឹង​ប្រើប្រាស់​ GEE​ ដើម្បី​ប្រមូល​ និង​រៀបចំ​ទិន្នន័យ​នៃ​ព័ត៌មាន​ និង​ទីតាំង​សាលារៀន​ និង​ប្រើប្រាស់​ GEE​ ដើម្បី​បង្កើត​ផែនទី​នៃ​តំបន់​ទឹកជំនន់​។​ កំឡុង​ពេល​អនុវត្ត​គម្រោង​ អូ​ឌី​ស៊ី​បាន​ផលិត​ស្រទាប់​ផែនទី​ចំនួន​ ២១​ សំណុំ​ទិន្នន័យ​ចំនួន​ ៣​ សម្រាប់​តំបន់​ដែល​រង​គ្រោះ​ដោយ​ទឹកជំនន់​ និង​ព័ត៌មាន​ជា​មូលដ្ឋាន​អំពី​សាលារៀន​។​

លោក​ ព្រំ​ ពន់​វឌ្ឍន៍​ អ្នក​ស្រាវជ្រាវ​ទិន្នន័យ​ និង​មន្ត្រី​ផ្នែក​ GIS​ នៅ​អូ​ឌី​ស៊ី​ បាន​ធ្វើ​បទ​បង្ហាញ​អំពី​គម្រោង​នេះ​។

​​លោក​ ពន់​វឌ្ឍន៍​ បាន​បន្ត​ធ្វើ​បទ​បង្ហាញ​ លើ​គ្រប់​ស្រទាប់​ផែនទី​អន្តរ​កម្ម​ ដែល​មាននៅ​លើ​គេហទំព័រ​របស់​អង្គការ​អូ​ឌី​ស៊ី​។​ គាត់​បាន​បង្ហាញ​អ្នកចូលរួម​ អំពី​របៀប​ដែល​ពួក​គាត់​អាច​ស្វែងរក​ និង​ទាញ​យក​ផែនទី​ និង​ទិន្នន័យ​ពី​គេហទំព័រ​ សម្រាប់​ការ​ប្រើប្រាស់​ផ្ទាល់ខ្លួន​របស់​ពួក​គាត់​។​ លើស​ពី​នេះ​ទៅ​ទៀត​ លោក​ ពន់​វឌ្ឍន៍​បាន​ប្រាប់​អ្នកចូលរួម​ថា​ បញ្ហា​ប្រឈម​ដ៏​ធំ​មួយ​នៅ​ក្នុង​ការ​សិក្សា​នេះ​ គឺ​កង្វះខាត​ទិន្នន័យ​ដែល​អាច​រកបាន​។​ ទិន្នន័យ​សាលារៀន​នៅ​ឆ្នាំ​ ២០១៣​ ដែល​អាច​រកបាន​ មាន​តែ​ទិន្នន័យ​នៅ​ថ្នាក់​ខេត្ត​ ជំនួស​ឱ្យ​ទិន្នន័យ​នៅ​កម្រិត​សាលារៀន​នីមួយៗ​។​

​បន្ទាប់​ពី​ការ​ធ្វើ​បទ​បង្ហាញ​អំពី​ផែនទី​ និង​លទ្ធផល​របស់​គម្រោង​រួច​មក​ ក្រុមការងារ​អូ​ឌី​ស៊ី​បាន​ស្នើ​សុំ​ឱ្យ​អ្នកចូលរួម​ចែករំលែក​នូវ​ទស្សនៈ​របស់​ពួក​គាត់​ ទៅ​លើ​ផែនទី​ដែល​បាន​បង្ហាញ​នៅ​លើ​គេហទំព័រ​អូ​ឌី​ស៊ី​ និង​លទ្ធផល​ជា​រួម​នៃ​គម្រោង​។​ ជាមួយនឹង​ការ​ចូលរួម​យ៉ាង​សកម្ម​របស់​អ្នកចូលរួម​ អូ​ឌី​ស៊ី​ទទួល​បានការ​ស្នើ​សុំ​ និង​មតិយោបល់​ជាក់លាក់​មួយ​ចំនួន​លើ​ផែនទី​ទាំងនោះ​ រួម​ទាំង​បរិយាយ​នៃ​ការ​ស្នើ​សុំ​ពី​អ្នកចូលរួម​។​ ក្រៅពី​ការ​ស្នើ​សុំ​ ឬ​ផ្ដល់​មតិយោបល់​ អ្នកចូលរួម​ក៏​បាន​ចែករំលែក​គំនិត​របស់​ពួក​គាត់​ អំពី​របៀប​ដែល​ផែនទី​នឹង​មាន​ផលប្រយោជន៍​ សម្រាប់​ការងារ​របស់​ពួក​គាត់​ផង​ដែរ​។​ មតិយោបល់​ទាំងនេះ​ ត្រូវ​បាន​ដាក់​ជា​ក្រុម​ ដោយ​ផ្អែក​លើ​ជំនាញ​របស់​ពួក​គាត់​។​

​អ្នក​សារព័ត៌មាន​ប្រជាពលរដ្ឋ​ (CJs)​ បាន​មើល​លទ្ធផល​នៃ​គម្រោង​ ជា​ពិសេស​ផែនទី​នៃ​តំបន់​ដែល​រង​គ្រោះ​ដោយ​ទឹកជំនន់​ និង​អត្រា​បោះបង់​ចោលការ​សិក្សា​ ជា​ប្រភព​ព័ត៌មាន​ដ៏​សំខាន់​ សម្រាប់​របាយការណ៍​ព័ត៌មាន​របស់​ពួក​គាត់​ បន្ថែម​លើ​ការ​អង្កេត​របស់​ពួក​គាត់​នៅ​ក្នុង​សហគមន៍​។​ អ្នក​សារព័ត៌មាន​ប្រជាពលរដ្ឋ​បាន​សង្កត់ធ្ងន់​ថា​ ទិន្នន័យ​នៅ​លើ​គេហទំព័រ​អូ​ឌី​ស៊ី​ ដែល​អាច​ចូល​ប្រើប្រាស់​ដោយ​សេរី​ អាច​ជួយ​កែ​លម្អ​ និង​ពង្រឹងគុណភាព​នៃ​របាយការណ៍​ព័ត៌មាន​ និង​ផ្តល់​ឱ្យ​អ្នក​សារព័ត៌មាន​ប្រជាពលរដ្ឋ​នូវ​ព័ត៌មាន​ ដែល​អាច​ទុកចិត្ត​បាន​ សម្រាប់​អ្នក​អាន​។​ អ្នក​សារព័ត៌មាន​ប្រជាពលរដ្ឋ​មួយ​រូប​ មាន​ប្រសាសន៍​ដោយ​មាន​មោទនភាព​ថា​ «​ក្រៅពី​លទ្ធផល​នៃ​គម្រោង​នេះ​ ធនធាន​នៅ​លើ​គេហទំព័រ​អូ​ឌី​ស៊ី​ ជា​ទូទៅ​ផ្តល់​នូវ​សំណុំ​ទិន្នន័យ​ និង​ព័ត៌មាន​សម្បូរ​បែប​ ដែល​ពួក​គាត់​អាច​ទាញ​យក​ និង​ចូល​មើល​បាន​យ៉ាង​ងាយស្រួល​»​។​ គាត់​ក៏​បាន​លើក​ឡើង​ដែរ​ថា​ ទិន្នន័យ​មួយ​ចំនួន​នោះ​ ជា​ធម្មតា​ គឺ​ពួក​គាត់​ពិបាក​ណាស់​ ក្នុង​ការ​ស្នើ​សុំ​ ឬ​ទទួល​បាន​ធនធាន​ទាំងនោះ​ ជា​សេចក្ដីចម្លង​ពី​កន្លែង​ផ្សេង​ទៀត​។​​

លោក​ ព្រំ​ ពន់​វឌ្ឍន៍​ កំពុងធ្វើ​បទ​បង្ហាញ​អំពី​ផែនទីអន្តរកម្មនៅលើគេហទំព័រអូឌីស៊ី​។

​ដូច​គ្នា​នេះ​ដែរ​ អ្នកតំណាង​មក​ពី​បឹង​ទន្លេសាប​បាន​ពន្យល់​ថា​ ផែនទី​នៃ​តំបន់​ទឹកជំនន់​ នៅ​ជុំវិញ​បឹង​ទន្លេសាប​ ពិតជា​មានមុខ​ងារ​សំខាន់​ខ្លាំង​ណាស់​ សម្រាប់​ការ​រៀបចំ​ផែនការ​ត្រៀម​បង្ការ​ទឹកជំនន់​នា​ពេល​អនាគត​ នៅ​ក្នុង​សហគមន៍​របស់​ពួក​គាត់​។​ ផែនទី​ទាំងនេះ​ បង្ហាញ​ពី​ទីតាំង​នៃ​តំបន់​ដែល​រង​គ្រោះ​ដោយ​ទឹកជំនន់​ ដែល​អាជ្ញាធរ​មូលដ្ឋាន​ អាច​នឹង​យក​ទៅ​ប្រើប្រាស់​ដើម្បី​រៀបចំ​ផែនការ​នៅ​ក្នុង​សហគមន៍​របស់​ពួក​គាត់​ ជា​ឧទាហរណ៍​ ការ​រៀបចំ​តំបន់​សុវត្ថិភាព​ សម្រាប់​ការ​គ្រប់គ្រង​គ្រោះ​មហន្តរាយ​ ឬ​ជូនដំណឹង​ដល់​សហគមន៍​នូវ​ជម្រើស​កសិកម្ម​ ដែល​អាច​ប្រែប្រួល​ទៅ​តាម​ទឹកជំនន់​។​ អ្វី​ដែល​សំខាន់​នោះ​ គឺ​ផែនទី​តំបន់​ទឹកជំនន់​ទាំងនេះ​ ជាប់​ទាក់ទង​នឹង​អត្រា​បោះបង់​ចោលការ​សិក្សា​ ដែល​អាច​ផ្តល់​ព័ត៌មាន​បាន​យ៉ាង​ល្អ​ ដល់​អ្នក​ស្រាវជ្រាវ​ ឬ​អ្នក​អនុវត្ត​គម្រោង​/​អ្នក​ផ្តល់​ជំនួយ​នានា​ ដើម្បី​កំណត់​តម្រូវការ​ជាក់ស្ដែង​។​ មន្ត្រី​របស់​ក្រសួង​ធនធានទឹក​ និង​ឧតុនិយម​ ក៏​បាន​លើក​ឡើង​ដែរ​ថា​ ការ​ធ្វើ​ឱ្យ​ផែនទី​តំបន់​ទឹកជំនន់​ នៅ​លើ​គេហទំព័រ​ មាន​សារៈ​ប្រយោជន៍​ សម្រាប់​គម្រោង​ការងារ​របស់​គាត់​ ដែល​ផ្ដោត​លើ​តំបន់​ទន្លេសាប​។​

​ជា​ចុង​ក្រោយ​ ក្រុម​និស្សិត​ស្រាវជ្រាវ​បាន​លើក​ឡើង​ថា​ ការ​ចូលរួម​នេះ​មាន​សារៈ​ប្រយោជន៍​ណាស់​។​ ការ​ចូលរួម​ក្នុង​សិក្ខាសាលា​នេះ​ មិន​ត្រឹមតែ​ផ្តល់​ឱ្យ​ពួក​គេ​នូវ​ព័ត៌មាន​ជា​ច្រើន​នៅ​លើ​គេហទំព័រ​ ដែល​អាច​ចូល​មើល​បាន​សម្រាប់​ការ​សិក្សា​របស់​ពួក​គេ​ប៉ុណ្ណោះ​ទេ​ ប៉ុន្តែ​ថែម​ទាំង​បាន​ផ្តល់​នូវ​គំនិត​ដល់​ពួក​គេ​ សម្រាប់​គម្រោង​ស្រាវជ្រាវ​ដែល​ពួក​គេ​គ្រោង​នឹង​ធ្វើ​ទៀត​ផង​។​

​សិក្ខាសាលា​នេះ​បាន​បញ្ចប់​ដោយ​ការ​សន្ទនា​ប្រកបដោយ​ផ្លែផ្កា​ ការ​ស្ថាបនា​ និង​ការ​ពេញចិត្ត​ពី​អ្នកចូលរួម​ និង​ក្រុមការងារ​របស់​អង្គការ​អូ​ឌី​ស៊ី​។​ អូ​ឌី​ស៊ី​ មាន​សេចក្តី​សោមនស្ស​រីករាយ​ណាស់​ ដែល​បានឃើញ​លទ្ធផល​របស់​គម្រោង​ផ្តល់​សារៈ​ប្រយោជន៍​ សម្រាប់​ភាគី​ពាក់ព័ន្ធ​ និង​របៀប​ដែល​វា​នឹង​រួមចំណែក​ ដល់​ផែនការ​នា​ពេល​អនាគត​ ដើម្បី​ដោះស្រាយ​ផល​ប៉ះពាល់​នៃ​ទឹកជំនន់​ និង​ការ​ផ្លាស់​ប្តូរ​នា​ពេល​អនាគត​ ដែល​បណ្តាល​មក​ពី​ការ​ប្រែប្រួល​អាកាសធាតុ​។​ លើស​ពី​នេះ​ទៅ​ទៀត​ លទ្ធផល​គម្រោង​ក៏​មាន​សារៈសំខាន់​ផង​ដែរ​ សម្រាប់​សិស្ស​ដែល​សិក្សា​ទាក់ទង​នឹង​បញ្ហា​បរិស្ថាន​ និង​សង្គម​ រួម​ទាំង​ការ​សិក្សា​នា​ពេល​អនាគត​របស់​ពួក​គាត់​ លើ​ផល​ប៉ះពាល់​ដែល​មាន​សក្តានុពល​ ជា​ពិសេស​លើ​បញ្ហា​យេ​ន​ឌ័​រ​ សម្រាប់​ការ​អប់រំ​កាន់តែ​ប្រសើរ​ឡើង​ និង​មាន​សមភាព​។​​

រូបថត​ជា​ក្រុម​រវាង​ក្រុម​ការងារ​អូឌីស៊ី​ និង អ្នកចូលរួមទាំងអស់។