គេហទំព័រការវាយតម្លៃហេតុប៉ះពាល់បរិស្ថាន ដំបូងគេនៅប្រទេសកម្ពុជា
ប្រទេសកម្ពុជាមានគោលបំណងជម្រុញកំណើនសេដ្ឋកិច្ចរបស់ខ្លួន ហើយប្តេជ្ញាចិត្តយ៉ាងពេញលេញក្នុងការអភិវឌ្ឍប្រកបដោយចីរភាព ដូច្នេះដើម្បីជៀសវាងផលប៉ះពាល់អវិជ្ជមានពីការអភិវឌ្ឍ និងដើម្បីលើកកម្ពស់អត្ថប្រយោជន៍យូរអង្វែង ដល់ការផ្លាស់ប្តូរវិស័យសេដ្ឋកិច្ច សង្គម និងបរិស្ថាន ការវាយតម្លៃហេតុប៉ះពាល់បរិស្ថាន (EIA)គួរត្រូវបានអនុវត្ត។ ដោយហេតុថា EIA បានក្លាយជាឧបករណ៍ដ៏សំខាន់នៃការអភិវឌ្ឍប្រកបដោយចីរភាព សម្រាប់ការកែលម្អសុខុមាលភាព និងសមភាពពីការអភិវឌ្ឍ សាធារណជនត្រូវចូលរួមយ៉ាងពេញលេញ នៅក្នុងកិច្ចពិភាក្សាគោលនយោបាយ និងស្វែងរកដំណោះស្រាយផ្លូវច្បាប់ និងទាមទារអ្វី ដែលពួកគាត់សមនឹងទទួលបានពីផលប៉ះពាល់នៃគម្រោងអភិវឌ្ឍនោះ។ ប៉ុន្តែរបាយការណ៍ទាំងនេះមិនទាន់ត្រូវបានផ្សព្វផ្សាយយ៉ាងទូលំទូលាយ ដល់សាធារណជននៅឡើយ។ ជាការពិត មានរបាយការណ៍ EIA ដែលអាចរកបាន ប៉ុន្តែមិនមានលទ្ធភាពទទួលបានរបាយការណ៍ទាំងនេះ ដូច្នេះមានន័យថា នៅតែមើលមិនឃើញនូវរបាយការណ៍ទាំងនោះ នៅថ្នាក់ជាតិ និងថ្នាក់មូលដ្ឋាន។
ក្នុងគោលបំណងគាំទ្រការបង្ហាញទិន្នន័យជាសាធារណៈដោយរាជរដ្ឋាភិបាល អូឌីស៊ីបានសម្ពោធគេហទំព័រ EIA នៅក្នុងសិក្ខាសាលាស្តីពីការផ្សព្វផ្សាយការវាយតម្លៃហេតុប៉ះពាល់បរិស្ថាន (EIA) និងការអភិវឌ្ឍប្រកបដោយចីរភាព នៅក្នុងប្រទេសកម្ពុជា នាថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៩។ មាតិកា និងមុខងាររបស់គេហទំព័រ EIA នៅលើគេហទំព័រអូឌីស៊ី មានព័ត៌មានជាតារាង និងរបាយការណ៍ EIA បែបឌីជីថល រួមទាំងផែនទីអន្តរកម្ម។ របាយការណ៍ EIA នីមួយៗត្រូវបានអមដោយព័ត៌មានសង្ខេប ដែលធ្វើឱ្យមាតិកាកាន់តែងាយស្រួល និងមានប្រយោជន៍ដល់សាធារណជន រាជរដ្ឋាភិបាល អង្គការមិនមែនរដ្ឋាភិបាល ពាណិជ្ជកម្ម ស្ថាប័នសិក្សា និងប្រព័ន្ធផ្សព្វផ្សាយ។
នៅក្នុងសិក្ខាសាលានេះ លោក ធី ទ្រី នាយកប្រតិបត្តិនៃអង្គការទិន្នន័យអំពីការអភិវឌ្ឍ បានសង្កត់ធ្ងន់លើសារៈសំខាន់នៃរបាយការណ៍ EIA នៅក្នុងការសិក្សាស្រាវជ្រាវ និងការចូលរួមរបស់សាធារណជន នៅក្នុងដំណើរការត្រួតពិនិត្យ EIA។ “វេទិកានេះនឹងអាចឱ្យសាធារណជន អ្នកសិក្សាស្រាវជ្រាវ អ្នកបរិស្ថាន និងសហគមន៍ទទួលបានព័ត៌មាន និងរបាយការណ៍សង្ខេបនៃរបាយការណ៍ EIA ក្នុងទម្រង់ឌីជីថល ហើយពួកគាត់អាចយករបាយការណ៍នេះ សម្រាប់ការតាមដានគម្រោងអភិវឌ្ឍន៍ ដែលអនុម័តដោយក្រសួង ដើម្បីពិនិត្យមើលថា តើគម្រោងទាំងនោះមានផលប៉ះពាល់អវិជ្ជមាន ដល់ជីវភាពរស់នៅរបស់ពួកគាត់ ឬបរិស្ថានយ៉ាងណា។” ដោយផ្អែកលើតម្រូវការ លោកបានលើកឡើងពីសារៈសំខាន់នៃទំព័រព័ត៌មានទិន្នន័យអំពី EIA របស់អូឌីស៊ី ដែលបង្ហាញអំពីរបាយការណ៍ EIA ពង្រាង ដែលបានចែករំលែកដោយរាជរដ្ឋាភិបាល ទៅអង្គការមិនមែនរដ្ឋាភិបាលដែលពាក់ព័ន្ធ។
វេទិកា Open Land Contracts គឺជាគេហទំព័របើកទូលាយ និងឥតគិតថ្លៃសម្រាប់សាធារណជនក្នុងការចូលមើលព័ត៌មាន ដែលទាក់ទងនឹងការអភិវឌ្ឍ ពីបណ្ដាញនៃគំនិតផ្ដួចផ្ដើម ដែលធ្វើការលើកកម្ពស់ការបើកទូលាយ និងតម្លាភាព ទាក់ទិននឹងការវិនិយោគខ្នាតធំ និងគម្រោងអភិវឌ្ឍនានា។ ស្រដៀងគ្នាទៅនឹងទំព័រ EIA របស់អូឌីស៊ីដែរ វេទិកា OpenLandContracts.org ផ្តួចផ្តើមដោយមជ្ឈមណ្ឌលវិនិយោគទុនដោយចីរភាពនៅទីក្រុងកូឡុំប៊ី (CCSI) បានដើរតួនាទីជាប្រភពនៃកិច្ចសន្យាវិនិយោគ ដែលអាចរកបានជាសាធារណៈ ទាក់ទងនឹងការវិនិយោគដីធ្លី។ វេទិកានេះបានចាប់ផ្ដើមនៅឆ្នាំ ២០១៥ ហើយមានផ្ទុកឯកសារតែ ៦៩ ច្បាប់ប៉ុណ្ណោះ ប៉ុន្តែបច្ចុប្បន្ននេះ មានរហូតទៅដល់ជាង ៥០០ ច្បាប់។ នៅលើវេទិកានេះ មានបង្ហោះកិច្ចសន្យាទាំងមូល រួមជាមួយនឹងសេចក្តីអធិប្បាយខ្លី ឬសេចក្ដីសង្ខេប នៃខ្លឹមសារសំខាន់ៗនៃកិច្ចសន្យា។ តាមរយៈវីដេអូថ្លែងសុន្ទកថាគន្លឹះរបស់កញ្ញា Jesse Coleman ដែលជាអ្នកស្រាវជ្រាវផ្នែកច្បាប់នៅ CCSI បានសាទរចំពោះការដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវគេហទំព័រ EIA ដំបូងគេនេះ នៅក្នុងប្រទេសកម្ពុជា។ កញ្ញាបានឆ្លុះបញ្ចាំងអំពីគោលបំណងសំខាន់ៗនៃវេទិកា OpenLandContracts.org និងរបៀបដែលវេទិកានេះត្រូវបានប្រើប្រាស់ដោយអ្នកស្រាវជ្រាវ អ្នកតស៊ូមតិផ្នែកគោលនយោបាយ ទីប្រឹក្សាច្បាប់ និងសង្គមស៊ីវិល។
ក្រៅពីការដាក់សម្ពោធគេហទំព័រស្តីពីការវាយតម្លៃហេតុប៉ះពាល់បរិស្ថាន (EIA) សិក្ខាសាលានេះក៏ជាវេទិកាមួយសម្រាប់ចែករំលែក និងពិភាក្សាលើប្រធានបទ EIA និងការអភិវឌ្ឍប្រកបដោយចីរភាពនៅក្នុងប្រទេសកម្ពុជា។ ប្រធានបទមួយក្នុងចំណោមប្រធានបទទាំងនោះគឺ “បញ្ហាប្រឈម និងឱកាសនៃការអនុវត្ត EIA ក្នុងវិស័យឧស្សាហកម្មនិស្សារណកម្ម និងវិស័យដីធ្លីនៅកម្ពុជា”។ កញ្ញា មុត ចាន់ធានី អ្នកសម្របសម្រួលបណ្តាញ EISEI នៃអង្គការអង្គការអភិវឌ្ឍន៍ និងភាពជាដៃគូក្នុងសកម្មភាព (DPA) គឺជាអ្នកធ្វើបទបង្ហាញ និងជាវាគ្មិនមួយរូប។ នៅក្នុងបទបង្ហាញរបស់កញ្ញា មុត បានរៀបរាប់ពីបទពិសោធន៍របស់អង្គការ DPA លើវិស័យការវាយតម្លៃហេតុប៉ះពាល់បរិស្ថាន (EIA) នៅក្នុងឧស្សាហកម្មនិស្សារណកម្មនៅកម្ពុជា។ កញ្ញាបានបញ្ចប់ការធ្វើបទបង្ហាញដោយផ្តល់អនុសាសន៍ជាច្រើន ដើម្បីកែលម្អការអនុវត្ត EIA នៅក្នុងវិស័យឧស្សាហកម្មនិស្សារណកម្មនៅកម្ពុជា ហើយមួយក្នុងនោះបានជម្រុញឱ្យរាជរដ្ឋាភិបាលដាក់បង្ហាញរាល់របាយការណ៍ EIA ផ្សព្វផ្សាយព័ត៌មានយ៉ាងទូលំទូលាយ និងចូលរួមជាមួយសាធារណជន។ “រយៈពេលខ្លី និងតម្លាភាពនៃព័ត៌មានអាចត្រូវបានដោះស្រាយ តាមរយៈការបង្កើតគេហទំព័រ EIA ជាផ្លូវការ ការបង្កើនព័ត៌មានដែលទាក់ទងនឹងបរិស្ថាន និងរៀបចំវេទិកាសាធារណៈជាមួយពហុអ្នកពាក់ព័ន្ធ។”
បន្ថែមលើបទបង្ហាញរបស់កញ្ញា មុត ស្តីពីការដាក់បង្ហាញ និងការចែកចាយរបាយការណ៍ EIA លោក សី ពៅ ដែលជាអ្នកសម្របសម្រួលបណ្តាញ NECA នៃវេទិកានៃអង្គការមិនមែនរដ្ឋាភិបាលស្ដីពីកម្ពុជា បានលើកឡើងពីការព្រួយបារម្ភរបស់គាត់ចំពោះការអនុវត្តជាក់ស្តែង និងរបៀបធ្វើឱ្យប្រាកដថាការអនុវត្តនោះ បានអនុវត្តតាមបទដ្ឋានស្ដង់ដារ EIA ។ វេទិកាអង្គការមិនមែនរដ្ឋាភិបាលស្ដីពីកម្ពុជាទទួលបានរបាយការណ៍ពង្រាង EIA ត្រឹមតែ ៤០០ ក្បាលប៉ុណ្ណោះ ដើម្បីពិនិត្យ និងផ្តល់យោបល់។ លោកបានសង្កត់ធ្ងន់ថា ចំនួននេះហាក់ដូចជាច្រើនណាស់ ប៉ុន្តែវាមិនច្រើនទេ បើប្រៀបធៀបទៅនឹងចំនួនពិតប្រាកដនៃគម្រោងដែលកំពុងអនុវត្ត។ លើសពីនេះទៀត គាត់ក៏បានលើកឡើងផងដែរនូវបញ្ហាមួយ ក្នុងចំណោមបញ្ហាចម្បងៗ គឺការត្រួតពិនិត្យប្រសិទ្ធភាពនៃអនុសាសន៍ទាក់ទងនឹង EIA របស់អង្គការមិនមែនរដ្ឋាភិបាល លើផែនការគ្រប់គ្រងបរិស្ថាន (EMP) ពីព្រោះរបាយការណ៍EIA ចុងក្រោយមិនត្រូវបានចែករំលែកដោយក្រសួងបរិស្ថានឡើយ។ លោកបានជម្រុញឱ្យគ្រប់ភាគីពាក់ព័ន្ធទាំងអស់ចូលរួមក្នុងការត្រួតពិនិត្យរបាយការណ៍ EIA។ លោក ពៅ បានមានលើកឡើងថា “វាមានសារៈសំខាន់ណាស់ដែលគ្រប់ភាគីពាក់ព័ន្ធ ជាពិសេសសហគមន៍ដែលរងផលប៉ះពាល់ ចូលរួមនៅក្នុងការត្រួតពិនិត្យថាតើក្រុមហ៊ុនទាំងនោះគោរពតាមអ្វីដែលត្រូវបានរាយការណ៍ នៅក្នុងរបាយការណ៍ EIA ឬអត់”។
នៅក្នុងសិក្ខាសាលានេះ មានអ្នកចូលរួមសរុបចំនួន ៣០ នាក់ ដែលមកពីអង្គការមិនមែនរដ្ឋាភិបាលអន្តរជាតិ និងក្នុងស្រុក វិស័យឯកជន ក៏ដូចជានិស្សិតសាកលវិទ្យាល័យ និងអ្នកសារព័ត៌មាន ដែលធ្វើការការពាក់ព័ន្ធនឹង EIA ។ មានការផ្ដល់មតិយោបល់ជាច្រើនពីភាគីពាក់ព័ន្ធ ទៅលើទំព័រ EIA របស់អូឌីស៊ីផងដែរ។ ដោយមានមតិយោបល់ និងបញ្ហាលំបាកបានលើកឡើង និងយកមកពិភាក្សានៅក្នុងកិច្ចពិភាក្សា ទំព័រ EIA របស់អូឌីស៊ី អាចជាចំណុចចាប់ផ្តើមសម្រាប់ការបើកទូលាយនូវរបាយការណ៍ EIA នៅក្នុងប្រទេសកម្ពុជា។ បច្ចុប្បន្ននេះមានរបាយការណ៍ការវាយតម្លៃហេតុប៉ះពាល់បរិស្ថាន (EIA) ពង្រាង ចំនួន ១០ ក្បាល ត្រូវបានបោះពុម្ពផ្សាយនៅលើគេហទំព័ររបស់អូឌីស៊ី។ អង្គការអូឌីស៊ីក៏បានអំពាវនាវផងដែរ ចំពោះការចូលរួមចែករំលែកនូវរបាយការណ៍ EIA ពីសាធារណៈជនទាំងសេចក្តីព្រាង និងរបាយការណ៍ចុងក្រោយ សម្រាប់ដាក់ផ្សាយនៅលើគេហទំព័ររបស់អូឌីស៊ី។
តើការវាយតម្លៃហេតុប៉ះពាល់បរិស្ថាន (EIA) គឺជាអ្វី?
ការវាយតម្លៃហេតុប៉ះពាល់បរិស្ថាន (EIA) គឺជាឧបករណ៍វិភាគដ៏ជាក់លាក់មួយ ដែលវាយតម្លៃលើផលប៉ះពាល់សំខាន់ៗនៃគម្រោងអភិវឌ្ឍន៍ធំៗ ដែលបានស្នើសុំ ដែលជារឿយៗពាក់ព័ន្ធនឹងការទាញយកធនធានធម្មជាតិ ឫការកសាងហេដ្ឋារចនាសម្ព័ន្ធជាដើម។ របាយការណ៍ EIA តំណាងឱ្យឧបករណ៍សំខាន់មួយនេះ ដែលបង្ហាញពីអត្ថប្រយោជន៍វិជ្ជមាននៃការអភិវឌ្ឍ ក៏ដូចជាផលប៉ះពាល់អវិជ្ជមានទំហំធំដែលទាក់ទងនឹងបរិស្ថានរួមមាន ធម្មជាតិ សេដ្ឋកិច្ច និងសង្គមនៃជីវិត។ EIA ត្រូវបានតម្រូវដោយច្បាប់ សម្រាប់គម្រោងអភិវឌ្ឍន៍ធំៗ ជាច្រើននៅក្នុងប្រទេសកម្ពុជា ហើយវាត្រូវបានពង្រឹងដោយច្បាប់ស្តីពី EIA និងគោលការណ៍ណែនាំអនុវត្តន៍ល្អបំផុត ដើម្បីធានានូវតម្រូវការសម្រាប់ការពិគ្រោះយោបល់ជាសាធារណៈ និងការចូលរួម។