សកម្មភាពរបស់យុវជនក្នុងដំណើរការនៃគោលដៅអភិវឌ្ឍប្រកបដោយចីរភាព (គ.អ.ច.)
អង្គការទិន្នន័យអំពីការអភិវឌ្ឍ (អូឌីស៊ី) ត្រូវបានអញ្ជើញឱ្យចូលរួមក្នុងកម្មវិធី សកម្មភាពរបស់យុវជនក្នុងដំណើរការនៃគោលដៅអភិវឌ្ឍប្រកបដោយចីរភាព (គ.អ.ច.) ដែលត្រូវបានរៀបចំឡើងដោយក្រុមយុវទូតស្ម័គ្រចិត្តដើម្បីការអភិវឌ្ឍប្រកបដោយចីរភាព ដោយសហការជាមួយអង្គការគណៈកម្មាធិការសហប្រតិបត្តិការដើម្បីកម្ពុជា (គ.ស.ក)។ កម្មវិធីក្រុមយុវទូតស្ម័គ្រចិត្តដើម្បីការអភិវឌ្ឍប្រកបដោយចីរភាពមានយុវទូតស្ម័គ្រចិត្តចំនួន ២៥ រូប ដែលកំពុងធ្វើការដើម្បីលើកកម្ពស់ឱកាសសម្រាប់យុវជនក្នុងការបញ្ចេញសំលេង និងផ្តល់ជាមធ្យោបាយសម្រាប់យុវជនក្នុងតំបន់តាមរយៈការស្ម័គ្រចិត្តក្លាយជាភ្នាក់ងារផ្ទាល់នៃការផ្លាស់ប្តូរជាវិជ្ជមានទៅលើ គ.អ.ច.។
ព្រឹត្តិការណ៍នេះត្រូវបានរៀបចំនៅថ្ងៃទី២២ ខែតុលាឆ្នាំ ២០១៩ ដោយបានប្រមូលផ្តុំតំណាងយុវជនជាង ៤០ នាក់មកពីអង្គការសង្គមស៊ីវិល ដើម្បីពិភាក្សាពីតួនាទីរបស់យុវជនក្នុងរបៀបវារៈឆ្នាំ ២០៣០ ។ ការពិភាក្សានេះមានសារៈសំខាន់យ៉ាងខ្លាំង ព្រោះថា ប្រទេសកម្ពុជាមានប្រជាជនជាយុវជនច្រើនជាងគេនៅអាស៊ីអាគ្នេយ៍ ដែលម្នាក់ក្នុងចំណោម ៣ នាក់មានអាយុចន្លោះពី ១៥ ទៅ ២៩ ឆ្នាំ។ ក្រៅពីនេះ កាលពីឆ្នាំមុន រដ្ឋាភិបាលបានបញ្ចប់ការធ្វើមូលដ្ឋានីយកម្មនៃគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពនៅកម្ពុជា (គ.អ.ច.ក.) និងបានបង្ហាញការត្រួតពិនិត្យថ្នាក់ជាតិដោយស្ម័គ្រចិត្ត (VNR) លើកដំបូងនៅវេទិកានយោបាយកម្រិតខ្ពស់របស់អង្គការសហប្រជាជាតិ។
កិច្ចសន្ទនាយុវជនកម្ពុជានៃអង្គការសង្គមស៊ីវិលបានចាប់ផ្តើមដោយសុន្ទរកថារបស់ កញ្ញា ឌី សេរីវល័ក្ខ តំណាងកម្មវិធីក្រុមយុវទូតស្ម័គ្រចិត្ត និង លោក មាស គង្សរក្សា យុវទូតស្ម័គ្រចិត្ត។ លោក រី សុណ្ណា អ្នកឯកទេសផ្នែកច្បាប់ និងគោលនយោបាយនៃអង្គការគណៈកម្មាធិការសហប្រតិបត្តិការដើម្បីកម្ពុជា បានផ្តល់នូវទិដ្ឋភាពទូទៅនៃតួនាទីរបស់យុវជននៅក្នុង គ.អ.ច. និងបានបើកការជជែកពិភាក្សា។ អ្នកតំណាងមកពីអង្គការសង្គមស៊ីវិលនិមួយៗបានចាប់ផ្តើមដោយពិនិត្យឡើងវិញនូវខ្សែយុទ្ធសាស្ត្រ និងគម្រោងពាក់ព័ន្ធនឹងអង្គការរបស់ពួកគេ។ ការពិភាក្សាយ៉ាងសកម្មរួមមាន ការវាយតម្លៃធនធាន ការធ្វើគម្រោងសកម្មភាព និងកម្មវិធីនានាក្នុងការដោះស្រាយទាក់ទងនឹងយុវជន បញ្ហាប្រឈមដែលត្រូវដោះស្រាយ និងឱកាសក្នុងការចូលរួមរបស់យុវជន។
កញ្ញា Júlia G. Puig តំណាងរបស់អង្គការអូឌីស៊ី បានសង្កត់ធ្ងន់លើការប្តេជ្ញាចិត្តរបស់អូឌីស៊ីក្នុងការធ្វើការក្រោមក្របខ័ណ្ឌនៃ គ.អ.ច. និងបានលើកឡើងអំពីគំនិតផ្តួចផ្តើមមួយចំនួនរបស់អូឌីស៊ីទាក់ទងនឹងយុវជនដូចជា ការសហការជាមួយក្រសួងអប់រំ យុវជន និងកីឡា ក្នុងការបញ្ចូលសកម្មភាពផែនទីទៅក្នុងកម្មវិធីសិក្សានៅថ្នាក់វិទ្យាល័យ ទិវាទិន្នន័យបើកទូលាយ និងការបណ្តុះបណ្តាលស្តីពី ការសរសេរអត្ថបទដោយផ្អែកលើភស្ដុតាង ការគូសផែនទី និងជីអាយអេស។ កញ្ញាក៏បានលើកឡើងពីការចូលរួមរបស់អូឌីស៊ីក្នុងដំណើរការ VNR និងពន្យល់ពីការបែងចែកទិន្នន័យ ការលើកកម្ពស់ការយល់ដឹង និងការផ្សព្វផ្សាយវេទិកាសម្រាប់យុវជនគឺមានសារៈសំខាន់សម្រាប់ គ.អ.ច.។