អង្គការ​ទិន្នន័យ​អំពី​ការ​អភិវឌ្ឍ​ ចាប់ផ្តើម​វគ្គ​បណ្តុះបណ្តាល​អក្ខរកម្ម​ទិន្នន័យ​

អង្គការ​ទិន្នន័យ​អំពី​ការ​អភិវឌ្ឍ​ ហៅ​កាត់​ថា​ អូ​ឌី​ស៊ី​ ដែល​ជា​អង្គការ​ទិន្នន័យ​បើក​ទូលាយ​ បាន​ចាប់ផ្តើម​វគ្គ​បណ្តុះបណ្តាល​អក្ខរកម្ម​ទិន្នន័យ​របស់​ខ្លួន​ ដែល​មាន​រយៈពេល​ ៥​ថ្ងៃ​ នៅ​រាជធានីភ្នំពេញ​ ចាប់ពី​ថ្ងៃ​ទី​២១​ ដល់​ ថ្ងៃទី២៥​ ខែតុលា​ ឆ្នាំ​២០១៩​។​


​ជាមួយ​ជំនួយ​ថវិកា​ពី​គម្រោង​ គម្រោងពង្រឹងសមត្ថភាពអង្គការសង្គមស៊ីវិលកម្ពុជា​ (CCSS)​ របស់​ទីភ្នាក់ងារ​ជំនួយ​អា​មេ​រិ​ក​ (USAID)​ អង្គការ​ អូ​ឌី​ស៊ី​ កំពុង​អនុវត្ត​កម្មវិធី​ អក្ខរកម្ម​ទិន្នន័យ​ ដែល​មាន​វគ្គ​បណ្តុះបណ្តាល​សរុប​ចំនួន​ ៣​វគ្គ​ និង​សិក្ខា​បិទ​វគ្គ​មួយ​។​ វគ្គ​បណ្តុះបណ្តាល​នីមួយៗ​មាន​រយៈពេល​ប្រាំ​ថ្ងៃ​។​​ វគ្គ​បណ្តុះបណ្តាល​នីមួយៗ​រួម​ប​ញ្ចូល​ ការ​រៀន​ក្នុង​ថ្នាក់​ ទស្សនកិច្ច​សិក្សា​ ការ​ណែនាំ​ ការ​សរសេរ​អត្ថបទ​ដោយ​ប្រើ​ទិន្នន័យ​ និង​ ការ​បោះពុម្ពផ្សាយ​នៅ​លើ​គេហទំព័រ​។


​សិក្ខាកាម​ចំនួន​ ៣០​រូប​ ត្រូវ​បាន​ជ្រើសរើស​ឱ្យចូលរួម​ក្នុង​កម្មវិធី​បណ្តុះបណ្តាល​នេះ​ ដែល​សិក្ខាកាម​ទាំងអស់​សុទ្ធតែ​ជា​ អ្នក​សារព័ត៌មាន​ មន្ត្រី​ទំនាក់ទំនង​ និង​ អ្នកធ្វើការ​ក្នុង​វិស័យ​សិក្សា​ស្រាវជ្រាវ​។​


​ក្នុង​កំឡុង​វគ្គ​បណ្តុះបណ្តាល​ លោក​ ធី​ ទ្រី​ នា​យក​ប្រតិបត្តិ​នៃ​ អង្គការ​ អូ​ឌី​ស៊ី​ បាន​ថ្លែង​ថា​ វគ្គ​បណ្តុះបណ្តាល​ស្តី​ពី​អក្ខរកម្ម​ទិន្នន័យ​នេះ​ នឹង​ប្រព្រឹត្ត​ទៅ​រយៈពេល​ ១​ឆ្នាំ​ពេញ​។​ លោក​បន្ថែម​ថា​ កម្មវិធី​បណ្តុះបណ្តាល​នេះ​នឹង​ផ្តល់​ឱ្យសិក្ខាកាម​នូវ​ជំនាញ​ និង​ចំណេះដឹង​អំពី​ការ​ប្រើប្រាស់​ទិន្នន័យ​ និង​ការ​សរសេរ​អត្ថបទ​ដោយ​ប្រើប្រាស់​ទិន្នន័យ​។​

លោក​ បន្ថែម​ទៀត​ថា​ “​នៅ​ចុងបញ្ចប់​នៃ​វគ្គ​បណ្តុះបណ្តាល​ ខ្ញុំបាទ​ជឿជាក់​ថា​ សិក្ខាកាម​ទាំងអស់​ នឹង​មាន​សមត្ថភាព​ប្រើប្រាស់​ការ​និទានរឿង​ប្រកបដោយ​ភស្តុ​តាង​ ដើ​ម្បី​ជួយ​លើកកម្ពស់​ការ​យល់​ដឹង ​និង​ការ​សម្រេចចិត្ត​ប្រកបដោយ​ចំណេះដឹង​ ទាក់ទង​នឹង​ការ​គ្រប់គ្រង​បរិស្ថាន ​និង​ធនធានធម្មជាតិ​នៅ​កម្ពុជា​”​។​


​មេរៀន​​ចំនួន​ពីរ​ដែល​បាន​លើកយក​មក​ក្នុង​វគ្គ​បណ្តុះបណ្តាល​ទី​មួយ​នេះ​រួម​មាន​ “​ពី​ភស្តុ​តាង​ ទៅ​ជា​អត្ថបទ​”​ និង​ “​ការ​ស្វែងរក​ទិន្នន័យ​ និង​ទម្រង់​ទិន្នន័យ​”​។​ សិក្ខាកាម​ក៏​បាន​រៀនអំ​ពី​ ទិន្នន័យ​បើក​ទូលាយ​ សំនុំ​ទិន្នន័យ​ និង​ការ​វិភាគ​ទិន្នន័យ​។​
​លោក​ យ៉ា​ន​ ណោ​ង​អ៊ុ​ក​ ដែល​ជា​គ្រូឧទ្ទេស​បង្គោល​នៃ​កម្មវិធី​បណ្តុះបណ្តាល​នេះ​ បាន​ឱ្យដឹង​ថា​ “​ក្នុង​វគ្គ​បណ្តុះបណ្តាល​ទី​មួយ​នេះ​ ខ្ញុំ​ណែនាំ​សិក្ខាកាម​អំពី​វិធីសាស្ត្រ​មួយ​ចំនួន​ក្នុង​ការ​កំណត់​មុំ​នៃ​រឿង​ និង​បង្ហាញ​ពី​របៀប​ដែល​ទិន្នន័យ​ក្នុង​វិស័យ​នានា​ត្រូវ​បាន​ប្រើ​សម្រាប់​បង្កើត​អត្ថបទ​ដែល​ប្រើប្រាស់​ទិន្នន័យ​។​

​កញ្ញា​ ឆ​ន​ រក្សា​ ដែល​ជា​សិក្ខាកាម​មួយ​រូប​មក​ពី​ អង្គការ​តម្លារ​ភាព​កម្ពុជា​ បាន​ឱ្យ​ដឹង​ពី​សារៈសំខាន់​នៃ​ទិន្នន័យ​សម្រាប់​ការងារ​ក៏​ដូច​ជា​ការ​សម្រេចចិត្ត​របស់​គាត់​។​ គាត់​និយាយ​ថា​ “​ខ្ញុំ​មាន​បំណង​ប្រើប្រាស់​ទិន្នន័យ​ឱ្យអស់ពី​លទ្ធភាព​ តាម​រយៈ​ការ​ស្រាវជ្រាវ​ស្វែងរក​ទិន្នន័យ​ ដែល​មាន​សារៈ​ប្រយោជន៍​និង​មាន​បច្ចុប្បន្នភាព​ ហើយ​ប្រើ​វា​ក្នុង​ការ​សម្រេចចិត្ត។ ឧទាហរណ៍​ ការ​បង្កើត​ផែនការ​យុទ្ធសាស្ត្រ​នៅ​កន្លែង​ការងារ​ខ្ញុំ​ ហើយ​បង្ហាញ​វាទៅ​អ្នក​ដទៃ​ដើម្បី​ឱ្យ​គេ​ស្គាល់​ពី​បញ្ហា​ដែល​ទាក់ទង​នឹង​ទិន្នន័យ​ដែរ​”​។​ ​ឆ្លងកាត់​វគ្គ​បណ្តុះបណ្តាល​នេះ​ គាត់​សង្ឃឹ​ម​ថា​ គាត់​អាច​ប្រើប្រាស់​ជំនាញ​ដែល​បាន​រៀន​ សម្រាប់​ការងារ​ និង​ការ​ស្រាវជ្រាវ​របស់​គាត់​ “​ខ្ញុំ​រំពឹង​ថា​នឹង​បាន​រៀន​ឧបករណ៍​នានា​ដែល​មាន​សារ​ប្រយោជន៍​ក្នុង​ការ​ស្វែងរក​ទិន្នន័យ​ និង​ធ្វើ​ឱ្យវា​អាច​ប្រើប្រាស់​បាន​។​ បន្ទាប់​ពី​វគ្គ​បណ្តុះបណ្តាល​នេះ​ ខ្ញុំ​ចង់​ធ្វើ​ឯកសារ​ស្រាវជ្រាវ​មួយ​ទាក់ទង​នឹង​ការ​ចូលរួម​របស់​យុវជន​ក្នុង​កម្រិត​មូលដ្ឋាន​ តាម​រយៈ​ការ​ប្រើប្រាស់​ឧបករណ៍ ​និង​ចំណេះ​ដែល​បាន​រៀន​ពី​វគ្គ​បណ្តុះបណ្តាល​នេះ​”​។​

នៅ​ថ្ងៃ​ចុង​ក្រោយ​នៃ​វគ្គបណ្តុះបណ្តាល​នេះ​ លោកស្រី​ Catherine​ Cecil​ ប្រធាន​ វិទ្យាស្ថាន​គ្រប់គ្រង​ បូព៌ា​-​ប​ញ្ចឹ​ម​ បាន​ថ្លែងស​ន្ទ​រក​ថា​បិទ​កម្មវិធី​ ហើយ​លោកស្រី​ក៏​បាន​ផ្តល់​កិត្តិយស​ចែក​លិខិតបញ្ជាក់​ការ​បញ្ចប់​វគ្គ​បណ្តុះបណ្តាល​ទី​មួយ​ទៅ​កាន់​សិក្ខាកាម​ផង​ដែរ​។​
​វគ្គ​បណ្តុះបណ្តាល​ទី​ពីរ​ នឹង​ប្រព្រឹត្តិ​ទៅ​ពី​ថ្ងៃ​ទី​០២​ ដល់​ ទី​០៦​ ខែធ្នូ​ ឆ្នាំ​២០១៩​។​


​គួរ​ប​ញ្ជា​ក់​ផង​ដែរ​ថា​ កម្មវិធី​បណ្តុះបណ្តាល​ទាំងមូល​មាន​រយៈពេល​ ១​ឆ្នាំ​ គិត​ចាប់ពី​ខែកក្កដា​ ឆ្នាំ​២០១៩​ ដល់​ខែកក្កដា​ ឆ្នាំ​២០២០​។​ សិក្ខាកាម​ទាំងអស់​ ត្រូវ​រំពឹង​ថា​ នឹង​ប្រើប្រាស់​ចំណេះដឹង​ដែល​ទទួល​បាន​កំឡុង​វគ្គ​បណ្តុះបណ្តាល​ ដើម្បី​អនុវត្ត​ផ្ទាល់​ទៅ​ក្នុង​គម្រោង​របស់​ពួក​គេ​នៅ​ស​ប្តា​ហ៍​បន្តបន្ទាប់​នៃ​វគ្គ​បណ្តុះបណ្តាល​។​