ការ​វាយតម្លៃ​ហេតុ​ប៉ះពាល់​បរិស្ថាន​៖​ សារៈសំខាន់​ និង​ឱកាស​ក្នុង​ការ​ចូលរួម​របស់​សហគមន៍​មូលដ្ឋាន​

​ការ​បើក​សេដ្ឋកិច្ច​កម្ពុជា​ក្នុង​ទសវត្សរ៍​ឆ្នាំ​១៩៩០​ និង​ច្បាប់​វិនិយោគ​ថ្មី​ឆ្នាំ​២០២១​ បាន​លើកទឹកចិត្ត​ឱ្យ​មានការ​វិនិយោគ​លើ​គម្រោង​អភិវឌ្ឍន៍​ក្នុង​វិស័យ​ជា​ច្រើន​រួម​មាន​ ឧស្សាហកម្ម​និស្សា​រណកម្ម​ ហេដ្ឋារចនាសម្ព័ន្ធ​រូប​វន្ត​ កសិកម្ម​ ថាមពល​វា​រី​អគ្គិសនី​ និង​ទេសចរណ៍​អេកូឡូស៊ី​។​ វិស័យ​ទាំងនេះ​ត្រូវ​ជាប់​កាតព្វកិច្ច​អនុវត្ត​ការ​វាយតម្លៃ​ហេតុ​ប៉ះពាល់​បរិស្ថាន​ ហើយ​វិសាលភាព​នៃ​ការ​សិក្សា​គឺ​អាស្រ័យ​លើ​ទំហំ​ជាក់ស្តែង​របស់​គម្រោង​។​ ការ​វាយតម្លៃ​ហេតុ​ប៉ះពាល់​បរិស្ថាន​ពិតជា​មាន​សារៈសំខាន់​ក្នុង​ការ​កំណត់​អត្តសញ្ញាណ​អត្ថប្រយោជន៍​ ផល​ប៉ះពាល់​ និង​ចំណាត់ថ្នាក់​នៃ​គម្រោង​វិនិយោគ​ ឬ​គម្រោង​អភិវឌ្ឍន៍​លើ​សេដ្ឋកិច្ច​សង្គម​ និង​បរិស្ថាន​។​ ការ​វាយតម្លៃ​ហេតុ​ប៉ះពាល់​បរិស្ថាន​មាន​សារៈសំខាន់​ណាស់​សម្រាប់​សហគមន៍​មូលដ្ឋាន​ ជា​ពិសេស​ជនជាតិ​ដើម​ភាគតិច​ ដោយសារ​ពួក​គេ​ជា​ក្រុម​ងាយ​រង​គ្រោះជា​ពិសេស​ចំពោះ​ផល​ប៉ះពាល់​អវិជ្ជមាន​នៃ​គម្រោង​អភិវឌ្ឍន៍​ថ្មី​ ដោយសារ​តែ​វប្បធម៌​ ប្រពៃណី​ ចំណេះដឹង​ ជំនឿ​ និង​ជីវភាព​រស់នៅ​របស់​ពួក​គេ​មាន​ទំនាក់ទំនង​យ៉ាង​ជិត​ស្និទ្ធ​ជាមួយ​ដី​ និង​បរិស្ថាន​។​ ដូច្នេះ​ វា​មាន​សារៈសំខាន់​ណាស់​ក្នុង​ការ​ផ្តល់​ព័ត៌មាន​បឋម​ប្រកបដោយ​តម្លាភាព​អំពី​លទ្ធផល​នៃ​ការ​វាយតម្លៃ​ហេតុ​ប៉ះពាល់​បរិស្ថាន​ដល់​សហគមន៍​មូលដ្ឋាន​ និង​ជនជាតិ​ដើម​ភាគតិច​ ដោយ​ផ្តល់​ឱ្យ​ពួក​គេ​នូវ​វេទិកា​មួយ​ដើម្បី​ចូលរួម​ក្នុង​ការ​ពិភាក្សា​ដែល​ពាក់ព័ន្ធ​ និង​តាមដាន​ដំណើរការ​វាយតម្លៃ​នេះ​។​

នៅ​ថ្ងៃ​ទី​២៨​ ខែកក្កដា​ ឆ្នាំ​២០២២​ អង្គការ​ទិន្នន័យ​អំពី​ការ​អភិវឌ្ឍ​សហការ​ជាមួយ​អង្គការ​ជនជាតិ​ដើម​ភាគតិច​កម្ពុជា​ ដោយ​មានការ​គាំទ្រ​ពី​មូលនិធិ​ហេ​ន​រេច​បូល​ បាន​រៀបចំ​កិច្ច​ពិភាក្សា​មួយ​ស្តី​ពី​ “​ការ​វាយតម្លៃ​ហេតុ​ប៉ះពាល់​បរិស្ថាន​៖​ សារៈសំខាន់​ និង​ឱកាស​ក្នុង​ការ​ចូលរួម​របស់​សហគមន៍​មូលដ្ឋាន​”​ នៅ​ខេត្តរតនគិរី​។​ ព្រឹត្តិការណ៍​នេះ​មាន​គោលបំណង​លើកកម្ពស់​ការ​យល់​ដឹង​អំពី​សារៈសំខាន់​ នៃ​ការ​បង្ហាញ​នូវ​របាយការណ៍​វាយតម្លៃ​ហេតុ​ប៉ះពាល់​បរិស្ថាន​ ដើម្បី​ពិភាក្សា​អំពី​ឱកាស​ថ្មីៗ​ក្នុង​ការ​ចូលរួម​ក្នុង​ដំណើរការ​រៀបចំ​របាយការណ៍​ និង​បង្កើន​ឱកាស​ត្រួតពិនិត្យ​។​ ព្រឹត្តិការណ៍​នេះ​មាន​អ្នកចូលរួម​ចំនួន​ ៤៧​នាក់​ ក្នុង​នោះ​មាន​ស្ត្រី​ ១៤​នាក់​ រួម​ទាំង​អភិបាលរង​ខេត្តរតនគិរី​ និង​តំណាង​នាយកដ្ឋាន​វាយតម្លៃ​ហេតុ​ប៉ះពាល់​បរិស្ថាន​ នៃ​ក្រសួងបរិស្ថាន​ នាយកដ្ឋាន​វាយតម្លៃ​ហេតុ​ប៉ះពាល់​បរិស្ថាន​នៃ​ខេត្តរតនគិរី​ តំណាង​​មូល​និ​ធិ​ហេ​ន​រេច​បូល​ អង្គការ​អូ​ឌី​ស៊ីអង្គការ​ជនជាតិ​ដើម​ភាគតិច​កម្ពុជា​ អង្គការ​បណ្តាញ​ការពារ​ទន្លេ​បី​ អង្គការ​សមាគម​ខ្មែរលើ​រតនគិរី​ អង្គការ​ថែរក្សា​ភាសា​ជនជាតិ​ដើម​ភាគតិច​។​ អ្នកចូលរួម​ក៏​មាន​មក​ពី​ក្រុម​ប្រព័ន្ធ​ផ្សព្វផ្សាយ​ យុវជន​ សមាជិក​សហគមន៍​មូលដ្ឋាន​ និង​ជនជាតិ​ដើម​ភាគតិច​ផង​ដែរ​។​

​ស្ថានភាព​បច្ចុប្បន្ន​នៃ​ការ​វាយតម្លៃ​ហេតុ​ប៉ះពាល់​បរិស្ថាន​

កាលពីដើម​ឡើយ​ នាយកដ្ឋាន​វាយតម្លៃ​ហេតុ​ប៉ះពាល់​បរិស្ថាន​ ស្ថិត​នៅ​ក្រោម​នាយកដ្ឋាន​គាំពារ​បរិស្ថាន​ ប៉ុន្តែ​បច្ចុប្បន្ន​ស្ថិត​នៅ​ក្រោម​រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន​ផ្ទាល់​តែ​ម្តង​។​ ការ​វាយតម្លៃ​ហេតុ​ប៉ះពាល់​បរិ​ស​ស្ថាន​គឺជា​ការ​សិក្សា​ឬ​ការ​វាយតម្លៃ​ដ៏​ស្មុគស្មាញ​និង​វែង​ ដែល​មានការ​ចូលរួម​ពី​អ្នក​ពាក់ព័ន្ធ​ក្នុង​តំបន់​ និង​ថ្នាក់​ជាតិ​។​ សេចក្តី​សង្ខេបនៃ​នីតិវិធី​វាយតម្លៃ​ហេតុ​ប៉ះពាល់​បរិស្ថាន​មាននៅ​ក្នុង​ខិត្តប័ណ្ណ​។​ គោលការណ៍​នៃការ​វាយតម្លៃ​ហេតុ​ប៉ះពាល់​បរិស្ថាន​ គឺ​គ្រប់គ្រង​ព័ត៌មាន​ដែល​ប្រមូល​បាន​អំពី​គម្រោង​ ទីតាំង​នីមួយៗ​ និង​ផល​ប៉ះពាល់​បរិស្ថាន​របស់​គម្រោង​នីមួយៗ​។​ នៅ​ក្នុង​ដំណើរការ​នៃ​ការ​វាយតម្លៃ​ហេតុ​ប៉ះពាល់​បរិ​​ស្ថាន​ ព័ត៌មាន​អំពី​ផល​ប៉ះពាល់​អវិជ្ជមាន​នៃ​គម្រោង​នីមួយៗ​បាន​ប្រមូលផ្តុំ​ដើម្បី​កំណត់​អត្តសញ្ញាណ​ដំណោះស្រាយ​ និង​ជម្រើស​សម​ស្រប​បំផុត​ដើម្បី​ដោះស្រាយ​ផល​ប៉ះពាល់​អវិជ្ជមាន​ណាមួយ​។​

ការ​វាយតម្លៃ​ហេតុ​ប៉ះពាល់​បរិស្ថាន​មាន​ពីរ​ប្រភេទ​។​ ទី​មួយ​គឺ​ការ​វាយតម្លៃ​ហេតុ​ប៉ះពាល់​បរិស្ថាន​បឋម​ ដែល​ផ្តោត​លើ​ការ​វិភាគ​ទិន្នន័យ​បន្ទាប់បន្សំ​។​ ប្រភេទ​ទី​ពីរ​គឺ​ការ​វាយតម្លៃ​ហេតុ​ប៉ះពាល់​បរិស្ថាន​ពេញលេញ ​ដែល​ធ្វើការ​សង្កេត​ និង​ប្រមូល​ទិន្នន័យបឋម​អំពី​ការ​បំពុល​ រំ​ញ័រ​ សំលេង​រំខាន​ និង​សារពើ​ភ័​ណ្ឌ​ព្រៃឈើ​ និង​ព័ត៌មាន​ផ្សេងៗ​ទៀត​។​

​ក្រុមហ៊ុន​ទីប្រឹក្សា​យោបល់​ដែល​បាន​ចុះបញ្ជី​ជាមួយ​រដ្ឋាភិបាល​ ជា​ធម្មតា​ទទួលខុសត្រូវ​ចំពោះ​របាយការណ៍​វាយតម្លៃ​ហេតុ​ប៉ះពាល់​បរិស្ថាន​របស់​ខ្លួន​។​ ក្រុមហ៊ុន​ទីប្រឹក្សា​ទាំងអស់​ត្រូវ​តែ​ចុះ​ឈ្មោះ​ជាមួយ​រដ្ឋាភិបាល​ ដើម្បី​ធានា​គុណភាព​នៃ​ការ​សិក្សា​។​ ដូច្នេះ​នឹង​មាន​ភ្នាក់ងារ​មួយ​ដើម្បី​ទទួលខុសត្រូវ​ប្រសិនបើ​មាន​អ្វី​ខុស​នឹង​លទ្ធផល​របស់​របាយការណ៍​វាយតម្លៃ​ហេតុ​ប៉ះពាល់​បរិស្ថាន​។​ ទោះជា​យ៉ាងណា​ក៏​ដោយ​ មានការ​ព្រួយបារម្ភ​អំពី​ភាព​ត្រឹមត្រូវ​ និង​ភាព​ពេញលេញ​នៃ​ការ​វាយតម្លៃ​ដោយ​ក្រុមហ៊ុន​ទីប្រឹក្សា​ទាំងនេះ​ ដោយ​ចោទសួរ​អំពី​ការ​កម្រិត​នៃ​ការ​ទទួលយក​បាននៃរបាយការណ៍​របស់​ពួក​គេ​។​ ក្រុមហ៊ុន​ទីប្រឹក្សា​នឹង​ប្រឈម​មុខ​នឹង​ផលវិបាក​តាម​ផ្លូវច្បាប់​ ការ​ផាកពិន័យ​ ហើយ​សមាជិក​មួយ​ចំនួន​អាច​ជាប់​ពន្ធនាគារ​ ប្រសិនបើ​ក្រសួង​កំណត់​បាន​នូវ​អត្តសញ្ញាណ​នៃ​ការ​ក្លែងបន្លំ​។​ ទោះជា​យ៉ាងនេះ​ក្តី​ ព័ត៌មាន​ទាក់ទង​នឹង​រឿង​បែប​នេះ​គឺ​កម្រ​ណាស់​នឹង​កើតឡើង​ណាស់​។​

សារៈសំខាន់​ និង​ឱកាស​នៃ​ការ​ចូលរួម​

ការ​ចូលរួម​ជា​សាធារណៈ​ គឺជា​ដំណើរការ​ពិគ្រោះ​យោបល់​ជាមួយ​អ្នក​ពាក់ព័ន្ធ​ផ្សេងៗ​អំពី​គម្រោង​អភិវឌ្ឍន៍​។​ តួអង្គ​ដែល​ពាក់ព័ន្ធ​រួម​មាន​ក្រសួង​ ស្ថាប័ន​ អង្គការ​នានា​ អាជ្ញាធរ​មូលដ្ឋាន​ នាយកដ្ឋាន​ពាក់ព័ន្ធ​ ម្ចាស់​គម្រោង​ ក្រុមហ៊ុន​ទីប្រឹក្សា​ ប្រជាពលរដ្ឋ​ដែល​រង​ផល​ប៉ះពាល់​ និង​តំណាង​អង្គការក្រៅរដ្ឋាភិបាល​ដែល​ពាក់ព័ន្ធ​នឹង​គម្រោង​ និង​ក្នុង​តំបន់​។​

ការ​ចូលរួម​ជាមួយ​ភាគី​ពាក់ព័ន្ធ​ គឺជា​ផ្នែក​មួយ​ដ៏​សំខាន់​នៃ​ដំណើរការ​វាយតម្លៃ​ហេតុ​ប៉ះពាល់​បរិស្ថាន​ ដើម្បី​ផ្សព្វផ្សាយ​ព័ត៌មាន​លម្អិត​អំពី​គម្រោង​អភិវឌ្ឍន៍​ និង​ប្រមូល​នូវ​កង្វល់​ សំណូមពរ​ ការ​រិះគន់​ ការ​គាំទ្រ​ មតិយោបល់​ និង​ព័ត៌មាន​អំពី​ធនធានបរិស្ថាន​ដែល​មាន​ស្រាប់​នៅ​ក្នុង​តំបន់​គម្រោង​។​ សមាជិក​សហគមន៍​ដែល​រង​ផល​ប៉ះពាល់​ដោយ​គម្រោង​គួរតែ​បង្ហាញ​ពី​កង្វល់​របស់​ពួក​គេ​ទៅ​កាន់​អ្នក​អភិវឌ្ឍន៍​គម្រោង​ក្នុងអំឡុងពេល​មានការ​ចូលរួម​ជា​សាធារណៈ​។​ ម្យ៉ាងទៀត​ ពួក​គេ​អាច​ធ្វើ​ដូច្នេះ​បាន​តាម​រយៈ​អង្គការក្រៅរដ្ឋាភិបាល​ដូច​ជា​ វេទិកា​នៃ​អង្គការ​មិនមែនរ​ដ្ឋា​ភិ​បា​ ស្តី​ពី​កម្ពុជា​ជាដើម​។​ រដ្ឋាភិបាល​បាន​ផ្តល់​អាសនៈ​សម្រាប់​វេទិកា​នៃ​អង្គការ​មិនមែនរ​ដ្ឋា​ភិ​បាល​ស្តី​ពី​កម្ពុជា​ ដើម្បី​លើក​ឡើង​ពី​កង្វល់​ដែល​ពួក​គេ​បាន​ប្រមូល​ពី​អ្នកចូលរួម​ទាំងអស់​។​ ក្រសួងបរិស្ថាន​កំពុង​ពិចារណា​ផ្តល់​របាយការណ៍​វាយតម្លៃ​ហេតុ​ប៉ះពាល់​បរិស្ថាន​ដល់​មន្ទីរ​ខេត្ត​ ដោយសារ​ព័ត៌មាន​អំពី​របាយការណ៍​វាយតម្លៃ​ហេតុ​ប៉ះពាល់​បរិស្ថាន​ នៅ​ក្នុង​នាយកដ្ឋាន​វាយតម្លៃ​ហេតុ​ប៉ះពាល់​បរិស្ថាន​ នៃ​ក្រសួងបរិស្ថាន ​មាន​ច្រើន​ក្រៃ​លែង​។​

​ការ​ចូលរួម​ជា​សាធារណៈ​មាន​បួន​ដំណាក់កាលរួមមាន​៖

  • ដំណាក់កាល​ទី​១៖​ ការ​ជួប​សម្ភាសន៍​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន​ និង​អ្នក​ពាក់ព័ន្ធ​
  • ដំណាក់កាល​ទី​២៖​ កិច្ចប្រជុំ​ពិគ្រោះ​យោបល់​ជា​ក្រុម​ជាមួយ​ប្រជាពលរដ្ឋ​
  • ​ដំណាក់កាល​ទី​៣៖​ កិច្ចប្រជុំ​ពិគ្រោះ​យោបល់​ជាមួយ​មន្ទីរ​-​ស្ថាប័ន​ពាក់ព័ន្ធ​
  • ដំណាក់កាល​ទី​៤៖​ សិក្ខាសាលា​ផ្សព្វផ្សាយ​ពី​លទ្ធផល​ពិគ្រោះ​យោបល់​ថ្នាក់​ខេត្ត​។​

នៅ​ក្នុង​ករណី​ខ្លះ ​ក្រុមហ៊ុន​កំពុង​អភិវឌ្ឍន៍​មិន​គួរ​ធ្វើការ​ឈូស​ឆាយ​លើ​ដី​នោះ​ទេ​ ​ប្រសិនបើ​ដីធ្លី​ដែល​គម្រោង​កំពុង​អភិវឌ្ឍ​មាន​ផល​ប៉ះពាល់​ដល់​ផ្នូរ​ដូនតា​របស់ជនជាតិដើមភាគតិច​ ។​ សហគមន៍​គួរតែ​ត្រូវ​បាន​ជូនដំណឹង​នៅ​ពេល​ដែល​គម្រោង​អភិវឌ្ឍន៍​អាចនឹង​ប៉ះពាល់​ដល់​សហគមន៍​របស់​ពួក​គេ​ ហើយ​ក្រុមហ៊ុន​ទីប្រឹក្សា​ និង​ក្រុមហ៊ុន​ដែល​ទទួលខុសត្រូវ​ចំពោះ​គម្រោង​គួរតែ​ពិភាក្សា​ជាមួយ​សហគមន៍​មូលដ្ឋាន​។​ អាជ្ញាធរ​មូលដ្ឋាន​ក៏​ដើរតួ​នាទី​យ៉ាង​សំខាន់​ក្នុង​ការ​ជូនដំណឹង​ដល់​សហគមន៍​អំពី​គម្រោង​ និង​ផែនការ​របស់​ក្រុមហ៊ុន​ផង​ដែរ​។​ សហគមន៍​អាច​រាយការណ៍​ និង​ពិភាក្សា​ជាមួយ​អាជ្ញាធរ​ដើម្បី​កំណត់​ដំណោះស្រាយ ប្រសិនបើ​គម្រោង​អភិវឌ្ឍន៍​មិន​អនុវត្ត​តាម​របាយការណ៍​វាយតម្លៃ​ហេតុ​ប៉ះពាល់​បរិស្ថាន​ ឬ​ក្របខ័ណ្ឌ​ច្បាប់​នោះទេ​។​