សិក្ខាសាលា​ពិគ្រោះ​យោបល់​ស្តី​ពី​ទិន្នន័យ​និង​ព័ត៌មាន​នៃ​ការ​វិនិយោគ​បរទេស​នៅ​​កម្ពុជា​

​នៅ​ថ្ងៃ​ទី​២០​ ខែធ្នូ​ ឆ្នាំ​២០២២​ អង្គការ​ទិន្នន័យ​អំពី​ការ​អភិវឌ្ឍ​ (​អូ​ឌី​ស៊ី​)​ បាន​រៀបចំ​ សិក្ខាសាលា​ពិគ្រោះ​យោបល់​ស្តី​ពី​ទិន្នន័យ​ និង​ព័ត៌មាន​នៃ​ការ​វិនិយោគ​បរទេស​ក្នុង​ប្រទេស​កម្ពុជា​ នៅ​សណ្ឋាគារ​សាន់​វ៉េ​ភ្នំពេញ​។​ អ្នកចូលរួម​ចំនួន​ ១៥​ នាក់​ (​ស្រី​ ០៣​ នាក់​)​ បាន​ចូលរួម​សិក្ខាសាលា​ ដែល​អ្នកចូលរួម​មាន​ដូច​ជា​ តំណាង​អង្គការ​សង្គម​ស៊ី​វិល​និង​អ្នក​ស្រាវជ្រាវ​ ដែល​កំពុងធ្វើការ​យ៉ាង​សកម្មភាព​ទាំង​នៅ​ថ្នាក់​ជាតិ​ និង​នៅ​មូលដ្ឋាន​ទាក់ទង​នឹង​ធុរៈកិច្ច​ និង​សិទ្ធិ​មនុស្ស​ ការ​គ្រប់គ្រង​ធនធានធម្មជាតិ​ និង​ជនជាតិ​ដើម​ភាគតិច​។​

​គោលបំណង​សំខាន់​ចំនួន​បី​នៃ​សិក្ខាសាលា​នេះ​គឺ​ដើម្បី​ ១)​ បង្ហាញ​ពី​បរិបទ​ទូទៅ​នៃ​ការ​វិនិយោគ​ផ្ទាល់​ពី​បរទេស​នៅ​ក្នុង​ប្រទេស​កម្ពុជា​ ២)​របៀប​ចូល​ទៅ​ប្រើប្រាស់​ទំព័រ​ព័ត៌មាន​ទិន្នន័យ​ស្តី​ពី​ការ​វិនិយោគ​បរទេស​នៅ​ក្នុង​ប្រទេស​កម្ពុជា​ និង​ប្រមូល​មតិ​ត្រលប់​ទៅ​លើ​កំណែលម្អ​ថ្មី​នៃ​ទំព័រ​ព័ត៌មាន​ទិន្នន័យ​ និង​មុខងារ​មួយ​ចំនួន​ ៣)​ ជំរុញ​កិច្ចសហការ​រវាង​គ្នា​តាម​រយៈ​ការ​ចែករំលែក​ទិន្នន័យ​ និង​កិច្ចការ​ស្រាវជ្រាវ​ទៅ​លើ​ប្រធានបទ​ដែល​ពាក់ព័ន្ធ​នានា​។​

​អ្នកស្រី​ ស៊ីវ​ វ​ឌ្ឍ​នា​ ប្រធាន​ផ្នែក​ស្រាវជ្រាវ​ និង​គ្រប់គ្រង​មាតិកា​គេហទំព័រ​នៃ​អូ​ឌី​ស៊ី​ បាន​ផ្តល់​ការ​ស្វាគមន៍​យ៉ាង​កក់ក្តៅ​ ដោយ​សង្កត់ធ្ងន់​លើ​សារៈសំខាន់​នៃ​ការ​វិនិយោគ​បរទេស​ និង​សេដ្ឋកិច្ច​នៅ​ក្នុង​ប្រទេស​កម្ពុជា​។​ គម្រោង​វិនិយោគ​នៅ​ក្នុង​ប្រទេស​កម្ពុជា​មាន​ច្រើន​ ហើយ​ពិបាក​សម្រាប់​អ្នក​ពាក់ព័ន្ធ​ក្នុង​ការ​ដឹង​ពី​ព័ត៌មាន​ដែល​ទាក់ទង​នឹង​គម្រោង​ទាំងនោះ​។​ ចាប់តាំងពី​ដើមឆ្នាំ​២០២១​ អូ​ឌី​ស៊ី​បាន​ចាប់ផ្តើម​ធ្វើការ​​ប្រមូល​ទិន្នន័យ​លើ​គម្រោង​វិនិយោគ​បរទេស​ក្នុង​ប្រទេស​កម្ពុជា​។​ អ្នកស្រី​ក៏​បាន​លើក​ឡើង​ថា​ វា​ជា​លើក​ទី​បី​ហើយ​ ដែល​អូ​ឌី​ស៊ី​បាន​រៀបចំ​សិក្ខាសាលា​ពិគ្រោះ​យោបល់​ស្តី​ពី​ការ​វិនិយោគ​បរទេស​ក្នុង​ប្រទេស​កម្ពុជា​ ដែល​លើក​ទី​មួយ​ គឺ​ការ​សម្ពោធ​ទំព័រ​ព័ត៌មាន​ទិន្នន័យ​នៅ​ថ្ងៃ​ទី​២៣​ ខែកុម្ភៈ​ ឆ្នាំ​២០២២​ ហើយ​លើក​ទី​ពីរ​ គឺ​ផ្តោត​លើ​ការ​ពង្រឹង​សំណុំ​ទិន្នន័យ​ និង​ទំព័រ​ព័ត៌មាន​ទិន្នន័យ​នៅ​ថ្ងៃ​ទី​០១​ ខែសីហា​ ឆ្នាំ​២០២២​។​

“​ថ្មីៗ​នេះ​ ក្រុមការងារ​បាន​ប្រមូល​ និង​ធ្វើ​បច្ចុប្បន្នភាព​សំណុំ​ទិន្នន័យ​នៃ​ទំព័រ​ព័ត៌មាន​ទិន្នន័យ​ពី​ ១១១​ ទៅ​ ២៧៩​ គម្រោង​ ហើយ​ឥឡូវនេះ​កំពុងធ្វើការ​ដើម្បី​បង្កើន​ការ​បង្ហាញ​ទិន្នន័យ​អន្តរ​កម្ម​នៅ​លើ​ទំព័រ​ព័ត៌មាន​ទិន្នន័យ​ស្តី​ពី​ការ​វិនិយោគ​បរទេស​។​”​ -​ អ្នកស្រី​ ស៊ីវ​ វ​ឌ្ឍ​នា​ ប្រធាន​ផ្នែក​ស្រាវជ្រាវ​ និង​គ្រប់គ្រង​មាតិកា​គេហទំព័រ​នៃ​អូ​ឌី​ស៊ី​។​

​របៀបវារៈ​សំខាន់​មួយទៀត​នៃ​សិក្ខាសាលា​ គឺ​បទ​បង្ហាញ​ស្តី​ពី​បរិបទ​នៃ​ការ​វិនិយោគ​បរទេស​នៅ​ប្រទេស​កម្ពុជា​ដោយ​លោក​ បាន​ ចន្ទ​ផល្លា​ បណ្ណាធិការ​ –​ អ្នក​ស្រាវជ្រាវ​ ផ្នែក​អភិវឌ្ឍន៍​សង្គម​។​ បទ​បង្ហាញ​នេះ​ផ្តោត​សំខាន់​លើ​ទិដ្ឋភាព​ទូទៅ​នៃ​ការ​វិនិយោគ​បរទេស​ក្នុង​ប្រទេស​កម្ពុជា​ និង​កត្តា​លើកទឹកចិត្ត​សម្រាប់​ការ​បង្កើត​ទំព័រ​ព័ត៌មាន​ទិន្នន័យ​ស្តី​ពី​ការ​វិនិយោគ​បរទេស​ក្នុង​ប្រទេស​កម្ពុជា​។​ ការ​ចូលរួម​ចំណែក​របស់​ការ​វិនិយោគ​បរទេស​ផ្ទាល់​ដល់​ប្រទេស​កម្ពុជា​គឺ​ធំធេង​ណាស់​ ប៉ុន្តែ​ទិន្នន័យ​លើ​គម្រោង​វិនិយោគ​ទាំងនោះ​នៅ​មាន​កម្រិត​។​ ព័ត៌មាន​ស្តី​ពី​ការ​វិនិយោគ​បរទេស​ក្នុង​ប្រទេស​កម្ពុជា​នឹង​ជំរុញ​ឱ្យ​មានការ​ចូលរួម​ពី​សាធារណៈជន​កាន់តែ​ច្រើន​នៅ​ក្នុង​ប្រធានបទ​វិនិយោគ​បរទេស​ លើកកម្ពស់​តម្លាភាព​នៃ​ការ​អភិវឌ្ឍន៍​ និង​គណនេយ្យ​ភាព​ ដែល​នឹង​ជួយ​លើកកម្ពស់​កំណើន​ប្រកបដោយ​ចីរភាព​របស់​ប្រទេស​ជាតិ​។​

លោក​ ហាង​ វិសិដ្ឋ​ អ្នក​ស្រាវជ្រាវ​ទិន្នន័យ​ការ​វិនិយោគ​នៃ​អូ​ឌី​ស៊ី​ បាន​បង្ហាញ​ពី​របៀប​ចូល​ទៅ​កាន់​ទំព័រ​ព័ត៌មាន​ទិន្នន័យ​។​ មុន​ពេល​បង្ហាញ​កំណែ​ទី​ ២​ នៃ​ទំព័រ​ព័ត៌មាន​ទិន្នន័យ​ លោក​បាន​បង្ហាញ​កំណែ​ទី​ ១​ នៃ​ទំព័រ​ព័ត៌មាន​ទិន្នន័យ​ដល់​អ្នកចូលរួម​ ដើម្បី​ងាយស្រួល​សម្រាប់​ពួក​គេ​ក្នុង​ការ​ប្រៀបធៀប​ និង​ផ្តល់​ធាតុ​ចូល​រវាង​ទំព័រ​ព័ត៌មាន​ទិន្នន័យ​ទាំង​ពីរ​។​ បើ​តាម​អ្វី​ដែល​លោក​បាន​បង្ហាញ​នោះ​ កំណែ​ទី​ ១​ នៅ​តែ​មើលទៅ​​​​អាច​​ប្រើប្រាស់​បាន​យ៉ាង​ល្អ​។​ ប៉ុន្តែ​ កំណែ​ទី​ ២​ អាច​ជួយ​អ្នក​ប្រើប្រាស់​ជា​ច្រើន​និង​កាន់តែ​ប្រសើរ​ទាក់ទង​នឹង​មាតិកា​ស្រាវជ្រាវ​ ព្រឹត្តិការណ៍​ប្រវត្តិសាស្ត្រ​ និង​ច្បាប់​ទាក់ទង​នឹង​ការ​វិនិយោគ​បរទេស​ក្នុង​ប្រទេស​កម្ពុជា​។​ កំណែ​ទី​ ២​ ក៏​ត្រូវ​បាន​បំពាក់​ដោយ​ផ្ទាំង​ព័ត៌មាន​ ដែល​អនុញ្ញាត​ឱ្យ​អ្នក​ប្រើប្រាស់​ស្វែងរក​ទិន្នន័យ​លើ​ធាតុ​បួន​ផ្សេង​គ្នា​ រួម​មាន​ ទីតាំង​ ប្រទេស​នៃ​ការ​វិនិយោគ​ វិស័យ​ និង​ទុន​វិនិយោគ​។​

​កំណែ​ទី​ ២​ នៃ​ទំព័រ​ព័ត៌មាន​ទិន្នន័យ​មិន​ទាន់​ត្រូវ​បាន​ដាក់​ឱ្យ​ដំណើរការ​នៅឡើយ​ទេ​ ដូច្នេះ​អ្នកចូលរួម​ក្នុង​សិក្ខាសាលា​អាច​ផ្តល់​ធាតុ​ចូល​និង​សំណូមពរ​ ដើម្បី​កែ​លម្អ​រូបរាង​ថ្មី​នៃ​ទំព័រ​ព័ត៌មាន​ទិន្នន័យ​។​ លោក​ សំ​អាន​ ម៉ារ​ឌី​ ប្រធាន​គ្រប់គ្រង​ផ្នែក​ព័ត៌មានវិទ្យា​ និង​គេហទំព័រ​នៃ​អូ​ឌី​ស៊ី​ បាន​ធ្វើ​បទ​បង្ហាញ​ខ្លីៗ​អំពី​ផែនទី​គេហទំព័រ​នៃ​ទំព័រ​ព័ត៌មាន​ទិន្នន័យ​ថ្មី​ រួម​មាន​ រចនាសម្ព័ន្ធ​នៃ​មាតិកា​ ផ្ទាំង​ព័ត៌មាន​អន្តរ​កម្ម​ ទស្សនី​យ​កម្ម​ទិន្នន័យ​នៃ​លំហូរ​ចូល​នៃ​ការ​វិនិយោគ​បរទេស​ផ្ទាល់​ និន្នាការ​វិនិយោគ​តាម​ប្រទេស​និង​វិស័យ​ ភាព​ស្រ​ដៀង​គ្នា​ និង​ភាព​ខុស​គ្នា​រវាង​ច្បាប់​ចាស់​និង​ច្បាប់​ថ្មី​ស្តី​ពី​ការ​វិនិយោគ​ បន្ទាត់​ពេលវេលា​នៃ​ច្បាប់​និង​បទ​ប្បញ្ញត្តិ​ និង​ព្រឹត្តិការណ៍​ និង​តារាង​នៃ​សំណុំ​ទិន្នន័យ​។​

​សិក្ខាសាលា​ក៏​បាន​ឈាន​ចូល​ទៅ​ដល់​វគ្គ​សំណួរ​និង​ចម្លើយ​ ព្រោះ​អ្នកចូលរួម​មានការ​ចាប់អារម្មណ៍​យ៉ាង​ខ្លាំង​ចំពោះ​សំណុំ​ទិន្នន័យ​ ក៏​ដូច​ជា​រូបរាង​ថ្មី​នៃ​ទំព័រ​ព័ត៌មាន​ទិន្នន័យ​។​ អ្នកចូលរួម​ជា​ច្រើន​បាន​សួរ​ទាក់ទង​នឹង​វិធីសាស្ត្រ​ក្នុង​ការ​ប្រមូល​ទិន្នន័យ​ ហើយ​ពួក​គេ​ក៏​បាន​ចែករំលែក​ថា​ វា​ជា​បញ្ហា​ប្រឈម​សម្រាប់​ពួក​គេ​ក្នុង​ការ​ស្វែងរក​ប្រភព​ព័ត៌មាន​ដែល​ពាក់ព័ន្ធ​ និង​គួរ​ឱ្យ​ទុកចិត្ត​ទាក់ទង​នឹង​គម្រោង​វិនិយោគ​នៅ​ក្នុង​តំបន់​គោលដៅ​របស់​ពួក​គេ​ និង​សម្រាប់​គម្រោង​ស្រាវជ្រាវ​របស់​ពួក​គេ​។​

​ការ​ពិភាក្សា​ជា​ក្រុម​ត្រូវ​បាន​រៀបចំ​ជា​ពីរ​ផ្នែក​ធំៗ​ ដើម្បី​ឱ្យ​អ្នកចូលរួម​អាច​ឈ្វេង​យល់​យ៉ាង​ស៊ីជម្រៅ​លើ​ទំព័រ​ព័ត៌មាន​ទិន្នន័យ​ ហើយ​អាច​ពិភាក្សា​ និង​ផ្តល់​មតិ​ក្នុង​ការ​កែ​លម្អ​។​ ផ្នែក​ដំបូង​នៃ​កិច្ច​ពិភាក្សា​បាន​ផ្តោត​លើ​កត្តា​ប្រឈម​ក្នុង​ការ​ទទួល​បាន​ព័ត៌មាន​ពាក់ព័ន្ធ​នៃ​គម្រោង​អភិវឌ្ឍន៍​ក្នុង​តំបន់​គោលដៅ​របស់​ពួក​គេ​ដោយ​ប្រើ​សំណុំ​ទិន្នន័យ​នៃ​ទំព័រ​ព័ត៌មាន​ទិន្នន័យ​។​ ផ្នែក​មួយទៀត​នៃ​កិច្ច​ពិភាក្សា​ជា​ក្រុម​បាន​អនុញ្ញាត​ឱ្យ​អ្នកចូលរួម​ចែករំលែក​មតិ​កែ​លម្អ​ និង​ផ្ដល់​យោបល់​ទាក់ទង​នឹង​ការ​រចនា​ និង​ការ​បង្ហាញ​នៃ​កំណែ​ទី​ ២​ នៃ​ទំព័រ​ព័ត៌មាន​ទិន្នន័យ​។​