ទេព​កេ​ន​ វណ្ណ​កន​៖​ អ្វី​ដែល​ខ្ញុំ​បាន​​រៀន​សូត្រ​​ពី​ WordCamp​ Asia​ ២០២៣

WordCamp​ Asia​ បាន​ប្រារព្ធ​ឡើង​នៅ​ទីក្រុង​បាងកក​ចាប់ពី​ថ្ងៃ​ទី​១៧​ ដល់​ថ្ងៃ​ទី​១៩​ ខែកុម្ភៈ​ ឆ្នាំ​២០២៣​ ហើយ​​កម្មវិធី​WordCampនេះ ​ជា​កម្មវិធី​ ​ដំបូង​គេ​នៅ​ទ្វីបអាស៊ី​។​ រហូត​មក​ដល់​ពេល​នេះ​ កម្មវិធី​ WordCamp​ មាន​ចំនួន​បី​ ដូច​ជា​ នៅ​សហរដ្ឋអាមេរិក​ សហភាព​អ៊ឺ​រ៉ុ​ប​ និង​អា​មេ​រិ​ក​កណ្ដាល​។​ ក្នុង​នាម​ជា​សមាជិក​នៃ ​វេទិកា​ អាយ​ស៊ី​ធី​ និង​ឌី​ជី​ថ​ល​ កម្ពុជា​ (CamIDF)​ ខ្ញុំ​បាន​ចូលរួម​ព្រឹត្តិការណ៍​ថ្នាក់​តំបន់​នេះ​ដោយ​មានការ​គាំទ្រ​ពី​អង្គការ​ទិន្នន័យ​អំពី​ការ​អភិវឌ្ឍ​ (​អូ​ឌី​ស៊ី​)​។​

WordCamp​ Asia​ គឺជា​សន្និសីទ​ WordPress​ ដែល​រៀបចំ​ដោយ​សហគមន៍​ដែល​ប្រមូលផ្តុំ​អ្នក​សរសេរ​ប្លុក​ អ្នក​អភិវឌ្ឍ​ អ្នក​រចនា​ សិល្បករ​ ម្ចាស់​អាជីវកម្ម​ខ្នាត​តូច​ សហគ្រិន​ និង​អ្នក​អប់រំ​មក​ពី​ប្រទេស​សិង្ហ​បុរី​ និង​ទូ​ទាំង​ទ្វីបអាស៊ី​។​ កម្មវិធី​នេះ​មាន​គោលបំណង​ផ្តល់​នូវ​អ្វីមួយ​សម្រាប់​អ្នក​រាល់គ្នា​រាប់​ចាប់ពី​អ្នក​ទើប​ចាប់ផ្ដើម​សរសេរ​ប្លុក​ទៅ​ដល់​អ្នក​អភិវឌ្ឍ​អាជីព​ ពី​អ្នកជំនាញ​ផ្នែក​ទីផ្សារ​ដល់​អ្នក​រចនា​ដែល​មានបទពិសោធន៍​ ពី​អ្នក​ចូល​ចិត្ត​បច្ចេកវិទ្យា​ដល់​អ្នកជំនាញ​បច្ចេកវិទ្យា​ឈានមុខ​គេ​។​ អ្វី​ដែល​សំខាន់​បំផុត​គឺ​ កម្មវិធី​នេះ​មាន​គោលបំណង​ផ្តល់​ទីតាំង​មួយ​ ដែល​មាន​ភាព​ស្វាគមន៍​ ការ​ចូលរួម​ និង​សុវត្ថិភាព​សម្រាប់​អ្នក​ប្រើប្រាស់​ WordPress​ ដើម្បី​ស្គាល់គ្នា​ទៅ​វិញ​ទៅ​មក​។​

​អំពី​ព្រឹត្តិការណ៍​

ព្រឹត្តិការណ៍​នេះ​រួម​បញ្ចូល​នូវ​កម្មវិធី​មួយ​ហៅ​ថា ​ថ្ងៃ​សម្រាប់​ចូលរួម​ចំណែក​ ដែល​បង្កើត​ឡើង​សម្រាប់​អ្នកចូលរួម​ទាំងអស់​ដែល​បាន​ចុះ​ឈ្មោះ​សម្រាប់​គ្រប់​វគ្គ​នៅ​ក្នុង​កម្មវិធី​មានឱកាស​ចូលរួម​ចំណែក​ដល់​ WordPress​ នៅ​ក្នុង​ផ្នែក​នៃ​ដំណើរការ​ស្នូល​ មូលបទ​ លំនាំ​ រូបថត​ ភាព​ងាយស្រួល​ CLI​ ការ​រចនា​ ការ​ចងក្រង​ឯកសារ​ ការ​បណ្តុះបណ្តាល​ ការ​គាំទ្រ​ មេតា​ ពហុកោណ​ ទូរទស្សន៍​ បង្កើត​ តេស្ត​ ទូរស័ព្ទ​ចល័ត​ និង​ការ​បើកចំហ​ សហគមន៍​ និង​ទីផ្សារ​។​ អ្នក​ដែល​បាន​ចូលរួម​ព្រឹត្តិការណ៍​តូចៗ​ និង​បាន​រួមចំណែក​ដល់​ក្រុម​ណាមួយ​ខាងលើ​ នឹង​រក​ឃើញ​ព័ត៌មាន​ទិន្នន័យ​របស់​ខ្លួន​នៅ​លើ​ WordPress.org​ និង​មាន​ផ្លា​ក​សញ្ញា​ ដែល​ទាក់ទង​នឹង​ក្រុម​ដែល​ពួក​គេ​បាន​ចូលរួម​ចំណែក​។​ ក្នុង​កម្មវិធី​លើក​មុន​ ខ្ញុំ​បាន​ចូលរួម​ក្រុម​ Polyglot​ ប៉ុន្តែ​នៅ​ក្នុង​ WordCamp​ Asia​ ២០២៣​ នេះ​ ខ្ញុំ​បាន​ចូលរួម​ក្រុម​បណ្តុះបណ្តាល​ក្នុង​នាម​ជា​អ្នកបកប្រែ​។​

​ថ្ងៃ​ទី​១៨​ និង​១៩​ គឺជា​ថ្ងៃ​សន្និសីទ​ ដែល​អ្នកចូលរួម​បាន​ប្រមូលផ្តុំ​គ្នា​ ដើម្បី​សិក្សា​ និង​ចែករំលែក​ចំណេះដឹង​ ហើយ​ជំនាញ​ជាមួយ​គ្នា​លើ​ប្រធានបទ​ផ្សេងៗ​។​ ប្រធានបទ​ត្រូវ​បាន​ផ្ញើ​ទៅ​ឱ្យ​អ្នក​រៀបចំ​កម្មវិធី​មុន​ព្រឹត្តិការណ៍​នេះ​ ហើយ​មាន​តែ​ប្រធានបទ​ដែល​បាន​អនុញ្ញាត​ប៉ុណ្ណោះ​ត្រូវ​បាន​លើកយក​មក​ពិភាក្សា​។​ ក្រៅពី​វគ្គ​ចែករំលែក​ និង​វគ្គ​ពិភាក្សា​ជា​ក្រុម​ ស្តង់​ពី​ក្រុមហ៊ុន​ផ្សេងៗ​ដែល​ធ្វើការ​ជាមួយ​ WordPress​ ក៏​មាន​វត្តមាន​ក្នុង​កម្ម​វី​ធី​នេះ​ផង​ដែរ​។​ ពួក​គេ​បាន​ផ្តល់​នូវ​វត្ថុ​អនុស្សាវរីយ៍​ ក្រឡាស់​អាវ​ អាវយឺត​ និង​កាដូ​ជា​ច្រើន​ដោយ​ឥត​គិតថ្លៃ​ដល់​អ្នក​មក​ទស្សនា​ស្តង់​របស់​ពួក​គេ​។​

ឈ្វេង​យល់​ពី​បច្ចេកវិទ្យា​ថ្មីៗ​

WordCamp​ មាន​គោលបំណង​នាំ​យក​បច្ចេកវិទ្យា​ទាក់ទង​នឹង​ WordPress​ មក​ជជែក​ពិភាក្សា​គ្នា​។​ នៅ​ក្នុង​សន្និសីទ​ទាំងមូល​នេះ​មាន​វគ្គ​ចែករំលែក​ និង​វគ្គ​ពិភាក្សា​ជា​ក្រុម​ដ៏​គួរ​ឱ្យ​ចាប់អារម្មណ៍​ជា​ច្រើន​។​ ប្រធានបទ​ចំនួន​ពីរ​ ដែល​គួរ​ឱ្យ​ចាប់អារម្មណ៍​បំផុត​សម្រាប់​ខ្ញុំ​គឺ​ «WordPress​ Through​ the​ Terminal»​ ដែល​ភាគច្រើន​តែងតែ​និយាយ​អំពី​ WP-CLI​ ដែល​ជា​ command-line​ interface​ សម្រាប់​ WordPress​ និង​ «​ការ​ទទួល​បាន​អត្ថប្រយោជន៍​ច្រើន​បំផុត​ពី​ WordPress​ REST​ API»​។​ ការ​ចូលរួម​ក្នុង​វគ្គ​ចែករំលែក​ទាំង​ពីរ​នេះ​ផ្តល់​ឱ្យ​ខ្ញុំ​នូវ​គំនិត​បន្ថែម​ទៀត​អំពី​របៀប​ដែល​ខ្ញុំ​អាច​ចំណាយ​ពេលវេលា​តិច​ជាង​មុន​ក្នុង​ការ​អភិវឌ្ឍ​គម្រោង​ WordPress​ និង​គំនិត​ ដើម្បី​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នៃ​ការ​អនុវត្ត​នៅ​ពេល​ដោះស្រាយ​ជាមួយ​ទិន្នន័យ​ធំៗ​តាម​រយៈ​សំណើ​ REST​ API​ ។​

បង្កើត​មិត្តភក្តិ​ថ្មីៗ​

​ក្រៅពី​ការ​សិក្សា​បច្ចេកវិទ្យា​ថ្មីៗ​ និង​ចូលរួម​ចំណែក​ក្នុង​សហគមន៍​ ការ​បង្កើត​មិត្តភក្តិ​ថ្មីៗ​ និង​ការ​ពង្រឹង​ទំនាក់ទំនង​រវាង​មិត្តភក្តិ​ចាស់ៗ​ក៏​ជា​គោលបំណង​សំខាន់​នៃ​ព្រឹត្តិការណ៍​នេះ​ដែរ​។​ អ្នកចូលរួម​មក​ពី​ផ្នែក​ជា​ច្រើន​នៃ​ពិភពលោក​ក៏​បាន​មក​ចូលរួម​ក្នុង​ព្រឹត្តិការណ៍​នេះ​ ហើយ​ពួក​គេ​ក៏​មាន​បំណង​ចង់​បង្កើត​មិត្តភក្តិ​ថ្មីៗ​ផង​ដែរ​។​

ឈ្វេងយល់​ពី​របៀប​ដែល​សហគមន៍​ដំណើរការ​

​ការ​ចូលរួម​ព្រឹត្តិការណ៍​នេះ​ក៏​អនុញ្ញាត​ឱ្យ​ខ្ញុំ​រៀន​ពី​របៀប​ ដែល​សហគមន៍​នេះ​ខិតខំ​បន្ត​នាំ​យក​បុគ្គល​ដែល​មានគំនិត​ដូច​គ្នា​មក​ចូលរួម​ជាមួយ​គ្នា​។​ ខ្ញុំ​បាន​ដឹកនាំ ​សហគមន៍​ WordPress​ នៅ​​ប្រទេស​កម្ពុជា ​អស់​រយៈពេល​ជា​ច្រើន​ឆ្នាំ​ហើយ​ ប៉ុន្តែ​មិន​ទាន់​មានកម្ម​វិធី​ WordCamp​ ធ្វើ​ឡើង​នៅ​ក្នុង​ប្រទេស​កម្ពុជា​ទេ​។​ ដូច្នេះ​ហើយ​ ក្តី​សុបិន​ដ៏​ធំ​របស់ខ្ញុំ​គឺ​យ៉ាង​ហោច​ណាស់​ត្រូវ​មានកម្ម​វិធី​ WordCamp​ ជា​លក្ខណៈ​ក្នុងស្រុក​មួយ​ក្នុង​ប្រទេស​កម្ពុជា​។​ នៅ​ក្នុង​អំឡុង​ព្រឹត្តិការណ៍​នេះ​ ក្រុម​ដែល​មក​ពី​ប្រទេស​កម្ពុជា​បាន​ចូលរួម​ការ​ពិភាក្សា​ជា​ក្រុម​អំពី​ «​ការ​កសាង​សហគមន៍​ WordPress​ នៅ​ក្នុង​ប្រទេស​របស់​អ្នក​»​ ហើយ​ខ្ញុំ​បាន​សិក្សា​ពី​ចំណុច​សំខាន់ៗ​មួយ​ចំនួន​ ដែល​ខ្ញុំ​គិត​ថា​មាន​សារសំខាន់​សម្រាប់​ការ​ចែករំលែក​បន្ត​៖

  • ចាប់ផ្តើម​ពី​តូច​ ប៉ុន្តែ​ស្របគ្នា​
  • បង្កើត​ភាព​ជិត​ស្និទ្ធ​ជាមួយ​យុវជន​
  • ទំនាក់ទំនង​រវាង​សហគមន៍​ក្នុងស្រុក​ និង​សហគមន៍​អន្តរជាតិ​
  • គុណភាព​៖​ ការ​កំណត់​ប្រធានបទ​សម្រាប់​ជំនួប​នីមួយៗ​សម្រាប់​ទស្សនិកជន​(​បង្កើត​តម្លៃ​សម្រាប់​អ្នកចូលរួម​)
  • មាន​ភាព​ស្និទ្ធស្នាល​ជាមួយ​សមាជិក​
  • បង្កើត​បណ្តាញ​ជាមួយ​សហគមន៍​នៃ​ប្រទេស​ជិតខាង​
  • ចូលរួម​ព្រឹត្តិការណ៍​សហគមន៍​ផ្សេងៗ​ទៀត​ដើម្បី​សិក្សា​ និង​នាំ​យក​មក​វិញ។

ជា​ចុង​ក្រោយ​ វា​មិន​អាច​ទៅ​រួច​ទេ​សម្រាប់​ខ្ញុំ​ និង​ក្រុមការងា​មក​ពី​ប្រទេស​កម្ពុជា​ក្នុង​ការ​នាំ​យកចំណេះ​ដឹង​ និង​បច្ចេកវិទ្យា​ថ្មីៗ​ពី​ឆាក​អន្តរជាតិ​មក​ប្រទេស​កម្ពុជា​ បើ​មិន​មានការ​គាំទ្រ​ពី​អូ​ឌី​ស៊ី​។​ ខ្ញុំ​ជឿជាក់​ថា​ ការ​រួម​គ្នា​ក្នុង​នាម​ជា​សហគមន៍​បច្ចេកវិទ្យា​នៅ​ក្នុង​ប្រទេស​កម្ពុជា​អាច​ជំរុញ​ការ​បន្ស៊ាំបច្ចេកវិទ្យា​ក្នុង​ចំណោម​យុវជន​ និង​លើកកម្ពស់​ការ​យល់​ដឹង​ក្នុង​ចំណោម​មនុស្ស​ជំនាន់​មុន​។​ តោះ​ចាប់ផ្ដើម​បង្កើត​វា​ឡើង​!