សិក្ខាសាលាដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នូវទំព័រព័ត៌មានទិន្នន័យថ្មី ស្តីពីចំណូលសាធារណក្នុងវិស័យឧស្សាហកម្មនិស្សារណកម្ម
នៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៣ អង្គការទិន្នន័យអំពីការអភិវឌ្ឍ (អូឌីស៊ី) បានរៀបចំសិក្ខាសាលាដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នូវទំព័រព័ត៌មានទិន្នន័យថ្មី ស្តីពីចំណូលសាធារណក្នុងីវិស័យឧស្សាហកម្មនិស្សារណកម្ម។ ព្រឹត្តិការណ៍នេះមានអ្នកចូលរួមចំនួន ២១នាក់ ក្នុងនោះមាន ៨នាក់ជាស្ត្រី។ អ្នកតំណាងមកពីស្ថាប័នពាក់ព័ន្ធជាច្រើនក្នុងវិស័យឧស្សាហកម្មនិស្សារណកម្មបានអញ្ជើញមកចូលរួម មានដូចជា អង្គការសង្គមស៊ីវិល អង្គការសហគមន៍មូលដ្ឋាន និងរដ្ឋាភិបាល។
កម្មវិធីរបស់ស៊ុយអែតសម្រាប់វិស័យអាយស៊ីធីនៅក្នុងតំបន់កំពុងអភិវឌ្ឍ (SPIDER) ផ្តល់ការគាំទ្រផ្នែកថវិកាលើគម្រោងនៃការតាមដានប្រាក់ចំណូលសាធារណៈពីឧស្សាហកម្មនិស្សារណកម្មនៅកម្ពុជា ដែលអនុវត្តដោយអង្គការទិន្នន័យអំពីការអភិវឌ្ឍ (អូឌីស៊ី)។ តាមរយៈតម្លាភាពនៃទិន្នន័យ កម្មវត្ថុរបស់គម្រោងគឺ ការធ្វើឱ្យប្រសើរឡើងនូវសិទ្ធិរបស់ប្រជាពលរដ្ឋ និងភាគីពាក់ព័ន្ធនានា ក្នុងការទទួលបានទិន្នន័យកណ្តាល ដែលគួរឱ្យទុកចិត្តបានទៅលើប្រាក់ចំណូលពីឧស្សាហកម្មនិស្សារណកម្ម រួមទាំងការបង្កើនការយល់ដឹងរបស់ប្រជាពលរដ្ឋ និងការទទួលខុសត្រូវរបស់រដ្ឋាភិបាល។
វត្ថុបំណងចម្បងនៃសិក្ខាសាលាគឺ ការដាក់ឱ្យដំណើរការទំព័រព័ត៌មានអន្តរកម្មរបស់អូឌីស៊ី លើប្រាក់ចំណូលពីវិស័យឧស្សាហកម្មនិស្សារណកម្ម ក្នុងទម្រង់ផ្សេងៗគ្នាដូចជា តារាងនិងសំណុំទិន្នន័យ ក្រាហ្វិកព័ត៌មាន និងទស្សនីយកម្មទិន្នន័យ ព្រមទាំងនាំភាគីពាក់ព័ន្ធរួមពិភាក្សាគ្នាអំពីចំណូលពីវិស័យឧស្សាហកម្មនិស្សារណកម្ម។
ទំព័រព័ត៌មានទិន្នន័យអន្តរកម្មរបស់អូឌីស៊ី ត្រូវបានបង្កើតឡើងដើម្បីឆ្លើយតបទៅនឹងការកើនឡើងនៃប្រាក់ចំណូល និងកំណើនកិច្ចពិភាក្សាលើប្រធានបទឧស្សាហកម្មនិស្សារណកម្ម។ ទំព័រនេះផ្តល់ជាអត្ថប្រយោជន៍ដល់សហគមន៍មូលដ្ឋាន ក្នុងការស្វែងយល់អំពីប្រាក់ចំណូលដែលបានមកពីឧស្សាហកម្មនិស្សារណកម្ម និងលើកទឹកចិត្តឱ្យការជជែកពិភាក្សាជាសាធារណៈ រួមជាមួយនឹងលទ្ធភាពប្រើប្រាស់ទិន្នន័យសាធារណៈដែលមានសក្តានុពល។
សិក្ខាសាលានេះមានគោលបំណងសំខាន់ចំនួនបួនគឺ៖
- បង្ហាញទិន្នន័យ ព័ត៌មាន និងមុខងារនៃទំព័រព័ត៌មានថ្មី
- លើកកម្ពស់ការយល់ដឹងអំពីទិដ្ឋភាពព័ត៌មានបច្ចុប្បន្ន ស្តីពីប្រាក់ចំណូលពីឧស្សាហកម្មនិស្សារណកម្មនៅកម្ពុជា
- លើកកម្ពស់ការជជែកដេញដោលជាសាធារណៈ លើប្រាក់ចំណូលពីឧស្សាហកម្មនិស្សារណកម្ម ដោយបង្កើនការយល់ដឹងក្នុងចំណោមភាគីពាក់ព័ន្ធអំពីសក្តានុពលនៃទិន្នន័យសាធារណៈ ដើម្បីបង្កើនតម្លាភាព និងគណនេយ្យភាពក្នុងវិស័យឧស្សាហកម្មនិស្សារណកម្ម
- លើកទឹកចិត្តឱ្យមានកិច្ចសហការបន្ថែមរវាងភាគីពាក់ព័ន្ធ រួមទាំងរដ្ឋាភិបាល អង្គការសង្គមស៊ីវិល និងអ្នកសារព័ត៌មាន។
ជាកិច្ចស្វាគមន៍ក្នុងសិក្ខាសាលានេះ លោក ធី ទ្រី នាយកប្រតិបត្តិ/និពន្ធនាយកនៃអូឌីស៊ី បានផ្តល់ការស្វាគមន៍យ៉ាងរីករាយ និងធ្វើការពន្យល់អំពីសិក្ខាសាលានេះដែលជាផ្នែកមួយនៃសិក្ខាសាលាធំដែលផ្តោតលើសិទ្ធិទទួលព័ត៌មានសម្រាប់អ្នកគ្រប់គ្នា។ លោកក៏បានស្នើឱ្យអ្នកចូលរួមចែករំលែកបទពិសោធន៍របស់សមាគមន៍ពួកគេទាក់ទងនឹងទិន្នន័យ និងព័ត៌មានអំពីឧស្សាហកម្មនិស្សារណកម្ម។ ម្យ៉ាងវិញទៀត លោកចង់ចែករំលែកការរកឃើញនៃការស្រាវជ្រាវលើឧស្សាហកម្មនិស្សារណកម្មនៅកម្ពុជា ដែលធ្វើឡើងដោយនិស្សិតសាកលវិទ្យាល័យ តាមរយៈការថតវីដេអូ និងទំព័រព័ត៌មានទិន្នន័យថ្មីអំពីចំណូលសាធារណពីវិស័យឧស្សាហកម្មនិស្សារណកម្ម ដែលនឹងបង្ហាញដោយក្រុមការងារអូឌីស៊ី។
និស្សិតមកពីសាកលវិទ្យាល័យ Wisconsin បានធ្វើបទបង្ហាញពីការស្រាវជ្រាវរបស់ពួកគេ ស្តីពីការបង្កើនតម្លាភាពក្នុងវិស័យឧស្សាហកម្មនិស្សារណកម្មនៅកម្ពុជា។ ពួកគេបានឆ្លើយសំណួរស្រាវជ្រាវសំខាន់ៗចំនួនបួនគឺ៖
តម្រូវការប្រាក់ចំណូល
ប្រាក់ចំណូលប៉ាន់ស្មាន
ប្រាក់ចំណូលប៉ាន់ស្មានប្រៀបធៀបនឹងចំណូលដែលបានរាយការណ៍
ជម្រើសគោលនយោបាយ
បទបង្ហាញនេះបានផ្ដោតលើក្របខ័ណ្ឌបទប្បញ្ញត្តិសំខាន់ៗមួយចំនួននៅក្នុងវិស័យឧស្សាហកម្មនិស្សារណកម្ម រួមទាំងច្បាប់ស្តីពីការគ្រប់គ្រង និងការធ្វើអាជីវកម្មធនធានរ៉ែ ជាមួយនិងអនុក្រឹត្យលេខ ៧២ ស្តីពីការគ្រប់គ្រងអាជ្ញាបណ្ណស្វែងរុករកនិងអាជ្ញាបណ្ណឧស្សាហកម្មអាជីវកម្មធនធានរ៉ែរាជរដ្ឋាភិបាល និងបទប្បញ្ញត្តិផ្សេងទៀត ព្រមទាំងលំហូរប្រាក់ចំណូលសំខាន់ៗផងដែររួមមានចំណូលពន្ធ និងចំណូលមិនមែនសារពើពន្ធ។
សម្រាប់ការវិភាគទិន្នន័យ ព័ត៌មានដែលអាចស្វែងរកបានមានកំណត់់ ដែលធ្វើអោយមានភាពខ្វះខាតក្នុងការវាយតម្លៃលទ្ធផល និងភាពជឿជាក់នៃទិន្នន័យ។
ដោយការប្រៀបធៀបរយៈពេល៤ឆ្នាំលើថ្លៃជួលផ្ទៃដីផ្សេងៗគ្នា រូបភាពនេះផ្តោតលើសេណារីយ៉ូប៉ាន់ស្មានរវាងចំណូលពីថ្លៃអាជ្ញាបណ្ណ និងចំណូលមិនមានថ្លៃអាជ្ញាបណ្ណ។ ដោយធ្វើការប្រៀបធៀបការបំបែករវាងសួយសារជាមួយ និងមិនជាមួយប្រាក់ចំណូល បានបង្ហាញពីចំណូលដែលបានរំពឹងទុកពីសួយសារនៅឆ្នាំ២០២១។ ប្រាក់ចំណូលដែលបានរាយការណ៍គឺសមហេតុផល ប៉ុន្តែការប៉ាន់ស្មានមានភាពមិនប្រាកដប្រជាខ្ពស់។
មុននឹងបញ្ចប់បទបង្ហាញ ពួកគេបានលើកឡើងនូវអនុសាសន៍ចំនួនបីដូចខាងក្រោម៖
- ការកែលម្អវេបសាយរបស់ក្រសួងរ៉ែ និងថាមពល (ការលំបាកក្នុងការចូលប្រើឯកសារ បច្ចុប្បន្នភាពនៃសេចក្តីប្រកាសព័ត៌មានដើម្បីជំរុញសហគមន៍ និងគោលនយោបាយរដ្ឋាភិបាលឌីជីថល)
- ការបញ្ជាក់អំពីដំណើរការសម្បទាន (ចំនួនអាជ្ញាបណ្ណសកម្ម និងទំហំនៃសម្បទាននីមួយៗ ជាមួយនឹងអត្រាអនុវត្ត)
- សមាជិកភាព និងអនុលោមភាពរបស់អង្គការគំនិតផ្តួចផ្តើមតម្លាភាពក្នុងវិស័យឧស្សាហកម្មនិស្សារណកម្ម EITI (តម្លាភាពនិងការត្រួតពិនិត្យ ការចូលរួមស៊ីវិលនិងគណនេយ្យភាព និងបណ្តាញសកលនិងការវិនិយោគ)។
បន្ទាប់មក កញ្ញា អ៊ួន វិមល ប្រធានគ្រប់គ្រងកម្មវិធី និងភាពជាដៃគូនៅអូឌីស៊ី បានចាប់ផ្តើមដោយការបង្ហាញទំព័រព័ត៌មានទិន្នន័យថ្មីស្តីពីប្រាក់ចំណូលសាធារណៈពីឧស្សាហកម្មនិស្សារណកម្មនៅលើវេបសាយអូឌីស៊ីដល់ទស្សនិកជន។
កញ្ញាវិមលក៏បានបន្ថែមថា អូឌីស៊ីបានប្រមូលទិន្នន័យពីដែនសាធារណៈ ឯកសារច្បាប់ របាយការណ៍វាយតម្លៃផលប៉ះពាល់បរិស្ថាន គេហទំព័ររបស់ក្រុមហ៊ុន និងអត្ថបទព័ត៌មាន ទោះបីជាប្រឈមនឹងបញ្ហានៃទិន្នន័យដែលអាចស្វែងរកបានក៏ដោយ។ ទោះជាព័ត៌មានមានកម្រិតតិចតួចយ៉ាងណាក្ដី វានឹងអាចជួយឱ្យប្រជាជនយល់ពីរបៀបដែលឧស្សាហកម្មនេះកំពុងដំណើរការ របៀបដែលអាជីវកម្មរួមចំណែកក្នុងប្រាក់ចំណូលពន្ធ និងមូលនិធិបរិស្ថាននិងសង្គមផ្សេងទៀត។
លើសពីនេះទៀត កញ្ញា វិមល បានលើកឡើងអំពីការធ្វើទស្សនីកម្មទិន្នន័យ ដែលបង្ហាញពីការរួមចំណែករបស់ឧស្សាហកម្មចំពោះផលិតផលក្នុងស្រុកសរុបពីឆ្នាំ១៩៩៨ ដល់ឆ្នាំ២០២១ ដែលអាចរកបាននៅលើទំព័រព័ត៌មានទិន្នន័យ។ បើនិយាយពីប្រាក់ចំណូលវិញ គឺមានការកើនឡើងតាំងពីពេលនោះរហូតដល់បច្ចុប្បន្ន។ ក្រៅពីនេះ យើងក៏ទទួលបានទិន្នន័យចំណូលពីសម្បទានរ៉ែ និងប្រេងកាត បន្ទាប់ពីស្នើសុំពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ បន្ទាប់ពីការធ្វើបទបង្ហាញ សំណួរត្រូវបានលើកឡើងទាក់ទងនឹងនិយមន័យ និងរបៀបដែលរដ្ឋាភិបាលប្រមូលប្រាក់សួយសារពីក្រុមហ៊ុនរុករករ៉ែ។ តំណាងនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក៏បានចូលរួមក្នុងកិច្ចពិភាក្សាផងដែរ។ លោកបានពន្យល់ថា សួយសារ គឺជាចំណូលមិនមែនសារពើពន្ធដែលបង់ជូនរដ្ឋាភិបាលដោយក្រុមហ៊ុនរុករករ៉ែ លើបរិមាណរ៉ែដែលបានផលិត ឬចំណូលដែលបានមកពីការជីកយករ៉ែដែលបានលក់ ដូចមានចែងក្នុងប្រកាសអន្តរក្រសួងលេខ៧៦០ ស្ដីពីអត្រាសួយសារលើផលិតផលរ៉ែ និងនីតិវិធីទូទាត់ថ្លៃសួយសារ។
ពិសេសជាងនេះទៅទៀត សិក្ខាសាលាបានធ្វើការពិភាក្សាទៅលើបញ្ហាប្រឈម រួមជាមួយនឹងដំណោះស្រាយនៅក្នុងឧស្សាហកម្មនិស្សារណកម្ម។ វាត្រូវបានពិភាក្សាជុំវិញកង្វះព័ត៌មានទាក់ទងនឹងគម្រោងរុករករ៉ែ និងសមត្ថភាពមានកម្រិតរបស់អាជ្ញាធរមូលដ្ឋានក្នុងការស្នើសុំមូលនិធិរ៉ែសម្រាប់ការអភិវឌ្ឍសហគមន៍មូលដ្ឋាន។
នៅចុងបញ្ចប់នៃកិច្ចពិភាក្សា អ្នកចូលរួមបានលើកទឹកចិត្តឱ្យរដ្ឋាភិបាលអនុម័តច្បាប់ស្តីពីសិទ្ធិទទួលបានព័ត៌មាន និងច្បាប់វាយតម្លៃផលប៉ះពាល់បរិស្ថាន បន្ថែមពីនេះសូមក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ដាក់ចេញនូវគោលនយោបាយស្តីពីទិន្នន័យបើកទូលាយ។