អូឌីស៊ីបានផ្តួចផ្តើមកិច្ចពិភាក្សាពហុភាគីជាលើកដំបូងស្តីពី ESG នៅកម្ពុជា
នៅថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៤ អង្គការទិន្នន័យអំពីការអភិវឌ្ឍ (អូឌីស៊ី) បានរៀបចំកិច្ចពិភាក្សាពហុភាគីពេញមួយថ្ងៃស្តីពីការរាយការណ៍អំពីបរិស្ថាន សង្គម និងអភិបាលកិច្ច (ESG) នៅកម្ពុជា នៅសណ្ឋាគារហ៊ីម៉ាវ៉ារី ក្នុងរាជធានីភ្នំពេញ។ ព្រឹត្តិការណ៍នេះបានទាក់ទាញអ្នកចូលរួមចំនួន ៧៥នាក់ ក្នុងនោះមានស្ត្រី ២៩នាក់ មកពីមជ្ឈដ្ឋាន និងស្ថាប័នផ្សេងៗគ្នា។ អ្នកចូលរួមរួមមានតំណាងរដ្ឋាភិបាល (២នាក់) វិស័យឯកជន (១៥នាក់) អង្គការមិនមែនរដ្ឋាភិបាលជាតិ និងអន្តរជាតិ (១៩នាក់) សាកលវិទ្យាល័យ និងស្ថាប័នស្រាវជ្រាវ (២២នាក់) សារព័ត៌មាន (២នាក់) តំណាងសហគមន៍ (២នាក់) និងសាធារណជនទូទៅ (១៨នាក់)។ ភាគីពាក់ព័ន្ធចម្រុះរបស់យើងបានពិភាក្សាអំពីលទ្ធភាព និងបញ្ហាប្រឈមនៃការអនុវត្ត ESG នៅក្នុងប្រទេសកម្ពុជា។
សិក្ខាសាលារយៈពេលពេញមួយថ្ងៃ ក្រោមមូលបទ “ការប្រើប្រាស់ទិន្នន័យ និងការបង្ហាញព័ត៌មានសម្រាប់អាជីវកម្មប្រកបដោយទំនួលខុសត្រូវ” បានចាប់ផ្តើមដោយសុន្ទរកថាស្វាគមន៍របស់លោកស្រី ស៊ីន គីមស៊ាន សមាជិកក្រុមប្រឹក្សាភិបាលនៃអង្គការអូឌីស៊ី។ លោកស្រីបានរៀបរាប់ពីគោលបំណងធំៗនៃកិច្ចសន្ទនានេះ ដោយសង្កត់ធ្ងន់លើសារៈសំខាន់នៃការសម្រេចចិត្តដែលជំរុញដោយទិន្នន័យ ហើយសង្ឃឹមថាព្រឹត្តិការណ៍នេះនឹងធ្វើឱ្យការរាយការណ៍ ESG ប្រសើរឡើង ជំរុញអភិបាលកិច្ចល្អ និងលើកទឹកចិត្តដល់កិច្ចសហប្រតិបត្តិការអន្តរវិស័យ។
បណ្ឌិត Joe Buckley អ្នកសម្របសម្រួលអភិវឌ្ឍកម្មវិធីនៃមជ្ឈមណ្ឌលសាមគ្គីភាពកម្ពុជា បានបន្តជាមួយការលើកឡើងកាន់តែស៊ីជម្រៅនៅក្នុងវគ្គសុន្ទរកថាបើក។ ដោយយោងលើការស្រាវជ្រាវថ្នាក់បណ្ឌិតរបស់លោកនៅទីក្រុងឡុងដ៍ លោកបណ្ឌិត Buckley បានសម្តែងការព្រួយបារម្ភខ្លះៗអំពីការអនុវត្ត ESG ដោយលើកឡើងអំពី ‘ការលាងភាពបៃតង ឬ Greenwashing’ និងការផ្តោតអារម្មណ៍មិនគ្រប់គ្រាន់លើសិទ្ធិរបស់កម្មករ។ ខណៈពេលដែលមានការទទួលស្គាល់អត្ថប្រយោជន៍នៃ ESG ដែលបានអនុវត្តយ៉ាងត្រឹមត្រូវ លោកបានតស៊ូមតិសម្រាប់វិធីសាស្ត្រផ្តោតលើបុគ្គលិកចំពោះទំនួលខុសត្រូវសង្គម។ លោកបានឧទាហរណ៍ពីបញ្ហាការងារនៅក្នុងបណ្តាប្រទេសកំពុងអភិវឌ្ឍន៍ ហើយបានសង្កត់ធ្ងន់ថា របាយការណ៍ ESG ត្រឹមត្រូវអាចដោះស្រាយបញ្ហាប្រឈមទាំងនេះបាន។ លោកបានលើកឡើងពីសក្ដានុពលនៃចលនាការងារ ដើម្បីរួមចំណែកដល់គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព (SDGs) និងបានអំពាវនាវឱ្យមានការកែលម្អស្តង់ដារ និងគោលការណ៍ណែនាំ ESG។
បណ្ឌិត យង់ សុភា មកពីសាកលវិទ្យាល័យ Queen Mary នៃទីក្រុងឡុងដ៍ បានផ្តល់បទបង្ហាញណែនាំអំពីគោលការណ៍ ESG ដោយពន្យល់ពីអត្ថន័យ ESG របៀបដែលវាត្រូវបានអនុវត្តនៅទូទាំងពិភពលោក និងថាតើវាត្រូវបានអនុវត្តនៅក្នុងប្រទេសកម្ពុជាដែរឬទេ។ លោកក៏បានសង្កត់ធ្ងន់លើតួនាទីសំខាន់របស់អ្នកពាក់ព័ន្ធសំខាន់ៗក្នុងការពង្រឹងការអនុវត្ត ESG និងលើកទឹកចិត្តឱ្យមានការចូលរួមនៅក្នុងកិច្ចសន្ទនានៅវគ្គបន្ទាប់។
ព្រឹត្តិការណ៍នេះមានការចូលរួមកិច្ចសន្ទនាចំនួនពីរ ដែលបានប្រមូលផ្តុំអ្នកជំនាញមកពីវិស័យផ្សេងៗដើម្បីចែករំលែកការយល់ដឹង និងបទពិសោធន៍ និងបានផ្តល់ឱ្យអ្នកចូលរួមនូវទស្សនវិស័យយ៉ាងល្អិតល្អន់លើការអនុវត្ត ESG នៅកម្ពុជា ដោយផ្តល់នូវការយល់ដឹងទាំងទ្រឹស្តី និងដំណោះស្រាយជាក់ស្តែងចំពោះបញ្ហាប្រឈមនៃការអនុវត្តយុទ្ធសាស្ត្រ ESG នៅក្នុងបរិបទប្រទេសកម្ពុជា។ កិច្ចសន្ទនាទីមួយរបស់យើង បានផ្តោតលើ “ការវិវត្តនៃគំនិតនៃ ESG ច្បាប់ និងការលើកទឹកចិត្តនៅក្នុងប្រទេសកម្ពុជា” ដោយចូលទៅក្នុងទិដ្ឋភាព ESG នាពេលបច្ចុប្បន្ននៅក្នុងប្រទេស។ វាគ្មិនរបស់យើងបានពិភាក្សាអំពីគោលនយោបាយ បទប្បញ្ញត្តិ និងការលើកទឹកចិត្ត ដោយផ្តល់នូវទិដ្ឋភាពយ៉ាងទូលំទូលាយនៃ ESG។ បណ្ឌិត សៅ សុជាតា មកពីសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ចបានចែករំលែកទស្សនៈសិក្សារបស់ខ្លួន ខណៈដែលលោក Samuel Schleipman នៃសភាពាពិជ្ជកម្មអ៊ឺរ៉ុបនៅកម្ពុជា បានផ្តល់ការយល់ដឹងពីវិស័យធុរកិច្ច។ លោក ម៉ារ សុផល មកពីវេទិកានៃអង្គការមិនមែនរដ្ឋាភិបាលស្តីពីកម្ពុជា បានផ្តល់ទស្សនៈទាននៃអង្គការសង្គមស៊ីវិល។
កិច្ចសន្ទនាទីពីរបានផ្លាស់ប្តូរការផ្តោតអារម្មណ៍របស់អ្នកទស្សនាទៅប្រធានបទ “ពីទ្រឹស្តី ESG និងការរាយការណ៍ទៅការអនុវត្ត និងការសម្រេចបាន” ដោយផ្តោតទៅលើឧទាហរណ៍ពីជីវិតប្រចាំថ្ងៃ និងដំបូន្មានសម្រាប់ធុរកិច្ចដែលចង់បញ្ចូល ESG ទៅក្នុងប្រតិបត្តិការរបស់ពួកគេ។ បណ្ឌិត ឈាត ស្រ៊ាង អ្នកស្រាវជ្រាវមកពីវិទ្យាស្ថានបណ្តុះបណ្តាល និងស្រាវជ្រាវដើម្បីអភិវឌ្ឍន៍កម្ពុជា(CDRI) បានផ្តល់ទស្សនៈស្រាវជ្រាវផ្អែកលើអភិបាលកិច្ច និងសង្គមបរិយាបន្ន ហើយកញ្ញា ស្រី ណាក់ នៃក្រុមហ៊ុនមេធាវី Sarana បានផ្តល់ទស្សនវិស័យជាក់ស្តែងលើកង្វល់ផ្នែកច្បាប់។ លោកបណ្ឌិត Kenneth Paul Charman នៃសាលា CamEd Business School បានបន្ថែមលើអំពីតួនាទីការអប់រំដល់ការពិភាក្សា។ លោក វេង សៀងហៃ អ្នកគ្រប់គ្រងកម្មវិធីនិពន្ធនៃអូឌីស៊ី បានសម្របសម្រួលកិច្ចពិភាក្សាលើប្រធានបទទាំងពីរនេះ។ លោកបានដឹកនាំការសន្ទនាប្រកបដោយប្រសិទ្ធភាព ដោយទាញចេញនូវការយល់ដឹងសំខាន់ៗពីអ្នកពិភាក្សា និងធានាឱ្យមានការស្វែងយល់យ៉ាងទូលំទូលាយអំពីប្រធានបទសំខាន់ៗទាំងនេះ។
លោក Zhe Kong មកពី Development Innovation Insider (Diinsider) បានផ្តល់ទស្សនៈអន្តរជាតិ ដោយបង្ហាញពីបទប្បញ្ញត្តិ និងការអនុវត្តនៃការបង្ហាញព័ត៌មាននិរន្តរភាពនៅក្នុងប្រទេសចិន។ លោកបានផ្តល់បទបង្ហាញករណីជាច្រើនជាមួយពេលវេលាដែលរៀបរាប់លម្អិតអំពីការអនុវត្តគោលនយោបាយបង្ហាញ ESG នៅទូទាំងវិស័យសំខាន់ៗ រួមទាំងធនាគារកណ្តាល គណៈកម្មការត្រួតពិនិត្យ និងគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ (SASAC) គណៈកម្មការគ្រប់គ្រងមូលបត្រចិន និងក្រសួងអេកូឡូស៊ី និងបរិស្ថាន។ ទិន្នន័យមួយចំនួនក៏បានបង្ហាញអំពីនិន្នាការបង្ហាញព័ត៌មានតាមឆ្នាំ ហើយលោកក៏បានបានគូសបញ្ជាក់ពីបញ្ហាប្រឈម និងបញ្ហាសំខាន់ៗ ដែលអ្នកចូលរួមរបស់យើងអាចរៀនពីការអនុវត្តទាំងនេះ។
លោក ធី ទ្រី នាយកប្រតិបត្តិអូឌីស៊ី ឡើងផ្តល់សុន្ទរកថាបិទដោយលោកបានថ្លែងអំណរគុណវាគ្មិនទាំងអស់សម្រាប់ការចែករំលែកការយល់ដឹងអំពី ESG ក្នុងបរិបទសកល និងនៅក្នុងស្រុក។ លោកបានលើកទឹកចិត្តអ្នកពាក់ព័ន្ធឱ្យបន្តការស្រាវជ្រាវលើយន្តការដ៏មានប្រសិទ្ធភាពសម្រាប់ការត្រួតពិនិត្យការអនុវត្តសង្គម និងបរិស្ថានរបស់ធុរកិច្ច។ លោកក៏បានបង្ហាញការគាំទ្រការជំរុញការទទួលបានព័ត៌មានអំពីនិរន្តរភាពរបស់ក្រុមហ៊ុនកាន់តែប្រសើរ ដើម្បីបង្កើនការត្រួតពិនិត្យជាសាធារណៈ និងពីអ្នកប្រើប្រាស់អំពីក្រមសីលធម៌អាជីវកម្ម។ ដោយលើកឡើងពីសារៈសំខាន់នៃ ESG នៅក្នុងច្បាប់វិនិយោគថ្មី លោកបានសង្កត់ធ្ងន់លើតម្រូវការក្នុងការស្វែងយល់បន្ថែមពីហេតុផល ឬកត្តាដែលជំរុញឱ្យអាជីវកម្ម ឬក្រុមហ៊ុនអនុវត្ត ESG ឬ CSR ឱ្យបានត្រឹមត្រូវ។ លោក ទ្រី បានលើកឡើងពីតួនាទីនៃទិន្នន័យក្នុងការជំរុញអភិបាលកិច្ចល្អ ដោយបានប្រកាសពីការបោះពុម្ពផ្សាយនាពេលថ្មីៗនេះរបស់អូឌីស៊ី អំពីសំណុំទិន្នន័យស្តីពីក្រុមហ៊ុនដែលមានព័ត៌មាន CSR នៅកម្ពុជា។ លោកបានបង្ហាញពីផែនការពង្រីកការប្រមូលទិន្នន័យលើការរាយការណ៍ ESG ក្នុងគោលបំណងគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងការជំរុញការអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាពរបស់អ្នកពាក់ព័ន្ធនៅក្នុងប្រទេសកម្ពុជា។
កិច្ចសន្ទនានេះគឺជាជំហានឆ្ពោះទៅមុខដ៏សំខាន់មួយក្នុងដំណើររបស់ប្រទេសកម្ពុជាទៅរកការអភិវឌ្ឍន៍ប្រកបដោយចីរភាព។ តាមរយៈការប្រមូលផ្តុំភាគីពាក់ព័ន្ធចម្រុះ ព្រឹត្តិការណ៍នេះបានជំរុញកិច្ចសហការ និងការចែករំលែកចំណេះដឹង បើកផ្លូវសម្រាប់កិច្ចសន្ទនាដោយចំហស្តីពីការអនុវត្ត ESG ដែលនឹងលើកកម្ពស់ការប្រកួតប្រជែងរបស់វិស័យធុរកិច្ចកម្ពុជានៅក្នុងទីផ្សារពិភពលោក និងជំរុញកំណើនប្រកបដោយនិរន្តរភាពនៅកម្ពុជា។