ការ​ពង្រឹង​ភាព​ធន់​ទៅ​នឹង​អាកាសធាតុ​ជាមួយ​ជនជាតិ​ដើម​ភាគតិច​៖​ រំលេច​ពី​វេទិកា​ស្តី​ពី​ការ​ប្រែប្រួល​អាកាសធាតុ​នៅ​កម្ពុជា​ឆ្នាំ​២០២៤

វេទិកា​ស្តី​ពី​ការ​ប្រែប្រួល​អាកាសធាតុ​នៅ​កម្ពុជា​ឆ្នាំ​២០២៤​ បាន​ចាប់ផ្តើម​នៅ​ថ្ងៃ​ទី​២៤​ ខែតុលា​ ឆ្នាំ​២០២៤​ នៅ​ខេត្ត​ព្រះ​សីហ​នុ​។​ ព្រឹត្តិការណ៍​នេះ​មាន​អ្នកចូលរួម​ប្រមាណ​ ៣00​នាក់​ ដែល​ជា​សិស្ស​និស្សិត​ សមាជិក​សហគមន៍​ សហគមន៍​ជនជាតិ​ដើម​ភាគតិច​ សកម្មជន​បរិស្ថាន​ អង្គការ​សង្គម​ស៊ី​វិល​ រដ្ឋាភិបាល​ និង​តំណាង​ស្ថានទូត​សហរដ្ឋអាមេរិក​ ចក្រភព​អង់គ្លេស​ និង​អូស្ត្រាលី​ ក្នុង​គោលបំណង​ដោះស្រាយ​ភាព​ងាយ​រង​គ្រោះ​នៃ​អាកាសធាតុ​របស់​ប្រទេស​កម្ពុជា​ និង​ស្វែង​យល់​ដំណោះស្រាយ​សម្រប​ខ្លួន​។​ ការ​អំពាវនាវ​ឱ្យ​ចាត់វិធានការ​នេះ​ធ្វើ​ឡើង​ដោយ​រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន​ ដែល​ជំរុញ​ឱ្យ​មានការ​ប្ដេជ្ញា​ចិត្ត​លើ​ការ​ផ្តល់​ហិរញ្ញប្បទាន​អាកាសធាតុ​ពិភពលោក​ចំនួន​ ១០០​ពាន់​លាន​ដុល្លារ​ ដើម្បី​គាំទ្រ​ដល់​ប្រទេស​កម្ពុជា​។​

អង្គការ​ទិន្នន័យ​អំពី​ការ​អភិវឌ្ឍ​ (​អូ​ឌី​ស៊ី​)​ ក្រោម​គម្រោង​គាំទ្រ​អង្គការ​សង្គម​ស៊ី​វិល​ គាំទ្រ​ដោយ​ទីភ្នាក់ងារ​សហរដ្ឋអាមេរិក​សម្រាប់​ការ​អភិវឌ្ឍន៍​អន្តរជាតិ​ តាម​រយៈ​អង្គការ​ Fhi360​ បាន​រៀបចំ​កិច្ច​ពិភាក្សា​មួយ​ស្តី​ពី​ “​ការ​ពង្រឹង​ភាព​ធន់​ទៅ​នឹង​អាកាសធាតុ​ជាមួយ​ជនជាតិ​ដើម​ភាគតិច​”​ ក្នុង​គោលបំណង​លើកកម្ពស់​ការ​យល់​ដឹង​អំពី​សារៈសំខាន់​នៃ​សិទ្ធិ​ដី​សមូហភាព​ជនជាតិ​ដើម​ភាគតិច​ក្នុង​ការ​ពង្រឹង​ភាព​ធន់​ទៅ​នឹង​ការ​ប្រែប្រួល​អាកាសធាតុ​ និង​ការ​អភិរក្ស​ជីវៈចម្រុះ​។​ កិច្ច​ពិភាក្សា​នេះ​មាន​វាគ្មិន​សំខាន់ៗ​ដូច​ជា​៖

  • អ្នក​នាង​ គឹ​ម​ ឈួ​ន​វួ​ច​ (​អ្នកសម្របសម្រួល​)​ អ្នកសម្របសម្រួល​កម្មវិធី​ការ​គ្រប់គ្រង​ធនធានធម្មជាតិ​ នៃ​អង្គការ​អូ​ឌី​ស៊ី​
  • លោក​បណ្ឌិត​ លន់​ ពេជ្រ​តារា​ នាយក​ប្រតិបត្តិ​នៃ​អង្គការ​ភូមិ​ខ្ញុំ​
  • លោក​ សៅ​ វណ្ណ​សី​ នាយក​ប្រតិបត្តិ​នៃ​អង្គការ​គាំទ្រ​សហគមន៍​ជនជាតិ​ដើម​ភាគតិច​
  • លោក​ លួ​ន​ ហុ​ក​ឡេ​ក​ ជនជាតិ​ដើម​ភាគតិច​កួយ​ និង​ជា​សមាជិក​នៃ​ក្រុម​អ្នក​ច្បាប់​ជនជាតិ​ដើម​ភាគតិច​
  • លោក​ សុខា​ ថុ​ត​ ប្រធាន​សហគមន៍​ជនជាតិ​ដើម​ភាគតិច​ព្នង​ភូមិ​អណ្តូង​ក្រឡឹង​

ករណី​ដែល​មាន​ឥទ្ធិពល​សម្រាប់​សិទ្ធិ​ដី​សមូហភាព​ជនជាតិ​ដើម​ភាគតិច​ក្នុង​សកម្មភាព​អាកាសធាតុ​

កិច្ច​ពិភាក្សា​បាន​គូសបញ្ជាក់​ថា​ ប្រទេស​កម្ពុជា​មាន​ភាព​លេចធ្លោ​នៅ​ក្នុង​តំបន់​ឥណ្ឌូចិន​សម្រាប់​លើកកម្ពស់​យ៉ាង​សកម្ម​នៃ​សិទ្ធិ​កាន់កាប់​ដីធ្លី​តាម​បែប​ប្រពៃណី​ រួម​មានការ​ផ្តល់​ប័ណ្ណកម្មសិទ្ធិ​ដី​សមូហភាព​ជនជាតិ​ដើម​ភាគតិច​ សហគមន៍​តំបន់ការពារធម្មជាតិ​ និង​សហគមន៍​ព្រៃឈើ​។​ ក្របខ័ណ្ឌ​ទាំងនេះ​ត្រូវ​បាន​រៀបចំ​ឡើង​តាម​ស្តង់ដារ​អន្តរជាតិ​ដែល​ធានា​នូវ​សិទ្ធិ​ដីធ្លី​របស់​ជនជាតិ​ដើម​ភាគតិច​ និង​ដើរតួ​នាទី​យ៉ាង​សំខាន់​ក្នុង​ការ​ថែរក្សា​ប្រព័ន្ធ​អេកូឡូស៊ី​។​ លោក​ វណ្ណ​សី​ បាន​លើក​ឡើង​ថា​សហគមន៍​ជនជាតិ​ដើម​ភាគតិច​ចំនួន​ ១៩៣​ ទទួល​បាន​ស្វ័​យ​អត្ត​អ​ញ្ញាណ​ពី​ក្រសួង​អភិវឌ្ឍន៍ជនបទ​ សហគមន៍​ចំនួន​ ១៥៣​ ទទួល​បាន​នីតិបុគ្គល​ពី​ក្រសួងមហាផ្ទៃ​ និង​សហគមន៍​ចំនួន​ ៤៣​ ទទួល​បាន​ប័ណ្ណ​កម្ម​សិទ្ធ​ដី​សមូហភាព​ពី​ក្រសួង​រៀបចំ​ដែនដី​ នគរូបនីយកម្ម​ និង​សំណង់​។​

អូ​ឌី​ស៊ី​បាន​បោះពុម្ពផ្សាយ​ទំព័រ​ព័ត៌មាន​ទិន្នន័យ​ដែល​មាន​ទាំង​ខេមរភាសា​ និង​ភាសា​អង់គ្លេស​ ដែល​បង្ហាញ​ពី​ដី​សមូហភាព​សហគមន៍​ជនជាតិ​ដើម​ភាគតិច​ដែល​បាន​ចុះបញ្ជី​ និង​ស្វ័​យ​អត្តសញ្ញាណ​នៃ​សហគមន៍​ជនជាតិ​ដើម​ភាគតិច​នៅ​លើ​គេហទំព័រ​របស់​ខ្លួន​។​ ព័ត៌មាន​ទិន្នន័យ​ទាំងនេះ​បង្ហាញ​នូវ​ទិន្នន័យ​លម្អិត​អំពី​ដី​សហគមន៍​ដែល​បាន​ចុះបញ្ជី​ អនុក្រឹត្យ​ ព្រមទាំង​ផែនទី​អន្តរ​កម្ម​ដែល​ផ្តល់​ភាព​ងាយស្រួល​ និង​លើកកម្ពស់​ការ​ប្រើប្រាស់​ព័ត៌មាន​អំពី​សហគមន៍​។​

ទស្សនៈវិស័យ​ជនជាតិ​ដើម​ភាគតិច​លើ​ការ​អនុវត្ត​ប្រកបដោយ​និរន្តរភាព​ និង​ភាព​ធន់​នឹង​អាកាសធាតុ​

​លោក​ ថុ​ត​ បាន​ចែករំលែក​ពី​របៀប​គ្រប់គ្រង​ដី​តាម​បែប​ប្រពៃណី​របស់​សហគមន៍​របស់​គាត់​ រួម​ទាំង​ការ​ប្រើប្រាស់​វិធីសាស្ត្រ​កសិកម្មសរីរាង្គ​ និង​អេកូ​ទេសចរណ៍​ ដែល​គាំទ្រ​ដល់​ការ​ពង្រឹង​ភាព​ធន់​នឹង​អាកាសធាតុ​។​ លោក​បាន​គូសបញ្ជាក់​ពី​អត្ថប្រយោជន៍​ការ​អនុវត្ត​ទាំងនេះ​ចំពោះ​អេកូឡូស៊ី​ ដែល​រួមចំណែក​ដល់​ការ​ធ្វើ​កសិកម្ម​ប្រកបដោយ​និរន្តរភាព​ និង​ការ​ការពារ​ជីវចម្រុះ​។​ បន្ថែម​លើ​នេះ​ លោក​បណ្ឌិត​ តារា​ បាន​រំលេច​អំពី​គំនិត​ផ្តួចផ្តើម​ និង​កិច្ច​ខិតខំ​ប្រឹងប្រែង​អភិរក្ស​ព្រៃឈើ​ដឹកនាំ​ដោយ​ជនជាតិ​ដើម​ភាគតិច​ដោយ​បង្ហាញ​ពី​ប្រសិទ្ធភាព​ក្នុង​ការ​កាត់​បន្ថយ​ការ​កាប់​បំផ្លាញ​ព្រៃឈើ​ និង​ពង្រឹង​ភាព​ធន់​នឹង​ផល​ប៉ះពាល់​នៃ​ការ​ប្រែប្រួល​អាកាសធាតុ​ក្នុង​ខេត្តស្ទឹងត្រែង​ និង​មណ្ឌលគិរី​ ។​

បញ្ហា​ប្រឈម​ផ្នែក​ច្បាប់​ និង​ហិរញ្ញវត្ថុ​

ទោះបីជា​ដំណើរការ​ចុះបញ្ជី​ដី​សមូហភាព​មានកា​រវិ​វ​ឌ្ឍ​គួរ​ឱ្យ​កត់សម្គាល់​ក៏​ដោយ​ វាគ្មិន​បាន​ចង្អុលបង្ហាញ​ពី​បញ្ហា​ប្រឈម​មួយ​ចំនួន​ដែល​កំពុង​កើត​មាននៅ​។​ លោក​បណ្ឌិត​ តារា​ បាន​អំពាវនាវ​ឱ្យ​មាន​វិធីសាស្ត្រ​ស្ដង់ដារ​ក្នុង​ការ​កំណត់​ក្រុម​ជនជាតិ​ដើម​ភាគតិច​ដើម្បី​សម្រួល​ដំណើរការ​អន្តរក្រសួង​ ខណៈ​លោក​ ហុ​ក​ឡេ​ក​ បាន​លើក​ឡើង​ពី​ដំណើរការ​យឺតយ៉ាវ​ និង​គម្លាត​ថវិកា​ ដែល​ជា​រឿយៗ​រារាំង​ការ​គាំទ្រ​ប្រកបដោយ​ប្រសិទ្ធភាព​។​ លោក​បាន​ជំរុញ​ឱ្យ​បង្កើន​ការ​សន្ទនា​ជា​សាធារណៈ​ដើម្បី​ព​ន្លឿ​ន​ការ​ចុះបញ្ជី​ដី​ដោយ​សង្កត់ធ្ងន់​ថា​ ការ​អនុវត្ត​តាម​បែប​ប្រពៃណី​អាច​រក្សា​សក្តានុពល​សម្រាប់​ដំណោះស្រាយ​អាកាសធាតុ​កាន់តែ​ទូលំទូលាយ​។​

ដំណើរ​ឆ្ពោះទៅ​មុខ​ជាមួយនឹង​ការ​ដឹកនាំ​របស់​ជនជាតិ​ដើម​ភាគតិច​ក្នុង​ការ​ពង្រឹង​ភាព​ធន់​នឹង​អាកាសធាតុ​

កិច្ច​ពិភាក្សា​បាន​បង្ហាញ​ថា​ ការ​ដាក់​បញ្ចូល​សំឡេង​ជនជាតិ​ដើម​ភាគតិច​ប្រកបដោយ​បរិ​យា​បន្ន​ និង​អត្ថន័យ​មាន​សារៈសំខាន់​សម្រាប់​យុទ្ធសាស្ត្រ​អាកាសធាតុ​ប្រកបដោយ​និរន្តរភាព​។​ ការ​ប្តេជ្ញា​ចិត្ត​របស់​កម្ពុជា​ក្នុង​ការ​ពង្រឹង​ក្របខ័ណ្ឌ​ច្បាប់​សម្រាប់​សិទ្ធិ​ដី​សមូហភាព​ជនជាតិ​ដើម​ភាគតិច​ គឺជា​ជំហាន​ដ៏​ជោគជ័យ​មួយ​ឆ្ពោះទៅ​រក​ការ​សម្រេច​បាន​ទាំង​ការ​ការពារ​បរិស្ថាន​ និង​ការ​អភិរក្ស​វប្បធម៌​។​ នៅ​ពេល​ដែល​ការ​ប្តេជ្ញា​ចិត្ត​ផ្នែក​ហិរញ្ញវត្ថុ​អាកាសធាតុ​កើនឡើង​ ការ​ធានា​ថា​សហគមន៍​ជនជាតិ​ដើម​ភាគតិច​ទទួល​បានការ​ការពារ​កម្មសិទ្ធិ​ដី​ និង​ការ​អនុវត្ត​ប្រកបដោយ​និរន្តរភាព​នៅ​តែ​ជា​កត្តា​សំខាន់​។​ តាម​រយៈ​ការ​ទទួលស្គាល់​ចំណេះដឹង​ប្រពៃណី​របស់​ជនជាតិ​ដើម​ភាគតិច​ កម្ពុជា​មិន​ត្រឹមតែ​ធានា​បាន​នូវ​ធនធានធម្មជាតិ​ប៉ុណ្ណោះ​ទេ​ ប៉ុន្តែ​ថែម​ទាំង​រួមចំណែក​ដល់​ការ​បង្កើន​ភាព​ធន់​នឹង​អាកាសធាតុ​ផង​ដែរ​។​ កិច្ច​ពិភាក្សា​នៅ​ក្នុង​វេទិកា​ស្តី​ពី​ការ​ប្រែប្រួល​អាកាសធាតុ​នៅ​កម្ពុជា​ឆ្នាំ​២០២៤​ បាន​បង្ហាញ​ពី​មាគ៌ា​ឆ្ពោះទៅ​រក​យុទ្ធសាស្ត្រ​ទប់ទល់​អាកាសធាតុ​រួម​គ្នា​ និង​ប្រកបដោយ​បរិ​យា​បន្ន​សម្រាប់​ប្រទេស​កម្ពុជា​ និង​លើស​ពី​នេះ​។​

​វេទិកា​ស្តី​ពី​ការ​ប្រែប្រួល​អាកាសធាតុ​នៅ​កម្ពុជា​ឆ្នាំ​២០២៤​ ស្រប​ជាមួយនឹង​គោលបំណង​ និង​ប្រធានបទ​សន្និសីទ​នៃ​រដ្ឋ​ភាគី​ ដោយ​គូសបញ្ជាក់​ពី​ការ​ប្តេជ្ញា​ចិត្ត​របស់​កម្ពុជា​ចំពោះ​គោលដៅ​អាកាសធាតុ​សកល​ និង​កិច្ច​ខិតខំ​ប្រឹងប្រែង​រួម​គ្នា​ដើម្បី​កាត់​បន្ថយ​ផល​ប៉ះពាល់​នៃ​ការ​ប្រែប្រួល​អាកាសធាតុ​។​ វេទិកា​ប្រចាំឆ្នាំ​នេះ​បាន​បង្ហាញ​ពី​វឌ្ឍនភាព​របស់​កម្ពុជា​ក្នុង​ការ​ដោះស្រាយ​បញ្ហា​ប្រឈម​ទាក់ទង​នឹង​អាកាសធាតុ​។​ វេទិកា​នេះ​មានការ​ចូលរួម​ពី​អ្នកជំនាញ​ពី​វិស័យ​ផ្សេងៗ​គ្នា​ រួម​ទាំង​រដ្ឋាភិបាល​ ឧស្សាហកម្ម​ឯកជន​ និង​អង្គការ​មិនមែន​រដ្ឋាភិបាល​ ដើម្បី​ជំរុញ​ការ​ផ្លាស់​ប្តូរ​ចំណេះដឹង​ និង​លើកកម្ពស់​យុទ្ធសាស្ត្រ​សម្រាប់​ភាព​ធន់​នឹង​អាកាសធាតុ​។​ ចំណុច​សំខាន់ៗ​នៃ​វេទិកា​នេះ​នឹង​ត្រូវ​បាន​ចងក្រង​ និង​នាំ​យក​ទៅ​បង្ហាញ​នៅ​ក្នុង​សន្និសីទ​នៃ​រដ្ឋ​ភាគី​នៃ​កិច្ចព្រមព្រៀង​អង្គការសហប្រជាជាតិ​នៅ​ទីក្រុង​បា​គូ​ ប្រទេស​អា​ស៊ែ​បៃ​ហ្ស​ង់​ នា​ថ្ងៃ​ទី​១១-២២​ ខែវិច្ឆិកា​ ឆ្នាំ​២០២៤​។​

​ដើម្បី​លើកកម្ពស់​ទិន្នន័យ​បើក​ទូលាយ​ស្តី​ពី​ការ​ប្រែប្រួល​អាកាសធាតុ​ អង្គការ​អូ​ឌី​ស៊ី​បាន​បោះពុម្ពផ្សាយ​ទិន្នន័យ​ការ​ប្រែប្រួល​អាកាសធាតុ​ជា​ច្រើន​រួម​មាន​៖