ឈ្វេងយល់ពីបទប្បញ្ញត្ដិបញ្ញាសិប្បនិម្មិត៖ ចំណេះដឹងពីវេទិកាពិភាក្សានៅក្នុងកម្មវិធីកម្ពុជាអាយស៊ីធីខែម ២០២៤
កំណើននៃឥទ្ធិពលបញ្ញាសិប្បនិម្មិតមកលើឧស្សាហកម្មនិងសង្គម ជំរុញឱ្យមានការលើកឡើងជាសំណួរសំខាន់ៗជុំវិញបទប្បញ្ញត្ដិបញ្ញាសិប្បនិម្មិត។ នៅក្នុងកម្មវិធីកម្ពុជាអាយស៊ីធីខែម អ្នកជំនាញចម្រុះមួយក្រុមបានពិភាក្សាអំពីភាពស្មុគស្មាញនៃបទប្បញ្ញត្តិបញ្ញាសិប្បនិម្មិត ដោយផ្តល់ចំណេះដឹងពីទិដ្ឋភាពសកល ស្ថានភាពក្នុងតំបន់ និងយុទ្ធសាស្ត្ររក្សាលំនឹងរវាងនវានុវត្ដន៍និងគោលការណ៍ប្រកបដោយក្រមសីលធម៌។
ការពិភាក្សាបានគូសបញ្ជាក់ពីសារសំខាន់នៃតុល្យភាពរវាងអត្ថប្រយោជន៍និងហានិភ័យនៃបញ្ញាសិប្បនិម្មិត។ ដោយឡែក បញ្ញាសិប្បនិម្មិតផ្តល់មកនូវអត្ថប្រយោជន៍សំខាន់ៗ ដូចជាការធ្វើឱ្យប្រសើរឡើងនូវផលិតភាព ប្រសិទ្ធផល និងនវានុវត្ដន៍។ ឧទាហរណ៍ បញ្ញាសិប្បនិម្មិតមានសក្តានុពលលើការធ្វើបដិវត្តវិស័យអប់រំដោយជួយគ្រូបង្រៀនក្នុងការធ្វើកិច្ចតែងការបង្រៀន បកប្រែឯកសារទៅជាភាសាតំបន់ និងបង្កើនការចូលរួមរបស់សិស្ស។ នៅក្នុងការគ្រប់គ្រងគ្រោះមហន្តរាយ បញ្ញាសិប្បនិម្មិតអាចព្យាករព្រឹត្តិការណ៍ អាកាសធាតុ ដែលជួយដល់ការបែងចែកធនធានកាន់តែប្រសើរឡើង ដើម្បីគាំទ្រសហគមន៍ដែលងាយរងគ្រោះ។ ការពិភាក្សានេះក៏បានលើកយកពីទិដ្ឋភាពបច្ចេកទេសនិងគោលនយោបាយ ដែលផ្ដល់មកនូវការឆ្លុះបញ្ចាំងស៊ីជម្រៅលើបរិវត្ដកម្មឌីជីថលនៅកម្ពុជា ព្រមទាំងក្របខណ្ឌច្បាប់ផងដែរ។ ផ្អែកលើទស្សនៈពីវិស័យឯកជន អត្ថប្រយោជន៍ចម្បងមានដូចជា ការទាញយកប្រយោជន៍ពីទិន្នន័យដើម្បីប្រើប្រាស់បញ្ញាសិប្បនិម្មិតឱ្យមានប្រសិទ្ធភាព ដំណើរការទិន្នន័យដើម្បីបង្កើតម៉ូដែល និងការប្រើប្រាស់បញ្ញាសិប្បនិម្មិតដើម្បីជំរុញនវានុវត្ដន៍និងកំណើនសេដ្ឋកិច្ច។
អ្នកចូលរួមម្នាក់បានចែករំលែកទស្សនៈរបស់ខ្លួនដោយឆ្លុះបញ្ចាំងពីការពិភាក្សានេះ៖
លោក អ៊ឹម ម៉េងស៊ាង អ្នកគ្រប់គ្រងការតស៊ូមតិគោលនយោបាយ នៃសភាពាណិជ្ជកម្មអាមេរិកប្រចាំនៅកម្ពុជា បានលើកឡើងថា “អាជីវកម្មត្រូវការការយល់ដឹងដែលឆ្លើយតបពីវិធីដែលបញ្ញាសិប្បនិម្មិតអាចជំរុញដោយផ្ទាល់លើផលិតភាព ការប្រកួតប្រជែង និងប្រសិទ្ធផលនៅក្នុងបរិបទទីផ្សារជាក់លាក់របស់កម្ពុជា”។
ទោះជាយ៉ាងណាក៏ដោយ អត្ថប្រយោជន៍និងឱកាសទាំងនេះមានមកជាមួយនឹងបញ្ហាប្រឈម ដូចជាភាពលំអៀងនៅក្នុងប្រព័ន្ធបញ្ញាសិប្បនិម្មិត ព័ត៌មានក្លែងក្លាយ និងបញ្ហាក្រមសីលធម៌ដែលទាក់ទងនឹងការប្រើប្រាស់បច្ចេកវិទ្យាក្នុងផ្លូវខុស។ ឯកជនភាពទិន្នន័យត្រូវបានលើកឡើងជាចំណុចសំខាន់នៅក្នុងការពិភាក្សានេះ។ ការការពារទិន្នន័យផ្ទាល់ខ្លួន ស្របពេលបើកឱ្យមាននវានុវត្ដន៍ គឺជាកិច្ចការដ៏ស្មុគស្មាញ ប៉ុន្តែមានសារសំខាន់។ ប្រទេសដែលមានច្បាប់ការពារទិន្នន័យរឹងមាំ ជារឿយៗតម្រូវឱ្យមានវិធានការរួមសម្រាប់ការចែករំលែកទិន្នន័យ ដែលនេះអាចបង្កជាបញ្ហាប្រឈមសម្រាប់កម្ពុជា។ ការបង្កើតគោលការណ៍ណែនាំនិងច្បាប់ដែលច្បាស់លាស់ដើម្បីការពារទិន្នន័យផ្ទាល់ខ្លួន គឺជាការចាំបាច់ ប៉ុន្តែវិធានការបែបនេះក៏ត្រូវតែពិចារណាផងដែរអំពីវិធីសម្រួលដល់ការចែករំលែកទិន្នន័យប្រកបដោយការទទួលខុសត្រូវសម្រាប់នវានុវត្ដន៍និងការរីកចម្រើន។
ភាពលំអៀងនៅក្នុងប្រព័ន្ធបញ្ញាសិប្បនិម្មិត គឺជាបញ្ហាសំខាន់មួយទៀត។ វាគ្មិនបានផ្តោតលើសារសំខាន់នៃតម្លាភាពពីអ្នកផ្ដល់សេវាបញ្ញាសិប្បនិម្មិត ដូចជាការបង្ហាញប្រភពទិន្នន័យ និងការធានាថាក្បួនដោះស្រាយមានយុត្តិធម៌និងបរិយាបន្ន។ នេះពិតជាសំខាន់ជាពិសេសនៅប្រទេសកម្ពុជា ដែលទិន្នន័យក្នុងមូលដ្ឋាននិងដំណោះស្រាយបញ្ញាសិប្បនិម្មិតក្នុងបរិបទជាក់លាក់គឺមានភាពចាំបាច់។ ការវិនិយោគលើការបង្កើតសំណុំទិន្នន័យដែលឆ្លុះបញ្ចាំងពីតថភាពសង្គម វប្បធម៌ និងសេដ្ឋកិច្ចរបស់កម្ពុជា អាចជួយដោះស្រាយបញ្ហាប្រឈមទាំងនេះ ខណៈធានាឱ្យប្រព័ន្ធបញ្ញាសិប្បនិម្មិតផ្តល់លទ្ធផលប្រកបដោយសមធម៌។
ដើម្បីគ្រប់គ្រងបញ្ញាសិប្បនិម្មិតឱ្យមានប្រសិទ្ធភាព អភិក្រមដែលឆ្លើយតបគឺមានភាពចាំបាច់។ ក្នុងនោះ វាគ្មិនបានស្នើឱ្យអនុម័តក្របខណ្ឌដែលផ្អែកលើហានិភ័យ ដែលស្រដៀងគ្នាទៅនឹងការអនុវត្តនៅប្រទេសផ្សេងទៀត ដូចជាជប៉ុន និងកូរ៉េ ដែលចាត់ថ្នាក់ហានិភ័យនិងផ្តល់អាទិភាពដល់សុវត្ថិភាព ខណៈជំរុញឱ្យមាននវានុវត្ដន៍ប្រកបដោយការទទួលខុសត្រូវ។ ឧបករណ៍និងធនធានបានមកពីប្រភពបើកទូលាយ ក៏ត្រូវបានលើកយកជជែកផងដែរថា មានសារសំខាន់ក្នុងការជំរុញដល់ស្ថាប័ននិងអាជីវកម្មតូចតាច ប្រើប្រាស់បញ្ញាសិប្បនិម្មិតដោយការទទួលខុសត្រូវ។ យុទ្ធនាការលើកកម្ពស់ការយល់ដឹងជាសាធារណៈនិងការអប់រំ អាចជួយបុគ្គលនិងស្ថាប័នឱ្យយល់ដឹងបន្ថែមទាំងអត្ថប្រយោជន៍ទាំងហានិភ័យនៃបញ្ញាសិប្បនិម្មិត ដោយជំរុញការប្រើប្រាស់ដោយមានមូលដ្ឋាន។ លើសពីនេះ អភិក្រមដែលមានតម្លាភាពនិងមានការសហការគ្នាពីរដ្ឋាភិបាល វិស័យឯកជន និងភាគីពាក់ព័ន្ធដូចជាអ្នកស្រាវជ្រាវ គឺសំខាន់សម្រាប់បង្កើតគោលនយោបាយដែលមានប្រសិទ្ធភាព។ ការចូលរួមពីពហុភាគី ធានាមកនូវទស្សនៈដែលមានតុល្យភាព និងការពារផលប្រយោជន៍រួម។ បទប្បញ្ញត្ដិដែលបង្កើតឬយកមកអនុវត្ដមិនបានល្អ អាចបង្កឱ្យមានភាពស្មុគស្មាញច្រើន ការរឹតត្បិតតិចតួច និងការរាំងស្ទះដល់នវានុវត្ដន៍។
អ្នកចូលរួមម្នាក់ទៀតបានផ្ដល់នូវទស្សនៈរបស់ខ្លួនពីសារសំខាន់នៃបទប្បញ្ញត្ដិ៖
លោក សឿន វឌ្ឍនៈ ស្ថាបនិក Sustainable Design 11 (SD11) បានលើកឡើងថា “ការពិភាក្សាពីបទប្បញ្ញត្ដិបញ្ញាសិប្បនិម្មិតនិងបច្ចេកវិទ្យាឌីជីថល អាចជះឥទ្ធិពលដ៏គួរឱ្យកត់សម្គាល់លើការចាប់យកពីវិស័យឯកជន។ បទប្បញត្ដិដែលមានប្រសិទ្ធភាព គឺអាចកសាងទំនុកចិត្ដសាធារណៈលើបញ្ញាសិប្បនិម្មិតនិងបច្ចេកវិទ្យាទំនើបៗ ធានាការប្រកួតប្រជែងដោយសុចរិត និងលើកកម្ពស់ការអភិវឌ្ឍប្រកបដោយការទទួលខុសត្រូវ”។
វេទិកាពិភាក្សានៅក្នុងកម្ពុជាអាយស៊ីធីខែម បានគូសបញ្ជាក់ពីឱកាសនិងបញ្ហាប្រឈមនៃបទប្បញ្ញត្តិបញ្ញាសិប្បនិម្មិត រួមមានឥទ្ធិពលសកលលោក តម្រូវការក្នុងស្រុក ក្ដីកង្វល់លើក្រមសីលធម៌ និងឯកជនភាពទិន្នន័យ។ ដោយហេតុកម្ពុជាវិវត្ដទៅរកទិដ្ឋភាពដ៏ស្មុគស្មាញនៃការប្រើប្រាស់បញ្ញាសិប្បនិម្មិត ធាតុចូលពីអ្នកជំនាញនឹងដើរតួយ៉ាងសំខាន់ក្នុងការបង្កើតគោលនយោបាយដែលលើកកម្ពស់នវានុវត្ដន៍ ខណៈការពារផលប្រយោជន៍សង្គម។ ផ្អែកលើមតិពីអ្នកចូលរួម ការពិភាក្សានាពេលខាងមុខ គួររួមបញ្ចូលករណីសិក្សាជាក់ស្ដែង ជាពិសេសការចាប់យកឌីជីថលនៅកម្ពុជា និងវិស័យឯកជន ព្រមទាំងការចូលរួមដោយផ្ទាល់ពីភាគីរដ្ឋាភិបាល ដើម្បីពិភាក្សាពីក្របខណ្ឌច្បាប់និងការប្ដេជ្ញារបស់រដ្ឋ។