នាំ​យក​ទិន្នន័យ​បើក​ទូលាយ​មក​កាន់តែ​ជិត​សិស្សានុសិស្ស​៖​ អូ​ឌី​ស៊ី​ប្រារព្ធ​ទិវា​ទិន្នន័យ​បើក​ទូលាយ​ឆ្នាំ​២០២៦​ នៅ​អនុ​វិទ្យាល័យ​ឈានមុខ​

​ព័ត៌មាន​ឌី​ជី​ថ​ល​កាន់តែ​មាន​សារៈសំខាន់​នៅ​ក្នុង​ជីវិត​ប្រចាំ​ថ្ងៃ​ ដូចនេះការ​ជួយ​យុវជន​ឱ្យ​យល់​ដឹង​អំពី​ទិន្នន័យជា​ផ្នែក​សំខាន់​មួយ​នៃ​ការ​ត្រៀមខ្លួន​របស់​ពួក​គេ​សម្រាប់​អនាគត​។​ ដើម្បី​អបអរសាទរ​ទិវា​ទិន្នន័យ​បើក​ទូលាយ​ឆ្នាំ​២០២៦​ នៅ​ថ្ងៃ​ទី​១២​ ខែមីនា​ ឆ្នាំ​២០២៦​ តាម​រយៈ​កម្មវិធី​បណ្ណាល័យ​អ្នក​ប្រយុទ្ធ​នៅ​ខេត្តព្រះវិហារ​ អង្គការ​ទិន្នន័យ​អំពី​ការ​អភិវឌ្ឍ​ បាន​យក​ការ​សន្ទនា​អំពី​ប្រធានបទ​នេះ​ចូល​ថ្នាក់រៀន​ដោយ​ផ្ទាល់​ តាម​រយៈ​សិក្ខាសាលា​អន្តរ​កម្ម​មួយ​ដែលបាន​រៀបចំ​ឡើង​ដើម្បី​ជួយ​សិស្សានុសិស្ស​ក្នុង​ការ​ឈ្វេងយល់​ថា​ តើ​មាន​ទិន្នន័យ​អ្វីខ្លះ​នៅ​ក្នុង​បរិស្ថាន​ជុំវិញ​ខ្លួន​ ហើយ​ហេតុ​អ្វី​បានជា​វា​មាន​សារៈសំខាន់​ចំពោះ​សហគមន៍​របស់​ពួក​គេ​។​

សិស្សានុសិស្ស​ និង​គ្រូបង្រៀន​ជាង​ ៧០​នាក់​ នៅ​អនុ​វិទ្យាល័យ​ឈានមុខ​ បាន​ចូលរួម​សិក្ខាសាលា​អន្តរ​កម្ម​ ​ដែល​រៀបចំ​ឡើង​ដោយ​អង្គការ​ទិន្នន័យ​អំពី​ការ​អភិវឌ្ឍ​ ដើម្បី​អបអរសាទរ​ទិវា​ទិន្នន័យ​បើក​ទូលាយ​ឆ្នាំ​២០២៦​ ក្រោម​ប្រធានបទ​ “​យក​ទិន្នន័យ​បើក​ទូលាយ​ឱ្យ​កាន់តែ​ជិត​ស្និទ្ធ​ជាមួយ​សហគមន៍​មូលដ្ឋាន​”​។​ ជា​ផ្នែក​មួយ​នៃ​ការ​ប្រារព្ធ​ពិធី​ទិន្នន័យ​បើក​ទូលាយ​នៅ​ឆ្នាំ​នេះ​ កម្មវិធី​នេះ​បាន​ណែនាំ​សិស្សានុសិស្ស​អំពី​គោល​គំនិត​នៃ​ទិន្នន័យ​បើក​ទូលាយ​ តាម​រយៈ​សកម្មភាព​សិក្សា​ជាក់ស្តែង​ដោយ​ផ្សារ​ភ្ជាប់​ដោយ​ផ្ទាល់​ទៅ​នឹង​បរិស្ថាន​សាលារៀន​ និង​សហគមន៍​របស់​ពួក​គេ​។​

នៅ​ពេល​ចាប់ផ្តើម​សិក្ខាសាលា​ ក្រុមការងារ​អូ​ឌី​ស៊ី​បាន​ណែនាំ​អំពី​គោលបំណង​ និង​របៀបវារៈ​សំខាន់ៗ​នៃកម្មវិធី​ ហើយ​លើកទឹកចិត្ត​ឱ្យ​សិ​ស្សា​នុ​សិស្សចូលរួម​យ៉ាង​សកម្ម​ពេញ​មួយ​ថ្ងៃ​។​ ជំនួស​ឱ្យ​ការ​ពឹងផ្អែក​លើ​បទ​បង្ហាញ​ សិក្ខាសាលា​នេះ​បាន​រៀបចំ​ឡើងជា​បទ​ពិសោធន៍​សិក្សា​ដែល​មានការ​ចូលរួម​ ដោយ​សិស្សានុសិស្ស​ត្រូវ​ចូលរួម​គិត​ ពិភាក្សា​ សង្កេត​ និង​ធ្វើ​បទ​បង្ហាញ​។​ តាម​រយៈ​ការ​ធ្វើតេស្ត​សាកល្បង​ ការ​បំផុសគំនិត​ ការ​ពិភាក្សា​បើក​ទូលាយ​ ការ​ឆ្លុះ​បញ្ចាំង​ និង​ការ​ធ្វើ​ការងារ​ជា​ក្រុម​ សិស្សានុសិស្ស​ត្រូវ​បាន​លើកទឹកចិត្ត​ឱ្យ​ពង្រឹង​ការ​យល់​ដឹង​របស់​ពួក​គេ​អំពី​ទិន្នន័យ​បើក​ទូលាយ​ម្តង​មួយ​ជំហានៗ​។​

ជា​ការ​ចាប់ផ្តើម​ ក្រុមការងារ​បាន​សួរ​សំណួរ​សាមញ្ញ​មួយ​ ប៉ុន្តែ​សំខាន់​៖​ តើ​ទិន្នន័យ​ជា​អ្វី​?​ សិស្សានុសិស្ស​ត្រូវ​បាន​អញ្ជើញ​ឱ្យ​ចែករំលែក​ពាក្យ​ និង​គំនិត​ដែល​នឹកឃើញ​នៅ​ពេល​ពួក​គេ​ឮ​ពាក្យ​នេះ​។​ ចម្លើយ​របស់​ពួក​គេ​បាន​បំពេញ​ផ្ទាំង​ក្រដាស​យ៉ាង​ឆាប់រហ័ស​ជាមួយនឹង​ឧទាហរណ៍​ដូច​ជា​ លេខ​ ភាគរយ​ ទីកន្លែង​ រង្វាស់​ មុខរបរ​ និង​ព័ត៌មាន​អំពី​មនុស្ស​ សត្វ​ និង​សម្ភារៈ​។​ ដោយ​ប្រើ​ឧទាហរណ៍​របស់​សិស្ស​ផ្ទាល់​ ក្រុមការងារ​បាន​ពន្យល់​ថា​ ទិន្នន័យ​អាច​ត្រូវ​បាន​យល់​ថា​ជា​ព័ត៌មាន​ ឬ​ការ​ពិត​ណាមួយ​ដែល​អាច​ប្រមូល​ និង​ប្រើប្រាស់​ដើម្បី​រៀន​អ្វីមួយ​។​

បន្ទាប់​មក​ ការ​ពិភាក្សា​បាន​ផ្លាស់​ប្តូរ​ពី​និយម​ន័យ​របស់​ទិន្នន័យ​ទៅ​ជា​ឧទាហរណ៍​ប្រចាំ​ថ្ងៃ​ដែល​សិស្ស​អាច​យល់​បាន​យ៉ាង​ងាយស្រួល​។​ សិស្ស​ត្រូវ​កំណត់​អត្តសញ្ញាណ​ទិន្នន័យ​ដែល​មាន​ស្រាប់​នៅ​ក្នុង​បរិស្ថាន​ជុំវិញ​ខ្លួន​ ឧទាហរណ៍​ដូច​ជាដើម​ឈើ​ អគារ​សាលារៀន​ គ្រូបង្រៀន​ មន្ទីរពេទ្យ​ និង​សាលាឃុំ​។​ ឧទាហរណ៍​ទាំងនេះ​បាន​ជួយ​ឱ្យ​សិស្ស​មើលឃើញ​ថា ​ទិន្នន័យ​មិន​ត្រឹមតែ​មាន​នៅក្នុង​កុំព្យូទ័រ​ ឬ​ស្ថិតិ​ប៉ុណ្ណោះ​ទេ​ ប៉ុន្តែ​ទិន្នន័យ​មាននៅ​ជុំវិញ​ខ្លួន​​ក្នុង​ជីវិត​ប្រចាំ​ថ្ងៃ​។​ ដើម្បី​ធ្វើ​ឱ្យ​គំនិត​នេះ​កាន់តែ​ជាក់ស្តែង​ ក្រុមការងារបានប្រើកំប៉ុង​កូកាកូឡា​មួយជា​ឧទាហរណ៍​ ដើម្បី​បង្ហាញ​ពី​របៀប​ដែល​ស្លាក​ផលិតផល​ក៏​មាន​ទិន្នន័យ​ផង​ដែរ​ ដូច​ជា​កម្រិតជាតិ​ស្ករ​ និង​គ្រឿងផ្សំ​ដែល​មនុស្ស​អាច​ប្រើ​ព័ត៌មាន​ទាំងនេះ​ដើម្បី​ធ្វើការ​សម្រេចចិត្ត​។​

បន្ទាប់​ពី​កសាង​ការ​យល់​ដឹង​ជា​មូលដ្ឋាន​​ ក្រុមការងារ​អូ​ឌី​ស៊ី​បាន​ណែនាំ​ដោយ​សង្ខេប​អំពី​គោល​គំនិត​នៃ​ទិន្នន័យ​បើក​ទូលាយ​ និង​ពន្យល់​ពី​មូលហេតុ​ដែល​ព័ត៌មាន​មាន​សារៈសំខាន់​សម្រាប់​សហគមន៍​។​ ការ​សន្ទនា​នេះ​ផ្តោត​លើ​ ថា​តើ​ការ​ដឹង​ពី​កន្លែង​ផ្តល់​សេវាកម្ម​ ធនធាន​ត្រូវ​បាន​ចែកចាយ​ ឬអ្វី​ដែល​មាននៅ​ក្នុង​សហគមន៍​អាច​ជួយ​មនុស្ស​ធ្វើការ​សម្រេច​ចិត្តបាន​កាន់តែ​ប្រសើរ​ និង​ទទួល​បាន​អ្វី​ដែល​ពួក​គេ​ត្រូវការ​កាន់តែ​ងាយស្រួល​។​

បន្ទាប់​មក​ទៀត​ សិក្ខាសាលា​បាន​ផ្លាស់​ប្តូរ​ទៅ​ជា​សកម្មភាព​ជាក់ស្តែង​ ដោយ​នាំ​យកគំនិត​នេះ​មក​ជីវិត​ប្រចាំ​ថ្ងៃ​។​ សិស្សានុសិស្ស​​បែងចែក​ជា​ប្រាំបី​ក្រុម​ ហើយ​បាន​ចាត់តាំង​ឱ្យ​ប្រមូល​ទិន្នន័យ​ប្រភេទ​ផ្សេងៗ​គ្នា​នៅ​ជុំវិញ​សាលារៀន​។​ ក្រុម​នីមួយៗ​បាន​ធ្វើការ​លើ​ប្រធានបទ​ជាក់លាក់​មួយ​ រួម​មាន​ដើមឈើ​ អគារសិក្សា​ បណ្ណាល័យ​ ចម្ការ​បន្លែ​ បង្គន់​ ម៉ូតូ​ និង​សំណល់​នៅ​ជុំវិញ​បរិវេណ​សាលា​។​ មុន​ពេល​ចេញ​ទៅ​ប្រមូល​ព័ត៌មាន​ អ្នកសម្របសម្រួល​បាន​លើកទឹកចិត្ត​សិស្ស​ មិន​ត្រឹមតែ​ឱ្យ​រាប់​អ្វី​ដែល​ពួក​គេ​បានឃើញ​ប៉ុណ្ណោះ​ទេ​ ប៉ុន្តែ​ថែម​ទាំង​ឱ្យ​សង្កេត​មើល​ព័ត៌មាន​លម្អិត​ផង​ដែរ​។​ ឧទាហរណ៍​ ក្រុម​ដែល​ធ្វើការ​លើ​ប្រធានបទ​ដើមឈើ​ត្រូវ​បាន​ស្នើ​សុំ​ឱ្យ​កំណត់​អត្តសញ្ញាណ​ប្រភេទ​ផ្សេងៗ​គ្នា​ កត់សម្គាល់​ស្ថានភាព​របស់​វា​ និង​ពិពណ៌នា​អំពី​អត្ថប្រយោជន៍​ដែល​វា​ផ្តល់​ឱ្យ។​

សកម្មភាព​នេះ​បាន​ប្រែក្លាយ​ទីធ្លា​សាលារៀន​ទៅ​ជា​កន្លែង​សិក្សា​សកម្ម​យ៉ាង​ឆាប់រហ័ស​ ដោយ​ក្រុម​នីមួយៗ​ពិភាក្សា​អំពី​របៀប​កត់ត្រា​ការ​រក​ឃើញ​របស់​ពួក​គេ​ និង​សម្រេចចិត្ត​ថា​តើ​ព័ត៌មាន​លម្អិត​អ្វីខ្លះ​ដែល​សំខាន់​។​ នៅ​ពេល​ដែល​សិស្ស​ត្រឡប់​មក​វិញ​ ក្រុម​នីមួយៗ​បាន​បង្ហាញ​ការ​រក​ឃើញ​របស់​ខ្លួន​ដោយ​ប្រើ​ទម្រង់​ផ្សេងៗ​គ្នា​។​ ក្រុម​ខ្លះ​បាន​រៀបចំ​ព័ត៌មាន​របស់​ពួក​គេ​ទៅ​ជាតា​រាង​ ខណៈ​ពេល​ដែល​ក្រុម​ផ្សេង​ទៀត​បាន​ប្រើ​កំណត់ចំណាំ​ពិពណ៌នា​ ចំណុច​សំខាន់ៗ​ និង​ភាគរយ​។​ ក្រុម​ជា​ច្រើន​បាន​បន្ត​ទៅ​មុខ​ទៀត​ដោយ​បំបែក​ទិន្នន័យ​របស់​ពួក​គេ​ទៅ​ជា​ប្រភេទ​ ដែល​បង្ហាញ​ពី​ការ​យល់​ដឹង​ថ្មីៗ​អំពី​របៀប​ដែល​ព័ត៌មាន​អាច​ត្រូវ​បាន​រៀបចំ​ជា​រចនាសម្ព័ន្ធ​ និង​បកស្រាយ​។​

បទ​បង្ហាញ​ក៏​បាន​រំលេច​ពី​ភាព​ច្នៃប្រឌិត​របស់​សិស្សានុសិស្ស​ក្នុង​ការ​ប្រែក្លាយ​ការ​សង្កេត​សាមញ្ញៗ​ ទៅ​ជា​ព័ត៌មាន​ដ៏​មាន​អត្ថន័យ​។​ ក្នុងអំឡុងពេល​វគ្គ​ឆ្លុះ​បញ្ចាំង​បន្ទាប់​ អ្នកសម្របសម្រួល​បាន​បញ្ជាក់​ពី​របៀប​ដែល​សិស្ស​បាន​អនុវត្ត​វិធីសាស្ត្រ​ប្រមូល​ទិន្នន័យ​ជា​មូលដ្ឋាន​ដោយ​មិន​ត្រូវការ​ឧបករណ៍​ស្មុគស្មាញ​។​ ការ​ពិភាក្សា​អនុញ្ញាត​ឱ្យ​សិស្ស​គិត​អំពី​របៀប​ដែល​សូ​ម្បី​តែ​ការ​សង្កេត​យ៉ាង​សាមញ្ញ​ក្នុង​មូលដ្ឋាន ​ក៏​អាច​ក្លាយជា​ទិន្នន័យ​ដែល​មាន​ប្រយោជន៍​ នៅ​ពេល​ដែល​បាន​ប្រមូល​ដោយ​ប្រុង​ប្រយ័ត្ន​។​
​មុន​បញ្ចប់​កម្មវិធី​ សិស្សានុសិស្ស​ត្រូវ​បាន​អញ្ជើញ​ឱ្យ​ឆ្លុះ​បញ្ចាំង​ពី​សារៈសំខាន់​នៃ​សុវត្ថិភាព​តាម​អ៊ីនធឺណិត​សម្រាប់​កុមារ​ ជា​ពិសេស​អំពី​របៀប​ដែល​យុវជន​អាច​ការពារ​ព័ត៌មាន​ផ្ទាល់ខ្លួន​ សម្គាល់​ហានិភ័យ​ដែល​អាច​កើត​មាននៅ​លើ​វេទិកា​ឌី​ជី​ថ​ល​ និង​អនុវត្ត​អាកប្បកិរិយា​ទទួលខុសត្រូវ​នៅ​ពេល​ប្រើប្រាស់​អ៊ីនធឺណិត​។​

កម្មវិធី​នេះ​ បាន​បញ្ចប់​ដោយ​ការ​ឆ្លុះ​បញ្ចាំង​អំពី​មូលហេតុ​ដែល​ទិន្នន័យ​មាន​សារៈសំខាន់​នៅ​ក្នុង​ពិភព​ឌី​ជី​ថលស​ព្វ​ថ្ងៃនេះ​។​ សិស្សានុសិស្ស​ត្រូវ​បាន​លើកទឹកចិត្ត​ឱ្យ​មើល​ទិន្នន័យ​ មិន​ត្រឹមតែ​ជា​ចំណេះដឹង​ក្នុង​ថ្នាក់រៀន​ប៉ុណ្ណោះ​ទេ​ ប៉ុន្តែ​ថែម​ទាំង​ជា​ជំនាញ​ដ៏​មាន​សារៈ​ប្រយោជន៍​សម្រាប់​ការ​យល់​ដឹង​អំពី​សហគមន៍​ ការ​ដោះស្រាយ​បញ្ហា​ និង​ការ​ត្រៀមខ្លួន​សម្រាប់​ឱកាស​នា​ពេល​អនាគត​នៅ​ក្នុង​សង្គម​ឌី​ជី​ថ​ល​ដែល​កាន់តែ​រីក​ចម្រើន​។​

កម្មវិធី​នេះ​ទទួល​បានការ​គាំទ្រ​ពី​ មូលនិធិ​ហេ​ន​រេច​បូល​ ជំនួយ​របស់​ប្រជាពលរដ្ឋ​ន័​រវេ​ស​ និង​ មូលនិធិ​ APNIC​ ។​