Ideathon៖​ ផ្សារ​ភ្ជាប់​អ្នកជំនាញ​ខាង​បញ្ញា​សិប្បនិម្មិត​ (AI)​ និង​នវានុវត្តន៍

ពួក​យើង​បានឃើញ​ការ​ប្រកាស​ពី​ការ​ប្រកួតប្រជែង​បញ្ញា​សិប្បនិម្មិត​ (AI)​ សម្រាប់​បរិ​យា​បន្ន​យេ​ន​ឌ័​រ​ ដោយ​អង្គការ​ទិន្នន័យ​អំពី​ការ​អភិវឌ្ឍ​ (​អូ​ឌី​ស៊ី​)​ និង​ទីភ្នាក់ងារ​សហប្រតិបត្តិការ​អា​ល្លឺ​ម៉​ង់​ (GIZ)​ ត្រឹមតែ​ពីរ​ថ្ងៃមុន​ថ្ងៃ​ផុតកំណត់​។​ ខ្ញុំ​មិន​ប្រាកដ​ថា​យើង​អាច​ដាក់​ពាក្យ​ទាន់​ពេលវេលា​ដែរ​ឬទេ​ ប៉ុន្តែ​បន្ទាប់​មក​ពួក​យើង​បាន​សម្រេចចិត្ត​សាកល្បង​ ព្រោះ​យើង​គ្មាន​អ្វី​ត្រូវ​ខាតបង់​នោះ​ទេ​។​ ដូច្នេះ​ យើង​បាន​ប្រញាប់ប្រញាល់​បំពេញ​ពាក្យ​ស្នើ​សុំ​និង​ធ្វើការ​ដាក់​ពាក្យ​។​ ពួក​យើង​ភ្ញាក់ផ្អើល​ខ្លាំង​ណាស់​ នៅ​ពេល​ដែល​ក្រុម​យើង​បាន​ជាប់​ក្នុង​វគ្គ​ជម្រុះ​។​ គ្រានោះ​ យើង​រវល់​ខ្លាំង​ណាស់​ជាមួយ​ការងារ​សាលា​។​ ការ​សិក្សា​ក្នុង​ថ្នាក់រៀន​ កិច្ចការ​ផ្ទះ​ ការ​ប្រឡង​ អ្វីៗ​គ្រប់យ៉ាង​កំពុង​កើតឡើង​ក្នុង​ពេល​តែ​មួយ​។​ ប៉ុន្តែ​ទោះបីជា​មាន​សម្ពាធ​ទាំង​អស់នោះ​ក៏​ដោយ​ ពួក​យើង​បាន​សម្រេចចិត្ត​បន្ត​ទៅ​មុខ​ទៀត​ ព្រោះ​ពួក​យើង​ជឿ​ថា​Refair​មាន​ទំហំ​ធំ​ជាង​គម្រោង​ធម្មតា​ ហើយ​វា​ជា​គម្រោង​មួយ​ដ៏​មាន​អត្ថន័យ​សម្រាប់​ពួក​យើង​។​

​នៅ​ថ្ងៃ​ដំបូង​នៃ​ព្រឹត្តិការណ៍​នេះ​ ពួក​យើង​បាន​ជួប​លោក​ Dixon​ ដែល​ជា​អ្នក​ណែនាំ​របស់​ពួក​យើង​។​ គាត់​បាន​ផ្តល់​ឱ្យ​ពួក​យើង​នូវ​ទស្សនៈ​ចម្រុះ​ជា​ច្រើន​ទាក់ទង​ទៅ​នឹង​គម្រោង​របស់​យើង​ និង​របៀប​កែ​លម្អ​វា​។​ ជា​សំណាងល្អ​សម្រាប់​ពួក​យើង​ គាត់​មានបទពិសោធន៍​យ៉ាង​ទូលំទូលាយ​ក្នុង​ការ​គ្រប់គ្រងបញ្ញា​សិប្បនិម្មិត​ (​AI) ​ហើយ​ថែម​ទាំង​បាន​ផ្តល់​បាឋកថា​អំពី​បញ្ញា​សិប្បនិម្មិត​ (AI)​ នៅ​ក្នុង​រដ្ឋាភិបាល​ និងបញ្ញា​សិប្បនិម្មិត​​ (AI) ​សម្រាប់​បរិ​យា​បន្ន​យេ​ន​ឌ័​រ​ក្នុងអំឡុងពេល​សន្និសីទ​នោះ​ផង​ដែរ​។​ គាត់​ពិតជា​អ្នក​ណែនាំ​ដ៏​ល្អ​ឥត​ខ្ចោះ​សម្រាប់​ Refair​ ព្រោះ​គម្រោង​របស់​ពួក​យើង​ស្ថិត​នៅ​ចំណុចប្រសព្វ​នៃ​គោលនយោបាយ​ AI​ និង​យុត្តិធម៌​។​

ដើម្បី​រៀបចំ​សម្រាប់​ការ​ធ្វើ​បទ​បង្ហាញ​ ខ្ញុំ​និង​មិត្ត​រួម​ក្រុម​បាន​ចំណាយពេល​ជា​ច្រើន​ជា​ពិសេស​នៅ​ពេល​យប់​ដើម្បី​ប្រជុំ​ពិភាក្សា​គ្នា​ ទោះបី​ពួក​យើង​គេង​បាន​តិច​ក៏​ដោយ​ដើម្បី​កែ​លម្អ​គំនិត​ និង​ក្រប​ខណ្ឌ​គម្រោង​របស់​ពួក​យើង​។​ មាន​ពេល​ខ្លះ​យើង​ចង់​បោះបង់​ចោល​ ប៉ុន្តែ​ពួក​យើង​នៅ​តែ​បន្ត​ធ្វើ​ ហើយ​បាន​រំលឹក​ខ្លួនឯង​ជា​និច្ច​ថា​ ពួក​យើង​កំពុង​ធ្វើ​អ្វីមួយ​ដែល​អាច​ធ្វើ​ឱ្យ​មាន​ផល​ជះ​ដល់​សង្គម​។​ នៅ​ពេល​ដែល​ថ្ងៃ​ធ្វើ​បទ​បង្ហាញ​ឈាន​ចូល​មក​ដល់​ ពួក​យើង​មាន​អារម្មណ៍​ភ័យ​ខ្លាំង​ណាស់​។​ ខ្ញុំ​នៅ​តែ​ចាំ​ថា​ យើង​បាន​ទៅ​ទីតាំង​ធ្វើ​បទ​បង្ហាញ​មុន​ពេល​កំណត់​ដើម្បី​ហាត់​សម​ និង​ទន្ទេញ​ចាំ​ស្គ្រី​ប​របស់​យើង​។​ ខ្ញុំ​មាន​អារម្មណ៍​តានតឹង​ខ្លាំង​ណាស់​រហូត​ដល់​ខ្ញុំ​ចេញ​ទៅ​ខាងក្រៅ​នៅ​មាត់ទន្លេ​ ដោយ​និយាយ​ឡើង​វិញ​នូវ​ប្រយោគ​របស់ខ្ញុំ​ដោយ​ស្ងាត់ៗ​។​ នៅ​ពេល​ដល់​វេន​ក្រុម​របស់​ពួក​យើង​ ពួក​យើង​មិន​ទាន់​ត្រៀមខ្លួន​រួចរាល់​នៅឡើយ​ទេ​។​ ភ្លាមៗ​នោះ​ អារម្មណ៍​ភ័យ​របស់​យើង​កាន់តែ​ខ្លាំង​ឡើងៗ​ ប៉ុន្តែ​យើង​បាន​ដើរ​ឡើង​លើ​ឆាក​ដោយ​មាន​ទំនុកចិត្ត​។​ បន្ទាប់​ពី​បញ្ចប់​ការ​ធ្វើ​បទ​បង្ហាញ​ ពួក​យើង​រំពឹង​ថា​នឹង​មាន​សំណួរ​ជា​ច្រើន​ ពីព្រោះ​អ្នក​ផ្ដល់​ពិន្ទុ​បាន​សួរ​ក្រុម​មុនៗ​ច្រើន​ណាស់​។​ នៅ​ទី​បញ្ចប់​ ពួក​យើង​ទទួល​បាន​សំណួរ​តែ​មួយ​ប៉ុណ្ណោះ​។​ ពួក​យើង​មានការ​ភ្ញាក់ផ្អើល​ ហើយ​និយាយ​ឱ្យ​ត្រង់​ទៅ​ យើង​មានការ​ព្រួយបារម្ភ​។​ នៅ​ពេល​ដែល​អ្នក​ផ្ដល់​ពិន្ទុ​មិន​សួរ​សំណួរ​ច្រើន​ មាន​លទ្ធភាព​តែ​ពីរ​ប៉ុណ្ណោះ​៖​ អ្នក​ធ្វើ​បទ​បង្ហាញ​យ៉ាង​ក្បោះក្បាយ​រហូត​ដល់​គ្មាន​អ្វី​ត្រូវ​សួរ​ ឬ​អ្នក​ធ្វើ​ បទ​បង្ហាញ​មិន​បាន​ធ្វើ​ ល្អ​គ្រប់គ្រាន់​ដើម្បី​ទាក់ទាញ​ចំណាប់អារម្មណ៍​របស់​អ្នក​សួរ​។​ យ៉ាងណា​ក៏​ដោយ​ ពួក​យើង​នៅ​តែ​ជឿជាក់​។​ ពួក​យើង​បាន​ខិតខំ​អស់ពី​សមត្ថភាព​ហើយ​។​ នៅ​ពេល​នោះ​ អ្វី​ដែល​ពួក​យើង​អាច​ធ្វើ​បាន​គឺ​គ្រាន់តែ​សង្ឃឹម​សម្រាប់​អ្វី​ដែល​ល្អ​បំផុត​។​ ខ្ញុំ​ចាំ​បាន​ថា​ ខ្ញុំ​ និង​ ឡៃ​ម៉េ​ង​ កំពុង​រៀន​តាម​អ៊ីនធឺណិត​ក្នុងអំឡុងពេល​នោះ​ ហើយ​មុ​យ​លាង​កំពុង​តានតឹង​ខ្លាំង​ចំពោះ​កិច្ចការបញ្ញា​សិប្បនិម្មិត​ (​AI)​ ​នៅ​សាលា​។​ នៅ​ពេល​ដែល​ការ​ប្រកាស​លទ្ធផល​ ពួក​យើង​មិន​ហ៊ាន​សូ​ម្បី​តែ​មើល​មុខ​គ្នា​។​ យើង​ទាំង​បី​នាក់​គ្រាន់តែ​នៅ​ស្ងៀម​ហើយ​អធិដ្ឋាន​។​ បន្ទាប់​មក​យើង​បានឮ​ពាក្យ​ថា​ «Refair»។​ អស់​រយៈពេល​ពីរ​បី​វិនាទី​ ខ្ញុំ​នៅ​ស្ងៀម​។​ បន្ទាប់​មក​ខ្ញុំ​ក៏​លោត​ឡើង​ ហើយ​និយាយ​ថា​ «​យើង​ធ្វើ​វា​បាន​ហើយ​។​ យើង​នឹង​ទៅ​ប្រទេស​សិង្ហ​បុរី​»។​

​មុន​ពេល​ធ្វើ​ដំណើរ​ទស្សនកិច្ច​សិក្សា​ទៅ​កាន់​ប្រទេស​សិង្ហ​បុរី​ ខ្ញុំ​រំពឹង​ថា​នឹង​បាន​សិក្សា​បន្ថែម​អំពី​របៀប​ដែល​ប្រទេស​សិង្ហ​បុរី​ធ្វើ​សមាហរណកម្ម​លើបញ្ញា​សិប្បនិម្មិត​​ (AI)​ គោលនយោបាយ​ និង​នវានុវត្តន៍​។​ ខ្ញុំ​ចង់​ឃើញ​ពី​របៀប​ដែល​ក្រុមហ៊ុន​ និង​អង្គការ​ពិតប្រាកដ​ធ្វើ​ឱ្យ​មាន​តុល្យភាព​បច្ចេកវិទ្យា​ជាមួយនឹង​អភិបាលកិច្ច​ប្រកបដោយ​បរិ​យា​បន្ន​។​ ខ្ញុំ​ក៏​សង្ឃឹមថានឹង​សាកល្បង​ថា​តើ​ Refair ​អាច​ឈរ​នៅ​ក្នុង​ការ​សន្ទនា​ក្រៅពី​ប្រទេស​កម្ពុជា​នៅ​ក្នុង​បរិយាកាស​បច្ចេកវិទ្យា​ដែល​មានការ​អភិវឌ្ឍ​ និង​មាន​រចនាសម្ព័ន្ធ​កាន់តែ​ច្រើន​ដែរ​ឬទេ​។​ ក្នុងអំឡុងពេល​ទស្សនកិច្ច​សិក្សា​នៅ​ប្រទេស​សិង្ហ​បុរី​ ពួក​យើង​មានឱកាស​រៀន​និង​បង្ហាញ​ Refair​​ ដល់​ក្រុមហ៊ុន​ និង​អង្គការ​ដែល​មានកេរ្តិ៍ឈ្មោះ​ល្អៗ​ជា​ច្រើន​។​ អង្គការ​នីមួយៗ​ផ្តោត​លើ​ផ្នែក​ផ្សេងៗ​គ្នា​ ដែល​ផ្តល់​ឱ្យ​ពួក​យើង​នូវ​ទស្សនៈ​ និង​មតិ​កែ​លម្អ​ផ្សេងៗ​គ្នា​លើ​គម្រោង​របស់​ពួក​យើង​។​ ខ្ញុំ​ទទួល​បាន​ចំណេះដឹង​ជា​ច្រើន​ជា​ពិសេស​អំពី​របៀប​ដែល​ ICANN​ ប្រើប្រាស់​អ្នក​ពាក់ព័ន្ធ​ច្រើន​ក្នុង​ការ​បង្កើត​គោលនយោបាយ​ សារៈសំខាន់​នៃ​ភាព​ច្នៃប្រឌិត​ក្នុង​ការ​និទានរឿង​ពី​ Kontinentalist​ និង​របៀប​ដែល​ច្បាប់​ធ្វើ​អន្តរាគមន៍​ជាមួយ​បញ្ញា​សិប្បនិម្មិត​ (AI)​ ដើម្បី​ធានា​បាន​នូវ​ការ​ប្រើប្រាស់​ប្រកបដោយ​ការ​ទទួលខុសត្រូវ​នៃ​ការ​រីក​ចម្រើន​នៃ​បញ្ញា​សិប្បនិម្មិត​ (AI)​​ ពី​ KAS​ និង​AI​សិង្ហ​បុរី​។​

​ក្រោយមក​ ពួក​យើង​ត្រូវ​បាន​អញ្ជើញ​ឱ្យធ្វើ​បទ​បង្ហាញ​អំពី ​Refair​ ដល់​បុគ្គលិកក្រុម​ហ៊ុន​​ Fujitsu​។​ យើង​មានឱកាស​ចែករំលែក​និយាម​វាស់វែង​យុត្តិធម៌បញ្ញា​សិប្បនិម្មិត​ (​AI)​​ របស់​យើង​ របៀប​ដែល​បរិបទ​គោលនយោបាយ​ខុស​គ្នា​នៅ​ទូ​ទាំង​ប្រទេស​ និង​របៀប​ដែល​Refair​អាច​ជួយ​អង្គការ​នានា​កាត់​បន្ថយ​ហានិភ័យ​នៃ​ភាព​លំអៀង​មុន​ពេល​ដាក់​ពង្រាយ​។​ បន្ទាប់​ពី​ត្រឡប់​មក​វិញ​ ពួក​យើង​មិន​បាន​ឈប់​ត្រឹមនេះ​ទេ​។​ យើង​បាន​កែ​លម្អ​​ Refair ​បន្ថែម​ទៀត​ ជា​ពិសេស​លើ​ក្រប​ខណ្ឌ​គោលនយោបាយ​ ហើយ​បាន​ចាប់ផ្តើម​បញ្ចូល​រង្វាស់​ដែល​អាច​វាស់វែង​បាន​កាន់តែ​ច្រើន​ដើម្បី​ឱ្យ​ស្រប​តាម​ស្តង់ដារ​សីលធម៌បញ្ញា​សិប្បនិម្មិត​ (​AI)​ អន្តរជាតិ​ ខណៈ​ពេល​ដែល​ក៏​ធ្វើ​អោយ​ប្រសើរ​ឡើង​នូវ​ប្រព័ន្ធ​ថ្លឹងថ្លែង​របស់​យើង​ដើម្បី​គាំទ្រ​ដល់​ការ​វាយតម្លៃ​ការ​រៀន​ម៉ាស៊ីន​បាន​កាន់តែ​ប្រសើរ​។​

សរុប​មក​ Refair​ កំពុង​តែ​រីក​ចម្រើន​ ហើយ​ជំហាន​បន្ទាប់​របស់​យើង​គឺ​ធ្វើ​ឱ្យ​វា​កាន់តែ​អាច​ពង្រីក​ខ្លួន​បាន​ និង​អាច​អនុវត្ត​ជាក់ស្តែង​សម្រាប់​អង្គការ​នានា​។​ យើង​ចង់​នាំ​យកគំនិត​នេះ​មក​ក្នុង​ជីវិត​ពិត​ដើម្បី​ចូលរួម​ចំណែក​បន្ថែម​ទៀត​ដល់​ក្រមសីលធម៌​បញ្ញា​សិប្បនិម្មិត​ (AI​) និង​ប​រិ​យា​បន្ន​បញ្ញា​សិប្បនិម្មិត​ (​AI)​។​ ដំណើរ​នេះ​មិន​ងាយស្រួល​នោះ​ទេ​។​ និយាយ​ឱ្យ​ត្រង់​ទៅ​ វា​ពិតជា​ពិបាក​ណាស់​។​ វា​ពាក់ព័ន្ធ​នឹង​ភាព​តានតឹង​ ការ​សង្ស័យ​ ការ​អស់កម្លាំង​ និង​ភាព​មិន​ប្រាកដប្រជា​។​ ជា​សំណាងល្អ​ នៅ​ទី​បញ្ចប់​ អ្វីៗ​ទាំងអស់​ដំណើរការ​ទៅ​ដោយ​រលូន​ ហើយ​ពួក​យើង​ពេញចិត្ត​នឹង​អ្វី​ដែល​ពួក​យើង​កំពុង​បង្កើត​ឡើង​។​ វា​ក៏​ជា​លើក​ដំបូង​ដែល​ខ្ញុំ​បាន​រក​ឃើញ​អត្ថន័យ​នៅ​ក្នុង​អ្វី​ដែល​ខ្ញុំ​បាន​ធ្វើ​ និង​មូលហេតុ​ដែល​ខ្ញុំ​ចូល​ទៅ​ក្នុង​បច្ចេកវិទ្យា​តាំងពី​ដំបូង​។

ជា​ចុង​ក្រោយ​ ខ្ញុំ​សូម​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​អង្គការ​ទិន្នន័យ​អំពី​ការ​អភិវឌ្ឍ​ (​អូ​ឌី​ស៊ី​)​ ទីភ្នាក់ងារ​សហប្រតិបត្តិការ​អា​ល្លឺ​ម៉​ង់​ (GIZ)​ និង​ដៃគូ​ពាក់ព័ន្ធ​ទាំងអស់​ ដែល​បាន​រៀបចំ​កម្ម​វិធី​​ បញ្ញា​សិប្បនិម្មិត​ (​AI)​ សម្រាប់​បរិ​យា​បន្ន​យេ​ន​ឌ័​រ​ និង​បាន​ផ្តល់​ឱកាស​ឱ្យ​ពួក​យើង​ចូលរួម​ក្នុង​ដំណើរ​ទស្សនកិច្ច​សិក្សា​ទៅ​កាន់​ប្រទេស​សិង្ហ​បុរី​។​ បទ​ពិសោធន៍​នេះ​បាន​បង្កើត​ទស្សនៈ​ថ្មីៗ​សម្រាប់​ខ្ញុំ​ និង​ផ្តល់​នូវ​ការ​យល់​ដឹង​ថ្មីៗ​ទាក់ទង​នឹង​បញ្ញា​សិប្បនិម្មិត​ និង​ការ​ធ្វើ​គោលនយោបាយ​ដើម្បី​ជំរុញ​ ReFair​ ឱ្យ​កាន់តែ​ប្រសើរ​ឡើង​។​

ខ្ញុំ​ឈ្មោះ​ ចាន់​ បញ្ញា​ សព្វថ្ងៃ​ខ្ញុំ​ជា​និស្សិត​ឆ្នាំ​ទី​៣​ជំនាញ​បច្ចេកវិទ្យា​ព័ត៌មាន​ និង​សារ​គមនាគមន៍​ នៅ​សាកលវិទ្យាល័យ​អា​មេ​រិ​កាំ​ង​ភ្នំពេញ (AUPP)​ និង​ជំនាញ​វិទ្យាសាស្ត្រ​ទិន្នន័យ​ និង​វិភាគ​នៅ​វិទ្យាស្ថាន​ ថា​ក់​ គ្លូ​ប៊​ល​។​ ខ្ញុំ​ជា​មនុស្ស​ចង់​ដឹង​ចង់​ឃើញ​ខ្លាំង​ណាស់​ ហើយ​ខ្ញុំ​ចូល​ចិត្ត​ចូលរួម​ព្រឹត្តិការណ៍​បច្ចេកវិទ្យា​ កម្មវិធី​សិក្ខាសាលា​ និង​ការ​ប្រកួតប្រជែង​នានា​។​