ការជំរុញទិន្នន័យបើកទូលាយក្នុងតំបន់មេគង្គ៖ ការឆ្លុះបញ្ចាំងពីកិច្ចសន្ទនាថ្នាក់តំបន់ឆ្នាំ២០២៥
នៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៥ អង្គការទិន្នន័យអំពីការអភិវឌ្ឍ (អូឌីស៊ី) បានសហការ អង្គការគណៈកម្មាធិការសហប្រតិបត្តិការដើម្បីកម្ពុជា (គ.ស.ក) ដែលបានការគាំទ្រថវិកាពីមជ្ឈមណ្ឌលស្រាវជ្រាវអភិវឌ្ឍន៍អន្តរជាតិ (IDRC) របស់ប្រទេសកាណាដា និងម្ចាស់ជំនួយផ្សេងទៀត បានរៀបចំសិក្ខាសាលាមួយថ្ងៃពេញប្រកបជោគជ័យ ក្រោមប្រធានបទ «កិច្ចសន្ទនាថ្នាក់តំបន់ ស្ដីពីទិន្នន័យបើកទូលាយនៅក្នុងតំបន់មេគង្គ៖ បញ្ហាប្រឈម និងឱកាស» ។ កម្មវិធីនេះបានប្រមូលផ្តុំអង្គការសង្គមស៊ីវិល អ្នកស្រាវជ្រាវ ដៃគូអភិវឌ្ឍន៍ និងអ្នកជំនាញក្នុងតំបន់ ដើម្បីផ្លាស់ប្តូរបទពិសោធន៍ ដោះស្រាយបញ្ហាប្រឈមដែលនៅតែកើតមាន និងកំណត់ឱកាសថ្មីៗ ដើម្បីពង្រឹងទិន្នន័យបើកទូលាយនៅទូទាំងតំបន់មេគង្គ។

ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ តំបន់មេគង្គមានកំណើនគួរឱ្យកត់សម្គាល់នៅក្នុងគំនិតផ្តួចផ្តើមទិន្នន័យបើកទូលាយ ដែលឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តកាន់តែខ្លាំងឡើងពីរដ្ឋាភិបាល និងសង្គមស៊ីវិល ដើម្បីលើកកម្ពស់តម្លាភាព គណនេយ្យភាព និងការចូលរួមរបស់ប្រជាពលរដ្ឋ។ បន្ថែមពីនេះ រដ្ឋាភិបាលកំពុងដាក់ចេញនូវគោលនយោបាយ និងកម្មវិធីនានា ដើម្បីកែលម្អការផ្តល់សេវាសាធារណៈ គាំទ្រដល់ការសម្រេចចិត្តផ្អែកលើភស្តុតាង និងជំរុញការអភិវឌ្ឍប្រកបដោយចីរភាព។
ទោះបីជាមានវឌ្ឍនភាពនេះក៏ដោយ ការពិគ្រោះយោបល់ដ៏មានអត្ថន័យជាមួយអង្គការសង្គមស៊ីវិលក្នុងអំឡុងពេលនៃការអភិវឌ្ឍគោលនយោបាយនៅមានកម្រិតនៅឡើយ។ ទន្ទឹមនឹងនេះ អង្គការសង្គមស៊ីវិល អ្នកស្រាវជ្រាវ និងតួអង្គអភិវឌ្ឍន៍ កំពុងប្រើប្រាស់ទិន្នន័យបើកទូលាយកាន់តែខ្លាំងឡើង ដើម្បីពង្រឹងការតស៊ូមតិ ធ្វើឱ្យប្រសិទ្ធភាពកម្មវិធីកាន់ប្រសើរឡើង និងជំរុញការចូលរួមរបស់សហគមន៍ឱ្យកាន់តែស៊ីជម្រៅ។ បញ្ហាប្រឈមជាបន្តបន្ទាប់នៅតែមាន ជាពិសេសនៅក្នុងលទ្ធភាពទទួលបានទិន្នន័យដែលមានគុណភាពនិងស្តង់ដារ និងសមត្ថភាពបច្ចេកទេសក្នុងការប្រើប្រាស់ទិន្នន័យ។ បញ្ហាប្រឈមទាំងនេះក៏ត្រូវបានផ្សារភ្ជាប់យ៉ាងជិតស្និទ្ធទៅនឹងបរិយាប័ន្នផងដែរ។ ការស្រាវជ្រាវពីស្ត្រីក្នុងតំបន់មេគង្គក្នុងគំនិតផ្តួចផ្តើមទិន្នន័យ បានគូសបញ្ជាក់ថា ស្ត្រីនៅទូទាំងប្រទេសកម្ពុជា ឡាវ មីយ៉ាន់ម៉ា និងវៀតណាម ប្រឈមមុខនឹងឧបសគ្គជាប្រព័ន្ធនៅក្នុងការទទួលបានទិន្នន័យបើកទូលាយ រួមទាំងការគាំទ្រពីស្ថាប័នមានកម្រិត បទដ្ឋានយេនឌ័រដែលជាប់គាំង និងកង្វះភាពជាអ្នកដឹកនាំប្រកបដោយបរិយាបន្ននៅក្នុងប្រព័ន្ធអេកូឡូស៊ីទិន្នន័យ។ ការដោះស្រាយឧបសគ្គរចនាសម្ព័ន្ធ សង្គម និងបច្ចេកទេសទាំងនេះ គឺចាំបាច់ក្នុងឆ្ពោះទៅរកសក្តានុពលពេញលេញនៃទិន្នន័យបើកទូលាយនៅក្នុងតំបន់ និងធានាថាវាផ្តល់អត្ថប្រយោជន៍ដល់ក្រុមទាំងអស់នៅក្នុងសង្គម។
កម្មវិធីនេះបានប្រមូលផ្តុំអ្នកចូលរួមចំនួន៩២នាក់ ក្នុងនោះមានអ្នកចូលរួមជាស្ត្រីចំនួន៣៧នាក់ដែលអ្នកចូលរួម ជាតំណាងមកពីអង្គការសង្គមស៊ីវិល អង្គការមិនមែនរដ្ឋាភិបាលអន្តរជាតិ និងសាកលវិទ្យាល័យនានា ដែលធ្វើដំណើរមកពីរាជធានីភ្នំពេញ និងបណ្តាខេត្តមួយចំនួន រួមមាន ខេត្តសៀមរាប កំពង់ឆ្នាំង ស្វាយរៀង បាត់ដំបង ឧត្តរមានជ័យ កោះកុង និង ព្រះវិហារ។ ការចូលរួមដ៏សម្បូរបែបនេះបានបង្ហាញពីការកើនឡើងនៃចំណាប់អារម្មណ៍ លើទិន្នន័យបើកទូលាយនៅកម្រិតជាតិ និងកម្មវិធីអន្តរវិស័យរបស់ខ្លួន។

វាគ្មិនមកពីប្រទេសកម្ពុជា ថៃ វៀតណាម និងតៃវ៉ាន់ ទាំងនៅនឹងកន្លែងផ្ទាល់ និងតាមអនឡាញ បានចែករំលែកការយល់ដឹងអំពីគោលនយោបាយ និងការអនុវត្តទិន្នន័យបើកទូលាយនៅទូទាំងតំបន់ ដោយផ្តោតជាពិសេសលើបញ្ហាប្រឈមនៃការអនុវត្តគោលនយោបាយទិន្នន័យបើកទូលាយនៅក្នុងប្រទេសក្នុងតំបន់មេគង្គ។ កិច្ចពិភាក្សានេះក៏បានស្វែងយល់ពីឱកាសដែលកំពុងកើតមាន និងទិសដៅនាពេលអនាគតសម្រាប់ការពង្រឹងប្រព័ន្ធអេកូឡូស៊ីទិន្នន័យបើកទូលាយ។
ចំណុចលេចធ្លោមួយនៃកិច្ចសន្ទនា គឺការពិភាក្សាជាក្រុមដាច់ដោយឡែក។ អ្នកចូលរួមត្រូវបានបែងចែកជាបីក្រុម ដើម្បីស្វែងយល់ពីបញ្ហាទាក់ទងនឹងការអនុវត្ត គណនេយ្យភាព និងនិរន្តរភាពរយៈពេលវែងនៃគំនិតផ្តួចផ្តើមទិន្នន័យបើកទូលាយ។ ការពិភាក្សាទាំងនេះមានគោលបំណងពង្រឹងការរួមចំណែករបស់អង្គការសង្គមស៊ីវិលលើសេចក្តីព្រាងគោលនយោបាយទិន្នន័យបើកទូលាយរបស់កម្ពុជា ដែលជាគំនិតផ្តួចផ្តើមដ៏សំខាន់របស់រដ្ឋាភិបាលក្នុងការជំរុញទិន្នន័យបើកទូលាយថ្នាក់ជាតិ។ អនុសាសន៍សំខាន់ៗផ្តោតលើការពង្រឹងយន្តការគណនេយ្យភាព និងធ្វើឱ្យលទ្ធភាពក្នុងការទទួលបានទិន្នន័យកាន់តែប្រសើរឡើង។

កិច្ចសន្ទនានេះគឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងកាន់តែទូលំទូលាយរបស់អូឌីស៊ី ដើម្បីគាំទ្រដល់ការចូលរួមរបស់សង្គមស៊ីវិលក្នុងការអភិវឌ្ឍគោលនយោបាយទិន្នន័យបើកទូលាយរបស់កម្ពុជា។ គំនិតផ្តួចផ្តើមសំខាន់មួយទៀតគឺសិក្ខាសាលាពេលមួយថ្ងៃស្ដីពី «ទិន្នន័យបើកទូលាយនៅថ្នាក់ក្រោមជាតិ» ដែលធ្វើឡើងនៅខេត្តសៀមរាប កាលពីថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៥។ អនុសាសន៍ពីសិក្ខាសាលានោះបានផ្តោតលើ ការធ្វើឱ្យលទ្ធភាពក្នុងការទទួលបានទិន្នន័យកាន់តែប្រសើរឡើង ការបង្កើតរចនាសម្ព័ន្ធអភិបាលកិច្ចច្បាស់លាស់ ការពង្រឹងសមត្ថភាព និងការលើកកម្ពស់ការយល់ដឹងអំពីទិន្នន័យបើកទូលាយក្នុងចំណោមភាគីពាក់ព័ន្ធ។
កិច្ចសន្ទនាថ្នាក់តំបន់ឆ្នាំ២០២៥ បានបញ្ជាក់ជាថ្មីថា ទិន្នន័យបើកទូលាយមិនមែនគ្រាន់តែជារបៀបវារៈបច្ចេកទេសទៀតទេ វាគឺជាមូលដ្ឋានគ្រឹះសម្រាប់អភិបាលកិច្ចប្រកបដោយតម្លាភាព ការអភិវឌ្ឍប្រកបដោយបរិយាបន្ន និងការចូលរួមរបស់ប្រជាពលរដ្ឋប្រកបដោយអត្ថន័យនៅទូទាំងតំបន់មេគង្គ។ ខណៈពេលដែលវឌ្ឍនភាព កិច្ចសហការប្រកបដោយនិរន្តរភាពរវាងរដ្ឋាភិបាល សង្គមស៊ីវិល ស្ថាប័នអប់រំ និងដៃគូអភិវឌ្ឍន៍ នឹងមានសារៈសំខាន់ក្នុងការដោះស្រាយបញ្ហាប្រឈមជាប់លាប់ទាក់ទងនឹងគុណភាពទិន្នន័យ លទ្ធភាពសំរាប់ប្រើប្រាស់ និងសមត្ថភាព។
សម្រាប់កម្ពុជា កិច្ចសន្ទនានេះគឺជាជំហានដ៏សំខាន់មួយឆ្ពោះទៅរកការបង្កើតគោលនយោបាយទិន្នន័យបើកទូលាយ ដែលមានលក្ខណៈបរិយាបន្ន និងច្បាស់លាស់ជាងមុន ដោយធានាថាសំឡេងចម្រុះ ជាពិសេសពីសង្គមស៊ីវិល ត្រូវបានឆ្លុះបញ្ចាំងនៅក្នុងការអភិវឌ្ឍ និងការអនុវត្តគោលនយោបាយនេះ។ ដោយសារសន្ទុះបន្តកើនឡើង ការពង្រឹងការផ្លាស់ប្តូរចំណេះដឹងក្នុងតំបន់ និងការវិនិយោគលើការកសាងសមត្ថភាពរយៈពេលវែង នឹងមានសារៈសំខាន់ក្នុងការឆ្ពោះទៅតម្លៃពេញលេញនៃទិន្នន័យបើកទូលាយ សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព និងសមធម៌នៅកម្ពុជា។