នៅ​ឆ្ងាយ​ប៉ុន្តែ​ដូច​ជា​នៅ​ជិត​៖​ អត្ថប្រយោជន៍​ពី​ការ​ប្រើប្រាស់​បច្ចេកវិទ្យា​ទំនាក់ទំនង​ព័ត៌មាន​ (ICT)​ សម្រាប់​ការ​ធ្វើ​ការងារ​ពី​ផ្ទះ​ក្នុងអំឡុងពេល​រីក​រាលដាល​នៃ​ជំងឺ​កូ​វី​ដ​-១៩

​ជា​ការ​ពិត​ណាស់​ជំងឺ​កូ​វី​ដ​-១៩​ បាន​បង្ខំ​ឱ្យ​ការ​រស់នៅ​របស់​មនុស្ស​ឈាន​ទៅ​ដល់​កម្រិត​មួយ​ស្ថិត​នៅ​ក្នុង​ភាព​ភ័យ​ខ្លាច​ ជា​ពិសេស​ការ​រីក​រាលដាល​ ក្នុង​ហេតុផល​នេះ​បាន​ធ្វើ​ឱ្យ​រដ្ឋាភិបាល​ចាត់វិធានការ​យ៉ាង​ម៉ឺងម៉ាត់​ ហើយ​ប្រជាជន​ទាំងអស់​ត្រូវ​បាន​ណែនាំ​ឱ្យ​គោរព​ទៅ​តាម​វិធាន​ការណ៍​ដែល​បាន​ដាក់​ចេញ​។​ នៅ​អង្គការ​ទិន្នន័យ​អំពី​ការ​អភិវឌ្ឍ​ (​អូ​ឌី​ស៊ី​)​ ការ​ធ្វើ​ការងារ​ពី​ផ្ទះ​បាន​ក្លាយទៅជា​វិធាន​មួយ​ដើម្បី​ទប់ទល់​នឹង​ការ​ឆ្លង​ជំងឺ​ ហើយ​ការ​ប្រើប្រាស់​បច្ចេកវិទ្យា​ទំនាក់ទំនង​ព័ត៌មាន​ (ICT)​ បាន​ដើរតួ​យ៉ាង​សំខាន់​ក្នុង​ការ​សម្រួល​ឱ្យ​អ្នក​រាល់គ្នា​នោ​តែ​បន្ត​ធ្វើការ​ងារ​បាន​ ក៏​ដូច​ជា​ការ​ប្រាស្រ័យ​ទាក់ទង​គ្នា​ផ្សេងៗ​។​ រហូត​មក​ដល់​ពេល​នេះ​ វា​មាន​រយៈពេល​ដូច​ជា​យូរ​ដែរ​ហើយ​ ខណៈ​លក្ខខណ្ឌ​នៃ​ការ​ធ្វើ​ការងារ​ពី​ផ្ទះ​ថ្មី​នេះ​កាន់តែ​មាន​លក្ខណៈ​ទូទៅ​សម្រាប់​បុគ្គលិក​គ្រប់​គ្នា​។​ ប៉ុន្តែ​តើ​អ្នកដឹង​ទេ​ថា​ខ្ញុំ​ទាញ​អត្ថប្រយោជន៍​ពី​ការ​ប្រើប្រាស់​បច្ចេកវិទ្យា​ទំនាក់ទំនង​ព័ត៌មាន​ក្នុងអំឡុងពេល​នេះ​យ៉ាងដូចម្តេច​ខ្លះ​?

​មុន​នឹង​ទៅ​ឆ្លើយ​សំណួរ​ខាងលើ​ ខ្ញុំ​ចង់​ប្រាប់​រឿង​របស់ខ្ញុំ​បន្តិច​។​ នៅ​ថ្ងៃ​ការងារ​ដំបូង​របស់ខ្ញុំ​នៅ​ អូ​ឌី​ស៊ី​ ប្រហែលជា​នៅ​ពាក់​នៅ​កណ្តាល​ខែមីនា​ ក្រុមការងារ​បាន​ដឹកនាំ​ការ​ប្រជុំ​មួយ​ពាក់ព័ន្ធ​នឹង​ការ​ស្វែងរក​វិធីសាស្ត្រ​យ៉ាងណា​ដើម្បី​ប្រឈម​មុខ​នឹង​ការ​រីក​រាលដាល​ជំងឺ​កូ​វី​ដ​-១៩​។​ បើ​តាម​ខ្ញុំ​ចាំ​ ចំណុច​សំខាន់​នៅ​ពេល​ប្រជុំ​នោះ​គឺជា​វិធីសាស្ត្រ​ “​ការ​ធ្វើ​ការងារ​ពី​ចម្ងាយ​”​ ក្នុង​ករណី​ដែល​យើង​នឹង​តម្រូវ​ឱ្យធ្វើ​ការ​ពី​ផ្ទះ​ពិតមែន​នោះ​។​ ពីរ​បី​ស​ប្តា​ហ៍​ក្រោយមក​ ច្បាស់​ណាស់​យើង​ក៏​បាន​ចាប់ផ្តើម​ធ្វើការ​ពី​ផ្ទះ​ ដោយសារ​តែ​ស្ថានភាព​កូ​វី​ដ​-១៩​ មាន​លក្ខណៈ​កាន់តែ​យ៉ាប់យ៉ឺន​ទៅៗ​។​ ទោះបីជា​រយៈពេល​ខ្លី​នៃ​ការ​ធ្វើការ​នៅ​ការិយាល័យ​ក៏​ដោយ​ ខ្ញុំ​អាច​គ្រប់គ្រង​នូវ​ការ​សម្រប​ខ្លួន​នេះ​បាន​ និង​ចាប់ផ្តើម​ទាញ​យក​ពី​អត្ថប្រយោជន៍​នៃ​ការ​ប្រើប្រាស់​ ឧបករណ៍​ ICT​ សម្រាប់​ធ្វើ​ការងារ​ និង​ទំនាក់ទំនង​។​

​វា​ជា​របត់​ដ៏​សំខាន់​មួយ​ នៅ​ពេល​ដែល​ឧបករណ៍​ ICT​ បាន​ក្លាយទៅជា​កត្តា​ដែល​មិន​អាច​ខ្វះ​បាន​នៅ​ក្នុង​ធ្វើ​ការងារ​ និង​ការ​ប្រាស្រ័យ​ទាក់ទង​គ្នា​ ខណៈ​ដែល​តាម​ពិត​ទៅ​យើង​បាន​នឹង​កំពុង​ប្រើប្រាស់​ឧបករណ៍​ទាំង​អស់នេះ​ស្រាប់​ហើយ​ក្នុង​ពេល​ធម្មតា​។​ នា​ពេល​បច្ចុប្បន្ន​នេះ​ ខ្ញុំ​កំពុង​ប្រើ​ឧបករណ៍​បច្ចេកវិទ្យា​ទំនាក់ទំនង​ព័ត៌មាន​ជា​ច្រើន​ដូច​ជា​ Skype,​ Telegram,​ Whatsapp,​ Facebook​ Messenger,​ Zoom,​ Bluemail​ និង​ Google​ drive​ ។​ ដើម្បី​ប្រើ​ឧបករណ៍​ទាំងនេះ​បាន​ ច្បាស់​ណាស់​ខ្ញុំ​ត្រូវការ​កំ​ព្យូ​ទ័​រ​ និង​/​ឬ​ ស្មា​ត​ហ្វូ​ន​រួម​ជាមួយនឹង​បណ្តាញ​អ៊ី​ន​ធឺ​ណេ​ត​។​

​ខ្ញុំ​ត្រូវ​ប្រើ​ឧបករណ៍​ទាំង​អស់នេះ​ពីព្រោះ​មិត្ត​រួម​ការងារ​របស់ខ្ញុំ​ក៏​ប្រើ​វា​ខ្លះ​ដែរ​។​ ប៉ុន្តែ​វា​មិន​មាន​ន័យ​ថា​ខ្ញុំ​ប្រើ​វា​ទាំងអស់​ ហើយ​ចេះ​តែ​ប្រើ​នោះ​ទេ​។​ ខ្ញុំ​ប្រើ​ពួក​វា​នីមួយៗ​អាស្រ័យ​លើ​ភាព​ងាយស្រួល​នៃ​ការ​ប្រើប្រាស់​ និង​តម្រូវការ​ជាក់ស្តែង​។​ ឧទាហរណ៍​ខ្ញុំ​ប្រើ​ Google​ drive​ ជា​ចម្បង​សម្រាប់​ចែករំលែក​ភារកិច្ច​ដែល​ទាមទារ​ឱ្យ​មានការ​សហការ​ជា​ក្រុម​ និង​ Bluemail​ សម្រាប់​ការ​ផ្ញើ​ឯកសារ​ និង​ការ​ជូនដំណឹង​ផ្លូវការ​ផ្សេងៗ​។​ ទោះជា​យ៉ាងណា​ក៏​ដោយ​ នៅ​ក្នុង​ផ្នែក​នៃ​ការ​ប្រាស្រ័យ​ទាក់ទង​គ្នា​ កម្មវិធី​ដែល​ត្រូវ​បាន​ប្រើ​ច្រើន​ជាងគេ​នោះ​គឺ​ Skype​ ព្រោះ​វា​ជា​ឧបករណ៍​រួម​មួយ​បម្រើ​ឱ្យ​ការ​ទំនាក់ទំនង​គ្នា​រាល់ថ្ងៃ​នៅ​ អូ​ឌី​ស៊ី​។​ ប៉ុន្តែ​នៅ​លក្ខខណ្ឌ​ខ្លះ​ទៀត​ ខ្ញុំ​ចូល​ចិត្ត​ប្រើ​ Telegram​ នៅ​ពេល​ខ្ញុំ​មានការ​ហៅ​ផ្ទាល់​ជាមួយ​អ្នកត្រួតពិនិត្យ​នៃ​បណ្តាញ​ការងារ​របស់ខ្ញុំ​។​ វា​ប្រើប្រាស់​សេវា​អ៊ិ​ន​ធឺ​ណែ​ត​តិច​ ដែល​មាន​ន័យ​ថា​វា​ពិតជា​សម​នឹង​ខ្ញុំ​បំផុត​ព្រោះ​សេវា​អ៊ីនធឺណិត​នៅ​ជុំវិញ​តំបន់​របស់ខ្ញុំ​មិនសូវ​ល្អ​។​

​ឆ្ងាយ​តែ​ដូច​មិន​ឆ្ងាយ​

​ពិត​ណាស់​ ខ្ញុំ​មាន​អារម្មណ៍​ថា​មិនសូវ​ស្រួល​នៅ​ពេលធ្វើការ​ងារ​ពី​ផ្ទះ​ដំបូងៗ​ ហើយ​មូលហេតុ​ចម្បង​នោះ​គឺថា​ខ្ញុំ​ជា​បុគ្គលិក​ថ្មី​ដែល​ទើបនឹង​ចូល​ ហើយ​ធ្លាប់​បាន​ធ្វើការ​នៅ​ការិយាល័យ​តែ​មួយ​រយៈពេល​ខ្លី​ទៀត​។​ លើស​ពី​នេះ​ទៅ​ទៀត​ ខ្ញុំ​មិន​ទាន់​បាន​មាន​ពេលវេលា​ច្រើន​ល្មម​ក្នុង​ការ​ប្រាស្រ័យ​ទាក់ទង​ផ្ទាល់​ជាមួយ​អ្នក​រួមការ​ងារ​ដ៏​ទៃ​ទៀត​ទេ​។​ យ៉ាងណាមិញ​ ដោយសារ​តែ​ភាពរួស​រាយ​រាក់ទាក់​ និង​ភាព​បើកចំហ​របស់​អ្នក​រួមការ​ងារ​ បូក​រួម​ជាមួយនឹង​ការ​ប្រើប្រាស់​ឧបករណ៍​ ICT​ ផង​នោះ​ ខ្ញុំ​លែង​មាន​អារម្មណ៍​ដូច​ខាងលើ​នេះ​ទៀត​ហើយ​។​ ជាក់ស្តែង​ ខ្ញុំ​អាច​ប្រាស្រ័យ​ទាក់ទង​ជាមួយ​អ្នក​ទាំងអស់​គ្នា​យ៉ាង​ស្និទ្ធស្នាល​ ហើយ​ពេល​ចូលរួម​ប្រជុំ​ប្រចាំ​ស​ប្តា​ហ៍ម្ត​ងៗ​ ខ្ញុំ​នៅ​តែ​អាច​លឺ​ពួក​គេ​និយាយ​យ៉ាង​រស់​រវើក​។​ នៅ​ពេល​ណា​ដែល​ខ្ញុំ​មាន​សំណួរ​ ខ្ញុំ​អាច​ទាក់ទង​ពួក​គេ​ដោយ​ប្រើ​ Skype​ ឬ​ Telegram​ ហើយ​អ្វី​ដែល​ខ្ញុំ​ទទួល​បាន​វិញ​នោះ​គឺ​ការ​គាំទ្រ​មួយ​ដែល​ទាន់​ពេលវេលា​។​ អ​ញ្ចឹ​ង​ពេល​ខ្លះ​ខ្ញុំ​មាន​អារម្មណ៍​ថា​ពួក​គេ​នៅ​ក្បែរ​ខ្ញុំ​ដូច​នៅ​ការិយាល័យ​ដែរ​។​ ក្នុង​ន័យ​នេះ​ ខ្ញុំ​គិត​ថា​វា​មិន​ត្រឹមតែ​អំពី​ឧបករណ៍​ទំនាក់ទំនង​បច្ចេកវិទ្យា​ព័ត៌មាន​ដែល​ដើរតួ​នាទី​សំខាន់​តែ​មួយ​ប៉ុណ្ណោះ​ទេ​ ប៉ុន្តែ​វា​ក៏​បូក​រួម​ផង​ដែរ​នូវ​អ្នក​រួម​ការងារ​ទាំងអស់​គ្នា​ដែល​មាន​ឆន្ទៈ​ជួយ​ជ្រោមជ្រែង​ ចែករំលែក​ និង​គាំទ្រ​គ្នា​ទៅ​វិញ​ទៅ​មក​។​

​រូបថត​ដោយ​៖​ Chris​ Montgomery​ នៅ​លើ​ Unsplash

​​អត្ថបទ​សរសេរ​ដោយ​៖​ លោក​ ហៀ​ង​ កុសល​ ​បណ្ណាធិការ​ –​ អ្នក​ស្រាវជ្រាវ​ ផ្នែក​សេដ្ឋកិច្ច​ នៃ​អង្គការ​ទិន្នន័យ​អំពី​ការ​អភិវឌ្ឍ​ ​(អូឌីស៊ី)​។