សកម្មភាព​របស់​យុវជន​ក្នុង​ដំណើរការ​នៃ​គោលដៅ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព​ (​គ​.​អ​.​ច​.)

​អង្គការ​ទិន្នន័យ​អំពី​ការ​អភិវឌ្ឍ​ (​អូ​ឌី​ស៊ី​)​ ត្រូវ​បាន​អញ្ជើញ​ឱ្យ​ចូលរួម​ក្នុងកម្ម​វិធី​ ​សកម្មភាពរបស់​​យុវជន​​ក្នុង​ដំណើរ​ការ​នៃ​​គោលដៅ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព​ (​គ​.​អ​.​ច​.)​ ដែល​ត្រូវ​បាន​រៀបចំ​ឡើង​ដោយ​​ក្រុម​យុវ​ទូត​ស្ម័គ្រចិត្ត​ដើម្បី​ការ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព​ ​ដោយ​សហការ​ជាមួយ​អង្គការ​គណៈកម្មាធិការ​សហប្រតិបត្តិការ​ដើម្បី​កម្ពុជា​ (​គ​.​ស​.​ក​)។​ កម្មវិធី​ក្រុម​យុវ​ទូត​ស្ម័គ្រចិត្ត​ដើម្បី​ការ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព​មាន​​យុវ​ទូត​ស្ម័គ្រចិត្ត​ចំនួន​ ២៥​ រូប​ ដែល​កំពុងធ្វើការ​ដើម្បី​លើកកម្ពស់​ឱកាស​សម្រាប់​យុវជន​ក្នុង​ការ​បញ្ចេញ​សំលេង​ និង​ផ្តល់​ជា​មធ្យោបាយ​សម្រាប់​យុវជន​ក្នុង​តំបន់​តាម​រយៈ​ការ​ស្ម័គ្រចិត្ត​ក្លាយជា​ភ្នាក់ងារ​ផ្ទាល់​នៃ​ការ​ផ្លាស់​ប្តូរ​ជា​វិជ្ជមាន​ទៅ​លើ​ គ​.​អ​.​ច​.​។​

អង្គការ​សង្គម​ស៊ី​វិល​ចំនួន ៤០ អង្គការ​បាន​ចូល​រួម​ក្នុង​កម្ម​វិធី​នេះ​។​

ព្រឹត្តិការណ៍​នេះ​ត្រូវ​បាន​រៀបចំ​នៅ​ថ្ងៃ​ទី​២២​ ខែតុលា​ឆ្នាំ​ ២០១៩​ ដោយ​បាន​ប្រមូលផ្តុំ​តំណាង​យុវជន​ជាង​ ៤០​ នាក់​មក​ពី​អង្គការ​សង្គម​ស៊ី​វិល​ ដើម្បី​ពិភាក្សា​ពី​តួនាទី​របស់​យុវជន​ក្នុង​របៀបវារៈ​ឆ្នាំ​ ២០៣០​ ។​ ការ​ពិភាក្សា​នេះ​មាន​សារៈសំខាន់​យ៉ាង​ខ្លាំង​ ព្រោះថា​ ប្រទេស​កម្ពុជា​មាន​ប្រជាជន​ជា​យុវជន​ច្រើន​ជាងគេ​នៅ​អាស៊ី​អាគ្នេយ៍​ ដែល​ម្នាក់​ក្នុង​ចំណោម​ ៣​ នាក់​មាន​អាយុ​ចន្លោះ​ពី​ ១៥​ ទៅ​ ២៩​ ឆ្នាំ​។​ ក្រៅពី​នេះ​ កាលពី​ឆ្នាំ​មុន​ រដ្ឋាភិបាល​បាន​បញ្ចប់​ការ​ធ្វើ​មូល​ដ្ឋា​នី​យ​កម្ម​នៃ​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​នៅ​កម្ពុជា​ (​គ​.​អ​.​ច​.​ក​.)​ និង​បាន​បង្ហាញ​ការ​ត្រួតពិនិត្យ​ថ្នាក់​ជាតិ​ដោយ​ស្ម័គ្រចិត្ត​ (VNR)​ លើក​ដំបូង​នៅ​វេទិកា​នយោបាយ​កម្រិត​ខ្ពស់​របស់​អង្គការសហប្រជាជាតិ​។​

កិច្ច​សន្ទនា​យុវជន​កម្ពុជា​នៃអង្គ​ការ​​សង្គម​ស៊ី​វិល​បាន​ចាប់ផ្តើម​ដោយ​សុន្ទរកថា​​របស់​ កញ្ញា​ ឌី​ សេរី​វ​ល័​ក្ខ​ តំណាង​កម្មវិធី​ក្រុម​យុវ​ទូត​ស្ម័គ្រចិត្ត​ និង​ លោក​ មាស​ គ​ង្ស​រក្សា​ យុវ​ទូត​ស្ម័គ្រចិត្ត​។​ លោក​ រី​ សុ​ណ្ណា​ អ្នកឯកទេស​ផ្នែក​ច្បាប់​ និង​គោលនយោបាយ​នៃ​អង្គការ​គណៈកម្មាធិការ​សហប្រតិបត្តិការ​ដើម្បី​កម្ពុជា​ ​បាន​ផ្តល់​នូវ​ទិដ្ឋភាព​ទូទៅ​នៃ​តួនាទី​របស់​យុវជន​នៅ​ក្នុង​ គ​.​អ​.​ច​.​ និង​បាន​បើក​ការ​ជជែក​ពិភាក្សា​។​ អ្នកតំណាង​មក​ពី​អង្គការ​សង្គម​ស៊ី​វិល​និ​មួយៗ​បាន​ចាប់ផ្តើម​ដោយ​ពិនិត្យ​ឡើង​វិញ​នូវ​ខ្សែ​យុទ្ធសាស្ត្រ​ និង​គម្រោង​ពាក់ព័ន្ធ​នឹង​​អង្គការ​របស់​ពួក​គេ​។​ ការពិភាក្សា​យ៉ាង​សកម្ម​រួម​មាន​ ការ​វាយតម្លៃ​ធនធាន​ ការ​ធ្វើ​គម្រោង​សកម្មភាព​ និង​កម្មវិធី​នានា​ក្នុង​ការ​ដោះស្រាយ​ទាក់ទង​នឹងយុវជន​ បញ្ហា​ប្រឈម​ដែល​ត្រូវ​ដោះស្រាយ​ និង​ឱកាស​ក្នុង​ការ​ចូលរួម​របស់​យុវជន​។​

លោក​ រី​ សុ​ណ្ណា​ កំពុង​ធ្វើ​បទ​បង្ហាញពី​​ទិដ្ឋភាព​ទូទៅ​នៃ​តួនាទី​របស់​យុវជន​នៅ​ក្នុង​ គ​.​អ​.​ច​.​។

កញ្ញា​ Júlia​ G.​ Puig​ តំណាង​របស់​អង្គការ​អូ​ឌី​ស៊ី​ បាន​សង្កត់ធ្ងន់​លើ​ការ​ប្តេជ្ញា​ចិត្ត​របស់​អូ​ឌី​ស៊ីក្នុង​ការ​ធ្វើការ​ក្រោម​ក្របខ័ណ្ឌ​នៃ​ គ​.​អ​.​ច​.​ និង​បាន​លើក​ឡើង​អំពី​គំនិត​ផ្តួចផ្តើម​មួយ​ចំនួន​របស់​អូ​ឌី​ស៊ី​ទាក់ទង​នឹង​យុវជន​ដូច​ជា​ ការ​សហការ​ជាមួយ​ក្រសួង​អប់រំ​ យុវជន​ និង​កីឡា​ ក្នុង​ការ​បញ្ចូលសកម្មភាព​ផែនទី​​ទៅ​ក្នុង​កម្មវិធី​សិក្សា​នៅ​ថ្នាក់​វិទ្យាល័យ​ ទិវា​ទិន្នន័យ​បើក​ទូលាយ​ និង​ការ​បណ្តុះបណ្តាល​ស្តី​ពី​ ការ​សរសេរ​អត្ថបទ​ដោយ​​ផ្អែកលើភស្ដុ​តាង ​ការ​គូស​ផែនទី​ និង​ជី​អាយ​អេស​។​ កញ្ញា​ក៏​បាន​លើក​ឡើង​ពី​ការ​ចូលរួម​របស់​អូ​ឌី​ស៊ីក្នុង​ដំណើរការ​ VNR​ និង​ពន្យល់​ពី​​ការ​បែងចែក​ទិន្នន័យ​ ការ​លើកកម្ពស់​ការ​យល់​ដឹង​ និង​ការ​ផ្សព្វ​ផ្សាយ​វេទិកា​សម្រាប់​យុវជន​គឺ​មាន​សារៈសំខាន់​សម្រាប់​ គ​.​អ​.​ច​.​។​