មាគ៌ា​របស់​ប្រទេស​កម្ពុជា​ទៅ​កាន់​ច្បាប់​ស្តី​ពី​កិច្ច​ការពារ​ទិន្នន័យ​បុគ្គល​៖​ ចំណុច​សំខាន់ៗ​ពី​ សន្និសីទ​ជាតិ​លើក​ដំបូង​របស់​កម្ពុជា​ស្តី​ពី​កិច្ច​ការពារ​ទិន្នន័យ​បុគ្គល​ ឆ្នាំ​២០២៥

កិច្ចពិភាក្សានៅក្នុង សិក្ខាសាលាពិគ្រោះយោបល់ស្តីពីសេចក្ដីព្រាងច្បាប់ស្តីពីកិច្ចការពារទិន្នន័យបុគ្គល

នៅ​ថ្ងៃ​ទី​៧​ ខែតុលា​ ឆ្នាំ​២០២៥​ អង្គការ​ទិន្នន័យ​អំពី​ការ​អភិវឌ្ឍ​ (​អូ​ឌី​ស៊ី​)​ មានឱកាស​ចូលរួម​ សន្និសីទ​ជាតិ​លើក​ដំបូង​របស់​កម្ពុជា​ស្តី​ពី​កិច្ច​ការពារ​ទិន្នន័យ​បុគ្គល​ នៅ​រាជធានី​ភ្នំពេញ​។​ សន្និសីទ​ជាតិ​នេះ​ត្រូវ​បាន​រៀបចំ​ឡើង​ដោយ​ ក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍​ (​ក​.​ប​.​ទ​.)​ ដោយ​មានការ​គាំទ្រ​ពី​សហភាព​អឺរ៉ុប​ និង​អង្គការ​អភិវឌ្ឍន៍​អន្តរជាតិ​អា​ល្លឺ​ម៉​ង់​ប្រចាំ​ប្រទេស​កម្ពុជា​ (​អង្គការ​ GIZ)​ ហើយ​បាន​ប្រមូលផ្តុំ​អ្នកជំនាញ​ និង​គណៈ​វិជ្ជាជីវៈ​ចូលរួម​ប្រមាណ​ ១៥០​ នាក់​។​ ជា​ពិសេស​ យើង​ពិតជា​រីករាយ​ដែល​បាន​ស្តាប់​ការ​ថ្លែង​សុន្ទរកថា​ស្វាគមន៍​ និង​ឃើញ​ការ​គាំទ្រ​យ៉ាង​ខ្លាំង​របស់​ ឯកអគ្គរដ្ឋទូត​អា​ល្លឺ​ម៉​ង់​ និង​ឯកអគ្គរដ្ឋទូត​សហភាព​អឺរ៉ុប​ ចំពោះ​គំនិត​ផ្តួចផ្តើម​នេះ​។​ អូ​ឌី​ស៊ី​ ពិតជា​មាន​អារម្មណ៍​ថា​រំភើប​រីករាយ​ ដែល​បាន​ចូលរួម​ក្នុង​ដំណាក់កាល​ដ៏​សំខាន់​មួយ​នៃ​អនាគត​ឌី​ជី​ថ​ល​របស់​កម្ពុជា​។​

​សន្និសីទ​នេះ​បាន​ធ្វើ​ឡើង​ក្នុង​ពេលវេលា​ដ៏​សម​ស្រប​មួយ​ ព្រោះ​កម្ពុជា​កំពុង​រៀបចំ​ សេចក្ដីព្រាងច្បាប់​ស្តី​ពី​កិច្ច​ការពារ​ទិន្នន័យ​បុគ្គល​ ដែល​គ្រោង​នឹង​បញ្ចប់​នៅ​ចុងឆ្នាំ​២០២៥​ ឬ​ដើមឆ្នាំ​២០២៦​ខាង​មុខ​នេះ​។​ បរិយាកាស​នៅ​ក្នុង​សន្និសីទ​មាន​លក្ខណៈ​រស់​រវើក​ ហើយ​អ្នកចូលរួម​បាន​ពិភាក្សា​ពី​ឧត្ត​មា​នុ​វត្ត​ន៍​អន្តរជាតិ​មក​អនុវត្ត​ឱ្យ​សម​ស្រប​ក្នុង​បរិបទ​របស់​កម្ពុជា​។​

​កិច្ច​ពិភាក្សា​នៅ​ក្នុង​សន្និសីទ​នេះ​ បាន​កើត​ចេញពី​ដំណើរការ​ពិគ្រោះ​យោបល់​នានា​ដែល​កំពុង​បន្ត​។​ កាលពីដើម​ឆ្នាំ​នេះ​ នៅ​ថ្ងៃ​ទី​២៣​ ខែកក្កដា​ ឆ្នាំ​២០២៥​ ក​.​ប​.​ទ​.​ បាន​រៀបចំ​ «​សិក្ខាសាលា​ពិគ្រោះ​យោបល់​ស្តី​ពី​សេចក្ដីព្រាងច្បាប់​ស្តី​ពី​កិច្ច​ការពារ​ទិន្នន័យ​បុគ្គល​»​ ដោយ​មាន​អ្នកចូលរួម​ប្រមាណ​ ២០០​ នាក់​ មក​ពី​ស្ថាប័ន​រាជរដ្ឋាភិបាល​ វិស័យ​ឯកជន​ អង្គការ​សង្គម​ស៊ី​វិល​ និង​ស្ថាប័ន​អប់រំ​។​ កិច្ច​ពិភាក្សា​នោះ​បាន​បង្ហាញ​ថា​ កម្ពុជា​ រួម​ជាមួយ​មី​យ៉ា​ន់​ម៉ា​និង​ឡាវ​ មិន​ទាន់​បាន​អនុម័ត​ ច្បាប់​ស្តី​ពី​កិច្ច​ការពារ​ទិន្នន័យ​បុគ្គល​ នៅឡើយ​ ហើយ​បាន​បញ្ជាក់​ថា​សេចក្តីព្រាងច្បាប់​នេះ​គ្រោង​នឹង​បញ្ចប់​នៅ​ចុងឆ្នាំ​២០២៥​ ឬ​ដើមឆ្នាំ​២០២៦​ខាង​មុខ​នេះ​។​ ច្បាប់​នេះ​ត្រូវ​បាន​តាក់តែង​ឡើង​ដោយ​អនុលោម​តាម​ក្រប​ខណ្ឌ​ច្បាប់​អន្តរជាតិ​ និង​បទ​ប្បញ្ញត្តិ​ជាតិ​ ដើម្បី​ធានា​បាន​នូវ​សុខដុម​នី​យ​កម្ម​ផ្នែក​គតិ​យុ​ត្ត​ និង​ភាព​អនុវត្ត​បាន​ប្រកបដោយ​ប្រសិទ្ធិ​ភាព​។​ សិក្ខាសាលា​នេះ​មាន​គោលបំណង​ប្រមូល​ធាតុ​ចូល​ពី​ភាគី​ពាក់ព័ន្ធ​ ដើម្បី​កំណត់​ចន្លោះ​ខ្វះខាត​ ចំណុច​ជាន់​គ្នា​ និង​ផល​ប៉ះពាល់​ដែល​អាច​កើត​មាន​ ព្រមទាំង​លើកកម្ពស់​តម្លាភាព​ ទំនុកចិត្ត​ និង​ការ​ចូលរួម​ប្រកបដោយ​បរិ​យា​បន្ន​។​ នៅ​ក្នុងអំឡុងពេល​ពិភាក្សា​ លោក​ ធី​ ទ្រី​ នាយក​ប្រតិបត្តិ​នៃ​ អូ​ឌី​ស៊ី​ បាន​ផ្តល់​ធាតុ​ចូល​ និង​មតិយោបល់​ ដើម្បី​ជួយ​កែ​លម្អ​សេចក្តីព្រាងច្បាប់​នេះ​ឱ្យ​មាន​ភាពល្អ​ប្រសើរ​ជាង​មុន​។​

កិច្ច​ពិភាក្សា​នេះ​ក៏​មាន​ទំនាក់ទំនង​ទៅ​នឹង​ការងារ​ដែល​បាន​អនុវត្ត​កន្លង​មក​ផង​ដែរ​។​ នៅ​ថ្ងៃ​ទី​៣០​ ខែវិច្ឆិកា​ ឆ្នាំ​២០២៣​ កិច្ច​ពិភាក្សា​ផ្នែក​ច្បាប់​ដោយ​ មូលនិធិ​ខុន​រ៉ា​ដ​អា​ឌិន​ណៅ​អ៊ែ​រ​ លើក​ទី​២២​ បាន​ផ្តោត​ទៅ​លើ​ «​សន្តិសុខ​សាយ​ប័​រ​ និង​កិច្ច​ការពារ​ទិន្នន័យ​នៅ​កម្ពុជា​ និង​លើស​ពី​នេះ​»​ ដោយ​មាន​បញ្ញា​វ័ន​ និង​អ្នក​អនុវត្ត​ផ្នែក​ច្បាប់​ចូលរួម​ប្រមាណ​ ៦០​ នាក់​។​ នៅ​ក្នុង​កម្មវិធី​នេះ​ មូលនិធិ​ខុន​រ៉ា​ដ​អា​ឌិន​ណៅ​អ៊ែ​រ​ សាកលវិទ្យាល័យ​ជាតិ​គ្រប់គ្រង​ និង​សាកលវិទ្យាល័យ​ភូមិន្ទ​នីតិសាស្ត្រ​ និង​វិទ្យាសាស្ត្រ​សេដ្ឋកិច្ច​ បាន​ធ្វើការ​បោះពុម្ពផ្សាយ​ដែល​ពាក់ព័ន្ធ​ទៅ​នឹង​ប្រធានបទ​ខាងលើ​។​ លោក​ ធី​ ទ្រី​ ក៏​បាន​ចូលរួម​ក្នុង​កិច្ច​ពិភាក្សា​ផ្នែក​ច្បាប់​នេះ​ ហើយ​បាន​ផ្តល់​ធាតុ​ចូល​ និង​មតិយោបល់​លើ​ច្បាប់​ស្តី​ពី​កិច្ច​ការពារ​ទិន្នន័យ​។​

​ប្រធានបទ​នៃ​ សន្និសីទ​ជាតិ​លើក​ដំបូង​របស់​កម្ពុជា​ស្តី​ពី​កិច្ច​ការពារ​ទិន្នន័យ​បុគ្គល​ ឆ្នាំ​២០២៥​ គឺ​ «​ការ​កសាង​មូលដ្ឋាន​គ្រឹះ​សម្រាប់​កិច្ច​ការពារ​ទិន្នន័យ​បុគ្គល​នៅ​កម្ពុជា​៖​ ការ​ចែករំលែក​បទ​ពិសោធន៍​ពី​បណ្តា​ប្រទេស​ក្នុង​តំបន់​និង​សកល​»​។​ អ្នកជំនាញ​មក​ពី​ប្រទេស​សមាជិក​អាស៊ាន​បាន​ចែករំលែក​ចំណេះដឹង​ដ៏​មាន​តម្លៃ​ ដោយ​លើក​ឡើង​ពី​គោលការណ៍​សំខាន់ៗ​មួយ​ចំនួន​សម្រាប់​ការ​បង្កើត​ក្រប​ខណ្ឌ​កិច្ច​ការពារ​ទិន្នន័យ​ដ៏​រឹង​មាំ​មួយ​។​ អ្នកជំនាញ​បាន​ផ្តល់​អនុសាសន៍​ដល់​ធុរកិច្ច​ថា​ មិន​គួរ​រង់ចាំ​រហូត​ដល់​ច្បាប់​ត្រូវ​បាន​អនុម័ត​នោះ​ទេ​ ប៉ុន្តែ​គួរ​ចាប់ផ្តើម​អនុវត្ត​ឧត្ត​មា​នុ​វត្ត​ន៍​អន្តរជាតិ​តាំងពី​ពេល​នេះ​ ដែល​មាន​ដូច​ជា​ ការ​រៀបចំ​គោលនយោបាយ​ផ្ទៃក្នុង​ឪ្យ​រឹង​មាំ​ ការ​បណ្តុះបណ្តាល​បុគ្គលិក​ និង​ការ​តែងតាំង​មន្ត្រី​ទទួល​បន្ទុក​កិច្ច​ការពារ​ទិន្នន័យ​ដើម្បី​ត្រួតពិនិត្យ​ការ​អនុលោម​។​ អ្នកជំនាញ​បាន​សង្កត់ធ្ងន់​ថា​ នៅ​ពេល​ដែល​មានការ​ផ្ទេរ​ទិន្នន័យ​លក្ខណៈ​អន្តរជាតិ​ ធុរកិច្ច​គួរតែ​ពឹងផ្អែក​លើ​កិច្ចសន្យា​ផ្លូវច្បាប់​ ដើម្បី​ធានា​ឱ្យ​ដៃគូ​អន្តរជាតិ​របស់​ពួក​គេ​គោរព​តាម​ស្តង់ដារ​ការពារ​ទិន្នន័យ​រឹង​មាំ​។​ ជាមួយ​គ្នា​នេះ​ផង​ដែរ​ ការ​ការពារ​ទិន្នន័យ​គឺ​ពាក់ព័ន្ធ​ទៅ​នឹង​សិទ្ធិ​បុគ្គល​ឬ​ម្ចាស់​ទិន្នន័យ​។​ ច្បាប់​ស្តី​ពី​កិច្ច​ការពារ​ទិន្នន័យ​បុគ្គល​ មាន​គោលបំណង​ការពារ​ទិន្នន័យ​របស់​បុគ្គល​ និង​អនុញ្ញាត​ឱ្យ​មានការ​ប្រើប្រាស់​ទិន្នន័យ​ស្រប​តាម​ច្បាប់​កំណត់​ ដែល​ជា​កត្តា​សំខាន់​សម្រាប់​ការ​កំណើនសេដ្ឋកិច្ច​។​

របៀបវារៈ​នៃ​សន្និសីទ​បាន​គ្របដណ្តប់​លើ​វិស័យ​ជា​ច្រើន​ ចាប់ពី​វិស័យ​ធនាគារ​ និង​ទូរគមនាគមន៍​ រហូត​ដល់​វិស័យ​សិទ្ធិ​ការពារ​ទិន្នន័យ​កុមារ​ និង​បុគ្គលិក​ ដោយ​គូសបញ្ជាក់​អំពី​វិធីសាស្ត្រ​ដ៏​ទូលំទូលាយ​ដែល​ត្រូវការ​សម្រាប់​អភិបាលកិច្ច​ទិន្នន័យ​ប្រកបដោយ​ប្រសិទ្ធភាព​។​ សន្និសីទ​នេះ​គឺជា​ជំហាន​ដ៏​សំខាន់​មួយ​ក្នុង​ការ​ឆ្ពោះទៅ​រក​ការ​បង្កើត​វប្បធម៌​នៃ​ទំនួល​ខុស​ត្រូវ​រួម​សម្រាប់​ការ​ការពារ​ទិន្នន័យ​នៅ​កម្ពុជា​។​ នៅ​ពេល​ដែល​ច្បាប់​ថ្មី​បាន​បង្កើត​ឡើង​ អូ​ឌី​ស៊ី​នឹង​បន្ត​តាមដាន​វឌ្ឍនភាព​របស់​ច្បាប់​នេះ​ ហើយ​លើកកម្ពស់​ឱ្យ​មាន​ក្រប​ខណ្ឌ​ការពារ​ទិន្នន័យ​ដែល​បង្កើត​ទំនុកចិត្ត​ ការពារ​សិទ្ធិ​ប្រជាពលរដ្ឋ​ និង​គាំទ្រ​ដល់​កំណើន​ឌី​ជី​ថ​ល​ប្រកបដោយ​ចីរភាព​។​

​យើង​សូម​អរគុណ​ ក​.​ប​.​ទ​.​ សម្រាប់​ឱកាស​ចូលរួម​ក្នុង​សន្និសីទ​ដ៏​សំខាន់​នេះ​។​ យើង​នឹង​ទន្ទឹងរង់ចាំ​សន្និសីទ​បន្តបន្ទាប់​ទៀត​ ហើយ​សង្ឃឹមថានឹង​ឃើញ​ការ​អភិវឌ្ឍ​បន្ត​នៃ​ ច្បាប់​ស្តី​ពី​កិច្ច​ការពារ​ទិន្នន័យ​បុគ្គល​ ដែល​មាន​លក្ខណៈ​ទូលំទូលាយ​សម្រាប់​កម្ពុជា​។​