ជិន ស៊ីវមុយ៖ កម្មសិក្សារបស់ខ្ញុំនៅអង្គការទិន្នន័យអំពីការអភិវឌ្ឈ គឺជាបទពិសោធន៍សិក្សាដ៏អស្ចារ្យមួយ
នៅពេលដែលកម្មសិក្សារបស់ខ្ញុំជាមួយអង្គការទិន្នន័យអំពីការអភិវឌ្ឍហៅកាត់ថា អូឌីស៊ី ជិតដល់ទីបញ្ចប់ អារម្មណ៍ខ្ញុំពោរពេញដោយការដឹងគុណយ៉ាងជ្រាលជ្រៅ និងមានមោទនភាពចំពោះអ្វីដែលខ្ញុំសម្រេចបានកន្លងមកនេះ។ ឱកាសនេះជាបទពិសោធន៍សិក្សាដ៏អស្ចារ្យ មិនត្រឹមតែផ្នែកវិជ្ជាជីវៈប៉ុណ្ណោះទេ ប៉ុន្តែជាលក្ខណៈបុគ្គលផងដែរ។ ក្នុងរយៈពេលប៉ុន្មានខែកន្លងមកនេះ ខ្ញុំបានទទួលការយល់ដឹងដ៏មានតម្លៃចំពោះបេសកកម្មរបស់ស្ថាប័ន ដែលវាបានពង្រឹងជំនាញរបស់ខ្ញុំ និងបានរួមចំណែកយ៉ាងមានអត្ថន័យចំពោះគម្រោងផ្សេងៗ។
ពេលខ្ញុំចូលរួមជាមួយអូឌីស៊ីជាលើកដំបូង ខ្ញុំមានអារម្មណ៍រំភើប និងភ័យព្រួយបន្តិច។ កេរ្តិ៍ឈ្មោះរបស់អូឌីសុំី ជាស្ថាប័នឲនាំមុខគេនៃទិន្នន័យបើកទូលាយ និងការចែករំលែកចំណេះដឹងនៅក្នុងប្រទេសកម្ពុជា បានធ្វើឱ្យខ្ញុំមានការរំពឹងទុកខ្ពស់។ ការសម្របខ្លួនទៅនឹងបរិយាកាសវិជ្ជាជីវៈ ការយល់ដឹងអំពីវប្បធម៌របស់អង្គការ និងការទទួលយកគម្រោងដែលកំពុងដំណើរការ នៅពេលខ្លះធ្វើអោយខ្ញុំមានអារម្មណ៍ថាច្រើនលើសលប់។ ទោះជាយ៉ាងណាក៏ដោយ ក្រុមការងារនៅអូឌីស៊ី បានធ្វើឱ្យការផ្លាស់ប្តូរនេះប្រព្រឹត្ដទៅដោយរលូន ដោយលើកទឹកចិត្តខ្ញុំឱ្យសួរសំណួរ និងរៀនតាមល្បឿនរបស់ខ្ញុំ។ ចាប់ពីពេលដែលខ្ញុំបានចូលរួមជាមួយអូឌីស៊ី ខ្ញុំត្រូវបានស្វាគមន៍ឱ្យចូលទៅក្នុងក្រុមអ្នកជំនាញដែលមានឆន្ទៈ និងយកចិត្តទុកដាក់។ បរិយាកាសសហការ និងគាំទ្របានបង្កភាពងាយស្រួលក្នុងការចូលរួម និងមានអារម្មណ៍ដូចជាសមាជិកដ៏មានតម្លៃម្នាក់របស់អង្គការ។ ខ្ញុំស្ងើចសរសើរចំពោះការប្តេជ្ញាចិត្តរបស់ក្រុមការងារអូឌីស៊ី ក្នុងការផ្តល់នូវការចូលប្រើទិន្នន័យ និងព័ត៌មានដោយបើកទូលាយ ដើម្បីលើកកម្ពស់តម្លាភាព និងការអភិវឌ្ឍប្រកបដោយចីរភាពនៅកម្ពុជា។
ក្នុងនាមជាអ្នកហាត់ការផ្នែកស្រាវជ្រាវ និងបណ្ណាធិការ ទំនួលខុសត្រូវចម្បងរបស់ខ្ញុំគឺប្រមូល សង្ខេប និងបកប្រែព័ត៌មាន សេចក្តីប្រកាសជាសាធារណៈ និងឯកសារផ្លូវការផ្សេងទៀត។ លើសពីនេះ ខ្ញុំក៏មានទំនួលខុសត្រូវលើការសរសេរទំព័រប្រធានបទដែលផ្អែកលើការស្រាវជ្រាវ ផ្តល់ការគាំទ្រការកែសម្រួល និងពិនិត្យឡើងវិញ និងកត់ត្រាសម្រាប់ព្រឹត្តិការណ៍នានា។ កិច្ចការនីមួយៗនាំមកនូវបញ្ហាប្រឈមថ្មីៗ និងឱកាសសិក្សាជាច្រើន។ ចំណុចលេចធ្លោមួយនៃកម្មសិក្សារបស់ខ្ញុំគឺការទទួលបានបទពិសោធន៍ផ្ទាល់ជាមួយឧបករណ៍ប្រមូលទិន្នន័យ និងការវិភាគ។ ជាងនេះទៅទៀត ខ្ញុំបានបង្កើតការយល់ដឹងកាន់តែស៊ីជម្រៅអំពីទិដ្ឋភាពនៃការអភិវឌ្ឍរបស់ប្រទេសកម្ពុជា រួមទាំងបញ្ហាសេដ្ឋកិច្ច សង្គម និងបរិស្ថានដែលប្រទេសកំពុងប្រឈមមុខ។ ខ្ញុំត្រូវបានបំផុសគំនិតជាពិសេសដោយការប្តេជ្ញាចិត្តរបស់អូឌីស៊ី ចំពោះតម្លាភាព និងលទ្ធភាពប្រើប្រាស់ទិន្នន័យ ដែលខ្ញុំជឿថាដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញការសម្រេចចិត្តប្រកបដោយការយល់ដឹង។
ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះក្រុមការងារគ្រប់រូបនៅអូឌីស៊ី សម្រាប់បទពិសោធន៍ដ៏សំបូរបែបនេះ។ សូមអរគុណចំពោះការជឿជាក់លើសក្តានុពលរបស់ខ្ញុំ ការផ្តល់ឱកាសដ៏មានន័យដល់ខ្ញុំ និងជំរុញបរិយាកាសនៃការរីកចម្រើន និងការសហការ។ ខ្ញុំមានមោទនភាពដែលបានក្លាយជាផ្នែកមួយនៃស្ថាប័នដែលបង្កើតផលវិជ្ជមាននៅក្នុងប្រទេសកម្ពុជា។ បទពិសោធន៍នេះគឺមានសារៈសំខាន់ណាស់ ហើយខ្ញុំនឹងរក្សាចំណេះដឹង និងការចងចាំដ៏ល្អនេះ នៅពេលខ្ញុំឈានជើងចូលទៅក្នុងជំពូកបន្ទាប់នៃអាជីពរបស់ខ្ញុំ។
សម្រាប់អ្នកដែលកំពុងពិចារណាធ្វើកម្មសិក្សាជាមួយអូឌីស៊ី ខ្ញុំសូមលើកទឹកចិត្តយ៉ាងមុតមាំឱ្យអ្នកទាំងអស់គ្នាឈានទៅមុខ ដើម្បីចាប់យកឱកាសនេះ។ វាគឺជាឱកាសមួយដើម្បីសិក្សា រួមចំណែក និងរីកចម្រើនតាមរបៀបដែលអ្នកនឹកស្មានមិនដល់។ ការងារនៅទីនេះមានអត្ថន័យ ចំណេះដឹងដែលទទួលបានគឺមានតម្លៃមិនអាចកាត់ថ្លៃបាន ហើយក្រុមការងារក៏គួរឱ្យកត់សម្គាល់ផងដែរ។
សូមអរគុណ អូឌីស៊ី សម្រាប់បទពិសោធន៍ដែលមិនអាចបំភ្លេចបានមួយនេះ!