វគ្គបណ្ដុះបណ្ដាលអក្ខរកម្មទិន្នន័យ៖ វគ្គបណ្ដុះបណ្ដាលមួយនៅក្នុងខែសីហាសម្រាប់អង្គការសង្គមស៊ីវិលត្រូវបានប្រព្រឹត្តិទៅដោយជោគជ័យ
ចាប់ពីថ្ងៃទី ៣០ ខែសីហា ដល់ថ្ងៃទី ០២ ខែកញ្ញា ឆ្នាំ២០២២ អង្គការទិន្នន័យអំពីការអភិវឌ្ឍ (ODC) បានបន្តការងាររបស់ខ្លួនក្នុងការផ្សព្វផ្សាយអក្ខរកម្មទិន្នន័យសម្រាប់គម្រោងការឆ្នៃប្រឌិតថ្មីសម្រាប់គណនេយ្យភាពសង្គមនៅកម្ពុជា (ISAC)។ វគ្គបណ្តុះបណ្តាលនេះ មានរយៈពេល ៤ ថ្ងៃ ដែលធ្វើឡើងនៅមជ្ឈមណ្ឌល ឌី ខេ (Diakonia Center) ហើយមានអ្នកចូលរួមចំនួន ១៣ នាក់ដែលមកពីអង្គការសង្គមស៊ីវិលនានា។
យោងទៅតាមវគ្គបណ្ដុះបណ្ដាលអក្ខរកម្មទិន្នន័យក្នុងខែឧសភារបស់អង្គការ ODC វគ្គបណ្ដុះបណ្ដាលនេះមានគោលបំណងហ្វឹកហាត់សមាជិកនៃអង្គការដែលកំពុងបំពេញការងារដែលទាក់ទងនិងគណនេយ្យភាពសង្គមនៅថ្នាក់មូលដ្ឋាន។ ក្រុមការងារអង្គការ ODC ដោយសហការណ៍ជាមួយអង្គការ Internews ដែលជាដែគូរក្នុងគម្រោង ISAC បានប្រើប្រាស់កម្មវិធីសិក្សាដែលបានធ្វើការសម្រួលអោយស្រួលយល់ ហើយប្រើទិន្នន័យដែលទាក់ទងនឹងការអប់រំនៅកម្ពុជាយលទៅធ្វើជាឧទាហរណ៍។
អ្នកចូលរួមត្រូវបានជ្រើសរើសដោយផ្អែកលើកម្រិតជំនាញ តួនាទី ក៏ដូចជាផ្អែកលើចំណាប់អារម្មណ៍របស់ពួកគេ។
គោលដៅនៃវគ្គសិក្សានេះគឺដើម្បីបង្កើតអោយមាននូវជំនាញជាមូលដ្ឋាន ធ្វើយ៉ាងណាអោយយល់ និងអាចធ្វើការជាមួយទិន្នន័យបាន ដើម្បីពង្រឹងគុណភាពនៃការធ្វើរបាយការណ៍ និងមតិកែលម្អដែលជំរុញដោយទិន្នន័យ ដើម្បីធ្វើអោយប្រសើរឡើងនូវសកម្មភាព និងយន្តការគណនេយ្យភាពសង្គម។ អ្នកចូលរួមមួយចំនួនមកពីខេត្តត្រូវបានទទួលអត្ថប្រយោជន៍ពីប្រាក់ឧបត្ថម្ភសម្រាប់ធ្វើដំណើរមកចូលរួម។
លោក វង្ស ពិសិដ្ឋ មន្ត្រីជាន់ខ្ពស់ផ្នែកស្រាវជ្រាវទិន្នន័យ និងប្រព័ន្ធព័ត៌មានភូមិសាស្ត្រ
(GIS) ដែលមកពីអង្គការ ODC បានដឹកនាំវគ្គបណ្តុះបណ្តាលទាំងមូល ហើយបានចាប់ផ្តើមថ្ងៃដំបូងដោយបង្ហាញពីចំណុចសំខាន់ៗទៅតាមម៉ូឌុលនៃវគ្គបណ្តុះបណ្តាលទាំងមូលដែលសិក្ខាកាមនឹងត្រូវឆ្លងកាត់។ របៀបវារៈនៃថ្ងៃទី១ គឺនិយាយអំពីគោលការណ៍មូលដ្ឋាននៃ “ការយល់ដឹងអំពីទិន្នន័យ” ។ លោក ឡុច កល្យាណ ដែលជាអ្នកស្រាវជ្រាវទិន្នន័យ និងឯកទេសប្រព័ន្ធពត៍មានភូមិសាស្ត្រនៃអង្គការ ODC ក៏បានចែករំលែកមេរៀនលម្អិតស្តីពី “ការស្វែងរកទិន្នន័យ” ដោយបានលើកឡើងពីការប្រើប្រាស់ឧបករណ៍គន្លឹះ និងប្រភពសំខាន់ៗសម្រាប់អ្នកប្រើប្រាស់ដំបូង។
នៅក្នុងថ្ងៃទី២ អង្គការ ODC បានផ្តល់កុំព្យូទ័របន្ថែមមួយចំនួនសម្រាប់អោយអ្នកចូលរួមប្រើប្រាស់។ លោក ពិសិដ្ឋ បានណែនាំម៉ូឌុលស្តីពី “ការប្រមូលទិន្នន័យ” ហើយពន្យល់បកស្រាយអំពីដំណើរការនៃការប្រមូលទិន្នន័យ។ លោក កល្យាណ ក៏បានលើកឡើងពីដំណើរការនៃការប្រមូលទិន្នន័យ និង “ការសំអាត”ទិន្នន័យ ដោយប្រើឧបករណ៍ដូចជា Excel និង Google Sheets ។
វគ្គបណ្តុះបណ្តាលនៅថ្ងៃទី ៣ គឺបានផ្តោតសំខាន់លើ “ការវិភាគទិន្នន័យ” ដោយ លោក ពិសិដ្ឋ ដែលបាននិយាយអំពីរបៀប “សម្រួលទិន្នន័យ” និងឆ្លុះបញ្ចាំងពន្យល់ពីរបៀបកែសម្រួល លេខ និងព័ត៌មានលម្អិត។ លោក ង៉ូវ ជីហ័រ ដែលជាអ្នកគ្រប់គ្រងគម្រោង ICT Camp របស់អង្គការ ODC បានរៀបចំមេរៀនបន្ថែមទៀតដោយធ្វើបទបង្ហាញអំពី “ការរៀបចំរឿងរាវនៃទិន្នន័យ” ហើយរបៀបបង្កើតសាច់រឿងដ៏សាមញ្ញចេញពីទិន្នន័យ។
នៅថ្ងៃចុងក្រោយនៃវគ្គបណ្តុះបណ្តាល អ្នកចូលរួមបានធ្វើការប្រើប្រាស់ចំណេះដឹងដែលទើបតែរៀនថ្មីរបស់ពួកគេ ក្នុងការធ្វើការជាក្រុមដើម្បីបង្កើតសាច់រឿងគំរូដ៏សាមញ្ញ ឬ “សាច់រឿងនៃទិន្នន័យ” ។ សកម្មភាពទាំងនោះគឺបានធ្វើស្ទើរតែពេញមួយព្រឹក និងពេលរសៀលផងដែរ។ អ្នកចូលរួមបានកំណត់ចំណុចសំខាន់ៗពីទិន្នន័យ ហើយបានធ្វើការប្រមូលផ្តុំនូវការបង្កើតសាច់រឿងដ៏សាមញ្ញមួយ ដែលងាយស្រួលយល់ ដែលមានការជួយសម្របសម្រួលដោយសមាជិកអង្គការ ODC។
បន្ទាប់ពីការសង្ខេបសាច់រឿងខ្លីៗរួចហើយ សមាជិកអង្គការ ODC បានពិនិត្យឡើងវិញនូវចំណុចសំខាន់ៗ និងលើកទឹកចិត្តឱ្យអ្នកចូលរួមទាំងអស់ បើកចិត្តទទួលយកការប្រើប្រាស់ចំណេះដឹងថ្មីនេះនៅក្នុងការងារគណនេយ្យភាពសង្គមនាពេលបច្ចុប្បន្នរបស់ពួកគេ។