ឌីជីថលភាវូបនីយកម្ម មានឥទ្ធិពលមកលើយើងទាំងអស់គ្នា- ក្រុមការងារអូឌីស៊ី ចូលរួមក្នុងសន្និសីទដែលរៀបចំដោយ Konrad Adenauer Stiftung
លោកបណ្ឌិត Daniel Schmücking ចងចាំថ្ងៃដំបូងដែលលោកបានមកដល់ទីក្រុងភ្នំពេញ ដោយលោកបាននិយាយថា៖ «នៅពេលដែលខ្ញុំបានមកដល់ប្រទេសកម្ពុជាដំបូង ខ្ញុំមានចំណាប់អារម្មណ៍ទៅលើប្រព័ន្ធឌីជីថលនៅទីនេះ» ហើយលោកបន្តទៀតថា៖ «ខ្ញុំគិតថា តើខ្ញុំអាចរស់នៅទីនេះដោយរបៀបណា? ប៉ុន្តែមានមនុស្សម្នាក់បានប្រាប់ខ្ញុំអំពី PassApp»។ អ្នកតំណាងប្រចាំប្រទេស នៃ Konrad Adenauer Stiftung (KAS) បានធ្វើការណែនាំនៅក្នុងពិធីសន្និសីទអំពី «ការគ្រប់គ្រងប្រព័ន្ធឌីជីថល- មេរៀនរបស់ប្រទេសអាលឺ្លម៉ង់ និងជាមាគ៌ាឆ្ពោះទៅមុខរបស់ប្រទេសកម្ពុជា» ជាមួយនឹងការណែនាំ លោកក៏បានអធិប្បាយពីវិធីប្រើប្រាស់កម្មវិធីដែលផ្តល់ភាពងាយស្រួលដល់ការរស់នៅ។
ពិធីសន្និសីទនេះបានរៀបចំដោយ German KAS ដើម្បីពង្រឹងចំណងមិត្តភាពរវាងប្រទេសអាលឺ្លម៉ង់ និងប្រទេសកម្ពុជា- ប្រទេសទាំងពីរនឹងក្លាយជាប្រទេសទទួលឥទ្ធិពលខ្លាំងពីដំណើរការប្រព័ន្ធទំនាក់ទំនង ដោយប្រទេសនីមួយៗមានវិធីសាស្ត្ររៀងៗខ្លួន។ នៅប្រទេសអាលឺ្លម៉ង់ ការបង្កើតអាជីវកម្មដូចជា ក្រុមហ៊ុនឡាន ត្រូវតែបន្ស៊ាំដំណើរការនៃការផលិត និងផលិតផលរបស់ខ្លួន។ យោងតាមលោក Mario Voigt សាស្ត្រាចារ្យនៃសាកលវិទ្យាល័យ Quadriga នៅទីក្រុងប៊ែកឡាំង បានមានប្រសាសន៍ថា ប្រទេសអាលឺ្លម៉ង់ចង់ក្លាយជា «វីរបុរស» នៃវេទិកាសេដ្ឋកិច្ច។ គំរូដែលលោកបានអភិវឌ្ឍដើម្បីផ្លាស់ប្តូរសេដ្ឋកិច្ចអឺរ៉ុបខាងលិចឆ្ពោះទៅរកឌីជីថលភាវូបនីយកម្មរួមបញ្ចូលធាតុបួនគឺ៖ ទិន្នន័យឌីជីថល ការភ្ជាប់ទំនាក់ទំនង អតិថិជនប្រើប្រាស់ដោយប្រព័ន្ធឌីជីថល និងដំណើរការដោយស្វ័យប្រវត្តិ។ ធាតុទាំងនេះគឺចាំបាច់ត្រូវតែពង្រឹង ដើម្បីឱ្យធានាបាននូវការប្រកួតប្រជែងក្នុងទីផ្សារសកល សម្រាប់ការធ្វើអាជីវកម្ម។ លោកបណ្ឌិត Voigt បកស្រាយបញ្ហានេះ ដោយលើកឧទាហរណ៍ពីប្រទេសអាលឺ្លម៉ង់៖ «មានក្រុមហ៊ុនតូចមួយមកពី ព្រៃខ្មៅ (Black Forest) ក្នុងប្រទេសអាលឺ្លម៉ង់ដែលផលិតនាឡិកាប៉ោល ដែលជាផលិតផលជាតិរបស់អាលឺ្លម៉ង់។ សម្រាប់អាលឺ្លម៉ង់ នាឡិកានេះបានក្លាយជាផលិតផលដែលគ្មានការពេញនិយមទៀតនោះទេ។ ប៉ុន្តែក្រុមហ៊ុននេះបានរកឃើញថា ប្រជាជននៅប្រទេសអាមេរិក និងសិង្ហបុរី មានការពេញនិយមជាមួយនាឡិកានេះខ្លាំងណាស់ ហើយឥឡូវនេះក្រុមហ៊ុន ធ្វើការផ្សព្វផ្សាយពាណិជ្ជកម្មនាឡិកានេះ ទៅកាន់ប្រទេសទាំងពីរនោះវិញ។» សម្រាប់សាស្ត្រាចារ្យ Voigt រឿងនេះបានបង្ហាញថា ឌីជីថលភាវូបនីយកម្មគឺមិនត្រឹមតែមានឥទ្ធិពលទៅលើក្រុមហ៊ុនធំៗនោះទេ សូម្បីតែសហគ្រិសតូចៗក៏ទទួលឥទ្ធិពលផងដែរ។
នៅចុងបញ្ចប់នៃការធ្វើបទបង្ហាញរបស់ លោកបណ្ឌិត Voigt បានពន្យល់ថា ប្រទេសអាលឺ្លម៉ង់កំពុងព្យាយាមដើម្បីក្លាយជា ប្រទេសដែលមានភាពជឿនលឿនផ្នែកសេដ្ឋកិច្ចឌីជីថល។ អ្នកជំនាញផ្នែកឌីជីថលភាវូបនីយកម្ម ដែលក៏ជាអ្នកនយោបាយសម្រាប់គ្រប់គ្រងគណបក្សអភិរក្ស (CDU) បានបង្ហាញថា រដ្ឋាភិបាលមានគម្រោងធ្វើការវិនិយោគប្រហែល ៦រយលានដុល្លារ សម្រាប់ការសាងសងហេដ្ឋារចនាសម្ព័ន្ធបែបឌីជីថល និងការណែនាំថ្មីៗនេះ ពីភ្នាក់ងារឌីជីថលថ្មីសំខាន់ៗក្នុងកម្រិតថ្នាក់ជាតិ។ នៅក្នុងប្រសាសន៍ចុងក្រោយ លោកបានភ្ជាប់ជាមួយស្ថានភាពនៃប្រទេសកម្ពុជា៖ «ខ្ញុំគិតថា កម្ពុជាត្រូវការវិធីសាស្ត្រដូចប្រទេសអាលឺ្លម៉ង់ដែរ ពីព្រោះអ្វីៗគ្រប់យ៉ាងនឹងផ្លាស់ប្តូរនៅថ្ងៃអនាគត ហើយជាមួយនឹងវិធីសាស្ត្រមួយនេះ វាអាចធ្វើឱ្យកម្ពុជាបន្ស៊ាំខ្លួនជាមួយវា។ នាពេលអនាគត វានឹងនាំកម្ពុជាទៅកាន់ឱកាសដ៏ច្រើន»។
វេទិការពិភាក្សា អំពីប្រព័ន្ធអេកូឡូស៊ីឌីជីថលនៅកម្ពុជា ដែលមានវត្តមាន លោក ស៊ុន រ៉ាពីដ អនុប្រធានវិទ្យាស្ថានជាតិប្រៃសណីយ៍ ទូរគមនាគមន៍ បច្ចេកវិទ្យាគមនាគមន៍ និងពត៌មាន (NIPTICT) បានបកស្រាយអំពីផែនការមេ ICT របស់ប្រទេសកម្ពុជាឆ្នាំ ២០១៥-២០២០ ថា រដ្ឋាភិបាលមានបំណងផ្សព្វផ្សាយពី អក្ខរកម្ម និងការចាប់ផ្តើមនៃ ICT។ ហើយវាស្ថិតនៅក្នុងដំណើរការនៃការរៀបចំគោលនយោបាយទាក់ទងនឹងប្រព័ន្ធអ៊ិនធើណេត និងឌីជីថលពាណិជ្ជកម្ម។ «ពួកយើងចង់ទាក់ទាញក្រុមហ៊ុនធំៗដូចជា Microsoft ឬក៏ Google ឱ្យមកតាំងការិយាល័យនៅប្រទេសកម្ពុជា»។ ការសាកសួរអំពីឯកជនភាព និងច្បាប់ការពារទិន្នន័យ លោក រ៉ាពីដ បន្តថា ប្រទេសកម្ពុជាគឺស្ថិតនៅក្នុងដំណាក់កាលដំបូង៖ «ពួកយើងនៅតែគិតអំពីរបៀបរៀបចំប្រព័ន្ធទំនាក់ទំនងនៅក្នុងប្រទេសកម្ពុជា។ ពួកយើងត្រូវចាប់ផ្តើមពីកម្រិតមូលដ្ឋានជាមុនសិន។» សាស្ត្រាចារ្យ Voigt បានឆ្លើយតប និងធ្វើការរិះគន់វិធីសាស្ត្រនេះ ដោយលោកគិតថា គួរតែចាប់ផ្តើមពាណិជ្ជកម្មមុន ហើយចាំកំណត់ឯកជនភាពបន្ទាប់។ ជំនួសមកវិញ វិធីសាស្ត្រទាំងនោះគឺត្រូវតែចាប់ផ្តើមក្នុងពេលតែមួយ៖ «អ្នកត្រូវតែរកដំណោះស្រាយសម្រាប់ឯកជនភាព និងការរៀបចំទិន្នន័យក្នុងប្រទេសកម្ពុជា ដូចដែលយើងបានធ្វើនៅប្រទេសអាលឺ្លម៉ង់»។
គោលដៅរបស់ KAS គឺបង្កើតកម្មវិធីសម្រាប់ផ្លាស់ប្តូររវាងប្រទេសទាំងពីរ ដែលអាចបង្រៀនគ្នាដើម្បីឆ្ពោះទៅរកភាពជោគជ័យ។ នៅក្នុងពីធីសនិ្នសីទនោះគឺជាឱកាសដ៏ល្អសម្រាប់អ្នកចូលរួមបានរៀនសូត្រអំពី ភាពជឿនលឿននៃប្រទេសអាលឺ្លម៉ង់ និងការអភិវឌ្ឍនៅក្នុងពិភពឌីជីថល។ នៅថ្ងៃអនាគត ការលើកទឹកចិត្តស្ត្រីឱ្យចូលរួមគឺជាអ្វីដែលយើងចង់បាន។ អ្នករៀបចំកម្មវិធីនេះបានពន្យល់ថា អវត្តមានស្ត្រីក្នុងកិច្ចពិភាក្សានេះ ដោយសារតែការបោះបង់ចោលនៅនាទីចុងក្រោយនៃអ្នកចូលរួម។ មួយវិញទៀត ការផ្តោតសំខាន់ខ្លាំងទៅលើទស្សនៈរបស់ប្រជាជនជាជាងទស្សនៈរបស់អ្នកជំនួញ គឺគួរឱ្យចាប់អារម្មណ៍ ជាពិសេសគឺការយល់ឃើញពីការផ្លាស់ប្តូរសម្រាប់ពលកម្មនៅក្នុងពិភពឌីជីថល។ កម្មវិធីនេះ គឺជាកម្មវិធីដែលជាការរៀបចំលើកដំបូងដោយ KAS ហើយនឹងប្រារព្ធឡើងម្តងទៀតនៅថ្ងៃអនាគត។