ទិន្នន័យ​បរិស្ថាន​ និង​ការ​វាយតម្លៃ​បរិស្ថាន​ជា​យុទ្ធសាស្ត្រ​

​រាជធានី​ភ្នំពេញ​ ថ្ងៃ​ទី​០៣​ ខែវិច្ឆិកា​ ឆ្នាំ​២០២២​ អង្គការ​ទិន្នន័យ​អំពី​ការ​អភិវឌ្ឍ​បាន​រៀបចំ​សិក្ខាសាលា​កម្រិត​បច្ចេកទេស​ស្តី​ពី​ទិន្នន័យ​បរិស្ថាន​ និង​ការ​វាយតម្លៃ​បរិស្ថាន​ជា​យុទ្ធសាស្ត្រ​។​ សិក្ខាសាលា​នេះ​ត្រូវ​បាន​គាំទ្រ​ដោយ​ទីភ្នាក់ងារ​សហរដ្ឋអាមេរិក​សម្រាប់​ការ​អភិវឌ្ឍន៍​អន្តរជាតិ​ តាម​រយៈ​អង្គការ​សុខភាព​គ្រួសារ​អន្តរជាតិ​ ក្រោម​មូលនិធិ​សម្រាប់​ចង្កោម​អង្គការ​សង្គម​ស៊ី​វិល​ពី​គម្រោង​គាំទ្រ​អង្គការ​សង្គម​ស៊ី​វិល​ និង​មូលនិធិ​ហេ​ន​រេច​បូល​ ក្រោម​គម្រោង​លើកកម្ពស់​ការ​វាយតម្លៃ​ហេតុ​ប៉ះពាល់​បរិស្ថាន​សម្រាប់​អភិបាលកិច្ច​បរិស្ថាន​ប្រកបដោយ​តម្លាភាព​ និង​ឆ្លើយ​តប​កាន់តែ​ច្រើន​នៅ​កម្ពុជា​។​ សិក្ខាសាលា​នេះ​មាន​គោលបំណង​៖

  • លើកកម្ពស់​ការ​យល់​ដឹង​ពី​ការ​វាយតម្លៃ​បរិស្ថាន​ជា​យុទ្ធសាស្ត្រ​ ក្នុង​ចំណោម​អង្គការ​សង្គម​ស៊ី​វិល​ ពលរដ្ឋ​សារព័ត៌មាន​ ជនជាតិ​ដើម​ភាគតិច​ និង​អ្នក​ស្រាវជ្រាវ​
  • ​ពិភាក្សា​ និង​បង្ហាញ​ពី​បច្ចុប្បន្នភាព​នៃ​ការ​វាយតម្លៃ​បរិស្ថាន​ជា​យុទ្ធសាស្ត្រ​នៅ​ប្រទេស​កម្ពុជា​
  • កំណត់​សក្តានុពល​នៃ​ការ​រួម​ប​ញ្ជូ​ល​ការ​វាយតម្លៃ​បរិស្ថាន​ជា​យុទ្ធសាស្ត្រ​នៅ​ក្នុង​ការ​គ្រប់គ្រង​បរិស្ថាន​ និង​ធនធានធម្មជាតិ​។​

​ព្រឹត្តិការណ៍​នេះ​មាន​អ្នកចូលរួម​ចំនួន​ ៣២​នាក់​ (​ស្រី​ ១១​នាក់​)​ មក​ពី​ក្រសួងផែនការ​ អង្គការ​មូលនិធិ​សកល​សម្រាប់​អភិរក្ស​ធម្មជាតិ​ អង្គការ​សមាគម​អភិរក្ស​សត្វព្រៃ​ អង្គការ​សុខភាព​គ្រួសារ​អន្តរជាតិ​ អង្គការក្រៅរដ្ឋាភិបាល​ជាតិ​ និង​អន្តរជាតិ​ដទៃ​ទៀត​​ អង្គការ​សហគមន៍​មូលដ្ឋាន​​ អ្នក​សារព័ត៌មាន​ អ្នក​ស្រាវជ្រាវ​ និង​ជនជាតិ​ដើម​ភាគតិច​។​

​ការ​វាយតម្លៃ​ហេតុ​ប៉ះពាល់​បរិស្ថាន​ និង​ការ​វាយតម្លៃ​បរិស្ថាន​ជា​យុទ្ធសាស្ត្រ​

​លោក​ ធី​ ទ្រី​ នាយក​ប្រតិបត្តិ​នៃ​អង្គការ​ទិន្នន័យ​អំពី​ការ​អភិវឌ្ឍ​ និង​លោក​ MATHEW​ Baird​ នាយក​វិទ្យាស្ថាន​ស្រាវជ្រាវ​អាស៊ី​សម្រាប់​ច្បាប់បរិស្ថាន​ បាន​លើក​ឡើង​ពី​ភាព​ខុស​គ្នា​រវាង​ការ​វាយតម្លៃ​ហេតុ​ប៉ះពាល់​បរិស្ថាន​ និង​ការ​វាយតម្លៃ​បរិស្ថាន​ជា​យុទ្ធសាស្ត្រ​ក៏​ដូច​ជា​នីតិវិធី​មួយ​ចំនួន​។​ ជា​ទូទៅ​ គម្រោង​អភិវឌ្ឍន៍​ជំរុញ​ឱ្យ​មានការ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​ ប៉ុន្តែ​យើង​មិន​គួរ​ធ្វេសប្រហែស​ ឬ​ព្រងើយកន្តើយ​ចំពោះ​ផល​ប៉ះពាល់​ដល់​បរិស្ថាន​ និង​សង្គម​ឡើយ​។​ ការ​វាយតម្លៃ​បរិស្ថាន​ជា​យុទ្ធសាស្ត្រ​រួម​បញ្ចូល​ការ​ពិចារណា​អំពី​បរិស្ថាន​ទៅ​ក្នុង​គោលនយោបាយ​ ផែនការ​ និង​កម្មវិធី​។​ វា​ត្រូវ​បាន​ប្រើប្រាស់​ដើម្បី​ប៉ាន់​ប្រមាណ​ និង​វាយតម្លៃ​ផលវិបាក​នៃ​ការ​អភិវឌ្ឍជាក់លាក់​នៃ​នយោបាយ​ ផែនការ​ និង​កម្មវិធី​។​ វា​មាន​ន័យ​ថា​គម្រោង​អភិវឌ្ឍន៍​មិន​ទាន់​បាន​ទទួល​បាន​យល់ព្រម​ពី​រាជរដ្ឋាភិបាល​នៅឡើយ​ទេ​។​ រដ្ឋាភិបាល​នឹង​សម្រេច​ថា​តើ​គម្រោង​នេះ​អាច​អនុវត្ត​ ឬ​វិនិយោគ​នៅ​ក្នុង​តំបន់​នោះ​បាន​ដែរ​ឬទេ​។​ ការ​វាយតម្លៃ​បរិស្ថាន​ជា​យុទ្ធសាស្ត្រ​ គឺ​ធ្វើ​ឡើង​មុន​ពេលធ្វើការ​វាយតម្លៃ​ហេតុ​ប៉ះពាល់​បរិស្ថាន​។​ ជា​ទូទៅ​ការ​វាយតម្លៃ​បរិស្ថាន​ជា​យុទ្ធសាស្ត្រ​កើតឡើង​មុន​ការ​សម្រេចចិត្ត​សំខាន់ៗ​ទាំងអស់​ដែល​ផ្តល់​អត្ថប្រយោជន៍​សំខាន់ៗ​ ដែល​ផ្ទុយ​ទៅ​នឹង​ការ​វាយតម្លៃ​ហេតុ​ប៉ះពាល់​បរិស្ថាន​ដែល​ធ្វើ​ឡើង​បន្ទាប់​ពី​ការ​សម្រេចចិត្ត​។​ ​ដើម​ឡើយ​ ​ការ​វាយតម្លៃ​បរិស្ថាន​ជា​យុទ្ធសាស្ត្រ​​ត្រូវបាន​ធ្វើ​ឡើង​​​​ដើម្បី​បំពេញ​ចន្លោះ​ខ្វះខាត​របស់​ការ​វាយតម្លៃ​ហេតុ​ប៉ះពាល់​បរិស្ថាន​ ដោយ​សារ​តែ​ភាពនៅ​​​មាន​កម្រិត​​របស់​វា​​ក្នុង​ការ​​ធ្វើ​សមាហរណកម្ម​​គោលនយោបាយ​បរិស្ថាន​នៅ​កម្រិត​យុទ្ធសាស្ត្រ​ ជា​ពិសេស​នៅ​កំឡុង​ពេល​ធ្វើ​គោ​លន​យោ​បាល​ និង​ផែនការ​។​ សមត្ថភាព​នៃ​ការ​វាយតម្លៃ​ហេតុ​ប៉ះពាល់​បរិស្ថាន​ក្នុង​ការ​គណនា​ឥទ្ធិពល​របស់​គម្រោង​នៅ​មាន​កម្រិត​នៅឡើយ​។​ ការ​វាយតម្លៃ​បរិស្ថាន​ជា​យុទ្ធសាស្ត្រ​ជា​ដំណើរការ​ពហុ​ដំណាក់​កាលដែល​ផ្តោត​លើ​និរន្តរភាព​ ប្រើ​វិធីសាស្ត្រ​សកម្មមុន​​ចំពោះ​សកម្មភាព​អភិវឌ្ឍន៍​ទាំងអស់​ ដោយ​កំណត់​អត្តសញ្ញាណ​ឧបសគ្គ​សំខាន់ៗ​ មុន​ពេល​ការ​អនុម័ត​ចុង​ក្រោយ​។​ ការ​ចូលរួម​ជា​សាធារណៈ​គឺជា​ចំណុច​សំខាន់​ ហើយ​វា​ត្រូវ​តែ​បញ្ចូល​ទៅ​ក្នុង​ដំណើរការ​ទាំង​ការ​វាយតម្លៃ​បរិស្ថាន​ជា​យុទ្ធសាស្ត្រ​ និង​ការ​វាយតម្លៃ​ហេតុ​ប៉ះពាល់​បរិស្ថាន​។​ ពួក​វា​បំពេញ​គ្នា​ទៅ​វិញ​ទៅ​មក​ និង​​ចាំបាច់​ត្រូវ​មាន​​ទាំង​ពីរ​។​

លោក​ ធី​ ទ្រី​ ក៏​បាន​បង្ហាញ​វី​ដេ​អូ​អំពី​ UNECE​ SEA​ ដែល​បាន​បង្កើត​ឡើង​ដោយ​គណៈកម្មការ​សេដ្ឋកិច្ច​របស់​អង្គការសហប្រជាជាតិ​សម្រាប់​អឺរ៉ុប​ ដែល​ជា​ផ្នែក​មួយ​នៃ​កម្មវិធី​ដែល​ផ្តល់​មូលនិធិ​ដោយ​សហភាព​អឺរ៉ុប​ “Greening​ the​ Economies​ in​ the​ European​ Neighborhood”​។​ ពិធីសារ​នេះ​បង្កើត​នូវ​នីតិវិធី​ច្បាស់លាស់​ និង​តម្លាភាព​សម្រាប់​ការ​បញ្ចូល​បញ្ហា​បរិស្ថាន​ និង​សុខភាព​ទៅ​ក្នុង​ផែនការអភិវឌ្ឍន៍​ជាតិ​ កម្មវិធី​ និង​ច្បាប់​។​

​ផែនការ​រៀបចំ​ដែនដី​ និង​វិធីសាស្ត្រ​រួម​បញ្ចូល​តំបន់​ទេសភាព​

លោក​ សេង​ ទៀក​ នាយក​ប្រចាំ​ប្រទេស​នៃ​អង្គការ​មូលនិធិ​សកល​សម្រាប់​អភិរក្ស​ធម្មជាតិ​ បាន​ធ្វើ​បទ​បង្ហាញ​ពី​ការ​អនុវត្ត​សំខាន់​មួយ​ដែល​មានឈ្មោះ​ថា​ “​ផែនការ​រៀបចំ​ដែនដី​ខេត្តមណ្ឌលគិរី​”​។​ លោក​បាន​គូសបញ្ជាក់​ពី​ការ​វិភាគ​ផ្អែក​លើ​សេណា​រី​យ៉ូ​ឆ្នាំ​២០៤០​ សម្រាប់​ខេត្ត​ ដោយ​បែងចែក​ជា​បី​សេណា​រី​យ៉ូ​គឺ​ ការ​អភិរក្ស​ សេដ្ឋកិច្ច​បៃតង​ និង​អាជីវកម្ម​ដូច​ធម្មតា​។​ សេណា​រី​យ៉ូ​ទី​មួយ​ “​ការ​អភិរក្ស​”​ អាច​រក្សា​គម្រប​ព្រៃឈើ​ក្នុង​ខេត្តមណ្ឌលគិរី​រហូត​ដល់​ ៨៥​ភាគរយ​ ដោយ​ការពារ​ជា​ចម្បង​នូវ​ព្រៃឈើ​ទាំងអស់​ក្នុង​ និង​ក្រៅ​តំបន់​ការពារ​ និង​ការ​ប្រើប្រាស់​តំបន់​មិនមែន​ព្រៃឈើ​សម្រាប់​តំបន់កសិកម្ម​ និង​អភិវឌ្ឍន៍​។​ សេណា​រី​យ៉ូ​ទី​ពីរ​ “​សេដ្ឋកិច្ច​បៃតង​”​ ការពារ​តែព្រៃ​ឈើ​នៅ​ក្នុង​តំបន់​ការពារ​ ចំណែក​ព្រៃឈើ​នៅ​ខាងក្រៅ​តំបន់​ការពារ​ និង​តំបន់​មិនមែន​ព្រៃឈើ​ត្រូវ​ប្រើប្រាស់​សម្រាប់​តំបន់​អភិវឌ្ឍន៍​កសិកម្ម​។​ តាម​រយៈ​ការ​ធ្វើ​ដូច្នេះ​ គម្រប​ព្រៃឈើ​អាច​នៅ​សល់​ ៥៣​ភាគរយ​ នៅ​ឆ្នាំ​២០៤០​។​ សេណា​រី​យ៉ូ​ចុង​ក្រោយ​ “​អាជីវកម្ម​ដូច​ធម្មតា​”​ នឹង​មិន​អនុវត្ត​ការ​ការពារ​ព្រៃឈើ​ទេ​ ហើយ​គម្រប​ព្រៃឈើ​អាច​នឹង​នៅ​មាន​ត្រឹមតែ​ ៣៤​ភាគរយ​ប៉ុណ្ណោះ​។​ សរុប​មក​ សេណា​រី​យ៉ូ​ទី​ពីរ​គឺ​នឹង​ប្រើ​សម្រាប់​ផែនការ​ដែនដី​សម្រាប់​ខេត្តមណ្ឌលគិរី​ ហើយនឹង​ត្រូវ​អនុម័ត​ក្នុង​ពេល​ឆាប់ៗ​នេះ​។​

ផែនការ​ដែនដី​គឺ​មាន​សារៈសំខាន់​ណាស់​ ព្រោះ​វា​មាន​សក្តានុពល​ក្នុង​ការ​ផ្តល់​នូវ​គោលការណ៍​អភិវឌ្ឍន៍​ប្រកបដោយ​ប្រសិទ្ធភាព​ និង​ឧបករណ៍​សម្រាប់​ធ្វើ​សេចក្តី​សម្រេចចិត្ត​ដែល​មាន​ព័ត៌មាន​ និង​ដំណើរការ​អភិវឌ្ឍន៍​ភូមិសាស្ត្រ​ ដើម្បី​លើកកម្ពស់​ការ​អភិវឌ្ឍ​ដែនដី​ប្រកបដោយ​តុល្យភាព​។​ ការ​ធ្វើ​ផែនការ​អាច​ធ្វើ​ឡើង​ដោយ​អនុវត្ត​តាម​ជំហាន​សំខាន់ៗ​ រួម​ទាំង​ការ​បង្កើត​វេទិកា​ពហុភាគី​ ការ​បង្កើន​ការ​យល់​ដឹង​រួម​គ្នា​ ការ​ធ្វើ​ផែនការ​សហការ​ ការ​អនុវត្ត​ ការ​ត្រួតពិនិត្យ​សម្រាប់​ការ​គ្រប់គ្រង​ការ​សម្រប​ខ្លួន​ និង​គណនេយ្យ​ភាព​ និង​ការ​រៀបចំ​បរិបទ​។​

សក្តានុពល​នៃ​ការ​រួម​បញ្ចូល​ការ​វាយតម្លៃ​បរិស្ថាន​ជា​យុទ្ធសាស្ត្រ​ និង​ឥទ្ធិពល​របស់​វា​លើ​ការ​គ្រប់គ្រង​ធនធានធម្មជាតិ​

ឯកឧត្តម​ ណោ​ វ៉ា​ន់​ឌី​ ប្រធាន​នាយកដ្ឋាន​ស្ថិតិ​សេដ្ឋកិច្ច​ នៃ​វិទ្យាស្ថាន​ជាតិ​ស្ថិតិ​របស់​ក្រសួងផែនការ​ និង​លោក​ សាន​ វណ្ណ​រិ​ទ្ធិ​ ប្រធាន​នាយកដ្ឋាន​ផែនការ​វិនិយោគ​ នៃ​ក្រសួងផែនការ​ បាន​លើក​ឡើង​ពី​របៀប​ដែល​ក្រសួង​កំណត់​បញ្ហា​បរិស្ថាន​ និង​ទិន្នន័យ​បរិស្ថាន​នៅ​ក្នុង​ផែនការអភិវឌ្ឍ​។​

​ការ​ដាក់​បញ្ចូល​បញ្ហា​បរិស្ថាន​នៅ​ក្នុង​ផែនការអភិវឌ្ឍ​គឺជា​ដំណាក់កាល​ដំបូង​ ហើយ​ប្រទេស​ទាំងអស់​គួរតែ​ធ្វើ​វា​។​ បញ្ហា​បរិស្ថាន​គួរ​តែ​ត្រូវ​បាន​ដាក់​បញ្ចូល​នៅ​ក្នុង​ផែនការអភិវឌ្ឍ​រយៈ​​ពេល​វែង​ និង​មធ្យម​ ដូច​ជា​ ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ​ និង​ផែនការអភិវឌ្ឍន៍​តាម​វិស័យ​។​ គេ​សង្កេត​ឃើញ​ថា​ការ​ដាក់​បញ្ចូល​បញ្ហា​បរិស្ថាន​ក្នុង​ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ​ (២០១៤-២០១៨)​ កន្លង​មក​មាន​តិចតួច​តែ​ប៉ុន​ណ្ណោះ​ ហើយ​បញ្ហា​នេះ​មិន​ទទួល​បានការ​យកចិត្តទុកដាក់​ខ្លាំង​នោះ​ទេ​។​ រដ្ឋាភិបាល​បាន​គិតគូរ​ និង​បន្ថែម​បញ្ហា​បរិស្ថាន​បន្ថែម​ទៀត​ក្នុង​ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ​ថ្មី​ (២០១៩-២០២៣)​។​ យ៉ាង​ណា​មិញ​ ​ជំពូក​ទី​៤​ (៤.៤២)​ នៃ​ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ​ ​ក៏​បាន​​រំលេច​​ពី​​ ​”ការ​​លើកកម្ពស់​ការ​រួម​បញ្ចូល​ការ​វាយតម្លៃ​បរិស្ថាន​ជា​យុទ្ធសាស្ត្រ​នៅ​ក្នុង​ដំណើរការ​ធ្វើ​សេចក្តី​សម្រេចចិត្ត​ គោលនយោបាយ​ ផែនការ​ និង​ឯកសារ​ច្បាប់​ ដើម្បី​ធានា​និរន្តរភាព​នៃ​បរិស្ថាន​ និង​ធនធានធម្មជាតិ​។​”