ឧបករណ៍អាយស៊ីធីសម្រាប់ការងារ និងគមនាគមន៍អំឡុងពេលធ្វើការពីផ្ទះ
ពិភពលោកត្រូវបានរំខាន និងតក់ស្លុតដោយសារវិបត្តិវីរុសកូរ៉ូណា ហើយវាត្រូវបានគេស្គាល់ផងដែរថាជា មេរោគកូវីដ-១៩។ ជំងឺរាតត្បាតជាសកលនេះបានជះឥទ្ធិពលដល់ស្ថាប័ន ឧស្សាហកម្មទាំងអស់ ដែលធ្វើឱ្យពួកគេមានការលំបាកក្នុងការអនុវត្តការងារជាធម្មតារបស់ពួកគេ។ ជំងឺរាតត្បាតកូវីដ-១៩ នៅប្រទេសកម្ពុជាក៏ជាផ្នែកមួយនៃការរីករាលដាលនៃជំងឺរាតត្បាតនៅទូទាំងពិភពលោកផងដែរ។ ករណីទី ១ នៅកម្ពុជាត្រូវបានបញ្ជាក់នៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២០។ យោងតាមរបាយការណ៍សន្ទស្សន៍សុវត្ថិភាពសុខភាពសកលឆ្នាំ២០១៩ ប្រទេសកម្ពុជាជាប់ចំណាត់ថ្នាក់ទី៨៩ ក្នុងចំណោម១៩៥ ប្រទេស ក្នុងការត្រៀមខ្លួន សម្រាប់ការផ្ទុះជំងឺឆ្លង។ ក្នុងការឆ្លើយតបក្នុងស្ថានការណ៍នេះ អង្គការទិន្នន័យអំពីការអភិវឌ្ឍ បានបង្កើនគោលនយោបាយការងារពីចម្ងាយ ដែលអនុញ្ញាតឱ្យនិយោជិកធ្វើការពីផ្ទះ ក្នុងគោលបំណងរារាំងរាល់ការរំខានដល់ ប្រតិបត្តិការប្រចាំថ្ងៃ និងសំខាន់ជាងនេះទៀត ដើម្បីបញ្ឈប់ការរីករាលដាលនៃមេរោគកូវីដ-១៩។
ការផុសឡើងនៃឌីជីថល
យ៉ាងណាក៏៏ដោយការងារពីចម្ងាយមិនមែនគ្មានបញ្ហានោះទេ។ ជាពិសេសសម្រាប់ផ្នែកព័ត៌មានវិទ្យា និងធនធានមនុស្សនៅក្នុងស្ថាប័នរបស់ខ្ញុំ ដែលត្រូវគ្រប់គ្រង និងដាក់ចេញនូវវិធានការធ្វើការថ្មី។ ទាំងនេះដើម្បីធានាថានិយោជិកទាំងអស់រក្សាបាននូវផលិតភាព បើទោះបីពួកគេមិននៅក្នុងការិយាល័យក៏ដោយ។ ចំពោះផ្នែកធនធានមនុស្សត្រូវធ្វើការរៀបចំគោលនយោបាយ និងគូសបញ្ជាក់ពី គោលការណ៍ណែនាំ ដែលបុគ្គលិកគួរអនុវត្តតាមនៅពេលពួកគេចាប់ផ្តើមធ្វើការពីទីតាំងផ្សេងៗគ្នា និងរៀបចំគោលការណ៍ណែនាំខ្លួនឯងឱ្យឆ្ងាយពីគ្នាប្រសិនបើពួកគេចូលធ្វើការនៅការិយាល័យ។ សម្រាប់ក្រុមព័ត៌មានវិទ្យាក្នុងស្ថាប័នរបស់ខ្ញុំ ការទទួលខុសត្រូវ គឺត្រូវធានាឱ្យបានថាឧបករណ៍បច្ចេកវិទ្យា និងប្រព័ន្ធបណ្តាញផ្សេងៗ ត្រូវបានរៀបចំត្រឹមត្រូវដើម្បីតាមដានការអនុវត្ត ត្រួតពិនិត្យលទ្ធផល និងអនុញ្ញាតឱ្យបុគ្គលិកធ្វើការដោយគ្មានការរំខាន។ ក្នុងស្ថានភាពនេះយើងអាចនិយាយបានថា អាយស៊ីធី គឺជាវីរៈបុរសដែលនៅពីក្រោយរលកថ្មីនៃ “ការផុសឡើងនៃឌីជីថល” និងការលើកកម្ពស់នូវការយល់ដឹងនៅជុំវិញសកលលោក។
ចំណាប់អារម្មណ៍នៅក្នុងបច្ចេកវិទ្យាព័ត៌មាន និងគមនាគមន៍ (អាយស៊ីធី)
ទាក់ទងនឹងការងាររបស់ខ្ញុំជាមួយប្រព័ន្ធព័ត៌មានភូមិសាស្ត្រ (GIS) ខ្ញុំបានប្រើកម្មវិធីដែលផ្តល់ឱ្យប្រើប្រាស់ដោយសេរី ដែលមានឈ្មោះថា QGIS និងកម្មវិធីអាជ្ញាប័ណ្ណផ្សេងៗទៀតសម្រាប់អាជីពរបស់ខ្ញុំ។ វាមិនមានផលប៉ះពាល់អ្វីច្រើនដល់ក្រុម GIS របស់ខ្ញុំទេ ព្រោះយើងធ្លាប់ធ្វើការជាមួយកម្មវិធីទាំងនោះ និងស្រាវជ្រាវនូវទិន្នន័យនានា ដើម្បីដាក់បញ្ជូលទៅក្នុងគេហទំព័ររបស់ស្ថាប័នអង្គការទិន្នន័យអំពីការអភិវឌ្ឍ។ ប៉ុន្តែបញ្ហាប្រឈមគឺ របៀបដែលយើងគ្រប់គ្រងវា និងវិធីដែលយើងត្រូវប្រើឧបករណ៍បច្ចេកវិទ្យាព័ត៌មាន ដើម្បីទំនាក់ទំនងគ្នា។ ក្នុងអំឡុងពេលនៃជំងឺរាតត្បាតយើងមិនអាចជួបគ្នាដោយផ្ទាល់ទៀតនោះទេ ដូច្នេះយើងប្រើប្រាស់ឧបករណ៍ទំនាក់ទំនងតាមអ៊ិនធឺណេតដូចជា Skype, Google Meet, Slack, Jitsi, Github, Zoom, Gitter, Telegram, Facebook ជាដើម។ ពេលខ្លះខ្ញុំមានអារម្មណ៍ថាវាច្រើនពេកក្នុងការឆ្លើយតបទៅនឹងបណ្តាញទំនាក់ទំនងទាំងអស់នោះ ប៉ុន្តែនេះគឺជាអ្វីដែលយើងហៅថាបច្ចេកវិទ្យាដែលវាកំពុងផ្តល់ជូននូវជម្រើសជាច្រើន ដែលយើងអាចជ្រើសរើស ស្វែងយល់ និងកំណត់ថាតើយើងនឹងប្រើវានៅពេលណាហើយឧបករណ៍ណាដែលសាកសមនឹងយើង។
ឧបករណ៍សហការសម្រាប់ផលិតភាពក្រុមការងារ
ចាប់តាំងពីការប្រាស្រ័យទាក់ទងជាមួយមិត្តរួមការងាររបស់ខ្ញុំបានផ្លាស់ប្តូរ ឧបករណ៍ធ្វើសន្និសីទវីដេអូគឺជាជម្រើសដ៏ល្អបំផុតសម្រាប់ការប្រជុំគ្នា។ មានជម្រើសជាច្រើនសម្រាប់ឧបករណ៍សហការជាក្រុម ដើម្បីរៀបចំការហៅជាវីដេអូ។ កាលពីមុនយើងចូលចិត្តប្រើ Skype ហើយថ្មីៗនេះយើងបានសាកល្បងប្រើឧបករណ៍ផ្សេងទៀតដូចជា Zoom និង Jitsi Meet ។ ខ្ញុំយល់ថាវាជាដំណោះស្រាយល្អប្រសើរ ប៉ុន្តែវានៅតែអាស្រ័យលើបណ្តាញអ៊ីនធឺណេត ហើយបញ្ហាប្រឈមនៅក្នុងការជជែកគ្នាជាក្រុមពីចម្ងាយនឹងមិនរលាយបាត់ឡើយ។ ដូច្នេះយើងមានឧបករណ៍សហការបន្ទាន់ និងការកត់ត្រាមួយចំនួនទៀតដូចជា E-mail, Slack, Github, Wiki, Google Docs ជាដើម សម្រាប់កត់សំគាល់រាល់បញ្ហាប្រឈមនានា និងបញ្ហាផ្សេងៗទៀត។ ខ្ញុំមិនអាចរៀបរាប់លំអិតពីឧបករណ៍ទាំងអស់ដែលយើងបានប្រើនោះទេ ប៉ុន្តែខ្ញុំបានរាយការណ៍នូវឧបករណ៍មួយចំនួនដែលខ្ញុំទើបប្រើប្រាស់ជាមួយក្រុមការងាររបស់ខ្ញុំ។ ខ្ញុំនៅតែកោតសរសើរថាបច្ចេកវិទ្យាផ្តល់ជម្រើសច្រើនក្រៃលែង និងជួយខ្ញុំច្រើនក្នុងការធ្វើការពីចម្ងាយ។ ខ្ញុំក៏កោតសរសើរមិត្តរួមការងាររបស់ខ្ញុំចំពោះការប្តេជ្ញាចិត្តចូលរួមដ៏ល្អបំផុត។ យើងមិនអាចសហការគ្នាបានទេប្រសិនបើយើងមិនមានទំនាក់ទំនង និងការចូលរួម។
សន្តិសុខ និងឯកជនភាពក្នុងយុគសម័យឌីជីថល
នៅក្នុងយុគសម័យឌីជីថលសព្វថ្ងៃ ក្រុមអ្នកបច្ចេកទេស និងអ្នកជំនាញផ្នែកព័ត៌មានវិទ្យា មិនត្រឹមតែជាអ្នកដែលត្រូវព្រួយបារម្ភអំពីសន្តិសុខតាមអ៊ីនធឺណិតនោះទេ។ ជាការពិតសន្តិសុខ សុវត្ថិភាព និងឯកជនភាពគឺជាបញ្ហាដែលមនុស្សគ្រប់គ្នាត្រូវយល់ដឹងជាពិសេសអ្នកដែលធ្វើការខាងផ្នែកទំនាក់ទំនង។ នៅក្នុងអង្គការរបស់ខ្ញុំ ក៏មានវគ្គចែករំលែកសម្រាប់គ្រប់គ្នាដើម្បីយល់អំពីសុវត្ថិភាពតាមអ៊ីនធឺណិត ការការពារទិន្នន័យ និងព័ត៌មានផ្ទាល់ខ្លួនរបស់យើង។ តាមរយៈការចែករំលែកខ្ញុំដឹងថាខ្ញុំត្រូវមានវិធានការការពារលេខសម្ងាត់ផ្ទាល់ខ្លួនរបស់ខ្ញុំ ប្រើប្រាស់ WiFi ផ្ទាល់ខ្លួន ធ្វើបច្ចុប្បន្នភាពកម្មវិធីកំចាត់មេរោគក្នុងកុំព្យូទ័ររបស់ខ្ញុំ និងជៀសវាងការក្លែងបន្លំណាមួយតាមរយៈអ៊ីម៉ែល ឬការបើកមើលគេហទំព័រ។ ខ្ញុំមានអារម្មណ៍ថាមានសុវត្ថិភាព និងនូវតែរក្សាបាននូវទំនាក់ទំនងល្អជាមួយក្រុមគ្រួសារ មិត្តភក្តិ និងមិត្តរួមការងារ ទោះបីជាខ្ញុំស្ថិតនៅដាច់ដោយឡែក និងធ្វើការងារពីផ្ទះក្នុងអំឡុងពេលនៃការរីករាលដាលនៃមេរោគកូវីដ-១៩នេះក៏ដោយ។
ប្លុកសរសេរដោយ៖ លោក ឡុច កល្យាណ អ្នកសម្របសម្រួលផ្នែកស្រាវជ្រាវទិន្នន័យ និង GIS នៃអង្គការទិន្នន័យអំពីការអភិវឌ្ឍ (អូឌីស៊ី)។