Ideathon៖​ ការ​កសាង​ទំនុកចិត្ត​តាម​រយៈ​គំនិត​

ខ្ញុំ​ចាំ​បាន​យ៉ាង​ច្បាស់​។​ ប្រហែល​ពីរ​ឆ្នាំ​មុន​ បន្ទាប់​ពី​ទើប​បញ្ចប់​ថ្នាក់​វិទ្យាល័យ​ ខ្ញុំ​បាន​ព្យាយាម​ដាក់​ពាក្យ​ចូល​កម្មវិធី​ផ្លាស់​ប្តូរ​ និង​អាហារូបករណ៍​ទៅ​ក្រៅប្រទេស​ជា​លើក​ដំបូង​។​ ខ្ញុំ​មាន​អារម្មណ៍​រំភើប​ផង​ ភ័យ​ខ្លាច​ផង​ និង​មាន​ក្តី​សង្ឃឹម​ក្នុង​ពេល​តែ​មួយ​។​ ប៉ុន្តែ​ ខ្ញុំ​មិន​ទាន់​បាន​ដាក់​ពាក្យ​សូ​ម្បី​តែ​មួយ​ផង​។​ មិនមែន​ព្រោះ​ខ្ញុំ​ខ្ជិល​ ឬ​ខ្លាច​ទេ​ ប៉ុន្តែ​ដោយសារ​សំណួរ​មួយ​៖​ «​សូម​ប្រាប់​អំពី​បទ​ពិសោធន៍​ និង​សមិទ្ធផល​នៃ​​សកម្មភាព​សិក្សា​បន្ថែម​ក្រៅ​កម្មវិធី​សិក្សា​របស់​អ្នក​»​។​ ខ្ញុំ​គាំង​គំនិត​ចំ​ពោះ​សំណួរ​នោះ​។​ ខ្ញុំ​មិន​មានបទពិសោធន៍​អ្វី​ឡើយ​ ហើយ​វា​បាន​ប៉ះពាល់​ចិត្ត​ខ្ញុំ​យ៉ាង​ខ្លាំង​។​ ចាប់ពី​ពេល​នោះ​មក​ ខ្ញុំ​បាន​សម្រេចចិត្ត​មិន​អោយ​ឱកាស​រួច​ផុត​ពី​ដៃ​ទៀត​ឡើយ​។​ ខ្ញុំ​ចាប់ផ្តើម​ចូលរួម​ក្នុង​ការងារ​ស្ម័គ្រចិត្ត​ សកម្មភាព​សិក្សា​បន្ថែម​ក្រៅ​កម្មវិធី​សិក្សា​ ព្រឹត្តិការណ៍​ និង​ការ​ប្រកួត​ផ្សេងៗ​។​ ទោះបីជា​យ៉ាងណា​ ម្តង​ហើយ​ម្តងទៀត​ ខ្ញុំ​តែង​មាន​អារម្មណ៍​វិជ្ជមាន​ពេល​ចូលរួម​ ប៉ុន្តែ​លទ្ធផល​ដែល​ទទួល​បាន​វិញ​គឺ​ដដែល​ការ​បរាជ័យ​។​

ចុង​ក្រោយ​ ខ្ញុំ​បាន​ប្រាប់​ខ្លួនឯង​ឱ្យ​បោះបង់​ ហើយ​ខ្ញុំ​ក៏​បាន​ធ្វើ​ដូច្នោះ​។​ រហូត​ដល់​ព្រឹក​មួយ​ ខ្ញុំ​បានឃើញ​សេចក្តី​ប្រកាស​ពី​ អង្គការ​ទិន្នន័យ​អំពី​ការ​អភិវឌ្ឍ​ (​អូ​ឌី​ស៊ី​)​ អំពី​ការ​ប្រកួត​ «Ideathon​ អំពី​បញ្ញា​សិប្បនិម្មិត​សម្រាប់​បរិ​យា​ប័ន្ន​យេ​ន​ឌ័​រ​»​។​ ខ្ញុំ​បាន​ផ្ញើ​វា​ទៅ​មិត្តភក្តិ​របស់ខ្ញុំ​ភ្លាមៗ​ ដោយ​មិន​បាន​រំពឹង​អ្វី​ច្រើន​ទេ​។​ នៅ​ពេល​នោះ​ ពួក​យើង​ក៏​មិន​ទាន់​មានគំនិត​សម្រាប់​ Ideathon​ ផង​ដែរ​ ប៉ុន្តែ​យើង​ក៏​សម្រេចចិត្ត​ជួប​គ្នា​ នៅ​យប់​ចុង​ក្រោយ​មុន​ថ្ងៃ​ផុតកំណត់​ដាក់​ពាក្យ​។​ បន្ទាប់​ពី​អាន​បញ្ហា​ដែល​បាន​ផ្ដល់​ឡើង​វិញ​ ពួក​យើង​បាន​រក​ឃើញ​គំនិត​មួយ​ដែល​ទាក់ទាញ​ចិត្ត​យ៉ាង​ខ្លាំង​ គឺ​ «​តើ​យើង​អាច​ទប់ស្កាត​ភាព​លំអៀង​យេ​ន​ឌ័​រ​ នៅ​ក្នុង​ទិន្នន័យ​ អាល់​ហ្គូ​រី​ធ​ម​ និង​ការ​សម្រេចចិត្ត​របស់​បញ្ញា​សិប្បនិម្មិត​ (AI)​ ដោយ​របៀប​ណា?​»​។​

ពួក​យើង​បាន​គិត​ឃើញ​គំនិត​មួយ​ គឺ​បង្កើត​ឧបករណ៍​សម្រាប់​ឱ្យ​អ្នក​ប្រើប្រាស់​អាច​សាកល្បង​ និង​ពិនិត្យ​មើល​ទិន្នន័យ​ និង​ប្រព័ន្ធ​បញ្ញា​សិប្បនិម្មិត​ (​AI)​ របស់​ពួក​គេ​ ដើម្បី​ស្វែងរក​ភាព​លំអៀង​ដែល​អាច​កើត​មាន​។​ ដោយសារ​ពេលវេលា​មាន​កំណត់​ ពួក​យើង​បាន​បែងចែក​ការងារ​យ៉ាង​ឆាប់រហ័ស​ និង​ស្រាវជ្រាវ​បន្ថែម​លើ​ប្រធានបទ​នេះ​។​ ព្រឹក​ថ្ងៃ​បន្ទាប់​ ពួក​យើង​បាន​ដាក់​ពាក្យ​ ហើយ​នៅ​ពេល​ល្ងាច​ថ្ងៃ​ដដែល​ ពួក​យើង​បាន​ទទួល​អ៊ីមែល​បញ្ជាក់​ថា​ ក្រុម​របស់​ពួក​យើង​ត្រូវ​បាន​ជ្រើសរើស​ចូល​ក្នុង​វគ្គ​ជម្រុះ​។​

ពួក​យើង​មាន​អារម្មណ៍​រំភើប​ ប៉ុន្តែ​ក៏​មានការ​ភ័យ​ខ្លាច​ផង​ដែរ​។​ ពួក​យើង​មាន​ពេល​យ៉ាង​យូរ​ ៣​ថ្ងៃ​ ដើម្បី​ត្រៀម​ការ​បង្ហាញ​ចុង​ក្រោយ​ ដែល​រួម​មាន​ស្លាយ​ អនុសាសន៍​គោលនយោបាយ​ និង​ផលិតផល​គំរូ​។​ លើស​ពី​នេះ​ទៅ​ទៀត​ ខ្ញុំ​ក៏​មានការ​ប្រឡង​នៅ​សាកលវិទ្យាល័យ​ក្នុង​ស​ប្ដា​ហ៍​ដូច​គ្នា​នោះ​ផង​ដែរ​។​ នោះ​ជាស​ប្ដា​ហ៍​មួយ​ដែល​មាន​សម្ពាធ​ខ្លាំង​បំផុត​ក្នុង​ជីវិត​ខ្ញុំ​ ប៉ុន្តែ​ក៏​ជាស​ប្ដា​ហ៍​ដែល​មាន​តម្លៃ​ខ្លាំង​បំផុត​ផង​ដែរ​។​ ក្នុងអំឡុងពេល​នោះ​ ពួក​យើង​ក៏​មានសំណាង​បាន​ជួប​អ្នក​ណែនាំ​របស់​ពួក​យើង​ គឺ​លោក​ Dixon​ Siu​ ដែល​បាន​គាំទ្រ​ និង​លើកទឹកចិត្ត​ពួក​យើង​យ៉ាង​ខ្លាំង​។​

នៅ​ថ្ងៃ​ប្រកួត​ ពួក​យើង​បាន​ជួប​ពិភាក្សា​ជាមួយ​អ្នក​ណែ​នាំ​​របស់​ពួក​យើង​ ហើយ​ត្រៀមខ្លួន​រួចរាល់​សម្រាប់​ការ​ធ្វើ​បទ​បង្ហាញ​។​ បន្ទាប់​ពី​បញ្ចប់​បទ​បង្ហាញ​ រឿង​ដែល​នឹក​ស្មាន​មិន​ដល់​បាន​កើតឡើង​ គឺ​គ្មាន​គណៈកម្មការ​ណា​ម្នាក់​សួរ​សំណួរ​មក​កាន់​ពួក​យើង​ឡើយ​។

បន្ទាប់​មក​ ពួក​យើង​ត្រូវ​បាន​សួរ​សំណួរតែ​​មួយ​ប៉ុណ្ណោះ​ ហើយ​ក៏​ចប់​​តែ​ម្តង​។​ នៅ​ពេល​នោះ​ ក្នុង​គំនិត​របស់​ពួក​យើង​ មាន​តែ​ពីរ​សេណា​រី​យ៉ូ​ប៉ុណ្ណោះ​៖​ ទី​មួយ​ គឺ​គណៈកម្មការ​ពិតជា​មិន​មាន​សំណួរ​ឡើយ​ ឬ​មួយទៀត​ គឺ​ពួក​យើង​បាន​​ធ្វើ​ឱ្យ​គេ​ច្របូកច្របល់​ដល់​ថ្នាក់​មិនដឹង​ថា​ត្រូវ​ចាប់ផ្តើម​ពី​ណា​ទៅ​ណា​។​ ទោះបីជា​យ៉ាងណា​ ខ្ញុំ​បាន​ព្យាយាម​មិន​គិត​ច្រើន​ពេក​។​ បន្ទាប់​មក​ គឺ​ពេល​ប្រកាស​លទ្ធផល​ ហើយ​ខ្ញុំ​មាន​អារម្មណ៍​ដូច​ត្រឡប់​ទៅ​អតីតកាល​នឹកឃើញ​ការ​បរាជ័យ​ជា​ច្រើន​ពី​មុនៗ​។​ នៅ​ពេល​ខ្ញុំ​បានឮ​ពាក្យ​ «ReFair»​ ពី​ពិធីការនី​ បេះដូង​ខ្ញុំ​លោត​ឡើង​ភ្លាមៗ​ ហើយ​ខ្ញុំ​បានដឹង​ថា​ ការ​បរាជ័យ​ជា​បន្តបន្ទាប់​បាន​បញ្ចប់​ហើយ​។​ ខ្ញុំ​រីករាយ​យ៉ាង​ខ្លាំង​ដែល​ខ្ញុំ​បាន​សម្រេចចិត្ត​ត្រឡប់​មក​វិញ​ និង​ព្យាយាម​ម្ដងទៀត​។

បន្ទាប់​ពី​ Ideathon​ ពួក​យើង​បាន​ចំណាយពេល​បន្ថែម​ក្នុង​ការ​អភិវឌ្ឍ​ផលិតផល​គំរូ​ ស្រាវជ្រាវ​បន្ថែម​ និង​កែ​លម្អ​កម្មវិធី​។​ ក្នុង​អំឡុង​ដំណើរការ​នេះ​ ពួក​យើង​បាន​យល់​ដឹង​កាន់តែ​ទូលំទូលាយ​អំពី​បញ្ហា​លំអៀង​ទិន្នន័យ​ និង​អភិវឌ្ឍ​ជំនាញ​ដើម្បី​ជួយ​ដោះស្រាយ​បញ្ហា​ទាំងនេះ​តាម​ដំណាក់កាល​។​ ពួក​យើង​ក៏​ត្រូវ​បាន​អញ្ជើញ​ដោយ​លោក​ Dixon​ ឱ្យ​បង្ហាញ​គម្រោង​ក្នុង​សិក្ខាសាលា​តាម​អ៊ីនធឺណិតរ​របស់​ Fujitsu​ ដែល​មាន​អ្នកចូលរួម​ជាង​ ៩០​នាក់​ពី​បណ្តា​ប្រទេស​ផ្សេងៗ​។​

បន្ត​ទៅ​ខែធ្នូ​ ពួក​យើង​បាន​ធ្វើ​ដំណើរ​ទៅ​ប្រទេស​សិង្ហ​បុរី​សម្រាប់​ដំណើរ​ទស្សនកិច្ច​សិក្សា​។​ ការ​ទស្សនកិច្ច​ដំបូង​គឺ​ជួប​ជាមួយ​លោក​ Adrian​ Wan​ តំណាង​ Internet​ Society​ (ISOC)​ សិង្ហ​បុរី​។​ ពួក​យើង​បាន​បង្ហាញ​គំនិត​ គម្រោង​ និង​ទទួល​បាន​មតិយោបល់​ដែល​មាន​ប្រយោជន៍​យ៉ាង​ខ្លាំង​។​ ពួក​យើង​ក៏​បាន​សិក្សា​បន្ថែម​អំពី​បេសកកម្ម​របស់​ ISOC​ ក្នុង​ការ​កាត់​បន្ថយ​គម្លាត​ឌី​ជី​ថ​ល​ និង​លើកកម្ពស់​អ៊ីនធឺណិត​ដែល​មាន​សុវត្ថិភាព​ និង​បើក​ទូលាយ​សម្រាប់​មនុស្ស​គ្រប់​គ្នា​។

ការ​ទស្សនកិច្ច​សិក្សា​បន្ទាប់​គឺ​ជួប​ជាមួយ​សាជីវកម្ម​អ៊ីនធឺណិត​ សម្រាប់​ផ្តល់​ឈ្មោះ​និង​លេខ​ (ICANN)​ សិង្ហ​បុរី​ ដែល​ពួក​យើង​ត្រូវ​បាន​ស្វាគមន៍​យ៉ាង​កក់ក្តៅ​ដោយ​អ្នកស្រី​ Athena​ Foo​។​ នៅ​ទីនោះ​ ពួក​យើង​បាន​សិក្សា​អំពី​អភិបាលកិច្ច​អ៊ីនធឺណិត​ និង​វិធីសាស្ត្រ​ចូលរួម​ពី​ភាគី​ពាក់ព័ន្ធ​ជា​ច្រើន​ ដែល​មាន​តួនាទី​សំខាន់​ក្នុង​ការ​អភិវឌ្ឍ​គោលនយោបាយ​ ដើម្បី​ធានា​ថា​ អ៊ីនធឺណិត​នៅ​តែ​មាន​ភាព​ជឿជាក់​ និង​អាច​ចូល​ប្រើ​បាន​សម្រាប់​មនុស្ស​គ្រប់​ទីកន្លែង​។​

ពួក​យើង​បាន​បញ្ចប់​ថ្ងៃ​ដំបូង​ជាមួយ​ការ​ទស្សនកិច្ច​ទៅ​កាន​មូលនិធិ​ខុន​រ៉ា​ដ​អា​ឌិន​ណៅ​អ៊ែ​រ់​ (KAS)​ សិង្ហ​បុរី​ ដែល​ជាស​ស្ថាប័ន​ស្រាវជ្រាវ​គោលនយោបាយ​របស់​អា​ល្លឺ​ម៉​ង់​។​ ពួក​យើង​បាន​ពិភាក្សា​យ៉ាង​ទូលំទូលាយ​អំពី​គោលនយោបាយ​ និង​ក្រប​ខណ្ឌ​ច្បាប់​ពាក់ព័ន្ធ​នឹង​អភិបាលកិច្ច​ទិន្នន័យ​ និង​សុវត្ថិភាពបញ្ញា​សិប្បនិម្មិត​ (​AI)​ ព្រមទាំង​សិក្សា​អំពី​វិធីសាស្ត្រ​ទិន្នន័យ​បើក​ទូលាយ​ និង​ការ​អភិវឌ្ឍ​រដ្ឋាភិបាល​ឌី​ជី​ថ​ល​របស់​សិង្ហ​បុរី​។​

ថ្ងៃ​បន្ទាប់​ ពួក​យើង​បាន​ទៅ​ទស្សនា​ក្រុមហ៊ុន​ Kontinentalist​ ដែល​ជា​ស្ថាប័ន​សរសេរ​រឿង​ផ្អែក​លើ​ទិន្នន័យ​ និង​មាន​បេសកកម្ម​ភ្ជាប់​គម្លាត​រវាង​ការ​ស្រាវជ្រាវ​ និង​សាធារណជន​។​ វា​គួរ​ឱ្យ​ចាប់អារម្មណ៍​យ៉ាង​ខ្លាំង​ក្នុង​ការ​មើលឃើញ​ថា​ ទិន្នន័យ​ដែល​ស្មុគស្មាញ​ និង​មើលទៅ​គួរ​ឱ្យ​ធុញទ្រាន់​ អាច​ត្រូវ​បាន​បំប្លែង​ទៅ​ជា​រឿង​ដែល​ទាក់ទាញ​តាម​រយៈ​ភាព​ច្នៃប្រឌិត​។​ ខ្ញុំ​បាន​ទទួល​ការ​បំផុសគំនិត​យ៉ាង​ខ្លាំង​ពី​ការងារ​របស់​ពួក​គេ​។​ វា​បាន​ធ្វើ​ឱ្យ​ខ្ញុំ​យល់​ថា​ ភាព​ច្នៃប្រឌិត​ និង​ការ​រចនា​ដែល​គិតគូរ​យ៉ាង​ម៉ត់ចត់​ អាច​កំណត់​ថា​រឿង​មួយ​នឹង​មាន​ឥទ្ធិពល​ ឬ​ត្រូវ​បាន​មើល​រំលង​។​ ពួក​យើង​ក៏​បាន​សិក្សា​ពី​ដំណើរការ​សរសេរ​សាច់​រឿង​ ចាប់ពី​ការ​ប្រមូល​ និង​សម្អាត​ទិន្នន័យ​ រហូត​ដល់​ការ​វិភាគ​ ការ​បកស្រាយ​ និង​ការ​រចនា​ទស្សនីយភាព​។​

«​ប្រទេស​​សិង្ហ​បុរី​មិន​មាន​ធនធានធម្មជាតិ​ទេ​ អ្វី​ដែល​ពួក​យើង​មាន​គឺ​ទេព​កោសល្យ​មនុស្ស​»​ នេះ​គឺជា​ការ​លើក​ឡើង​របស់​លោក​ Sengmeng​ Koo​ នាយក​ផ្នែក​អភិវឌ្ឍន៍​ទេព​កោសល្យ​បញ្ញា​សិប្បនិម្មិត​ (​AI)​ នៅ​ AI​ Singapore​។​ ប្រយោគ​នេះ​សាមញ្ញ​ ប៉ុន្តែ​មាន​អត្ថន័យ​ខ្លាំង​។​ វា​បាន​រំលឹក​ខ្ញុំ​ថា​ ទ្រព្យសម្បត្តិ​សំខាន់​បំផុត​របស់​ប្រទេស​មួយ​ មិនមែន​ជា​ធនធាន​ដែល​មាន​នោះ​ទេ​ ប៉ុន្តែ​ជា​មនុស្ស​ដែ​លា​វិនិយោគ​លើ​។​ ពួក​យើង​បានឃើញ​ការ​រីក​ចម្រើន​នៃ​ប្រព័ន្ធ​ AI​ នៅ​សិង្ហ​បុរី​ និង​វិធីសាស្ត្រ​របស់​ពួក​គេ​ក្នុង​ការ​អភិវឌ្ឍ​ទេព​កោសល្យ​តាម​រយៈ​កម្មវិធី​ផ្សេងៗ​។

ខ្ញុំ​សូម​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ដល់​ អង្គការ​ទិន្នន័យ​អំពី​ការ​អភិវឌ្ឍ​ (​អូ​ឌី​ស៊ី​)​ ទីភ្នាក់ងារ​សហប្រតិបត្តិការ​អា​ល្លឺ​ម៉​ង់​ (GIZ)​ ក្រសួង​កិច្ចការ​នារី​ និង​ក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍​ សម្រាប់​បទ​ពិសោធន៍​ដ៏​មាន​តម្លៃ​នេះ​។​

​ខ្ញុំ​ក៏​សូម​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​លោក​ ទ្រី​ ធី​, កញ្ញា​ សួស​ ធីតា​, លោក​ រ៉ូ​ប៊ឺ​ត​ ផា​ម​ និង​ក្រុមការងារ​អូ​ឌី​ស៊ី​ទាំងអស់​ ក៏​ដូច​ជា​​កញ្ញា​ មេ សុខគន្ធារី​ និង​ក្រុមការងារ​ GIZ​ កម្ពុជា​ ចំពោះ​ការ​គាំទ្រ​ និង​ការ​សម្របសម្រួល​ទាំងអស់​របស់​ពួក​គេ​ ដែល​ធ្វើ​ឱ្យ​បទ​ពិសោធន៍​ទាំងមូល​នេះ​អាច​ធ្វើ​ទៅ​បាន​។​

ជា​ចុង​ក្រោយ​ សូម​អរគុណ​ដល់​មិត្ត​រួម​ក្រុម​របស់ខ្ញុំ​ គឺ​បញ្ញា​ និង​មុ​យ​លាង​ សម្រាប់​ការ​ស៊ូទ្រាំ​​ដើរ​ផ្លូវ​​នេះ​ជាមួយ​គ្នា​ និង​ចំពោះ​អ្នក​ណែនាំ​របស់​យើង​ គឺ​លោក​ Dixon​ Siu សម្រាប់​ការ​ណែនាំ​ និង​ការ​គាំទ្រ​របស់​គាត់​នៅ​ក្នុង​គម្រោង​របស់​យើង​។​ ជា​ចុង​ក្រោយ​ ខ្ញុំ​មាន​អំណរ​គុណ​ចំពោះ​ខ្លួនឯង​ដែល​មិន​បោះបង់​ចោល​ ហើយ​សម្រេចចិត្ត​សាកល្បង​ម្តងទៀត​។​

ខ្ញុំ​​ឈ្មោះ អ៊ឹង ឡៃម៉េង ជា​និស្សិត​ឆ្នាំ​ទី៣ នៃ​សាកល​វិទ្យា​ល័យ​អា​មេ​រិកាំង​ភ្នំពេញ (AUPP) សិក្សា​ជំនាញ​បច្ចេក​វិទ្យា​ព័ត៌​មាន និង​គមនា​គមន៍ (ICT)។ ខ្ញុំ​​មាន​ចំណាប់​អារម្មណ៍​យ៉ាង​ខ្លាំង​ទៅ​លើ​វិទ្យា​សាស្ត្រ​ទិន្ន​ន័យ (Data Science) ជា​ពិសេស​គឺ​ការ​ប្រើ​ប្រាស់​ទិន្ន​ន័យ​សម្រាប់​ការ​វិភាគ និង​ម៉ាស៊ីន​សិក្សា ដើម្បី​ទាញ​យក​នូវ​ការ​យល់​ដឹង​ស៊ី​ជម្រៅ ក៏​ដូច​ជា​ជួយ​គាំទ្រ​ដល់​ការ​ធ្វើ​សេច​ក្តី​សម្រេច​ចិត្ត​ឱ្យ​បាន​កាន់​តែ​ប្រសើរ​។ ខ្ញុំ​ធ្លាប់​បាន​ចូល​រួម​ក្នុង​គម្រោង​ពាក់​ព័ន្ធ​នឹង​ទិន្ន​ន័យ​មួយ​ចំនួន ហើយ​គាត់​សង្ឃឹម​ថា​នឹង​អាច​យក​វិធី​សាស្ត្រ​ជំរុញ​ដោយ​ទិន្ន​ន័យមក​អនុ​វត្ត ដើម្បី​ដោះ​ស្រាយ​បញ្ហា​ប្រឈម​ជាក់​ស្តែង​។