សិក្ខាសាលា​ដាក់​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​ នូវ​ទំព័រ​ព័ត៌មាន​ទិន្នន័យ​ថ្មី​ ស្តី​ពី​ចំណូល​សាធារណ​ក្នុ​ងវិស័យ​ឧស្សាហកម្ម​និស្សា​រណកម្ម​

នៅ​ថ្ងៃ​ទី​២៤​ ខែឧសភា​ ឆ្នាំ​២០២៣​ អង្គការ​ទិន្នន័យ​អំពី​ការ​អភិវឌ្ឍ​ (​អូ​ឌី​ស៊ី​)​ បាន​រៀបចំ​សិក្ខាសាលា​ដាក់​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​ នូវ​ទំព័រ​ព័ត៌មាន​ទិន្នន័យ​ថ្មី​ ស្តី​ពី​ចំណូល​សាធារណ​ក្នុ​ងី​វិស័យ​ឧស្សាហកម្ម​និស្សា​រណកម្ម​។​ ព្រឹត្តិការណ៍​នេះ​មាន​អ្នកចូលរួម​ចំនួន​ ២១​នាក់​ ក្នុង​នោះ​មាន​ ៨​នាក់​ជា​ស្ត្រី​។ អ្នក​​តំណាង​មក​ពី​ស្ថាប័ន​ពាក់ព័ន្ធ​ជា​ច្រើន​ក្នុង​វិស័យ​ឧស្សាហកម្ម​និស្សា​រណកម្ម​បាន​អញ្ជើញ​មក​ចូលរួម​ មាន​ដូច​ជា​ អង្គការ​សង្គម​ស៊ី​វិល​ អង្គការ​សហគមន៍​មូលដ្ឋាន​ និង​រដ្ឋាភិបាល​។

កម្មវិធី​របស់​ស៊ុ​យ​អែ​ត​សម្រាប់​វិស័យ​អាយ​ស៊ី​ធី​នៅ​ក្នុង​តំបន់​កំពុង​អភិវឌ្ឍ​ (SPIDER)​ ផ្តល់​ការ​គាំទ្រ​ផ្នែក​ថវិកា​លើ​គម្រោង​នៃ​ការ​តាមដាន​ប្រាក់​ចំណូល​សាធារណៈ​ពី​ឧស្សាហកម្ម​និស្សា​រណកម្ម​នៅ​កម្ពុជា​ ដែល​អនុវត្ត​ដោយ​អង្គការ​ទិន្នន័យ​អំពី​ការ​អភិវឌ្ឍ​ (​អូ​ឌី​ស៊ី)​។​ តាម​រយៈ​តម្លាភាព​នៃ​ទិន្នន័យ​ កម្មវត្ថុ​របស់​គម្រោង​គឺ​ ការ​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​សិទ្ធិ​របស់​ប្រជាពលរដ្ឋ​ និង​ភាគី​ពាក់ព័ន្ធ​នានា​ ក្នុង​ការ​ទទួល​បាន​ទិន្នន័យ​កណ្តាល​ ដែល​គួរ​ឱ្យ​ទុកចិត្ត​បាន​ទៅ​លើ​ប្រាក់​ចំណូល​ពី​ឧស្សាហកម្ម​និស្សា​រណកម្ម​ រួម​ទាំង​ការ​បង្កើន​ការ​យល់​ដឹង​របស់​ប្រជាពលរដ្ឋ​ និង​ការ​ទទួលខុសត្រូវ​របស់​រដ្ឋាភិបាល​។​

​វត្ថុបំណង​ចម្បង​នៃ​សិក្ខាសាលា​គឺ​ ការ​ដាក់​ឱ្យ​ដំណើរការ​ទំព័រ​ព័ត៌មាន​អន្តរ​កម្ម​របស់​អូ​ឌី​ស៊ី​ លើ​ប្រាក់​ចំណូល​ពី​វិស័យ​ឧស្សាហកម្ម​និស្សា​រណកម្ម​ ក្នុង​ទម្រង់​ផ្សេងៗ​គ្នា​ដូច​ជា​ តារាង​និង​សំណុំ​ទិន្នន័យ​ ក្រាហ្វិក​ព័ត៌មាន​ និង​ទស្សនី​យ​កម្ម​ទិន្នន័យ​ ព្រមទាំង​នាំ​ភាគី​ពាក់ព័ន្ធ​រួម​ពិភាក្សា​គ្នា​អំពី​ចំណូល​ពី​វិស័យ​ឧស្សាហកម្ម​និស្សា​រណកម្ម​។​

​ទំព័រ​ព័ត៌មាន​ទិន្នន័យ​អន្តរ​កម្ម​របស់​អូ​ឌី​ស៊ី ត្រូវ​បាន​បង្កើត​ឡើង​ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​ការ​កើនឡើង​នៃ​ប្រាក់​ចំណូល​ និង​កំណើន​កិច្ច​ពិភាក្សា​លើ​ប្រធានបទ​ឧស្សាហកម្ម​និស្សា​រណកម្ម​។​ ទំព័រ​នេះ​ផ្តល់​ជា​អត្ថប្រយោជន៍​ដល់​សហគមន៍​មូលដ្ឋាន​ ក្នុង​ការ​ស្វែង​យល់​អំពី​ប្រាក់​ចំណូល​ដែល​បាន​មក​ពី​ឧស្សាហកម្ម​និស្សា​រណកម្ម​ និង​លើកទឹកចិត្ត​ឱ្យ​ការ​ជជែក​ពិភាក្សា​ជា​សាធារណៈ​ រួម​ជាមួយនឹង​លទ្ធភាព​ប្រើប្រាស់​ទិន្នន័យ​សាធារណៈ​ដែល​មាន​សក្តានុពល​។​

សិក្ខាសាលា​នេះ​មាន​គោលបំណង​សំខាន់​ចំនួន​បួន​គឺ​៖

  • បង្ហាញ​ទិន្នន័យ​ ព័ត៌មាន​ និង​មុខងារ​នៃ​ទំព័រ​ព័ត៌មាន​ថ្មី​
  • ​លើកកម្ពស់​ការ​យល់​ដឹង​អំពី​ទិដ្ឋភាព​ព័ត៌មាន​បច្ចុប្បន្ន​ ស្តី​ពី​ប្រាក់​ចំណូល​ពី​ឧស្សាហកម្ម​និស្សា​រណកម្ម​នៅ​កម្ពុជា​
  • លើកកម្ពស់​ការ​ជជែក​ដេញដោល​ជា​សាធារណៈ​ លើ​ប្រាក់​ចំណូល​ពី​ឧស្សាហកម្ម​និស្សា​រណកម្ម​ ដោយ​បង្កើន​ការ​យល់​ដឹង​ក្នុង​ចំណោម​ភាគី​ពាក់ព័ន្ធ​អំពី​សក្តានុពល​នៃ​ទិន្នន័យ​សាធារណៈ​ ដើម្បី​បង្កើន​តម្លាភាព​ និង​គណនេយ្យ​ភាព​ក្នុង​វិស័យ​ឧស្សាហកម្ម​និស្សា​រណកម្ម​
  • ​លើកទឹកចិត្ត​ឱ្យ​មាន​កិច្ចសហការ​បន្ថែម​រវាង​ភាគី​ពាក់ព័ន្ធ​ រួម​ទាំង​រដ្ឋាភិបាល​ អង្គការ​សង្គម​ស៊ី​វិល​ និង​អ្នក​សារព័ត៌មាន​។​

ជា​កិច្ច​ស្វាគមន៍​ក្នុង​សិក្ខាសាលា​នេះ​ លោក​ ធី​ ទ្រី​ នាយក​ប្រតិបត្តិ​/​និពន្ធ​នាយក​នៃ​អូ​ឌី​ស៊ី បាន​ផ្តល់​ការ​ស្វាគមន៍​យ៉ាង​រីករាយ​ និង​ធ្វើការ​ពន្យល់​អំពី​សិក្ខាសាលា​នេះ​ដែល​ជា​ផ្នែក​មួយ​នៃ​សិក្ខាសាលា​ធំ​ដែល​ផ្តោត​លើ​សិទ្ធិ​ទទួល​ព័ត៌មាន​សម្រាប់​អ្នក​គ្រប់​គ្នា​។​ លោក​ក៏​បាន​ស្នើ​ឱ្យ​អ្នកចូលរួម​ចែករំលែក​បទ​ពិសោធន៍​របស់​សមាគម​ន៍​ពួក​គេ​ទាក់ទង​នឹង​ទិន្នន័យ​ និង​ព័ត៌មាន​អំពី​ឧស្សាហកម្ម​និស្សា​រណកម្ម​។​ ម្យ៉ាងវិញទៀត​ លោក​ចង់​ចែករំលែក​ការ​រក​ឃើញ​នៃ​ការ​ស្រាវជ្រាវ​លើ​ឧស្សាហកម្ម​និស្សា​រណកម្ម​នៅ​កម្ពុជា​ ដែល​ធ្វើ​ឡើង​ដោយ​និស្សិត​សាកលវិទ្យាល័យ​ តាម​រយៈ​ការ​ថត​វី​ដេ​អូ​ និង​ទំព័រ​ព័ត៌មាន​ទិន្នន័យ​ថ្មី​អំពី​ចំណូល​សាធារណ​ពី​វិស័យ​ឧស្សាហកម្ម​និស្សា​រណកម្ម​ ដែល​នឹង​បង្ហាញ​ដោយ​ក្រុមការងារ​អូ​ឌី​ស៊ី។​

និស្សិត​មក​ពី​សាកលវិទ្យាល័យ​ Wisconsin​ បាន​ធ្វើ​បទ​បង្ហាញ​ពី​ការ​ស្រាវជ្រាវ​របស់​ពួក​គេ​ ស្តី​ពី​ការ​បង្កើន​តម្លាភាព​ក្នុង​វិស័យ​ឧស្សាហកម្ម​និស្សា​រណកម្ម​នៅ​កម្ពុជា​។​ ពួក​គេ​បាន​ឆ្លើយ​សំណួរ​ស្រាវជ្រាវ​សំខាន់ៗ​ចំនួន​បួន​គឺ​៖​

  • ​តម្រូវការ​ប្រាក់​ចំណូល​

  • ​ប្រាក់​ចំណូល​ប៉ាន់ស្មាន​

  • ​ប្រាក់​ចំណូល​ប៉ាន់ស្មាន​ប្រៀបធៀប​នឹង​ចំណូល​ដែល​បាន​រាយការណ៍​

  • ​ជម្រើស​គោលនយោបាយ​

បទ​បង្ហាញ​នេះ​បាន​ផ្ដោត​លើ​ក្របខ័ណ្ឌ​បទ​ប្បញ្ញត្តិ​សំខាន់ៗ​មួយ​ចំនួន​នៅ​ក្នុង​វិស័យ​ឧស្សាហកម្ម​និស្សា​រណកម្ម​ រួម​ទាំង​ច្បាប់​ស្តី​ពី​ការ​គ្រប់គ្រង​ និង​ការ​ធ្វើ​អាជីវកម្ម​ធនធាន​រ៉ែ​ ជាមួយ​និង​អនុក្រឹត្យ​លេខ​ ៧២​ ស្តី​ពី​ការ​គ្រប់គ្រង​អាជ្ញា​បណ្ណ​ស្វែង​រុករក​និង​អាជ្ញា​បណ្ណ​ឧស្សាហកម្ម​អាជីវកម្ម​ធនធាន​រ៉ែ​រាជរដ្ឋាភិបាល​ និង​បទ​ប្បញ្ញត្តិ​ផ្សេង​ទៀត​ ព្រមទាំង​លំហូរ​ប្រាក់​ចំណូល​សំខាន់ៗ​ផង​ដែរ​រួម​មាន​ចំណូល​ពន្ធ​ និង​ចំណូល​មិនមែន​សារពើពន្ធ​។​

​សម្រាប់​ការ​វិភាគ​ទិន្នន័យ​ ព័ត៌មាន​ដែល​អាច​ស្វែង​រកបាន​មាន​កំណត់់​ ដែល​ធ្វើ​អោយ​មាន​ភាព​ខ្វះខាត​ក្នុង​ការ​វាយតម្លៃ​លទ្ធផល​ និង​ភាព​ជឿជាក់​នៃ​ទិន្នន័យ​។​

​ដោយ​ការ​ប្រៀបធៀប​រយៈពេល​៤​ឆ្នាំ​លើ​ថ្លៃ​ជួល​ផ្ទៃដី​ផ្សេងៗ​គ្នា​ រូបភាព​នេះ​ផ្តោត​លើ​សេណា​រី​យ៉ូ​ប៉ាន់ស្មាន​រវាង​ចំណូល​ពី​ថ្លៃ​អាជ្ញា​បណ្ណ​ និង​​ចំណូល​មិនមានថ្លៃអាជ្ញា​បណ្ណ​។​ ដោយ​ធ្វើការ​ប្រៀបធៀប​ការ​បំបែក​រវាង​សួយ​សារ​ជាមួយ​ និង​មិនជា​មួយ​ប្រាក់​ចំណូល​ បាន​បង្ហាញ​ពី​ចំណូល​ដែល​បាន​រំពឹង​ទុក​ពី​សួយ​សារ​នៅ​ឆ្នាំ​២០២១​។​ ប្រាក់​ចំណូល​ដែល​បាន​រាយការណ៍​គឺ​សម​ហេតុផល​ ប៉ុន្តែ​ការ​ប៉ាន់​ស្មាន​​មាន​​ភាព​មិន​ប្រាកដប្រជា​ខ្ពស់​។​

​មុន​នឹង​បញ្ចប់​បទ​បង្ហាញ​ ពួក​គេ​បាន​លើក​ឡើង​នូវ​អនុសាសន៍​ចំនួន​បីដូច​ខាងក្រោម​៖​

  •  ​ការ​កែ​លម្អ​វេ​ប​សាយ​របស់​ក្រសួង​រ៉ែ​ និង​ថាមពល​ (​ការ​លំបាក​ក្នុង​ការ​ចូល​ប្រើ​ឯកសារ​ បច្ចុប្បន្នភាព​នៃ​សេចក្តី​ប្រកាស​ព័ត៌មាន​ដើម្បី​ជំរុញ​សហគមន៍​ និង​គោលនយោបាយ​រដ្ឋាភិបាល​ឌី​ជី​ថ​ល​)​
  • ការ​បញ្ជាក់​អំពី​ដំណើរការ​សម្បទាន​ (​ចំនួន​អាជ្ញា​បណ្ណ​សកម្ម​ និង​ទំហំ​នៃ​សម្បទាន​នីមួយៗ​ ជាមួយនឹង​អត្រា​អនុវត្ត​)​
  • សមាជិកភាព​ និង​អនុលោម​ភាព​របស់​អង្គការ​គំនិត​ផ្តួចផ្តើម​តម្លាភាព​ក្នុង​វិស័យ​ឧស្សាហកម្ម​និស្សារណកម្ម EITI​ (​តម្លាភាព​និង​ការ​ត្រួតពិនិត្យ​ ការ​ចូលរួម​ស៊ី​វិល​និង​គណនេយ្យ​ភាព​ និង​បណ្តាញ​សកល​និង​ការ​វិនិយោគ​)​។​

បន្ទាប់​មក​ កញ្ញា​ អ៊ួ​ន​ វិមល​ ប្រធាន​គ្រប់គ្រង​កម្មវិធី​ និង​ភាព​ជា​ដៃគូ​នៅ​អូ​ឌី​ស៊ី​ បាន​ចាប់ផ្តើម​ដោយ​ការ​បង្ហាញ​ទំព័រ​ព័ត៌មាន​ទិន្នន័យ​ថ្មី​ស្តី​ពី​ប្រាក់​ចំណូល​សាធារណៈ​ពី​ឧស្សាហកម្ម​និស្សា​រណកម្ម​នៅ​លើ​វេ​ប​សាយ​អូ​ឌី​ស៊ីដល់​ទស្សនិកជន​។​

​កញ្ញា​វិមល​ក៏​បាន​បន្ថែម​ថា​ ​ អូ​ឌី​ស៊ី​បាន​ប្រមូល​ទិន្នន័យ​ពី​ដែន​សាធារណៈ​ ឯកសារ​ច្បាប់​ របាយការណ៍​វាយតម្លៃ​ផល​ប៉ះពាល់​បរិស្ថាន​ គេហទំព័រ​របស់​ក្រុមហ៊ុន​ និង​អត្ថបទ​ព័ត៌មាន​ ទោះបីជា​ប្រឈម​នឹង​បញ្ហា​នៃ​ទិន្នន័យ​ដែល​អាច​ស្វែង​រកបាន​ក៏​ដោយ​។​ ទោះជា​ព័ត៌មាន​មាន​កម្រិត​តិចតួច​យ៉ាងណា​ក្ដី​ វា​នឹង​អាច​ជួយ​ឱ្យ​ប្រជាជន​យល់​ពី​របៀប​ដែល​ឧស្សាហកម្ម​នេះ​កំពុង​ដំណើរការ​ របៀប​ដែល​អាជីវកម្ម​រួមចំណែក​ក្នុង​ប្រាក់​ចំណូល​ពន្ធ​ និង​មូលនិធិ​បរិស្ថាន​និង​សង្គម​ផ្សេង​ទៀត​។​

​លើស​ពី​នេះ​ទៀត​ កញ្ញា​ វិមល​ បាន​លើក​ឡើង​អំពី​ការ​ធ្វើ​ទស្សនី​កម្ម​ទិន្នន័យ​ ដែល​បង្ហាញ​ពី​ការ​រួមចំណែក​របស់​ឧស្សាហកម្ម​ចំពោះ​ផលិតផល​ក្នុងស្រុក​សរុប​ពី​ឆ្នាំ​១៩៩៨​ ដល់​ឆ្នាំ​២០២១​ ដែល​អាច​រកបាន​នៅ​លើ​ទំព័រ​ព័ត៌មាន​ទិន្នន័យ​។​ បើ​និយាយ​ពី​ប្រាក់​ចំណូល​វិញ​ គឺ​មានការ​កើនឡើង​តាំងពី​ពេល​នោះ​រហូត​ដល់​បច្ចុប្បន្ន​។​ ក្រៅពី​នេះ​ យើង​ក៏​ទទួល​បាន​ទិន្នន័យ​ចំណូល​ពី​សម្បទាន​រ៉ែ​ និង​ប្រេងកាត​ បន្ទាប់​ពី​ស្នើ​សុំ​ពី​ក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​។​ បន្ទាប់​ពី​ការ​ធ្វើ​បទ​បង្ហាញ​ សំណួរ​ត្រូវ​បាន​លើក​ឡើង​ទាក់ទង​នឹង​និយម​ន័យ​ និង​របៀប​ដែល​រដ្ឋាភិបាល​ប្រមូលប្រាក់​សួយ​សារ​ពី​ក្រុមហ៊ុន​រុករក​រ៉ែ​។​ តំណាង​នៃ​ក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​ ​ ក៏​បាន​ចូលរួម​ក្នុង​កិច្ច​ពិភាក្សា​ផង​ដែរ​។​ លោក​បាន​ពន្យល់​ថា​ សួយ​សារ​ គឺជា​ចំណូល​មិនមែន​សារពើពន្ធ​ដែល​បង់​ជូន​រដ្ឋាភិបាល​ដោយ​ក្រុមហ៊ុន​រុករក​រ៉ែ​ លើ​បរិមាណ​រ៉ែ​ដែល​បាន​ផលិត​ ឬ​ចំណូល​ដែល​បាន​មក​ពី​ការ​ជីក​យក​រ៉ែ​ដែល​បាន​លក់​ ដូច​មាន​ចែង​ក្នុង​ប្រកាស​អន្តរក្រសួង​លេខ​៧៦០​ ស្ដី​ពី​អត្រា​សួយ​សារ​លើ​ផលិតផល​រ៉ែ​ និង​នីតិវិធី​ទូទាត់​ថ្លៃ​សួយ​សារ​។​

ពិសេស​ជាង​នេះ​ទៅ​ទៀត​ សិក្ខា​សាលា​បាន​ធ្វើ​ការ​​ពិភាក្សា​ទៅ​លើ​បញ្ហា​​ប្រឈម​ រួម​ជាមួយនឹង​ដំណោះស្រាយ​នៅ​ក្នុង​ឧស្សាហកម្ម​និស្សា​រណកម្ម​។​ វា​ត្រូវ​បាន​ពិភាក្សា​ជុំវិញ​កង្វះ​ព័ត៌មាន​ទាក់ទង​នឹង​គម្រោង​រុករក​រ៉ែ​ និង​សមត្ថភាព​មាន​កម្រិត​របស់​អាជ្ញាធរ​មូលដ្ឋាន​ក្នុង​ការ​ស្នើ​សុំ​មូលនិធិ​រ៉ែ​សម្រាប់​ការ​អភិវឌ្ឍ​សហគមន៍​មូលដ្ឋាន​។​

​នៅ​ចុងបញ្ចប់​នៃ​កិច្ច​ពិភាក្សា​ អ្នកចូលរួម​បាន​លើកទឹកចិត្ត​ឱ្យ​រដ្ឋាភិបាល​អនុម័ត​ច្បាប់​ស្តី​ពី​សិទ្ធិ​ទទួល​បាន​ព័ត៌មាន​ និង​ច្បាប់​វាយតម្លៃ​ផល​ប៉ះពាល់​បរិស្ថាន​ បន្ថែម​ពី​នេះ​សូម​ក្រសួង​ប្រៃសណីយ៍​ និង​ទូរគមនាគមន៍​ដាក់​ចេញ​នូវ​គោលនយោបាយ​ស្តី​ពី​ទិន្នន័យ​បើក​ទូលាយ​។​