វេទិកា​ថ្នាក់​ជាតិ​ស្តី​ពី​ឥទ្ធិពល​នៃ​បទ​ប្បញ្ញត្តិ​ស្តី​ពី​ព្រៃឈើ​ និង​ដីធ្លី​ទៅ​លើ​សហគមន៍​មូលដ្ឋាន​ និង​ដំណើរការ​វាយតម្លៃ​ហេតុ​ប៉ះពាល់​បរិស្ថាន​

អង្គការ​ទិន្នន័យ​អំពី​ការ​អភិវឌ្ឍ​ (​អូ​ឌី​ស៊ី​)​ បាន​រៀបចំ​វេទិកា​ថ្នាក់​ជាតិ​ស្តី​ពី​ “​ឥទ្ធិពល​នៃ​បទ​ប្បញ្ញត្តិ​ស្តី​ពី​ព្រៃឈើ​ និង​ដីធ្លី​ទៅ​លើ​សហគមន៍​មូលដ្ឋាន​ និង​ដំណើរការ​វាយតម្លៃ​ហេតុ​ប៉ះពាល់​បរិស្ថាន​”​ កាលពី​ថ្ងៃ​ទី​២៥​ ខែឧសភា​ ឆ្នាំ​២០២៣​ ដោយ​មាន​អ្នកចូលរួម​ចំនួន​ ៤៣​នាក់​ (​ស្រី​ ១៣​នាក់​)​ ក្នុង​នោះ​រួម​មាន​ តំណាង​ក្រសួង​អភិវឌ្ឍន៍ជនបទ​ អង្គការ​សង្គម​ស៊ី​វិល​ ក្រុមហ៊ុន​ទីប្រឹក្សា​វាយតម្លៃ​ហេតុ​ប៉ះពាល់​បរិស្ថាន​ អ្នក​សារព័ត៌មាន​ និង​ជនជាតិ​ដើម​ភាគតិច​ដែល​មក​ពី​ខេត្តរតនគិរី​ មណ្ឌលគិរី​ ក្រចេះ​ ពោធិ៍សាត់​ ស្ទឹង​ត្រែង​ ព្រះ​វិហារ​ និង​ខេត្តកំពង់ធំ​។​ កម្មវិធី​នេះ​រៀបចំ​ឡើង​ក្រោម​ការ​គាំទ្រ​ថវិកា​ពី​ ទីភ្នាក់ងារ​សហរដ្ឋអាមេរិក​សម្រាប់​ការ​អភិវឌ្ឍ​អន្តរជាតិ​ តាម​រយៈ​អង្គការ​សុខភាព​គ្រួសារ​អន្តរជាតិ​ ក្រោម​មូលនិធិ​សម្រាប់​ចង្កោម​អង្គការ​សង្គម​ស៊ី​វិល​ ពី​គម្រោង​គាំទ្រ​អង្គការ​សង្គម​ស៊ី​វិល​ និង​ក្រោម​ការ​គាំទ្រ​ពី​មូលនិធិ​ហេ​ន​រេច​បូល​ក្នុង​គម្រោងការ​លើកកម្ពស់​ការ​វាយតម្លៃ​ហេតុ​ប៉ះពាល់​បរិស្ថាន​សម្រាប់​អភិបាលកិច្ច​បរិស្ថាន​កាន់តែ​មាន​តម្លាភាព​ និង​ឆ្លើយ​តប​នៅ​កម្ពុជា​។​

​វេទិកា​ថ្នាក់​ជាតិ​នេះ​មាន​គោលបំណង​ដូច​ជា​៖
១.​ ផ្តល់​ឱកាស​សម្រាប់​ភាគី​ពាក់ព័ន្ធ​ដើម្បី​បង្ហាញ​ពី​កង្វល់​របស់​ពួក​គេ​ទាក់ទង​នឹង​បទ​ប​ញ្ញ​ប្ប​ត្តិ​ព្រៃឈើ​ និង​ដីធ្លី​ដែល​មាន​ស្រាប់​ និង​កំពុង​ធ្វើ​វិសោធនកម្ម​ និង​បទ​ប្បញ្ញត្តិ​ពាក់ព័ន្ធ​ផ្សេងៗ​។​
២.​ កំណត់​យុទ្ធសាស្ត្រ​ដ៏​មាន​ប្រសិទ្ធភាព​ក្នុង​ការ​ផ្តល់​ធាតុ​ចូល​ទៅ​ក្នុង​សេចក្តីព្រាងច្បាប់​
៣.​ ពិភាក្សា​អំពី​អន្តរ​កម្ម​រវាង​សេចក្តីព្រាងច្បាប់​ និង​បទ​ប្បញ្ញត្តិ​ដែល​ពាក់ព័ន្ធ​លើ​ដំណើរការ​វាយតម្លៃ​ហេតុ​ប៉ះពាល់​បរិស្ថាន​ ជា​ពិសេស​ការ​ចូលរួម​របស់​សហគមន៍​មូលដ្ឋាន​ និង​សាធារណៈជន​ឱ្យ​កាន់តែ​ទូលំទូលាយ​។​

អ្នក​រៀបចំ​កម្មវិធី​បាន​អញ្ជើញលោក​ អឿ​ អ៊ី​ល​ នាយក​ប្រតិបត្តិ​អង្គការ​មជ្ឈមណ្ឌល​សំរាប់​ការ​វិភាគ​បញ្ហា​អភិវឌ្ឍន៍​ និង​លោកស្រី​ យ៉ា​ យាន់​នី​ តំណាង​ជនជាតិ​ដើម​ភាគតិច​កម្ពុជា​មក​ពី​ខេត្តមណ្ឌលគិរី​ធ្វើ​ជា​វាគ្មិន​នៅ​ក្នុង​កម្មវិធី​។​ លោក​ ធី​ ទ្រី​ នាយក​ប្រតិបត្តិ​នៃ​អង្គការ​ទិន្នន័យ​អំពី​ការ​អភិវឌ្ឍ​ (​អូ​ឌី​ស៊ី​)​ គឺជា​អ្នកសម្របសម្រួល​នៃ​កិច្ច​ពិភាក្សា​លើ​ប្រធានបទ​ “​បទ​ប្បញ្ញត្តិ​ស្តី​ពី​ព្រៃឈើ​ និង​ដីធ្លី​”​។​ ការ​ពិភាក្សា​បាន​ចាប់ផ្តើម​ដោយ​ការ​ណែនាំ​ពី​វាគ្មិន​ក៏​ដូច​ជា​ការងារ​របស់​គាត់​ផង​ដែរ​។​ មជ្ឈមណ្ឌល​សំរាប់​ការ​វិភាគ​បញ្ហា​អភិវឌ្ឍន៍​បាន​ចែករំលែក​នូវ​ការ​ស្រាវជ្រាវ​ពី​ការ​រ​ចូលរួម​ជា​សាធារណៈ​នៅ​ក្នុង​ការ​កំណត់​ព្រំប្រទល់​ដែនជម្រកសត្វព្រៃ​ព្រះ​រកា​ និង​ស្រុក​ឆែប​ ដែល​ស្ថិត​នៅ​ក្នុង​ខេត្តព្រះវិហារ​។​ ក្រសួងបរិស្ថាន​មាន​គោលការណ៍​ណែនាំ​ច្បាស់លាស់​ និង​ចូលរួម​ជាមួយ​សហគមន៍​មូលដ្ឋាន​ក្នុង​ដំណើរការ​នេះ​។​ ក្រសួងបរិស្ថាន​បាន​រៀបចំ​កិច្ចប្រជុំ​ថ្នាក់​ជាតិ​ និង​ថ្នាក់​តំបន់​ជា​ច្រើន​លើក​សម្រាប់​រយៈពេល​ពីរ​ឆ្នាំ​ដើម្បី​ធ្វើ​ផែនទី​តំបន់​នេះ​។​ នេះ​គឺជា​ផែនទី​ដំបូង​ដែល​ពាក់ព័ន្ធ​មនុស្ស​ជា​ច្រើន​ ដូច្នេះ​មិន​មានការ​ព្រួយបារម្ភ​ដែល​លើក​ឡើង​ដោយ​សហគមន៍​មូលដ្ឋាន​ក្នុងអំឡុងពេល​ដំណើរការ​ធ្វើ​ផែនទី​នោះ​ទេ​។​ ការ​ព្រួយបារម្ភ​បន្ទាប់​ពី​នោះ​ គឺ​នៅ​ពេល​ដែល​ផែនទី​ត្រូវ​បាន​ចេញផ្សាយ​ តើ​នរណា​នឹង​ទទួលខុសត្រូវ​ក្នុង​ការ​បោះបង្គោល​ព្រំប្រទល់​?​ សារពើ​ភ័​ណ្ឌ​ដីធ្លី​ក៏​មាន​សារៈសំខាន់​ដែរ​ក្នុង​ការ​កំណត់​ដី​ដែល​ជនជាតិ​ដើម​ភាគតិច​នីមួយៗ​កាន់កាប់​នៅ​ក្នុង​ប័ណ្ណកម្មសិទ្ធិ​ដី​សមូហភាព​។​

​សំណួរ​ត្រូវ​បាន​លើក​ឡើង​ជុំវិញ​ភាព​ខុស​គ្នា​នៃ​រយៈពេល​នៃ​ការ​ផ្តល់​ប័ណ្ណកម្មសិទ្ធិ​ដី​សមូហភាព​ជនជាតិ​ដើម​ភាគតិច​ និង​ប័ណ្ណ​កម្មសិទ្ធិឯកជន​ ក៏​ដូច​ជា​ការ​ប្រើប្រាស់​ពាក្យ​នៅ​ក្នុង​ច្បាប់​ផង​ដែរ​។​ តំណាង​មក​ពី​អង្គការ​ជនជាតិ​ដើម​ភាគតិច​កម្ពុជា​ បាន​ចែករំលែក​ពី​ក្តី​បារម្ភ​ចំពោះ​សហគមន៍​ជនជាតិ​ដើម​ភាគតិច​មិន​អាច​ធ្វើ​កសិកម្ម​ពនេចរ​ ឬ​កសិកម្ម​ប្រពៃណី​បាន​ លុះត្រាតែ​ដី​ទាំងនោះ​ត្រូវ​បាន​ចុះបញ្ជី​។​ នេះ​ជា​ចំណុច​សំខាន់​ប្រសិនបើ​សហគមន៍​ដាំ​ដំណាំ​ ឬ​ស្រូវ​លើ​ដី​ទាំងនោះ​។​ តំណាង​ក្រសួង​អភិវឌ្ឍន៍ជនបទ​បាន​ឆ្លើយ​តប​ថា​ “​ប្រសិនបើ​សហគមន៍​ត្រូវ​បាន​ទទួលស្គាល់​ដោយ​ក្រសួង​ថា​ជា​ក្រុម​ជនជាតិ​ដើម​ភាគតិច​ មិន​គួរ​ណា​មាន​បញ្ហា​ក្នុង​ការ​ប្រើប្រាស់​ដី​នោះ​ទេ​”​។​ អ្នកតំណាង​មក​ពី​អង្គការ​ជនជាតិ​ដើម​ភាគតិច​កម្ពុជា​បាន​បន្ត​លើក​ឡើង​ពី​ការ​ព្រួយបារម្ភ​អំពី​ការ​មិន​ដាក់​បញ្ចូល​ពាក្យ​ “​ជនជាតិ​ដើម​ភាគតិច​”​ នៅ​ក្នុង​សេចក្តីព្រាងច្បាប់​។​ ជនជាតិ​ដើម​ភាគតិច​ចង់​រក្សា​អត្តសញ្ញាណ​របស់​ពួក​គេ​ (​ដែល​ខុស​ពី​ប្រជាជន​ផ្សេង​ទៀត​)​ ទាំង​នៅ​ក្នុង​ច្បាប់​បច្ចុប្បន្ន​ និង​នា​ពេល​ខាង​មុខ​។​ ទាក់ទង​នឹង​ធាតុ​ចូល​ យើង​ចង់​ឃើញ​ជំពូក​ដាច់​ដោយឡែក​មួយ​និយាយ​អំពី​ជនជាតិ​ដើម​ភាគតិច​នៅ​ក្នុង​ច្បាប់​ភូមិបាល​។​ ការ​ពិភាក្សា​រវាង​អង្គការ​សង្គម​ស៊ី​វិល​ និង​ជនជាតិ​ដើម​ភាគតិច​គួរតែ​ធ្វើ​ឡើង​មុន​នឹង​មាន​កិច្ចប្រជុំ​ជាមួយ​ក្រសួង​ពាក់ព័ន្ធ​នានា​ ដើម្បី​ចែករំលែក​កង្វល់​របស់​ពួក​គេ​នៅ​ក្នុង​សេចក្តីព្រាងច្បាប់​នេះ​។​ ការ​ពិភាក្សា​ជុំវិញ​ហេតុផល​នៃ​ការ​ពិនិត្យ​ ឬ​វិសោធនកម្ម​ច្បាប់​គួរតែ​ត្រូវ​បាន​ផ្សព្វផ្សាយ​ឱ្យ​ទូលំទូលាយ​។​ រដ្ឋាភិបាល​គួរតែ​បើក​កិច្ច​ពិគ្រោះ​យោបល់​ជាមួយ​ភាគី​ពាក់ព័ន្ធ​នានា​។​

​អ្នកតំណាង​មក​ពី​បណ្តាញ​ការពារ​ទន្លេ​បី​បាន​បញ្ជាក់​ថា​សេចក្តីព្រាងច្បាប់​ការ​វាយតម្លៃ​ហេតុ​ប៉ះពាល់​បរិស្ថាន​មិន​រាប់​បញ្ចូល​ពាក្យ​ “FPIC”​ ដែល​មាន​ន័យ​ថា​ការ​យល់ព្រម​ដែល​បាន​ទទួល​ព័ត៌មាន​ជា​មុន​ និង​សេរី​។​ ច្បាប់​នេះ​លើកទឹកចិត្ត​ឱ្យ​មានការ​ចូលរួម​ពី​សាធារណជន​យ៉ាង​ពេញលេញ​លើ​គ្រប់​វិស័យ​។​ ការ​ចូលរួម​យ៉ាង​ពេញលេញ​មាន​និយម​ន័យ​ខុស​គ្នា​ពី​ FPIC​ ដែល​ពិចារណា​លើ​ការ​ទទួល​បាន​ព័ត៌មាន​ ការ​ចូលរួម​ និង​ការ​សម្រេចចិត្ត​។​ អ្នកចូលរួម​បាន​គូសបញ្ជាក់​ថា​ កិច្ច​សហប្រតិបត្តិការ​ និង​ការ​ធ្វើការ​រួម​គ្នា​ក្នុង​ចំណោម​អង្គការ​សង្គម​ស៊ី​វិល​ គឺ​មាន​សារៈសំខាន់​ណាស់​។​ តាម​រយៈ​ការ​ធ្វើ​ដូច្នេះ​យើង​អាច​អនុវត្ត​ និង​សម្របសម្រួល​យន្តការ​ និង​ធាតុ​ចូល​ប្រកបដោយ​ប្រសិទ្ធភាព​។​

​វេទិកា​ទទួល​បាន​សំណួរ​គួរ​ឱ្យ​ចាប់អារម្មណ៍​មួយ​ពី​ក្រុមហ៊ុន​ឯកជន​ទាក់ទង​នឹង​និន្នាការ​សេដ្ឋកិច្ច​ ជីវភាព​រស់នៅ​ និង​សម្ភារៈ​ប្រើប្រាស់​របស់​ជនជាតិ​ដើម​ភាគតិច​។​ សំណួរ​នេះ​បាន​ទាញ​ចំណាប់អារម្មណ៍​ជា​ច្រើន​ពី​ជនជាតិ​ដើម​ភាគតិច​នៅ​ក្នុង​បន្ទប់​ប្រជុំ​ ក្នុង​ការ​ចែករំលែក​ពី​បច្ចុប្បន្នភាព​របស់​ពួក​គេ​។​

ពួក​គេ​បាន​និយាយ​ថា​ “​អ្នកខ្លះ​ទទួល​បាន​ផ្ទះ​ធំ​ និង​សម្ភារៈ​ទំនើប​ ប៉ុន្តែ​ពួក​គេ​ត្រូវ​សង​ប្រាក់​កម្ចី​ជា​រៀង​រាល់​ខែ​។​ ប្រជាពលរដ្ឋ​ខ្លះ​ក្រីក្រ​ ហើយ​សូ​ម្បី​តែ​ដី​តូច​សម្រាប់​ដាំ​ដំណាំ​ក៏​ពួក​គេ​មិន​មាន​ដែរ​។​ អ្វី​ដែល​យើង​មាន​ឥឡូវនេះ​មិន​អាច​ប្រៀបធៀប​នឹង​អ្វី​ដែល​យើង​បាន​បាត់បង់​នោះ​ទេ​។​ ទោះបីជា​យើង​ត្រូវ​សម្រប​ខ្លួន​ទៅ​នឹង​យុគសម័យ​ថ្មី​ក៏​ដោយ​ ក៏​យើង​មិន​ចង់​បាត់បង់​អ្វី​ដែល​យើង​ធ្លាប់​មាន​ដែរ​ ជា​ពិសេស​វប្បធម៌​របស់​យើង​។​”

​សរុប​មក​យើង​បាន​ពិភាក្សា​អំពី​ធាតុ​ចូល​ដែល​ឆ្លុះ​បញ្ចាំង​ពី​ចំណុច​សំខាន់ៗ​មួយ​ចំនួន​ រួម​ទាំង​កិច្ច​សហប្រតិបត្តិការ​រវាង​ភាគី​ពាក់ព័ន្ធ​ និង​អង្គការ​សង្គម​ស៊ី​វិល​ក្នុង​ការ​ប្រមូលផ្តុំ​ធាតុ​ចូល​ និង​ការ​ផ្តល់​ជូន​ទៅ​អ្នក​រៀបចំ​គោលនយោបាយ​ ព្រមទាំង​បង្កើត​បណ្តាញ​ទំនាក់ទំនង​ជាមួយ​ក្រសួង​ពាក់ព័ន្ធ​ ដែល​ជា​ករណី​សិក្សា​នៅ​ខេត្តមណ្ឌលគិរី​ រតនគិរី​ និង​ព្រះ​វិហារ​ និង​ការ​ប្រើប្រាស់​ពាក្យ​ពេ​ជន៍​នៅ​ក្នុង​ច្បាប់​ផង​ដែរ​។​

​កិច្ច​ពិភាក្សា​លើ​ប្រធានបទ​ “​ដំណើរការ​វាយតម្លៃ​ហេតុ​ប៉ះពាល់​បរិស្ថាន​ និង​ការ​ចូលរួម​ជា​សាធារណៈ​”​ មានការ​អញ្ជើញ​ចូលរួម​ពី​លោក​ ហម​ គី​ម​គង់​ នាយក​ក្រុមហ៊ុន​ អ៊ី​&​អេ​ ខន​សាល់​ធេ​ន​ លោកស្រី​ ទេព​ ទឹម​ តំណាង​ស្ត្រី​ជនជាតិ​ដើម​ភាគតិច​មក​ពី​ខេត្តព្រះវិហារ​ លោក​ លាង​ ប៊ុ​ន​លាភ​ នាយក​ប្រតិបត្តិ​នៃ​បណ្តាញ​ការពារ​ទន្លេ​បី​។​ កិច្ច​ពិភាក្សា​នេះ​ត្រូវ​បាន​សម្របសម្រួល​ដោយ​លោក​ លន់​ ពេជ្រ​ដា​រ៉ា​ នាយក​ប្រតិបត្តិ​អង្គការ​ភូមិ​ខ្ញុំ​។​

​អ្នកស្រី​ ទេព​ ទឹម​ ដែល​រស់នៅ​ឃុំ​ប្រ​ម៉ោ​យ​ ស្រុក​ត្បែងមានជ័យ​ ខេត្តព្រះវិហារ​ មាន​ប្រសាសន៍​ថា​ អ្នកស្រី​មិន​បាន​ទទួល​ការ​អញ្ជើញ​ឱ្យ​ចូលរួម​ជា​សាធារណៈ​នៅ​ក្នុង​ដំណើរការ​នៃ​ការ​វាយតម្លៃ​ហេតុ​ប៉ះពាល់​បរិស្ថាន​ ក៏​ដូច​ជា​មិន​បាន​ទទួល​ដំណឹង​អំពី​គម្រោង​អភិវឌ្ឍន៍​ជា​មុន​នោះ​ទេ​។​ កន្លង​មក​ គេ​គ្រាន់តែ​អញ្ជើញ​ក្រុមប្រឹក្សា​ឃុំ​សង្កាត់​មក​ប្រជុំ​តែ​ប៉ុណ្ណោះ​។​ អ្នកតំណាង​មក​ពី​បណ្តាញ​ការពារ​ទន្លេ​បី​ បាន​និយាយ​ថា​ ការ​ចូលរួម​ជា​សាធារណៈ​ ពេល​ខ្លះ​អាច​ផ្តល់​ឱកាស​ដល់​ក្រុមហ៊ុន​ក្នុង​ការ​ប្រមូលផ្តុំ​មនុស្ស​ដែល​យល់ព្រម​ និង​គាំទ្រ​លើ​គម្រោង​។​ ច្បាប់​ ឬ​បទ​ប្បញ្ញត្តិ​ស្តី​ពី​ការ​ចូលរួម​ជា​សាធារណៈ​មាន​សារៈសំខាន់​ណាស់​ ហើយ​គួរតែ​បញ្ជាក់​យ៉ាង​ច្បាស់​ថា​ អ្នក​ណា​គួរ​ត្រូវ​បាន​អញ្ជើញ​ឱ្យ​ចូលរួម​តាំងពី​ការ​ចាប់ផ្តើម​គម្រោង​។​

“​នៅ​ពេល​យើង​ពិភាក្សា​អំពី​ច្បាប់​ភូមិបាល​ ក៏​គួរ​សំដៅ​ដល់​ប្រជាជន​កម្ពុជា​ផង​ដែរ​។​ ហេតុ​អ្វី​បានជា​កិច្ច​ពិភាក្សា​នៅ​ព្រឹក​នេះ​ផ្តោត​តែ​លើ​ជនជាតិ​ដើម​ភាគតិច​?”​ សំណួរ​ពី​អ្នកចូលរួម​របស់​យើង​។​

​ពិតមែន​ហើយ​ កិច្ចការ​នេះ​គួរតែ​សំដៅលើ​មនុស្ស​គ្រប់​គ្នា​។​ ទោះជា​យ៉ាងណា​ក៏​ដោយ​ យើង​ផ្តោត​សំខាន់​ ចំពោះ​ជនជាតិ​ដើម​ភាគតិច​ ព្រោះ​ពួក​គាត់​ជា​ក្រុម​ដែល​ងាយ​រង​គ្រោះ​ជាងគេ​ក្នុង​ចំណោម​ក្រុម​ដទៃ​ទៀត​។​ ពួក​គាត់​រស់នៅ​ក្នុង​ព្រៃ​ ហើយ​មិន​មាន​ប័ណ្ណកម្មសិទ្ធិ​ដីធ្លី​ដូច​ប្រជាជន​ទូទៅ​នោះ​ទេ​។​ នៅ​ពេល​មាន​គម្រោង​អភិវឌ្ឍន៍​ គេ​តែង​សម្លឹង​មើល​តំបន់​ព្រៃ​ដែល​មិនសូវ​មាន​មនុស្ស​រស់នៅ​ច្រើន​។​

​ក្នុង​ករណី​ប្រទេស​កម្ពុជា​ គម្រោង​មួយ​ចំនួន​ទើបតែ​ធ្វើការ​វាយតម្លៃ​ហេតុ​ប៉ះពាល់​បរិស្ថាន​ បន្ទាប់​ពី​គម្រោង​ បាន​ប្រតិបត្តិការ​អស់​រយៈពេល​ជា​យូរ​មក​ហើយ​។​ អ្នកចូលរួម​ឆ្ងល់​ថា​ អ្វី​ជា​ចំណុច​នៅ​ពីក្រោយ​រឿង​ទាំងនោះ​។​ ការ​វាយតម្លៃ​ហេតុ​ប៉ះពាល់​បរិស្ថាន​គ្រាន់តែ​ជា​ឧបករណ៍​មួយ​សម្រាប់​វាយតម្លៃ​ផល​ប៉ះពាល់​តែ​ប៉ុណ្ណោះ​ មិនមែន​ជា​ច្បាប់​នោះ​ទេ​។​ ការ​អនុវត្ត​ការ​វាយតម្លៃ​ហេតុ​ប៉ះពាល់​បរិស្ថាន​មាន​បី​ប្រភេទ​រួម​មាន​ ការ​វាយតម្លៃ​ហេតុ​ប៉ះពាល់​បរិស្ថាន​មុន​ កំឡុង​ពេល​ និង​ក្រោយ​ការ​អនុវត្ត​គម្រោង​។​ ក្រុមហ៊ុន​ដែល​ត្រូវ​បាន​បង្កើត​ឡើង​តាំងពី​យូរណាស់​មក​ហើយ​ ដែល​ពេល​នោះ​មិន​មាន​តម្រូវ​ឱ្យធ្វើ​ការ​វាយតម្លៃ​ហេតុ​ប៉ះពាល់​បរិស្ថាន​ ដោយសារ​តែ​ការ​វាយតម្លៃ​ហេតុ​ប៉ះពាល់​បរិស្ថាន​មិន​ទាន់​មាននៅ​ឡើយ​នៅ​ពេល​នោះ​។​ អាស្រ័យ​ហេតុនេះ​បានជា​ក្រសួងបរិស្ថាន​ពិនិត្យ​ និង​ស្នើ​ឱ្យ​ពួក​គេ​ធ្វើការ​វាយតម្លៃ​ហេតុ​ប៉ះពាល់​បរិស្ថាន​។​ គម្រោង​អភិវឌ្ឍន៍​ថ្មី​នា​ពេល​បច្ចុប្បន្ន​ត្រូវ​តែ​ធ្វើការ​វាយតម្លៃ​ហេតុ​ប៉ះពាល់​បរិស្ថាន​ មុន​នឹង​អនុវត្ត​គម្រោង​ដោយ​ផ្អែក​លើ​គោលការណ៍​ណែនាំ​របស់​ក្រសួង​។​

​របាយការណ៍​វាយតម្លៃ​ហេតុ​ប៉ះពាល់​បរិស្ថាន​ គឺ​ពិបាក​ក្នុង​ការ​ស្វែងរក​ និង​ទទួល​បាន​ណាស់​។​ តើ​យើង​អាច​ទទួល​បាន​របាយការណ៍​វាយតម្លៃ​ហេតុ​ប៉ះពាល់​បរិស្ថាន​យ៉ាងដូចម្តេច​?​ ជា​ទូទៅ​ នៅ​ពេល​ដែល​របាយការណ៍​ត្រូវ​បាន​អនុម័ត​ ក្រុមហ៊ុន​ទីប្រឹក្សា​ ម្ចាស់​គម្រោង​ និង​ក្រសួងបរិស្ថាន​ ត្រូវ​បោះត្រា​លើ​ទំព័រ​នីមួយៗ​នៃ​របាយការណ៍​។​ កាលពីមុន​ ក្រុមហ៊ុន​ទីប្រឹក្សា​ត្រូវ​តែ​រៀបចំ​របាយការណ៍​ចំនួន​ ១២​ច្បាប់​ ប៉ុន្តែ​បច្ចុប្បន្ន​នេះ​តម្រូវ​ឱ្យ​រៀបចំ​តែ​ ៦​ច្បាប់​ប៉ុណ្ណោះ​ ដែល​ក្នុង​នោះ​ត្រូវ​រក្សា​ទុក​ដោយ​ក្រុមហ៊ុន​ទីប្រឹក្សា​ (១​ច្បាប់​)​ ម្ចាស់​គម្រោង​ (១​ច្បាប់​)​ ចំណែកឯ​របាយការណ៍​នៅ​សល់​នឹង​រក្សា​ទុក​ដោយ​នាយកដ្ឋាន​វាយតម្លៃ​ហេតុ​ប៉ះពាល់​បរិស្ថាន​។​ ក្រុមហ៊ុន​ទីប្រឹក្សា​ត្រូវ​រក្សា​ទុក​របាយការណ៍​នៅ​កន្លែង​ដែល​មាន​សុវត្ថិភាព​រយៈពេល​ ៣​ ឬ​ ៥​ឆ្នាំ​ដោយ​ផ្អែក​លើ​កិច្ចព្រមព្រៀង​ ហើយ​ពួក​គេ​មិន​អាច​ចែករំលែក​របាយការណ៍​ដោយ​គ្មាន​ការ​អនុញ្ញាត​ពី​ម្ចាស់​គម្រោង​នោះ​ទេ​។​ របាយការណ៍​អាច​ស្នើ​សុំ​ជា​ផ្លូវការ​ពី​ក្រសួងបរិស្ថាន​។​ វាគ្មិន​របស់​យើង​ក៏​បាន​ស្នើ​ឱ្យ​សហគមន៍​ និង​អង្គការ​សង្គម​ស៊ី​វិល​រក្សា​ទុក​នូវ​ឯកសារ​ពាក់ព័ន្ធ​ទាំងអស់​ដែល​គេ​បាន​ផ្តល់​ឱ្យ​ក្នុងអំឡុងពេល​ប្រជុំ​ជា​សាធារណៈ​។​ កិច្ច​ពិភាក្សា​ និង​ខ្លឹមសារ​នៃ​ឯកសារ​ដែល​បាន​ផ្តល់​ជូន​នឹង​មិន​ខុស​គ្នា​ច្រើន​ពី​របាយការណ៍​វាយតម្លៃ​ហេតុ​ប៉ះពាល់​បរិស្ថាន​ដែល​បាន​អនុម័ត​នោះ​ទេ​។​ លើស​ពី​នេះ​ទៅ​ទៀត​ ភាគី​ពាក់ព័ន្ធ​គួរតែ​ផ្តោត​លើ​វគ្គ​បណ្តុះបណ្តាល​ការ​វាយតម្លៃ​ហេតុ​ប៉ះពាល់​បរិស្ថាន​សម្រាប់​សហគមន៍​មូលដ្ឋាន​ ដើម្បី​ឱ្យ​ពួក​គេ​អាច​យល់​អំពី​ដំណើរការ​ ក៏​ដូច​ជា​ខ្លឹមសារ​នៃ​របាយការណ៍​ផង​ដែរ​។​