ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​ច្រាន​ចោល​បណ្ដឹង​ចំនួន​ពីរ​របស់​បក្ស​សង្គ្រោះ​ជាតិ

ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​ច្រាន​ចោល​បណ្ដឹង​ចំនួន​ពីរ​របស់​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ថ្ងៃ​ដំបូង​នៃ​កិច្ច​ប្រជុំ​សម្រេច​លើ​ពាក្យ​បណ្ដឹង​ស្ដីពី​ភាព​មិន​ប្រក្រតី​លើ​ដំណើរ​ការ​បោះ​ឆ្នោត។ មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ ឲ្យ​ដឹង​ថា បណ្ដឹង​ទាំង​នេះ​ជា​បណ្ដឹង​ស្ដីពី​ភាព​មិន​ប្រក្រតី​នៃ​ការ​បោះ​ឆ្នោត និង​ជំទាស់​លើ​សេចក្តី​សម្រេច​របស់​គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត (គ.ជ.ប)។ នៅ​ក្នុង​កិច្ច​ប្រជុំ​បិទ​ទ្វារ​មិន​ឲ្យ​អ្នក​កាសែត​ចូល នៅ​ថ្ងៃ​ទី២០ ខែ​សីហា ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​សម្រេច​ទាត់​ចោល​បណ្ដឹង​ចំនួន ២ របស់​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ប្ដឹង​សុំ​ឲ្យ​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​បដិសេធ​សេចក្ដី​សម្រេច​របស់ គ.ជ.ប។ លិខិត​ពីរ​ផ្សេង​គ្នា ចុះ​ថ្ងៃ​ទី២០ ខែ​សីហា របស់​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​ដែល​ចុះ​ហត្ថលេខា​ដោយ​ប្រធាន​ក្រុម​ប្រឹក្សា ​ធម្មនុញ្ញ លោក ឯក សំអុល បាន​ផ្ញើ​ជូន​មន្ត្រី​ទទួល​បន្ទុក​កិច្ច​ការ​បោះ​ឆ្នោត​គណបក្ស​សង្គ្រោះ​ ជាតិ លោក រស់ សួ និង​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ ខេត្ត​កំពង់ឆ្នាំង លោក នូ ចំរើន។ លិខិត​នោះ​បញ្ជាក់​ដោយ​ខ្លី​ថា គ.ជ.ប បាន​ធ្វើ​ការងារ​ត្រឹមត្រូវ​តាម​ច្បាប់​ហើយ។ ទាក់ទង​នឹង​បញ្ហា​នេះ មន្ត្រី​ទទួល​បន្ទុក​កិច្ចការ​បោះ​ឆ្នោត​គណបក្ស​សង្គ្រោះ​ជាតិ លោក រស់ សួ មាន​ប្រសាសន៍​ថា នីតិវិធី​សម្រេច​លើ​សំណុំ​រឿង​នេះ​មិន​មាន​តម្លាភាព​ឡើយ ហើយ​គណបក្ស​សង្គ្រោះ​ជាតិ មិន​អាច​ទទួល​យក​បាន​ទេ។ លោក​បន្ត​ថា លោក​ទទួល​បាន​ដំណឹង​ថា ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​បាន​សម្រេច​ច្រាន​ចោល​បណ្ដឹង​របស់​គណបក្ស​ សង្គ្រោះ​ជាតិ ចំនួន ៣​បណ្ដឹង ហើយ​បណ្ដឹង​ទាំង​នោះ​ជា​បណ្ដឹង​ដែល​ប្ដឹង​ពី​ភាព​មិន​ប្រក្រតី​នៃ​ការ​បោះ​ ឆ្នោត។…

http://www.rfa.org/khmer/news/politics/Constitutional-council-reject-complaints-of-CNRP-08202013080445.html