ក្រោយពីបោះឆ្នោតមេភូមិហៅពលរដ្ឋទៅស្បថ
កំពង់ចាមៈ មួយថ្ងៃ បន្ទាប់ពីការបោះឆ្នោត មេភូមិ កំពង់ចន្លុះ ខាងកើតក្នុងឃុំ ពាមជីលាំង ស្រុក ត្បូងឃ្មុំ បានហៅប្រជាពលរដ្ឋក្នុងភូមិប្រមាណ ៥០ នាក់ ឲ្យចូលទៅក្នុងព្រះវិហារវត្ត កំពង់ចន្លុះ ដើម្បីឲ្យស្បថថា «សូមឲ្យស្លាប់មួយចំហៀងខ្លួន» ប្រសិនបើពួកគេ មិនបានបោះឆ្នោតឲ្យគណបក្សប្រជាជន មុននឹងផ្តល់ប្រាក់ឲ្យក្នុងម្នាក់មួយម៉ឺនរៀល ទៅតាមការសន្យា កាលពីមុនថ្ងៃបោះឆ្នោត។ នេះបើតាមការអះអាងពីប្រជាពលរដ្ឋ។
ប្រជាពលរដ្ឋម្នាក់ ដែលសុំមិនបញ្ចេញឈ្មោះបានឲ្យដឹងកាលពីម្សិលមិញថា មេភូមិ និងអនុភូមិ កំពង់ចន្លុះ ខាងកើតបានហៅប្រជាពលរដ្ឋឲ្យចូលព្រះវិហារវត្ត កំពង់ចន្លុះ ដើម្បីចែកលុយ ដែលគណបក្សប្រជាជន បានសន្យាផ្តល់ឲ្យនៅមុនថ្ងៃបោះឆ្នោត សម្រាប់ប្រជាពលរដ្ឋម្នាក់ៗ ១ ម៉ឺនរៀល និងប្រធានក្រុម ២ ម៉ឺនរៀល។
លោកថ្លែងថា៖«គេឲ្យពលរដ្ឋស្បថថា ស្លាប់មួយចំហៀងខ្លួន ប្រសិនបើពួកគេ មិនបានបោះឆ្នោតឲ្យគណបក្សប្រជាជន។ ខ្ញុំអត់ស្បថទេព្រោះអីខ្ញុំអត់បោះឆ្នោតឲ្យគណបក្សប្រជាជនទេ ហើយវត្តនេះពូកែស័ក្តិសិទ្ធិណាស់ តែពលរដ្ឋជាច្រើនគេយកលុយដោយសារគេបោះឆ្នោតឲ្យគណបក្សប្រជាជន»។
ប្រជាពលរដ្ឋម្នាក់ទៀតក៏បាននិយាយដូចគ្នាផងដែរថា លោកត្រូវបានមេភូមិ ហៅឲ្យទៅយកលុយមួយម៉ឺនរៀល នៅវត្ត ដោយឲ្យលោកអុជធូបស្បថ មុននឹងទទួលយកលុយដែលគេបានសន្យាផ្តល់ឲ្យកាលពីថ្ងៃទី១៨ ខែមិថុនា។…
http://www.postkhmer.com/index.php/national/1-national-news/101608-2013-07-31-03-31-25