គណបក្ស​តូចៗ​មាន​ឱកាស​តិចតួច​ក្នុង​ការ​បោះឆ្នោត​លើក​នេះ

ភ្នំពេញៈ អ្នក​រាល់​គ្នា​គួរ​ដាំ​ដើមឈើ ហើយ​ជន​អន្តោប្រវេសន៍​ខុស​ច្បាប់​ទាំង​អស់​នៅ​កម្ពុជា គួរ​ប្រមូល​និង​ដាក់​នៅ​ក្នុង​ជំរំ​ភៀស​ខ្លួន​ធំ​មួយ ទាំង​នេះ​គឺជា​សារ​នយោបាយ​ពីរ​ដែល​បាន​លើក​ឡើង​ដោយ​លោក ក្រវាញ ដារ៉ន ប្រធាន​គណបក្ស​ខ្មែរ​ឈប់​ក្រ។ បង្កើត​ឡើង​ក្នុង​ខែ​កញ្ញា ឆ្នាំ ២០០៧ គណបក្ស​ខ្មែរ​ឈប់​ក្រ បាន​ឈរ​ឈ្មោះ​ក្នុង​ការ​បោះឆ្នោត​ឆ្នាំ ២០០៨ និង​ក្នុង​ការ​បោះឆ្នោត​ឃុំ សង្កាត់ ឆ្នាំ​មុន ប៉ុន្តែ​ពុំ​ទទួល​បាន​អាសនៈ​ទេ។ នៅ​ពេល​សួរ​អំពី​ឱកាស ដែល​គណបក្ស​របស់​លោក អាច​ឈ្នះ​អាសនៈ​ក្នុង​ការ​បោះឆ្នោត​លើក​នេះ​ឬ​អត់ មេ​បក្ស​រូប​នេះ បាន​ដក​ដង្ហើម​ធំ​។ លោក ដារ៉ន បាន​ថ្លែង​ថា៖«​វា​មិន​អាច​ទេ ព្រោះ​គណបក្ស​ប្រជាជន​គ្រប់​គ្រង​គ្រប់​យ៉ាង​»។ ដោយ​មាន​ឱកាស​តិច​តួច ក្នុង​ការ​ទទួល​បាន​ជោគជ័យ ក្នុង​ការ​បោះឆ្នោត តើ​គណបក្ស​ខ្មែរ​ឈប់​ក្រ សង្ឃឹម​នឹង​សម្រេច​អ្វី​ខ្លះ តាម​រយៈ​ការ​ឈរ​ឈ្មោះ​នេះ? ដូច​មេ​ដឹក​នាំ​គណបក្ស​តូចៗ​ដទៃ​ទៀត​ដែរ លោក ដារ៉ន បាន​ថ្លែង​ថា លោក​ចង់​បញ្ចូល​ទស្សនៈ​ថ្មី ក្នុង​នយោបាយ​ខ្មែរ​។ ប៉ុន្តែ​អាច​ជា​ការ​ផ្ទុយ​ទៅ​វិញ គឺ​លោក​ស្ទាក់​ស្ទើរ​មិន​បញ្ចេញ​សេចក្តី​លម្អិត អំពី​គំនិត​ខុស​ធម្មតា​របស់​លោក​ឡើយ។ លោក​បាន​ថ្លែង​ថា លោក​ខ្លាច​គណបក្ស​ដទៃ​ទៀត លួច​យក​គំនិត​ទាំង​នោះ។ លោក ស៊ិន វណ្ណារិទ្ធ អគ្គ​លេខាធិការ គណបក្ស​ខ្មែរ​ឈប់​ក្រ បាន​ថ្លែង​ថា ពេល​លោក​ជួប​លោក ដារ៉ន លើក​ដំបូង នៅ​រដ្ឋ កាលីហ្វ័រនីញ៉ា លោក​គិត​ថា៖ «គាត់​ជា​បុរស​ដែល​អាច​ដឹក​នាំ​ប្រទេស​បាន​»។ ប៉ុន្តែ លោក ដារ៉ន និង​គណបក្ស​របស់​លោក មិន​មាន​ឱកាស​នោះ​ឡើយ​ពេល​នេះ ខណៈ​ដែល​គណបក្ស​ប្រជាជន ខិតខំ​រក្សា​អាសនៈ ២ ភាគ ៣ ក្នុង​រដ្ឋសភា ដែល​មាន​អាសនៈ​សរុប ១២៣ នោះ។ គណបក្ស​ខ្លាំង​ក្នុង​ចំណោម​គណបក្ស​តូចៗ ដូច​គណបក្ស​ខ្មែរ​ឈប់​ក្រ ផង​ដែរ គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ គណបក្ស​ខ្មែរ​អភិវឌ្ឍន៍​សេដ្ឋកិច្ច គណបក្ស​សញ្ជាតិ​កម្ពុជា និង​គណបក្ស​សាធារណរដ្ឋ​ប្រជាធិបតេយ្យ ពុំ​ដែល​ឈ្នះ​អាសនៈ​រដ្ឋសភា​ពី​មុន​មក​ទេ។ តាម​ពិត​គណបក្ស​ខ្មែរ អភិវឌ្ឍន៍​សេដ្ឋកិច្ច គណបក្ស​សញ្ជាតិ​កម្ពុជា និង​គណបក្ស​សាធារណរដ្ឋ​ប្រជាធិបតេយ្យ ពុំ​បាន​ឈរ​ឈ្មោះ​ក្នុង​ការ​បោះឆ្នោត​ឆ្នាំ ២០០៨​ទេ។ នោះ​ជា​មូល​ហេតុ​ដែល​អ្នក​វិភាគ​នយោបាយ​ដូច​លោក​ស្រី ជា វណ្ណាត បាន​ថ្លែង​អំពី​គណបក្ស​ទាំង​ប្រាំ​នេះ​ថា មាន​តែ​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ​ទេ​ដែល​មាន​ឱកាស​ក្នុង​ការ​ ឈ្នះ​មួយ​អាសនៈ​បើ​ទោះ​បី​សំណាង​ហាក់​ដូច​នៅ​ឆ្ងាយ​ក៏​ដោយ។…

Justine Drennan និង ជាង សុខា
http://www.postkhmer.com/index.php/national/1-national-news/101252-2013-07-24-02-42-32