គណបក្ស​សង្គ្រោះ​ជាតិ​៖ ការ​បោះ​ឆ្នោត​​កញ្ចប់​​សម្រាប់​​រដ្ឋ​សភា គឺ​ខុស​រដ្ឋ​ធម្ម​នុញ្ញ​​

ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះ​​ជាតិ ប្រកាស​នៅ​ថ្ងៃ​ពុធ​នេះ​ថា ការបោះឆ្នោត​ជា​កញ្ចប់​​របស់​រដ្ឋសភា ដែល​បាន​ប្រព្រឹត្តទៅ​កាលពី​ថ្ងៃ​អង្គារ គឺ​ផ្ទុយ​ពី​រដ្ឋ​ធម្ម​នុញ្ញ​។ អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា មានប្រសាសន៍ថា ការ​បោះឆ្នោត​ជា​កញ្ចប់ ដែល​​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ​បន្ថែម កើតឡើង នៅពេល​មាន​​ឧបសគ្គ​​ដោះ​ស្រាយ​​មិន​​ចេញ តែ​គណបក្ស​ប្រជាជន​​កម្ពុជា ដែល​បាន​អះអាង​ទទួលបាន ៦៨​អាសនៈ​នោះ គឺ​លើស​ពី​សំឡេង​៥០​បូក​១ ដូច្នេះ​មិន​មាន​​ឧបសគ្គ​ដើម្បី​ធ្វើ​ការបោះឆ្នោត​ធម្មតា​នោះទេ​។ លោក​ថា នេះ​ស​ឲ្យឃើញ​ការអនុវត្ត​ផ្ទុយទៅនឹង​រដ្ឋធម្មនុញ្ញ​កម្ពុជា​ ​៖ លោក កឹម សុខា ពន្យល់​តាម​មាត្រា​​៣ នៃ​រដ្ឋធម្មនុញ្ញ​​បន្ថែម​ថា ការបោះឆ្នោត​ជា​កញ្ចប់ អាច​​ប្រព្រឹត្តទៅបាន លុះត្រាតែ​ក្នុងករណី​នីតិវិធី​បង្កើត​រដ្ឋសភា និង​​រាជរដ្ឋាភិបាល តាម​មាត្រា​៨២ និង​មាត្រា​១១៩​ថ្មី នៃ​រដ្ឋធម្មនុញ្ញ មិន​អាច​សម្រេចបាន​។ ប៉ុន្តែ​ពេល​នេះ គណបក្ស​ប្រជាជន​កម្ពុជា អះអាងថា ខ្លួន​ឈ្នះ​​បាន ៦៨​អាសនៈ ដូចនេះ​គ្មានអ្វី​រាំងស្ទះ​នោះ​ទេ ក្នុង​ការអនុវត្ត​តាម​នីតិវិធី​ធម្មតា គឺ​បង្កើត​រដ្ឋសភា​តាម​មាត្រា​៨២ និង​បង្កើត​រាជរដ្ឋាភិបាល​តា​ម​មាត្រា​១១៩​ថ្មី មានន័យ​ថា បោះឆ្នោត​ដាច់ដោយឡែកៗ​ពីគ្នា​។…

តាំង វី​ដា និង ​ស៊ុន ណារិន
http://vodhotnews.com/16373